អានតួអត្ថបទ
នីហ្សេ-រុស្ស៊ី

រុស្ស៊ីបានបញ្ជូន​គ្រឿងសព្វាវុធទំនើប​ និងគ្រូបង្វឹក​កងទ័ព ទៅដល់​នីហ្សេ

មិនត្រឹមតែមានអាវុធគ្រប់គ្រាន់ធ្វើសង្គ្រាម​នៅអ៊ុយក្រែនទេ រុស្ស៊ីបានបញ្ជូនអាវុធទៅកាន់អាហ្វ្រិក​ថែមទៀត។ គ្រឿងសព្វាវុធទំនើបរបស់រុស្ស៊ី រួមទាំង​គ្រូបង្វឹកទ័ពរុស្ស៊ីជាច្រើននាក់ផង បានធ្វើដំណើរទៅ​ដល់​ទីក្រុងនីអាម៉េ ប្រទេសនីហ្សេ កាលពីថ្ងៃទី១០​មេស។ នេះបើផ្អែកតាមការផ្សាយ របស់បណ្តាញទូរទស្សន៍​​នីហ្សេ​។ ការបញ្ជូនគ្រឿងសព្វាវុធទំនើប​របស់រុស្ស៊ីទៅកាន់នីហ្សេ​ នាពេល​នេះ គឺធ្វើឡើងក្នុងក្របខណ្ឌ​សហប្រតិបត្តិការថ្មី រវាងរុស្ស៊ីនិងនីហ្សេ បន្ទាប់ពីប្រទេសអាហ្វ្រិកដ៏ក្រីក្រមួយនេះ បាន​បណ្តេញកងទ័ពបារាំង​ចេញ និង​បាន​បិទបញ្ចប់​កិច្ចព្រមព្រៀងសហប្រតិបត្តិការកងទ័ព ជាមួយសហរដ្ឋអាមេរិក​។​

កងទ័ពរុស្ស៊ី​ នៅក្នុងយន្តហោះ Iliouchine-76 ដែលដឹក​ប្រព័ន្ធខែលមីស៊ីល ទៅដល់ទីក្រុង​ Niamey ប្រទេសនីហ្សេ ថ្ងៃទី ១០មេសា ២០២៤
កងទ័ពរុស្ស៊ី​ នៅក្នុងយន្តហោះ Iliouchine-76 ដែលដឹក​ប្រព័ន្ធខែលមីស៊ីល ទៅដល់ទីក្រុង​ Niamey ប្រទេសនីហ្សេ ថ្ងៃទី ១០មេសា ២០២៤ via REUTERS - RTN
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមការផ្សាយរបស់បណ្តាញទូរទស្សន៍នីហ្សេ Télé Sahel យន្តហោះរុស្ស៊ី Iliouchine-76 បានចុះចតនៅទីក្រុង​នីអាម៉េ កាលពីថ្ងៃទី​១០មេសា ដោយ​នាំយកទៅជាមួយ នូវគ្រឿងសព្វាវុធទំនើប​ៗ ដែលរុស្ស៊ី​បានសន្យាប្រគល់​ឲ្យ​នីហ្សេ។ ក្រៅពីគ្រឿងសព្វាវុធ រុស្ស៊ីបាន​បញ្ជូនទៅផងដែរ នូវគ្រូបង្វឹកកងទ័ពរុស្ស៊ីជាច្រើននាក់ តែដោយ​មិនបញ្ជាក់ចំនួនទេ​។

បណ្តាញទូរទស្សន៍​នីហ្សេ បានផ្សាយថា រុស្ស៊ីបានដឹកយកមកឲ្យ​នីហ្សេ នូវ​ប្រព័ន្ធខែលមីស៊ីលទំនើប​ចុងក្រោយ។ ចាប់ពីពេលនេះទៅ នៅនីហ្សេនឹងអាចមានសមត្ថភាព​ពេញ​លេញ ក្នុងការការពារសន្តិសុខផ្លូវអាកាសរបស់ខ្លួន​​បានទាំងស្រុង។

មន្ត្រីជំនាញរុស្ស៊ី​ បានឆ្លើយ​ប្រាប់​បណ្តាញទូរទស្សន៍នីហ្សេថា ខ្លួនធ្វើ​ការបង្ហាត់បង្ហាញ​ដ៏មានគុណភាព ឲ្យ​ទៅ​កងទាហាននីហ្សេ ដើម្បីឲ្យ​ពួកគេចេះប្រើប្រព័ន្ធសព្វាវុធដ៏ទំនើបនេះ។ មន្ត្រីទ័ពរុស្ស៊ីដដែលអះអាងថា វត្តមានខ្លួននៅនីហ្សេនៅពេលនេះ​ គឺ​ដើម្បី​អភិវឌ្ឍន៍​ពង្រឹងសហប្រតិបត្តិការ​កងទ័ព រវាងរុស្ស៊ី និងនីហ្សេ​។​

គួរបញ្ជាក់ថា កាលពីថ្ងៃទី​២៦មីនា មេដឹកនាំរបបសិកនីហ្សេ Abdourahamane Tiani បានឆ្លើយឆ្លងតាមទូរស័ព្ទជាមួយលោក​ពូទីន ដើម្បី​និយាយអំពីការ​ពង្រឹងសហប្រតិបត្តិការ​កងទ័ព និងសន្តិសុខ​ រវាងនីហ្សេនិង​រុស្ស៊ី។ លិខិតប្រកាស​ផ្លូវការនីហ្សេរីយ៉ា លើកឡើងថា មេដឹកនាំទាំង២លើកឡើងពីភាពចាំបាច់ នៅក្នុងការការពារសន្តិសុខ ទល់នឹង​ក្រុមភេរវកម្មជីហាតនៅ​តំបន់សាហ៊ែល។

សូមរំលឹកថា នីហ្សេមិនខុសពីប្រទេសផ្សេងទៀតក្នុងតំបន់សាហ៊ែល ដែលមាន​ម៉ាលី និងបួគីណាហ្វាសូ បាន​ពើបប្រទះនឹងបញ្ហាសន្តិសុខដ៏ធ្ងន់ធ្ងរ ដោយសារតែ​ការវាយ​ប្រហាររបស់ក្រុមជីហាតភេរវកម្ម​ បណ្តាញរបស់ក្រុមអាល់កៃដា។ តែ​ប្រទេសតំបន់សាហ៊ែល​ទាំងនេះ បាន​ធ្លាក់ខ្លួនក្នុងការដឹកនាំ​របស់របបសិក បន្ទាប់ពីមាន​រដ្ឋប្រហារយោធាជាបន្តបន្ទាប់​។ បន្ទាប់ពីសហការជាមួយកងទ័ពបារាំងអស់ជាច្រើនឆ្នាំ របបសិកថ្មីដែលដឹកនាំ​​បួគីណាហ្វាសូ ម៉ាលី និងនីហ្សេ បានសម្រេចចិត្ត​ បណ្តេញកងទ័ពបារាំងចេញពីទឹកដី​ ហើយបានងាកទៅចាប់ដៃសហការជាមួយ​នឹងក្រុម​ទាហានស៊ីឈ្នួលរុស្ស៊ី Wagner។

ជាងនេះទៀត កាលពីពាក់កណ្តាលខែ​មីនា នីហ្សេ បាន​ប្រកាស​បណ្តាញ​ទាហាន​អាមេរិក ដែលឈរជើងនៅនីហ្សេ ចំនួន​ជាង​១០០០នាក់ ឲ្យចាកចេញពីទឹកដីខ្លួន​។ ការបញ្ជូនគ្រឿងសព្វាវុធរុស្ស៊ី ទៅកាន់​នីហ្សេនៅពេលនេះ បានស​បញ្ជាក់ថា កងទ័ពរុស្ស៊ីកំពុងតែមានវត្តមានកាន់តែរឹងមាំនៅតំបន់សាហ៊ែល​ ស្របពេល​កងទ័ពបារាំង និងអាមេរិកកាន់តែអស់ឥទ្ធិពល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ