ហេតុអ្វីរបបសឹកនីហ្សេទាមទារឲ្យតែបារាំងដកទ័ព ប៉ុន្តែ លើកលែងអាមេរិក?
ថ្ងៃសុក្រទី២២ធ្នូជាថ្ងៃចុងក្រោយ ដែលរបបសឹកនីហ្សេដាក់ឱសានវាទឲ្យបារាំងត្រូវតែដកទ័ពចេញឲ្យអស់ពីប្រទេសនីហ្សេ។ ទំនាក់ទំនងនីហ្សេ ជាមួយអតីតម្ចាស់អាណានិគមបារាំងធ្លាក់ចុះល្អក់កករ ចាប់តាំងពីបារាំងចេញមុខថ្កោលទោសការធ្វើរដ្ឋប្រហារ និងទាមទារឲ្យរបបសឹកដោះលែងប្រធានាធិបតីដែលជាសម្ព័ន្ធមិត្តរបស់បារាំង។ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បារាំងគ្រោងនឹងបិទស្ថានទូតរបស់ខ្លួននៅទីក្រុងនីអាមេ ដោយគ្មានកាលកំណត់ នៅក្នុងហេតុផលថា ស្ថានទូតមិនអាចដំណើរការដោយធម្មតា គិតចាប់តាំងពីមានរដ្ឋប្រហារយោធា នៅនីហ្សេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:១៩
ទៅតាមឱសានវាទរបស់របបសឹកនីហ្សេដែលធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីស៊ីវិល បារាំងត្រូវដកកងទ័ពរបស់ខ្លួនឲ្យអស់ យ៉ាងយូរបំផុត នៅថ្ងៃសុក្រទី ២២ធ្នូ។ របបសឹកនីហ្សេបានទាមទារឲ្យបារាំងដកកងទ័ពចេញពីទឹកដី នីហ្សេ បន្ទាប់ពីបារាំងរិះគន់ និងទាមទារឲ្យរបបសឹកដោះលែងលោកប្រធានាធិបតី លោកបាហ្ស៊ូម សម្ព័ន្ធមិត្តរបស់បារាំង ដែលត្រូវរបបសឹកចាប់ខ្លួននៅថ្ងៃធ្វើរដ្ឋប្រហារ។
មានកងទ័ពប្រចាំការនៅនីហ្សេ ប្រមាណ ១៥០០នាក់ បារាំងចាប់ផ្តើមប្រតិបត្តិការដកកងទ័ពរបស់ខ្លួនចេញពីនីហ្សេ ជាដំណាក់កាលដំបូង នៅខែតុលា នៅក្រោយពីលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងបានប្រកាសថា នឹងបញ្ជូនទ័ពត្រលប់ចូលប្រទេសវិញកាលពីខែកញ្ញា។
ឈរជើង នៅមូលដ្ឋានទ័ពអាកាសរបស់នីហ្សេនៅទីក្រុងនីអាមេ កងទ័ពបារាំងប្រចាំការ នៅនីហ្សេ នៅក្នុងក្របខ័ណ្ឌប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអ៊ីស្លាម និងក្រុមអាល់កៃដានៅតំបន់សាហែល អាហ្រ្វិក។ កងទ័ពបារាំងត្រូវដកចេញអស់ពីនីហ្សេ ដោយនៅសល់តែកងទ័ពអាមេរិក និងកងទ័ពរបស់ប្រទេសអឺរ៉ុបមួយចំនួន ដូចជាអាល្លឺម៉ង់ជាដើម។ នៅដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ធ្វើដំណើរទៅទីក្រុងនីអាមេដើម្បីនិយាយពីជោគវាសនារបស់កងទ័ពអាល្លឺម៉ង់ ១២០នាក់ដែលឈរជើងនៅនីហ្សេ។ ចំណែកអាមេរិកវិញនឹងរក្សាកងទ័ពទាំង ១០០០នាក់របស់ខ្លួននៅនីហ្សេ និងត្រៀមសហការជាមួយរបបសឹក នៅក្នុងករណីដែលរបបសឹកសន្យាប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលនៅក្នុងពេលឆាប់ខាងមុខ។
នៅក្នុងរយៈពេលតែ១ឆ្នាំកន្លះ នេះជាលើកទី៣ដែលបារាំងដកទ័ពរបស់ខ្លួនចេញពីប្រទេសនៅអាហ្វ្រិកដែលធ្លាប់ជាដៃគូប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយមនៅទឹកដីអាហ្វ្រិក។
កាលពីឆ្នាំមុន បារាំងត្រូវបង្ខំឲ្យដកទ័ពចេញពីម៉ាលី និងបួគីណាហ្វាសូ បន្ទាប់ពីប្រទេសអាហ្វ្រិកពីរនាក់ធ្លាក់ទៅក្នុងកណ្តាប់ដៃគ្រប់គ្រងរបស់មេដឹកនាំធ្វើរដ្ឋប្រហារ។ ដូចជាម៉ាលី និងប៊ួគីណាហ្វាសូ នីហ្សេ ដោះដៃចេញពីអតីតអាណានិគមបារាំង ដោយងាករំកិលខិតទៅជិតរុស្ស៊ី។
បារាំងនៅចាំបទពិសោធដ៏ល្វីងជូរចត់កាលពីឆ្នាំមុន ព្រោះថា មូលដ្ឋានទ័ពនៅម៉ាលីដែលបារាំងគ្រប់គ្រងនៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយមនៅតំបន់សាហ៊ែល ត្រូវក្រុមទាហានស៊ីឈ្នួលរុស្ស៊ី វ៉ាក់ណែចូលកាន់កាប់ភ្លាមៗ នៅក្រោយ កងទ័ពបារាំងត្រូវដកចេញពីម៉ាលី។
នៅមុនដកទ័ពចុងក្រោយឲ្យអស់ពីនីហ្សេ នៅថ្ងៃសុក្រនេះ បារាំងបានប្រកាសនៅសប្តាហ៍នេះ ថា នឹងបិទស្ថានទូតរបស់ខ្លួននៅទីក្រុងនីអាមេ ដោយគ្មានកាលកំណត់។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបារាំងទៅកាន់បុគ្គលិកនៅទីក្រុងនីអាមេ ដែលទីភ្នាក់ងារ ព័ត៌មានអង់គ្លេសReuters បានទទួលអាននៅថ្ងៃព្រហស្បតិ៍ នៅក្នុងលក្ខខណ្ឌរឹតត្បិតសព្វថ្ងៃ ដែលធ្វើឲ្យស្ថានទូតមិនអាចដំណើរការទៅដោយធម្មតា បារាំងត្រូវបិទស្ថានទូតរបស់ខ្លួនដោយគ្មានកាលកំណត់។
គួរបញ្ជាក់ថា នៅក្រោយរដ្ឋប្រហារប៉ុន្មានថ្ងៃ ស្ថានទូតបារាំងនៅទីក្រុងនីអាមេបានរងការវាយប្រហារពីក្រុមបាតុករគាំទ្ររបបសឹកនីហ្សេ។ តាំងពីពេលនោះមក បរិវេណជុំវិញស្ថានទូតស្ថិតក្រោមការយាមដ៏តឹងរ៉ឹងរបស់កងកម្លាំងរបស់របបសឹកដែលភាគីបារាំងចាត់ទុកថា រឹតត្បិត បង្កការលំបាក ដល់ដំណើរការការងាររបស់ស្ថានទូត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ