អានតួអត្ថបទ
រដ្ឋប្រហារនីហ្សេ

ទណ្ឌកម្មអន្តរជាតិធ្វើឲ្យ​របបសឹក​នីហ្សេ​ប្រកាស​កាត់បន្ថយថវិកាជាតិពាក់កណ្តាល

ជាង ២ខែក្រោយរដ្ឋប្រហារយោធាទម្លាក់ប្រធានាធិបតី រដ្ឋាភិបាលសឹកនីហ្សេ នៅថ្ងៃសុក្រទី ៦​តុលា ប្រកាស​កាត់បន្ថយ​ថវិកាជាតិ​សម្រាប់ឆ្នាំ ២០២៣ ចំនួន​៤០%។ តាមការពន្យាល់​របស់របបសឹកនីហ្សេ គឺទណ្ឌកម្ម​អន្តរជាតិដែលជាដើមហេតុធ្វើ​ឲ្យ​ថវិកាជាតិនីហ្សេ​ត្រូវកាត់បន្ថយ​ជិតពាក់កណ្តាល។ បដិសេធមិនទទួលស្គាល់របបសឹកនីហ្សេ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប​ដែល​ជាប្រភពផ្តល់ជំនួយធំជាងគេ​របស់នីហ្សេ ប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និងទាមទារ​ឲ្យ​ក្រុមយោធា​ដោះលែង និង​ស្តារអំណាច​ប្រធានាធិបតី​នីហ្សេ លោក​បាហ្សូមឡើងវិញ។

រថយន្តដឹកទាហាននីហ្សេបើកកាត់មុខស្ថានទូតបារាំងនៅទីក្រុង​នីអាមេ​នៅខែសីហា​២០២៣
រថយន្តដឹកទាហាននីហ្សេបើកកាត់មុខស្ថានទូតបារាំងនៅទីក្រុង​នីអាមេ​នៅខែសីហា​២០២៣ AFP - -
ផ្សាយពាណិជ្ជកម្ម

ផលវិបាកនៃ​ទណ្ឌកម្ម​អន្តរជាតិ ទៅលើ​របបសឹក​នីហ្សេ​បាន​លេចចេញជារូបរាងបណ្តើរៗ។ នៅក្នុងសេចក្តីប្រកាស នៅចុងសប្តាហ៍នេះ របបសឹកនីហ្សេ​ប្រកាស​កាត់បន្ថយ​ថវិកាជាតិឆ្នាំ ២០២៣ ចំនួនជិតពាក់កណ្តាល នៅក្នុង​ហេតុផល​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ពីសំណាក់ប្រទេស​លោកខាងលិច និង​ប្រទេស​អាហ្វ្រិក ក្នុង​តំបន់។

នីហ្សេធ្លាប់បាន​គ្រោងកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ ២០២៣ ជាង​៥ពាន់លាន​ដុល្លារ (៥,៥៣ពាន់លាន) ដែលនៅក្នុងនោះ ជាង ២ពាន់លាន​ដុល្លារ​ជា​ជំនួយ​អន្តរជាតិ។ អាច​និយាយ​បានថា ថវិកា​ជាតិ​នីហ្សេ ត្រូវសើរើ ​កាត់បន្ថយ​មក​នៅ​ប្រមាណ​៣ពាន់លាន​ដុល្លារ ក៏ដោយសារ​តែ​ការកាត់ផ្តាច់​ជំនួយ​ពី​សហគមន៍​អន្តរជាតិ នៅក្នុង​រឿងធ្វើរដ្ឋប្រហារ​ផ្តួលអំណាច​ប្រធានាធិបតី​នៅ​នីហ្សេ។

នៅមុន​កើតមាន​រដ្ឋប្រហារយោធា ដឹកនាំ​មេក្រុមអង្គរក្ស​ការពារ​ប្រធានាធិបតី កាលពី​ថ្ងៃទី ២៦​កក្កដា នីហ្សេ​ដែលជាប្រទេស​ក្រីក្រមួយ​នៅក្នុងពិភពលោក​ត្រូវ​ពឹងអាស្រ័យមួយភាគធំ​ទៅ​លើ​ប្រាក់ជំនួយ​អន្តរជាតិ។

សហភាពអឺរ៉ុប​ធ្លាប់​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ៥៤០លាន​អឺរ៉ូ​ដល់​រដ្ឋាភិបាល​នីហ្សេ ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៤ ដើម្បីកែលម្អប្រព័ន្ធអភិបាលកិច្ច វិស័យអប់រំ​នៅនីហ្សេ។ បារាំងដែលធ្លាប់ជាម្ចាស់អាណានិគម​លើ​នីហ្សេ បាន​ផ្តល់​កញ្ចប់ជំនួយ ប្រមាណ ១៣០លានអឺរ៉ូ នៅ​ឆ្នាំ ២០២២ ដល់រដ្ឋាភិបាល​នីហ្សេ។

ចំណែក​អាមេរិកដែល​ជា​ដៃគូ​សំខាន់​មួយដែរ​របស់នីហ្សេ ធ្លាប់​ផ្តល់ជំនួយមនុស្សធម៌ និង​សន្តិសុខ​តម្លៃ ១០០លាន​ដុល្លារ សម្រាប់រដ្ឋាភិបាល​នីហ្សេ។ ពីឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៣ នីហ្សេ​បានទទួល​កញ្ចប់​ជំនួយ​៦០០លាន​ដុល្លារ​ពីធនាគារ​ពិភពលោក។

ដោយសារ​រដ្ឋប្រហារ​យោធា​ទម្លាក់​ប្រធានាធិបតីនីហ្សេ លោក​បាហ្សូម នីហ្សេត្រូវ​របូតបាត់​កញ្ចប់ជំនួយបរទេស។ សហភាពអឺរ៉ុប បារាំង និង​អាមេរិក បាន​កាត់ផ្តាច់​រាល់ជំនួយ​របស់ខ្លួន ចំណែកក្រុមប្រទេស​អាហ្វ្រិកខាងលិច ដែល​ថ្កោលទោស​ការប្លន់អំណាច​តាមរយៈ​ការធ្វើ​រដ្ឋប្រហារ បាន​ប្រកាស​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច បិទផ្លូវមិន​ឲ្យមានការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​នីហ្សេ។ លើសពីនោះ ដោយសារ​ទណ្ឌកម្ម​របស់​ក្រុមប្រទេស​អាហ្វ្រិកខាងលិច នីហ្សេរីយ៉ា​បាន​សម្រេច​លែងផ្គត់ផ្គង់​ភ្លើងអគ្គិសនី​ទៅ​ឲ្យ​ប្រជាជន​នីហ្សេ។

ប្រទេស​លោកខាងលិច និង​ប្រទេស​តំបន់អាហ្វ្រិកខាងលិច​បានទាមទារ​ឲ្យ​របបសឹក​ដោះលែង ប្រធានាធិបតី បាហ្សូម និង​ស្តារអំណាច​រដ្ឋាភិបាល​ស៊ីវិល​ ជាថ្នូរ​នឹង​ការផ្តល់កញ្ចប់ជំនួយ​បរទេសឡើងវិញ។ ប៉ុន្តែ មេដឹកនាំរបបសឹក​នីហ្សេ​អះអាង​ថា គេត្រូវការពេលវេលា​យ៉ាងតិច ៣ឆ្នាំ ដើម្បី​ស្តាររបបប្រជាធិបតេយ្យ។

នាយករដ្ឋមន្រ្តីនីហ្សេ ដែល​មេដឹកនាំ​របបសឹក​លើកបន្តុប ថ្មីៗនេះ​អះអាងថា ជាមួយ​ការរឹតត្បិតថវិកាជាតិ រដ្ឋាភិបាល​នឹង​ផ្តល់អាទិភាព​សំខាន់​ទៅលើការចំណាយ​សម្រាប់​កងទ័ព និងការបើកប្រាក់ខែ​សម្រាប់​បុគ្គលិករដ្ឋកា។ ជាប្រទេស​សំបូរអ៊ុយរ៉ានីញ៉ូម​ធំទី​៧ នៅក្នុង​ពិភពលោក របបសឹក​នីហ្សេរំពឹង​ផ្តោតក្តីសង្ឃឹម​លើ​ការលក់នាំចេញ​វត្ថុធាតុរ៉ែ ដូចជា អ៊ុយរ៉ានីញ៉ូម មាស និងប្រេងដើម្បីយកមក​ប៉ះប៉ូវ​ថវិកាជាតិ តាមរយៈ​ការស្វែងរកជំនួយ​ពី​ម៉ាលី ប៊ួគីណាហ្វាសូ ជាទីដែល​ពួកយោធា​ ​ធ្វើរដ្ឋប្រហារប្លន់អំណាចពីរដ្ឋាភិបាល​ស៊ីវិល មុននីហ្សេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ