អានតួអត្ថបទ

UN៖ ទឹក​ជន់នៅលីប៊ី​​​ បើ​មា​នវិធានការ​​ជម្លៀស​ទាន់​ពេល គឺ​មិន​​​ធ្ងន់ធ្ងរ​ស្លាប់មនុស្ស​ជាង​ ៤ ពាន់នាក់ទេ

ទុក្ខ​ជាន់​លើ​ទុក្ខ​ ប្រទេស លីប៊ី​ ដែល​ជួបវិបត្តិ​នយោបាយ​និងជម្លោះ​ប្រដាប់អាវុធច្រើន​ឆ្នាំ នៅ​ពេល​នេះ ​ត្រូវ​រង​​គ្រោះថ្នាក់​​ខ្យល់ព្យុះ​ ទឹក​ជន់ ធ្ងន់ធ្ងរ​ថែមទៀត។ ខ្យល់ព្យុះ​ស៊ូណាមិ បាន​បោក​បក់​ ប៉ះប៉ែក​ខាង​កើត​ប្រទេស តាំងពីថ្ងៃអាទិត្យ។ វា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស យ៉ាងហោច ៤ ០០០ នាក់។

La tempête Daniel au large de la Libye le 9 septembre 2023.
La tempête Daniel au large de la Libye le 9 septembre 2023. © Windy.com
ផ្សាយពាណិជ្ជកម្ម

នៅ​មា​ន ប្រជាជន​​ រាប់​​ពាន់នាក់​ផ្សេងទៀត កំពុង​បាត់​ខ្លួន។ អ្នក​ខ្លះ ​ត្រូវ​កម្លាំងទឹកហូរ​កួច​យកទៅជាមួយ និង​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ម៉េឌីតែរ៉ាណេ។ ភ្លាមៗនេះ​ ពលរដ្ឋ​រងគ្រោះ សល់ពីស្លាប់​ ប្រហែល​ជាង ​៣ ម៉ឺននាក់ ​​គ្មាន​កន្លែង​ស្នាក់នៅ។ ដ្បិតថា​ ផ្ទះ​សំប្បែង​ខូច​ខាត​។

ខ្មោច​ឡាន​ រាយបាយ រប៉ា​ត់​រប៉ាយ។​ បីថ្ងៃក្រោយហេតុការណ៍​ ប្រព័ន្ធ​ទឹក ​ភ្លើង និង ​បណ្តាញ​ទាក់ទង​ផ្សេងៗ នៅ​មិនទាន់​តភ្ជាប់​ឡើងវិញនៅឡើយ​ទេ​។

ពី​ទីក្រុង​ហ្សឺណែវ នាថ្ងៃព្រហស្បតិ៍​ លោក Petteri Taalas នាយកអង្គការ​ឧតុនិយមពិភពលោក បាន​ប្រាប់​អ្ន​កកាសែត​ថា ប្រសិនបើ គេ​រៀបចំ​ចាត់វិធានការសង្គ្រោះបន្ទាន់ និងជូន​ដំណឹងទុក​ជាមុន ​ហើយនិង​ ​ជម្លៀសប្រជាជន​ ឲ្យ​បាន​ទាន់ពេល ម្ល៉េះសម គ្រោះថ្នាក់ មិនធ្លាក់ធ្ងន់ធ្ងរដល់ម្លឹងទេ។

គ្រោះថ្នាក់នេះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​លីប៊ី​កាន់តែ​ដុន​ដាប់​ខ្លាំងថែមទៀត។​ ប្រទេស​ផ្សេងៗ ដូច​អាមេរិក សហភាពអឺរ៉ុប និង​អង្គការ​សហប្រជាតិ បាន​សន្យា​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​លីប៊ី​នៅក្នុងគ្រា​លំបាក​នេះ។​

គ្រោះថ្នាក់​ធម្មជាតិ​នៅ​លីប៊ី ពេល​នេះ គឺជា​ចំហាយ​ខ្យល់​ព្យុះ​ឈ្មោះ ដានីញ៉ែល ដែល​បាន​បោក​បក់​លើ​ប្រទេស តួកគី ប៊ុលហ្គារី និងក្រិក។ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ Volker Turk បាន​ដាស់តឿន​ជាថ្មី​អំពី​ផលវិបាក​អវិជ្ជមាន​នៃ​ការ​កើនឡើងកម្តៅផែន​ដី ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធម្មជាតិ ​ស្លាប់មនុស្ស​។ ហើយ​រឿងបញ្ហាបរិស្ថាន​អាកាសធាតុ​នេះ ដែល​ ប្រទេស​រដ្ឋសមាជិក​នីមួយៗ​ត្រូវ​យកចិត្តទុក​ដាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ