អានតួអត្ថបទ

លីប៊ី៖ទឹកជំនន់នៅប៉ែកខាងកើតបណ្តាលឲ្យមានមនុស្សស្លាប់ជាង ២ ៣០០នាក់ និងបាត់ខ្លួនច្រើនពាន់នាក់

នៅ​ក្នុង​ប្រទេស​លីប៊ី រដ្ឋអំណាច​នៅ​តំបន់​ប៉ែក​ខាង​កើត​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី១២ កញ្ញា​ថា មាន​មនុស្ស​ស្លាប់​ជាង ២ ៣០០នាក់ និង​បាត់​ខ្លួន​ជា​ច្រើន​ពាន់​នាក់​នៅ​ក្នុង​គ្រោះទឹកជំនន់​ដែល​បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ Daniel។ អ្វី​ជា​ការ​កត់សម្គាល់ ខ្យល់ព្យុះ Daniel បាន​ធ្វើ​ឲ្យ​បាក់​ធ្លាយ​ទំនប់​ទឹក​ចំនួន​ពីរ​នៅ​ក្នុង​ទន្លេ Wadi Derna។ ការ​បាក់​ធ្លាយ​ទំនប់​ទឹក​ទាំង​ពីរ​នេះ​បាន​ជះ​ផលវិបាក​ខ្លាំង​លើ​ក្រុង Derna ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ១០ម៉ឺននាក់។

នៅលីប៊ី ទឹកជំនន់នៅប៉ែកខាងកើតបណ្តាលឲ្យមានមនុស្សស្លាប់ជាង ២ ៣០០នាក់ និងបាត់ខ្លួនច្រើនពាន់នាក់ ថ្ងៃទី១២ កញ្ញា ២០២៣។
នៅលីប៊ី ទឹកជំនន់នៅប៉ែកខាងកើតបណ្តាលឲ្យមានមនុស្សស្លាប់ជាង ២ ៣០០នាក់ និងបាត់ខ្លួនច្រើនពាន់នាក់ ថ្ងៃទី១២ កញ្ញា ២០២៣។ © Press Office of Libyan Prime Minister / AFP
ផ្សាយពាណិជ្ជកម្ម

ខ្យល់ព្យុះ Daniel បាន​បោកបក់​លើ​តំបន់​ប៉ែក​ខាង​កើត​លីប៊ី​នា​រសៀល​ថ្ងៃ​អាទិត្យ ទី១០ កញ្ញា ពិសេស​លើ​ទីក្រុង​ឆ្នេរ​សមុទ្រ Jabal al-Akhdar និង​ទីក្រុង Benghazi។ បន្ទាប់​មក ឥទ្ធិពល​នៃ​ខ្យល់ព្យុះ​ដដែល​នេះ​បាន​ទម្លាយ​ទំនប់ទឹក​ចំនួន​ពីរ​នៅ​ទន្លេ Wadi Derna ដោយ​បាន​ធ្វើ​ឲ្យ​ទឹក​ហូរ​ជោរជន់​គ្រប​លើ​ទីក្រុង Derna ដែល​មាន​ប្រជាជន​រស់​នៅ​ចំនួន ១០ម៉ឺននាក់។ អង្គការ​ឧតុនិយម​ពិភពលោក​បាន​គូសបញ្ជាក់​ថា មាន​សង្កាត់​ជា​ច្រើន​ក្នុង​ក្រុង Derna ត្រូវ​បាន​លុប​ចេញ​ពី​ផែនទី ហើយ​ប្រជាជន​រស់នៅ​ក្នុង​សង្កាត់​ទាំង​នោះ​ត្រូវ​បាន​ទឹកជំនន់​លេប​ត្របាក់​ទៅ​ជា​មួយ រួម​ទាំង​ស្ពាន និង​អាគារ ផ្ទះសម្បែង​ជា​ច្រើន​ផង​ដែរ។

អង្គការ​ឧតុនិយម​ពិភពលោក​បាន​ចាត់​ទុក​ជា​ស្ថានការណ៍​មហន្តរាយ​ដែល​មិន​អាច​គ្រប់គ្រង​បាន។ ក្រុម​សេវាសង្រ្គោះ​នៅ​តំបន់​ប៉ែកខាងកើត​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​អង្គារ ទី១២ កញ្ញា​ថា មាន​មនុស្ស​ស្លាប់​ជាង ២ ៣០០នាក់ របួស​ប្រមាណ​ជា ៧ ០០០នាក់ និង​បាត់​ខ្លួន​ជាង ៥ ០០០នាក់​នៅ​ក្នុង​ទីក្រុង Derna។ តែ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​នៅ​តំបន់​ប៉ែកខាងកើត ចំនួន​អ្នក​ស្លាប់​ក្នុង​ក្រុង Derna មាន​រហូត​ជាង ៥ ២០០នាក់​ឯណោះ។ យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់​ជា​តួលេខ​បណ្តោះអាសន្ន និង​នៅ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បញ្ជាក់​លើ​តួលេខ​នេះ​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ចំនួន​អ្នក​ស្លាប់ និង​អ្នក​បាត់​ខ្លួន​អាច​មាន​ច្រើន​ជាង​នេះ។

លោក Tamer Ramadan អ្នក​ទទួល​ខុសត្រូវ​អង្គការ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​អន្តរជាតិ​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី១២ កញ្ញា​ពី​ក្រុង​ហ្សឺណែវ​ថា លោក​មិន​ទាន់​មាន​តួលេខ​ពិត​ប្រាកដ​​ស្តីពី​ចំនួន​អ្នក​ស្លាប់ អ្នក​រងរបួស និង​អ្នក​បាត់​ខ្លួន​ទេ។ អ្នក​ទទួល​ខុស​អង្គការ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​អន្តរជាតិ​ដដែល​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា

តម្រូវការ​ជំនួយ​មនុស្សធម៌​កំពុង​មាន​ច្រើន​ជាង​សមត្ថភាព​របស់​កាកបាទក្រហម​លីប៊ី និង​រដ្ឋាភិបាល​លីប៊ី​ទៅ​ទៀត។ ប្រឈម​មុខ​នឹង​តម្រូវ​ការ​ធំធេង និង​បន្ទាន់​នេះ រដ្ឋអំណាច​លីប៊ី​នៅ​ប៉ែកខាងកើត និង​អង្គការ​កាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​អន្តរជាតិ​បាន​អំពាវនាវ​ស្វែង​រក​ជំនួយ​អន្តរជាតិ។

ប្រទេស​តួកគី និង​អេមីរ៉ាតអារ៉ាប់រួម​បាន​បញ្ជូន​ក្រុម​អ្នក​សង្រ្គោះ។ អាល់ហ្សេរី​បាន​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​ជា​ចំណីអាហារ ថ្នាំពេទ្យ ជំរំសំពត់ និង​សម្លៀកបំបាក់​ចំនួន ៨យន្តហោះ​យោធា។ អេហ្ស៊ីប និង​អ៊ីតាលី​បាន​ប្រកាស​ពី​ការ​បញ្ជូន​ជំនួយ ហើយ​សហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប​បាន​ប្រកាស​ពី​ការ​តាម​ដាន​ស្ថានការណ៍ និង​ត្រៀម​ខ្លួន​ដើម្បី​ផ្តល់​ជំនួយ​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ