អានតួអត្ថបទ
បាតុកម្មប្រឆាំងប្រធានាធិបតី

បាតុកម្មប្រឆាំងនឹង​​ប្រធានាធិបតីសេណេហ្កាល់ ឈានដល់​អំពើហិង្សានិងស្លាប់មនុស្ស

មួយ​សប្តាហ៍​មកហើយដែល​ប្រជាពលរដ្ឋ​សេណេហ្កាល់ ពិសេសក្រុម​​យុវជន ​សម្តែង​ក្តី​ខឹង​សម្បារ​ចំពោះ​​ប្រធានាធិបតី លោក ម៉ាកគី សាល្ល។ ថ្ងៃចុង​សប្តាហ៍ ស្ថានការណ៍​​នយោបាយ ធ្លាក់​ដុន​ដាបខ្លាំង​ ពីព្រោះ តែនៅថ្ងៃសុក្រ ​ទី​៩កុម្ភៈ បាតុករ​ម្នាក់​ស្លាប់ក្នុង​​ការ​ប៉ះទង្គិចគ្នាជាមួយ​ក្រុម​សមត្ថកិច្ច ហើយ​និង​មាន​អ្ន​ករង​របួស​ច្រើន ក្នុងនោះ​ក៏មាន​អ្ន​កសារព័ត៌មាន​ដែរ។  ​កំហឹង​របស់ពលរដ្ឋ​សេណេហ្កាល់ ឆាប់ឆេះឡើង ​ ក៏​ពីព្រោះតែ ​​ប្រធានាធិបតី ម៉ាកគី សាល្ល បាន​ប្រកាស​លុប​ចោល​ការបោះ​ឆ្នោតប្រធានាធិបតី​​ ដែលត្រូវ​រៀបចំ​នៅ​ពីរ​សប្តាហ៍​ខាងមុខ។​

ទិដ្ឋភាព​បាតុកម្ម​ នៅរដ្ឋធានី ដាការ ​ថ្ងៃទី ៩ កុម្ភៈ ២០២៤។
ទិដ្ឋភាព​បាតុកម្ម​ នៅរដ្ឋធានី ដាការ ​ថ្ងៃទី ៩ កុម្ភៈ ២០២៤។ REUTERS - ZOHRA BENSEMRA
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ផ្ទុះឡើងជា​ច្រើនកន្លែង ​ពេញផ្ទៃប្រទេស​សេណេហ្កាល់! មិនថា នៅ​ខេត្ត ក្រុង​ ប៉ែក​ខាងជើង ខាងត្បូង និង​កណ្តាល​រដ្ឋធានី​ ដាការ នោះឡើយ។ សង្កាត់​ជាច្រើន​ រួមរឹត​ដោយ​ផ្សែង​ឆេះ​កង់ឡាន និង​ដុំថ្មហោះ ជាស្នាដៃ​បាតុករ​។ រីឯ ផ្សែង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ វិញ ជាស្នាដៃ​របស់​សមត្ថកិច្ច។ នៅទីប្រជុំជន ហ្វូង​យុវជន​បាតុករ ​ បាន​ស្រែក​ថា លោក​ប្រធានាធិបតី ម៉ាកគី សាល្ល បាន​កុហកពួកគេ​ និងថា ម៉ាកគី សាល្ល ជា​ជនផ្តាច់ការ។ «យើង​មិន​មែន​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​របស់ ​ម៉ាកគី  ទេ​។ ទីនេះ ប្រទេស​សេណេ​ហ្កាល់ ជាសាធារណរដ្ឋ។ ម៉ាកគី មិន​អាច​ធ្វើ​អ្វី​ស្រេច​នឹង​អំពើ​ចិត្ត​បានឡើយ»។

ជាង​មួយ​សប្តាហ៍​មកហើយ ដែល​កំហឹងរបស់ប្រជា​ពលរដ្ឋសេណេហ្កាល់ ឆាប់ឆេះឡើង។ កំហឹង​ផ្ទុះ​ឆេះ​ឡើង ​ក៏ពីព្រោះតែ ប្រធានាធិបតី ម៉ាកគី សាល្ល បានប្រកាសលើកពេល​បោះឆ្នោតប្រធានាធិបតី គឺ​ពន្យារ​ពេល​​រហូតដល់​​​​ចុងឆ្នាំនេះ។​  បើ​​តាម​គម្រោង​ច្បាប់​ គេ​ត្រូវរៀបចំបោះឆ្នោត​នៅ​​ថ្ងៃ​ទី២៥កុម្ភៈ​ខាងមុខ។​ បេក្ខជន​​ឈរ​ឈ្មោះ​​បោះឆ្នោត ចំនួន ១៤ នាក់ បាន​ដាក់​ពាក្យ​ប្តឹង​ទៅកាន់​ ក្រុមប្រឹក្សារដ្ឋ​ធម្មនុញ្ញ ដើម្បី​ស្នើសុំ​លុប​ចោល​​ក្រឹត្យ​​ប្រធានាធិបតី ដែលពួក​គេ​យល់ថា បំពាន​ខុស​ច្បាប់​កំពូល​របស់​ជាតិ។​ ប៉ុន្តែ សូម្បីតែ ក្រុមប្រឹក្សារដ្ឋ​ធម្មនុញ្ញ ក៏ត្រូវ​រង​សម្ពាធដែរ ដ្បិតថា សមាជិកពីររូប​ ត្រូវ​រង​ការ​ចោទប្រកាន់​ពី​អំពើ​ពុករលួយ។

​​ចំណែក ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ​រងការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​រដ្ឋ​អំណាច។ អ្ន​ក​នយោបាយ​ប្រឆាំង​ខ្លះ​ រងជាប់​​ពាក្យ​បណ្តឹងតាមផ្លូវ​តុលាការ និងអ្នកខ្លះ​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​។

ថ្ងៃ​កៀក​ចុង​ស​ប្តាហ៍ សភាពការណ៍​ ស្រាប់​តែ​ធ្លាក់​ដុន​ដាបខ្លាំង ព្រោះតែ ការ​ប៉ះទង្គិច​រវាង​យុវជន​បាតុករ និង​កម្លាំង​អាជ្ញាធរ​រដ្ឋ បណ្តាល​ឲ្យ​ស្លាប់យុវ​​បាតុករ​ម្នាក់ នៅទីក្រុង Saint-Louis។ ក្រសួង​មហាផ្ទៃ​សេណេហ្កាល់ បាន​ប្រកាស​ទទួល​ស្គាល់​ពី​មរណភាព​របស់​ និស្សិតម្នាក់ អាយុ​២២ឆ្នាំ និង​រៀន​ថ្នាក់​​ឆ្នាំទី២ ផ្នែក​ភូមិវិទ្យា នៅសកលវិទ្យាល័យ​ Gaston Berger។ ក៏ប៉ុន្តែ អាជ្ញាធរ​ពុំ​បាន​បញ្ជាក់​លម្អិត​ពីមូល​ហេតុ​ដែល​បណ្តាល​ឲ្យ​បាតុករបាត់​បង់​ជីវិត​ឡើយ គ្រាន់តែ​ឲ្យដឹងថា នគរបាល​ពុំ​បាន​ធ្វើ​អន្តរាគមន៍​នៅ​បរវេណ​មហា​វិទ្យាល័យ​​របស់​និស្សិត​នេះឡើយ។

ដោយឡែក អ្នក​កាសែត​ម្នាក់ ជំនាញ​ខាង​ស៊ើបអង្កេត ត្រូវគេ​វាយតប់។ អ្នក​កាសែត​ស្រីម្នាក់​ទៀត ត្រូវ​នគរបាលកោះហៅទៅប៉ុស្តិប៉ូលីស​ ហើយក្រោយមក ​ស្រាប់តែ​ធ្លាក់​ខ្លួន​ឈឺ​ត្រូវបញ្ចូន​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​។ ទូរទស្សន៍ Walf TV ត្រូវ ​រដ្ឋអំណាច​ ដក​ហូត​អាជ្ញាប័ណ្ឌ​ ហើយ​ទីស្នាក់ការ​សារព័ត៌មាននេះ ក៏ត្រូវ​ចូល​ជា​ផ្ទាំង​ស៊ីប​នៃ​ឧស្ម័ន​បង្ហូរទឹកភ្នែក​របស់​អាជ្ញាធរ​ថែមទៀត​។​ អង្គការ​អ្នក​កាសែត​គ្មានព្រំដែន បាន​ឲ្យដឹង​ថា អ្នក​សារព័ត៌មាន​ យ៉ាងហោច ៥នាក់ ត្រូវ​រង​អំពើ​ហិង្សា។

អ្នក​វិភាគ​ស្ថានការណ៍ ​ប្រមើលឃើញ​ថា ប្រធានាធិបតីសេណេហ្កាល់ ម៉ាកគី សាល្ល បាន​កាន់​អំណាច​២អាណត្តិ​រួច​មកហើយ ពុំអាច​នឹងឈរឈ្មោះ​អាណត្តិថ្មីទេ។ លោក​ពន្យារពេល​បោះឆ្នោត ទៅចុងឆ្នាំ​ ដើម្បីនឹងអាច​​ដឹកនាំប្រទេស​បានបន្ត​ទៀត​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ