អាហ្វ្រិកខាងកើតរងគ្រោះទឹកជំនន់ទឹកភ្លៀងមរណៈ ស្លាប់ជាច្រើននាក់
ទ្វីបអាហ្វ្រិកល្បីខាងក្តៅ និងហួតហែងខ្លាំង តែបន្ថែមដោយបាតុភូតអែលនីញ៉ូ រដូវវស្សាឆ្នាំនេះមានលក្ខណៈកំណាច និងមរណៈណាស់សម្រាប់តំបន់អាហ្វ្រិកខាងកើត។ មានស្លាប់យ៉ាងហោចណាស់១៥៥នាក់ នៅប្រទេសតង់សានី ១៣នាក់នៅកេនយ៉ា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ២៥មេសា២០២៤។ អាជ្ញាធរបានជម្លៀសប្រជាជនជាង៩ម៉ឺននាក់នៅប៊ូរុនឌី និងជាងមួយលាននាក់នៅសូម៉ាលី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១២
ទឹកជំនន់បង្កឡើងដោយទឹកភ្លៀង និងការហូរបាក់ដី បានផ្តាច់ជីវិតមនុស្សអស់១៥៥នាក់ របួស២៣៦នាក់ និងខូចខាតផ្ទះសម្បែងជាង១ម៉ឺនខ្នង។ ជាសរុបមានពលរដ្ឋជាង៥១០០គ្រួសារ ត្រូវជាជាងពីរសែននាក់ បានក្លាយជាជនរងគ្រោះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីតង់សានី នៅចំពោះមុខសភា នាថ្ងៃព្រហស្បតិ៍ទី ២៥មេសា២០២៤ ដោយមិនបានលម្អិតអំពីពេលម៉ោងនិងលក្ខខណ្ឌនៃការស្លាប់របស់ជនរងគ្រោះទេ។
ទន្ទឹមពេលជាមួយគ្នានេះ កេនយ៉ាជាប្រទេសជិតខាង ក៏កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នដែរ។ ប្រធានាធិបតីបានចេញមុខដឹកនាំជំនួបប្រជុំសម្របសម្រួលប្រតិបត្តិការសង្គ្រោះ។ អាជ្ញាធរបានចេញសារព្រមានប្រាប់ប្រជាពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្ន ព្រោះព្យុះភ្លៀងរដូវវស្សាបន្តធ្លាក់ខ្លាំងខុសប្រក្រតីរហូតដល់សប្តាហ៍ក្រោយ។ ពេលទឹកជំនន់ទឹកភ្លៀងកំពុងញាំញីរដ្ឋធានីមួយភាគធំ ហើយអាជ្ញាធរកំពុងរាប់ចំនួនមនុស្សស្លាប់និងបាត់ខ្លួន។ តុល្យការបណ្តោះអាសន្ន មានស្លាប់យ៉ាងហោចណាស់១៣នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ កាលពីដើមរដូវវស្សា នាខែមីនាកន្លងទៅ កេនយ៉ាបានរងគ្រោះទឹកជំនន់មរណៈម្តងហើយ ដោយមានស្លាប់យ៉ាងហោចណាស់៣២នាក់ និងជាងបួនម៉ឺនគ្រួត្រូវធ្វើបំលាស់ទី។ នេះបើតាមភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិ។
ប្រទេសក្នុងតំបន់ជាច្រើនផ្សេងទៀត ក៏កំពុងរងសម្ពាធទឹកភ្លៀងធ្លាក់ខ្លាំងខុសទម្លាប់ដែរ មានជាអាទិ៍ ប៊ូរុនឌី ដែលបានជម្លៀសប្រជាជនជាង៩៦០០០នាក់។ រីឯសូម៉ាលីវិញ មានស្លាប់យ៉ាងហោចណាស់៤នាក់ ដោយជំនន់ជន់ឡើងជាគំហុកទាន់ហន់ពេក កាលពីសប្តាហ៍មុន និងជម្លៀសប្រជាជនជាងមួយលាននាក់។ ជាតួលេខសរុបក្នុងតំបន់ រដូវវស្សាឆ្នាំនេះបានសម្លាប់មនុស្សអស់ជាង៣០០នាក់ហើយ។
បើតាមអង្គការឧតុនិយមពិភពលោក រដូវវស្សានៅអាហ្វ្រិកខាងកើតឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើនឥតដាច់មិនធ្លាប់មាន បង្កឡើងដោយបាតុភូតធម្មជាតិអែលនីញ៉ូ ដែលចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០២៣ ហើយអាចអូសបន្លាយរហូតដល់ខែឧសភា២០២៤នេះ។ បាតុភូតនេះធ្វើឱ្យតំបន់ខ្លះឡើងក្តៅខ្លាំងចម្លែក និង មានភ្លៀងធ្លាក់ជ្រុល នៅមួយផ្នែកទៀតនៃផែនដី។ បាតុភូតអែលនីញ៉ូលើកមុន ដែលលេចឡើងនៅខែតុលាឆ្នាំ១៩៩៧ដល់ខែមករា១៩៩៨ បានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំងហួសហេតុ ស្លាប់មនុស្សអស់ជាង៦ពាន់នាក់ក្នុង៥ប្រទេសនៃទ្វីបអាហ្វ្រិកខាងកើតនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ