អានតួអត្ថបទ
អាមេរិក-នីហ្សេ

របបសឹកនីហ្សេប្រកាសកាត់ផ្តាច់សហប្រតិបត្តិការកងទ័ពជាមួយអាមេរិក

បន្ទាប់ពីអតីតអាណានិគមនិយមបារាំង ដល់វេនអាមេរិកដែលរបបសឹកនីហ្សេប្រកាសកាត់ផ្តាច់ទំនាក់ទំនងយោធា។ នៅក្នុងការប្រកាសតាមទូរទស្សន៍ជាតិ កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ អ្នកនាំពាក្យរបស់រដ្ឋាភិបាលថ្មីដែលលើកបន្តុបដោយក្រុមយោធាបានប្រកាសថា នីហ្សេសម្រេចបិទបញ្ចប់សហប្រតិបត្តិការកងទ័ពជាមួយអាមេរិក។ ការប្រកាសនេះធ្វើឡើងនៅតែបីថ្ងៃក្រោយ ទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកនៅទីក្រុងនីអាមេ ដែលនៅក្នុងនោះ អាមេរិក​ចោទរបបសឹកនីហ្សេថា បាន​លួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយរុស្ស៊ីក្នុងវិស័យកងទ័ព។

មេបញ្ជាការទ័ពពិសេស​អាមេរិក លោក​Jonathan Bragaចាប់ដៃជាមួយ​ប្រមុខកងទ័ពពិសេស​នីហ្សេ លោក​ Moussa Barmou, នៅមូលដ្ឋានទ័ពអាមេរិក​នៅនីហ្សេនៅខែ​មិថុនា​ឆ្នាំ ២០២៣
មេបញ្ជាការទ័ពពិសេស​អាមេរិក លោក​Jonathan Bragaចាប់ដៃជាមួយ​ប្រមុខកងទ័ពពិសេស​នីហ្សេ លោក​ Moussa Barmou, នៅមូលដ្ឋានទ័ពអាមេរិក​នៅនីហ្សេនៅខែ​មិថុនា​ឆ្នាំ ២០២៣ AP - Staff Sgt. Amy Younger
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បញ្ជា​ឲ្យបារាំង​ដកកងទ័ព​ឲ្យអស់ចេញពីទឹកដី​របស់ខ្លួន នៅ​ចុងឆ្នាំ​មុន រដ្ឋាភិបាល​ថ្មី​របស់​នីហ្សេ ដែលលើកបន្តុបដោយ​ក្រុមយោធាសម្រេចដោះដៃ ​​កាត់ផ្តាច់​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិកមួយទៀត។

តាម​​សេចក្តីប្រកាសដែល​អ្នកនាំពាក្យ​​រដ្ឋាភិបាល​នីហ្សេ​អាន​នៅ​កញ្ចក់ទូរទស្សន៍ជាតិ កាលពី​យប់ថ្ងៃសៅរ៍ ទី ១៦ មីនា នីហ្សេសម្រេច​បិទបញ្ចប់​កិច្ចព្រមព្រៀងយោធា​ជាមួយអាមេរិក ហើយ​ការសម្រេចចិត្តនេះនឹង​ចូលជា​ធរមានភ្លាមៗ។

តាមពន្យល់​របស់​អ្នកនាំពាក្យ កិច្ចព្រមព្រៀង​ស្តីពីសហប្រតិបត្តិការយោធា​ដែលនីហ្សេ និងអាមេរិក បានចុះហត្ថលេខា តាំង​ពី​ឆ្នាំ ២០១២​ មានលក្ខណៈលំអៀង មិនយុត្តិធម៌ ហើយនិងមិនឆ្លើយតបទៅនឹង​ការទន្ទឹងចង់បានរបស់ប្រជាជន​នីហ្សេ។ បើតាម​មន្រ្តីនីហ្សេខាងលើ រហូតមក ភាគីទាហានអាមេរិកតែងតាំងខ្លួនជាអ្នកធំ ជាអ្នកដាក់កំហិត​ឲ្យ​ភាគីនីហ្សេ​អនុវត្តធ្វើតាម។ ជាក់ស្តែង អាមេរិក​បាន​តម្រូវ​ឲ្យ​នីហ្សេ​បង់​ប្រាក់​សម្រាប់ពន្ធយន្តហោះចម្បាំង​អាមេរិកដែលត្រូវ​ប្រតិបត្តិការនៅនីហ្សេ។ ជាទូទៅ អាមេរិក​​តែងសម្រេច​ ធ្វើអ្វីដោយ​អត្តនោម័ត ដោយ​មិន​ពិគ្រោះយោបល់​ជាមួយនីហ្សេជាម្ចាស់ផ្ទះ។ រដ្ឋាភិបាល​នីហ្សេនៅតែមិនដឹង​ច្បាស់​ពី​ចំនួនទ័ពអាមេរិក ឬគ្រឿងសព្វាវុធដែលមាននៅក្នុងមូលដ្ឋានទ័ពអាមេរិក​នៅវាលខ្សាច់​ Agadez នោះទេ។

ទៅតាមកិច្ចព្រមព្រៀង​យោធាជាមួយនីហ្សេ ឆ្នាំ ២០១២ អាមេរិកមានទ័ពរបស់ខ្លួន នៅនីហ្សេ​ ប្រមាណ ១០០០នាក់ដែលប្រចាំការ​នៅ​មូលដ្ឋានទ័ពអាកាសដ្រូន។ មូលដ្ឋានទ័ពអាកាសដែលអាមេរិក​បាន​ចំណាយ​លុយ​១០០លាន​ដុល្លារសាងសង់ នៅវាលខ្សាច់ Agadez សម្រាប់ទុកប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។ ធ្លាប់ចាប់ដៃសហការជាមួយ​ប្រទេស​នៅតំបន់អាហ្វ្រិក​ខាងលិច និង​បារាំង ទាហាន​អាមេរិក​មាន​បេសកកម្ម​ចូលរួមបណ្តុះបណ្តាលទាហានអាហ្វ្រិក និង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាតជ្រុលនិយម ក្រុមអាល់កៃដា នៅ​តំបន់សាហ៊ែល។ ប៉ុន្តែ អាមេរិក​បាន​សម្រេច​កាត់បន្ថយ​សកម្មភាពយោធា​របស់ខ្លួននៅនីហ្សេ ចាប់តាំងពី​ពួកយោធា​ធ្វើរដ្ឋប្រហារ និង​ចាប់ឃុំប្រធានាធិបតី​ លោក​បាហ្សូម។

ការសម្រេច​របស់នីហ្សេ ក្នុងការកាត់ផ្តាច់​ទំនាក់ទំនងយោធា​ជាមួយអាមេរិក ធ្វើឡើង​នៅ​តែប៉ុន្មានថ្ងៃ​ក្រោយ គណៈប្រតិភូអាមេរិកចាកចេញពី​ទីក្រុង​នីអាមេ​ ដោយ​គ្មាន​ចម្លើយវិជ្ជមានពីក្រុមយោធា​នីហ្សេ។

សូមបញ្ជាក់ថា ផ្ទុយពីបារាំងដែលប្រកាន់ជំហរតឹងរ៉ឹង បរិហាររដ្ឋប្រហារ​របស់​មេដឹកនាំយោធា​នីហ្សេ អាមេរិកដែលធ្លាប់មានទំនាក់ទំនងល្អជាមួយ​យោធានីហ្សេ នៅតែបង្ហាញសុទិដ្ឋិនិយម ដោយ​ប្រកាស​បន្ត​រក្សា​វត្តមានទ័ពរបស់ខ្លួននៅ​នីហ្សេ ក្នុងក្តីសង្ឃឹមទាមទារ​ឲ្យពួកយោធា​ដោះលែង​ប្រធានាធិបតីស្របច្បាប់ និង​រៀបចំការបោះឆ្នោត។ ប៉ុន្តែ ក្តីសង្ឃឹម​របស់​អាមេរិក​កាន់តែរួញតូច បន្ទាប់ពី​អាមេរិក​សង្កេតឃើញថា នីហ្សេ​ក្រោមការដឹកនាំ​របស់​របបសឹកមិនផ្លាស់ប្តូរជំហរ។ ផ្ទុយទៅវិញ កាន់តែ​ដើរចាកឆ្ងាយពី​លោកខាងលិច និង​ងាកបែរទៅរក​រុស្ស៊ី និងអ៊ីរ៉ង់ ដែលធ្វើ​ឲ្យអាមេរិក​មិនសប្បាយ​ចិត្ត។

​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​នីហ្សេ បាននិយាយការពារសាជាថ្មី ជំហររបស់នីហ្សេ​ក្នុងការពង្រីកភាពជាដៃគូជាមួយប្រទេស​ដទៃ​ ដូច្នេះ អាមេរិក​គ្មាន​សិទ្ធិមកលូកដៃ។ ប៉ុន្តែ តាម​អ្នកនាំពាក្យ នៅក្នុងជំនួប​នៅទីក្រុង​នីអាមេនៅសប្តាហ៍នេះ អាមេរិក​បាន​ចោទប្រកាន់​នីហ្សេ​ថា បានចុះកិច្ចព្រមព្រៀងសម្ងាត់​ជាមួយរុស្ស៊ីនៅក្នុងវិស័យកងទ័ព ហើយនិង​ការធ្វើអាជីវកម្ម​អ៊ុយរ៉ានីញ៉ូមជាមួយអ៊ីរ៉ង់។ ភាគីអាមេរិកទំនង​និយាយ​យោងដល់​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋាភិបាល​នីហ្សេ នៅ​អ៊ីរ៉ង់ តួកគី និង​នៅ​រុស្ស៊ី នៅ​ដើមឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ