អ.ស.ប អំពាវនាវរកប្រាក់១ពាន់លានដុល្លារ ដើម្បីជួយអេត្យូពីដែលប្រឈមនឹងគ្រោះទុរ្ភិក្ស
ប្រទេសអេត្យូពី កំពុងតែឆ្លងកាត់យ៉ាងលំបាកវេទនាបំផុត នូវគ្រោះទុរ្ភិក្ស។ ប្រជាជនទាំង២១លាននាក់នៃប្រទេសនេះ រស់រំពឹងទាំងស្រុង ទៅនឹងជំនួយស្បៀងអាហារ ពីអង្គការក្រៅរដ្ឋាភិបាល។ អង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃទី១៦មេសា ប្រមូលប្រាក់ឲ្យបានយ៉ាងហោច ចំនួន១ពាន់លានដុល្លារ ដើម្បីបន្តជួយជាជំនួយមនុស្សធម៌ដល់ប្រជាជនអេត្យូពី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:០៥
អង្គការសហប្រជាជាតិបានរៀបចំសន្និសីទមួយ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១៦មេសាឆ្នាំ២០២៤ ដើម្បីអំពាវនាវរកថវិកាជួយអេត្យូពី។ ក្នុងរយៈពេល៣ខែខាងមុខនេះ គេត្រូវការប្រាក់ចំនួនយ៉ាងហោចបាន១ពាន់លានដុល្លារ ដើម្បីជួយប្រជាជនអេត្យូពីទាំង២១លាននាក់ ដែលកំពុងតែឆ្លងកាត់គ្រោះទុរ្ភិក្ស។ លោក Ramiz Alakbarov មន្ត្រីសម្របសម្រួលនៃអង្គការ សហប្រជាជាតិប្រចាំនៅអេត្បូពី បានលើកឡើងថា ប្រជាជនអេត្បូពីកំពុងត្រូវការជាបន្ទាន់ នូវការសាមគ្គីជួយពីគ្រប់ៗគ្នា។
យោងតាមអង្គការសហប្រជាជាតិ គឺគេត្រូវការប្រាក់ចំនួន ៣២៤០លានដុល្លារ សម្រាប់ជួយអេត្យូពី ពេញមួយឆ្នាំ២០២៤នេះ។ ជាថវិកាជំនួយដែលត្រូវចំណាយ ទៅលើស្បៀងអាហារ ថ្នាំសង្កូវ សម្ភារៈប្រើប្រាស់ និងផ្តោតជាពិសេសទៅលើជនភៀសខ្លួនប្រមាណ៤លាននាក់ នៅក្នុងអេត្យូពី។ រហូតមកទល់ពេលនេះ គឺមានតែ៥%ប៉ុណ្ណោះនៃតម្រូវការទាំងនេះ ដែលគេមានលទ្ធភាពអាចជួយបាន។
លោក Genève Shiferaw Teklemariam ប្រធានបេសកកម្មគ្រប់គ្រងគ្រោះអាសន្នអេត្យូពី បានលើកឡើងថា គេត្រូវតែជួយអេត្បូពីក្នុងពេលនេះ មុននឹងអ្វីៗហួសពេល។ លោកបានអះអាងថា រដ្ឋាភិបាលអេត្បូពី បានបញ្ចេញប្រាក់ចំនួន២៥០លានដុល្លារហើយ ដើម្បីជួយផ្នែកស្បៀងអាហារក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
សូមបញ្ជាក់ដែរថា ផ្អែកតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ គឺស្ថានភាពមនុស្សនៅអេត្យូពី មានលក្ខណៈធ្ងន់ធ្ងរខ្លាំង។ តែយ៉ាងណា គឺនៅអាចមានផ្លូវជួយបានទាន់ពេលវេលា ប្រសិនបើរូតរះនៅពេលនេះ។ សន្និសីទប្រមូលថវិកាជួយអេត្បូពី ដោយមានការសហការរៀបចំដោយរដ្ឋាភិបាលអេត្យូពីនិងរដ្ឋាភិបាលអង់គ្លេសនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលសន្និសីទមួយទៀត ទើបតែបានធ្វើឡើងនៅទីក្រុងប៉ារីស ដើម្បីជួយប្រទេសស៊ូដង់។ សន្និសីទជួយស៊ូដង់នេះ បានប្រមូលប្រាក់បានចំនួន២ពាន់លានដុល្លារ កាលពីថ្ងៃចន្ទទី១៥មេសា ដើម្បីជួយប្រជាជនស៊ូដង់ដែលរងគ្រោះដោយសង្គ្រាមស៊ីវីល។
លោក Andrew Mitchell រដ្ឋលេខាធិការកិច្ចការបរទេសអង់គ្លេស បានថ្លែងការបារម្ភថា សន្និសីទដើម្បីជួយអេត្យូពី ប្រហែលគេមិនអាចប្រមូលថវិកាឲ្យគ្រប់ទៅតាមការចង់បានឡើយ ទាំងដែរការពិត ស្ថានភាពទុរ្ភិក្សនៅអេត្យូពី គឺគួរឲ្យបារម្ភខ្លាំងណាស់។
គួររំលឹកថា កាលពីឆ្នាំ២០២៣ អង្គការ USAID និង កម្មវិធីស្បៀងអាហារពិភពលោក PAM បានបង្ខំចិត្តផ្អាកសកម្មភាពការងារចែកស្បៀងអាហារនៅអេត្យូពី ដោយសារតែមានបញ្ហាលួចបន្លំបង្វែស្បៀងយកទៅទីកន្លែងផ្សេង។ នៅចុងខែធ្នូ អាជ្ញាធរតំបន់ទីហ្ក្រ បានអះអាងថាមានគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ដោយសារតែគ្រោះរាំងស្ងួត និងដោយសារសង្គ្រាមស៊ីវីលរយៈពេល២ឆ្នាំក្នុងតំបន់នេះ។ តែការលើកឡើងនេះ ត្រូវបានរដ្ឋាភិបាលអេត្យូពីច្រានចោល។ តំបន់ទីហ្ក្រេ ភាគខាងជើងអេត្យូពី បានពើបប្រទះនឹងសង្គ្រាមស៊ីវីលរយៈពេលជាង២ឆ្នាំ មុននឹងបិទបញ្ចប់ទៅកាលពីខែវិច្ឆិកាឆ្នាំ២០២២។ តែយ៉ាងណា បច្ចុប្បន្ននេះ ការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅតាមតំបន់ផ្សេងទៀត តួយ៉ាងតំបន់ Amhara និង Oromia៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ