អានតួអត្ថបទ

យោងតាម UN ទឹកជំនន់នៅលីប៊ីបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១១៣០០នាក់ក្នុងក្រុង Derna

នៅ​ក្នុង​ប្រទេស​លីប៊ី ចំនួន​អ្នក​ស្លាប់ និង​បាត់​ខ្លួន​ដោយ​គ្រោះទឹកជំនន់​ដែល​បង្ក​ឡើង​ដោយ​ខ្យល់ព្យុះ Daniel និង​ការ​បាក់​ទំនប់​ទឹក​កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ កញ្ញា​បាន​កើន​ឡើង។ គ្រាន់​តែ​នៅ​ក្នុង​ក្រុង Derna តែ​មួយ ចំនួន​មនុស្ស​ស្លាប់​មាន​យ៉ាង​តិច ១១៣០០នាក់ និង​បាត់ខ្លួន​ចំនួន ១០១០០នាក់​ផ្សេង​ទៀត នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​ដក​ស្រង់​ចេញ​ពី​អង្គការ​អឌ្ឍចន្ទក្រហម​លីប៊ី។

យោងតាម UN ទឹកជំនន់នៅលីប៊ីបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១១៣០០នាក់ក្នុងក្រុង Derna។
យោងតាម UN ទឹកជំនន់នៅលីប៊ីបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១១៣០០នាក់ក្នុងក្រុង Derna។ AFP - -
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​ទីក្រុង Derna ដែល​មាន​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ច្រើន​ជាង​គេ ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​ក៏​បាន​ប្រាប់​ពី​ចំនួន​អ្នក​ស្លាប់​យ៉ាង​តិច ១៧០នាក់​នៅ​ទីកន្លែង​ផ្សេង​ទៀត​ស្ថិត​ប៉ែក​ខាង​កើត​លីប៊ី។ តែ​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​ដដែល​នេះ​មិន​ភ្លេច​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់ និង​អ្នក​បាត់​ខ្លួន​នឹង​កើន​ឡើង​ថែម​ទៀត ខណៈ​ដែល​ក្រុម​អ្នក​ស្វែង​រក និង​ក្រុម​អ្នក​ជួយ​សង្រ្គោះ​កំពុង​បន្ត​ធ្វើ​ការងារ​យ៉ាង​សកម្ម។ មួយ​វិញ​ទៀត ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​បាន​លើក​ឡើង​ពី​ស្ថានការណ៍​មនុស្សធម៌​អាក្រក់​ខ្លាំង​នៅ​ក្នុង​ក្រុង Derna ពិសេស​ការ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់។

មាន​កូនក្មេង​យ៉ាង​តិច​ចំនួន ៥៥នាក់​ត្រូវ​បាន​ពុល​ក្អួតចង្អោរ​ក្រោយ​ពី​ពួក​គេ​បាន​បរិភោគ​ទឹក​មិន​ស្អាត។ នៅ​ពី​ក្រោម​គំនរ​ថ្ម​បាក់បែក​តាម​សង្កាត់​​ក្នុង​ក្រុង Derna ដែល​រង​ការ​បំផ្លាញ​ដោយ​កម្លាំង​រលក​សមុទ្រ ក្រុម​អ្នក​ជួយ​សង្រ្គោះ​បាន​ទាញ​យក​សាកសព​រាប់សិបនាក់ និង​បាន​កប់​សាកសព​ទាំង​នោះ​នៅ​ទីកណ្តាល​វាល​ជា​រៀងរាល់​ថ្ងៃ។ តាម​សាក្សី​មួយ​ចំនួន សាកសព​ភាគ​ច្រើន​ត្រូវ​បាន​កប់​នៅ​ក្រោម​ភក់ ឬ​មួយ​ហូរ​អណ្តែត​ចូល​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។ ក្រុម​អ្នក​ជួយ​សង្រ្គោះ​មក​ពី​ប្រទេស​ម៉ាត់ត៍​បាន​ប្រាប់​កាសែត Times of Malta ពី​ការ​រក​ឃើញ​សាកសព​រាប់​រយ​នាក់​នៅ​ក្នុង​ឆកសមុទ្រ​មួយ​ដោយ​មិន​បញ្ជាក់​ទីកន្លែង​ពិត​ប្រាកដ។

ចំណែក​ក្រុម​អ្នក​ជួយ​សង្រ្គោះ​លីប៊ី​បាន​បញ្ជាក់​ដាច់​ដោយ​ឡែក​ពី​ការ​ឃើញ​សាកសព​ប្រមាណ ៦០០នាក់​នៅ​ឆ្នេរសមុទ្រ​ក្នុង​តំបន់ Om-al-Briket ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២០គីឡូម៉ែត្រ​នៅ​ប៉ែក​ខាង​កើត​ក្រុង Derna។ ក្រុម​អ្នក​ជួយសង្គ្រោះ​លីប៊ី និង​បរទេស​ផ្សេង​ទៀត​បាន​ប្រកាស​ពី​ការ​រក​ឃើញ​សាកសព​ជា​រៀង​រាល់ និង​ថា ការ​ស្វែង​រក​សាកសព​បាន​ជួប​ការ​លំបាក​ដោយសារ​តែ​តំបន់​មួយ​ចំនួន​កំពុង​បន្ត​គ្រប​ដណ្តប់​ដោយ​ភក់​រាប់សិប​តោន។ ទន្ទឹម​គ្នា​នេះ ការងារ​សង្រ្គោះ​របស់​ក្រុម​ជួយ​សង្រ្គោះ​ក៏​បាន​ជួប​ឧបសគ្គ និង​រារាំង​ដោយ​ភាព​វឹកវរ​នយោបាយ​ផ្ទៃក្នុង​ដែរ។ តាំង​ពី​ការ​ដួលរលំ​របប​ផ្តាច់ការ​កាដាហ៊្វី​ក្នុង​ឆ្នាំ ២០១១ ប្រទេស​អាហ្រ្វិក​មួយ​នេះ​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ។

នៅ​ម្ខាង តំបន់​ប៉ែក​ខាង​លិច​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​ដែល​ទទួល​ស្គាល់​ដោយ​អង្គការសហប្រជាជាតិ និង​នៅ​ម្ខាង​ទៀត តំបន់​ប៉ែក​ខាង​កើត​ដឹកនាំ​ដោយ​សេនាប្រមុខ​ខាលីហ្វា ហាវតា​ដែល​អង្គការ​សហប្រជាជាតិ​មិន​ទទួល​ស្គាល់។ តែ​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ពេល​នេះ សហគមន៍​អន្តរជាតិ​បាន​នាំ​គ្នា​បញ្ជូន​ជំនួយ​ជា​កម្លាំង​មនុស្ស និង​ជំនួយ​ជា​ចំណីអាហារ ថ្នាំពេទ្យ​គ្រប់​ប្រភេទ។ យន្តហោះ​ដឹក​ជំនួយ​បាន​បន្ត​ចុះ​ចត​នៅ​អាកាសយានដ្ឋាន Benina ក្នុង​ក្រុង Benghazi ស្ថិត​ប៉ែក​ខាង​កើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ