អានតួអត្ថបទ

ក្រោយពីមេ​ប្រឆាំងស្លាប់ ឧត្តមសេនីយ អ៊ីតណូ ​ប្រកាស​ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី

នៅ​ប្រទេស​ឆាដ ​ឧត្តមសេនីយយោធា អ៊ីតណូ ជា​កូនប្រុស​អតីតប្រធានាធិបតី​ឆាត អ៊ីដ្រីស្ស ដេប៊ី បាន​ប្រកាសឈរឈ្មោះបោះឆ្នោត​រើស​​ប្រធានាធិបតី។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃសៅរ៍ ទី​២ មីនា គឺក្រោយ​ពី​ មេប្រមុខ​ប្រឆាំងដ៏លេចធ្លោ ត្រូវ​ពួក​យោធា​ធ្វើ​​​ឃាត​ បាន​ចំនួន​ ៣ ថ្ងៃ។ ​

មេដឹកនាំប្រទេសឆាដសម័យអន្តរកាល ឧត្តមសេនីយយោធា មហាម៉ាត់ អ៊ីដ្រីស្ស ដេប៊ី អ៊ីតណូ បានសម្រេចប្រកាសជាសាធារណៈ ពីការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤។
មេដឹកនាំប្រទេសឆាដសម័យអន្តរកាល ឧត្តមសេនីយយោធា មហាម៉ាត់ អ៊ីដ្រីស្ស ដេប៊ី អ៊ីតណូ បានសម្រេចប្រកាសជាសាធារណៈ ពីការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤។ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

ឆាដ ជាប្រទេស​ក្រីក្រ​ខ្លាំង​មួយ នៅតំបន់ក្នុង​​អាហ្វ្រិក​កណ្តាល។ ​ មេដឹកនាំប្រទេស​សម័យ​អន្តរកាល​ ឧត្តមសេនីយយោធា មហាម៉ាត់ អ៊ីដ្រីស្ស ដេប៊ី អ៊ីតណូ បាន​សម្រេច​ប្រកាស​ជាសាធារណៈ ពីការ​​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី ឆ្នាំ២០២៤។ វ័យ​ ៣៧ ឆ្នាំ លោក​​​អះអាងថា  គណបក្ស​ដើម្បី​ប្រទេស​ឆាតរួមគ្នា​តែ១ បាន​ស្នើ​សុំ​ដាក់​បេក្ខភាព​របស់លោក​ ជា​តំណាង​តែ១គត់​របស់​បក្ស​សម្រាប់​ការ​បោះឆ្នោត​ជុំទី១ ដែល​នឹង​ត្រូវ​រៀបចំ​ប្រព្រឹត្តិទៅ នៅថ្ងៃទី​៦ ឧសភា ខាងមុខ។ ​

ការ​ប្រកាស​បេក្ខភាព​នេះ ត្រូវ​ទម្លាយ​ចេញ បន្ទាប់ពីមេប្រមុខ​ប្រឆាំងដ៏លេចធ្លោ ត្រូវ​ពួក​យោធា​​បាញ់​សម្លាប់​ជាមួយ​សមាជិក​ផ្សេងទៀត​ ​នៅទីស្នាក់ការ​គណបក្ស​ កាលពី​ ៣ ថ្ងៃមុន។​ មរណភាព​របស់ប្រធានបក្ស​សង្គមនិយម​គ្មាន​ព្រំដែន ​ លោក យ៉ាយ៉ា ឌីលឡូ ដ្យេរ៉ូ កំពុងតែ​ត្រូវ​ឋិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​។ រដ្ឋាភិបាល​បណ្តោះអាសន្នឆាដ បា​នច្រាន​ចោលរាល់​​ការប្រកាន់​ថា​ បាន​កម្ចាត់​កម្ទេច​សំឡេង​ប្រឆាំង​នៅក្នុង​ស្រុក​ ហើយ​និង​ បាន​ចាត់តាំង​រដ្ឋអាជ្ញា​ស៊ើប​ករណីឃាតកម្ម​ដ៏ហិង្សា​នេះ​ផង​។ ​​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំតំបន់​អាហ្វ្រិក​ ទាមទារ​ឲ្យ​បើកការ​ស៊ើប​អង្កេត​ជាលក្ខណៈ​អន្តរជាតិ ឲ្យ​បាន​ត្រឹមត្រូវ ជុំវិញ​ឃាតកម្ម​លើ​អ្នក​នយោបាយ​ប្រឆាំង​រូបនេះ​។

កាលពីនៅ​មាន​ជីវិត​ អ្ន​កនយោបាយ​ប្រឆាំង លោក យ៉ាយ៉ា ឌីលឡូ ដ្យេរ៉ូ  ជា​បន្លាក្នុង​កែវភ្នែក របស់​ ឧត្តមសេនីយយោធា មហាម៉ាត់ អ៊ីដ្រីស្ស ដេប៊ី អ៊ីតណូ។ តែតាមពិត អ្នក​ទាំងពីរ​ គឺជា​បងប្អូន​ជីដូន​មួយ​នឹងគ្នា។ មេបក្ស​ប្រឆាំង​ លោក​ ឌីលឡូ ជាក្មួយ​បង្កើត​របស់​អតីតប្រធានាធិបតី​ អ៊ីដ្រីស្ស ដេប៊ី ហើយ អ៊ីដ្រីស្ស ដេប៊ី ជា​​ឪពុក​​​របស់​ឧត្តមសេនីយយោធា អ៊ីតណូ។

​គួរ​ជ្រាបថា អតីតប្រធានាធិបតី អ៊ីដ្រីស្ស ដេប៊ី បាន​កាន់ក្រាប់​​អំណាចស្រុកទេស ​ជាង ​៣០ ឆ្នាំ​ បន្ទាប់ពី​បានធ្វើ​​រដ្ឋប្រហារ​ នៅទសវត្សរ៍​១៩៩០។ លោក​ស្លាប់កាលពី​៣ឆ្នាំមុន ព្រោះ​រង​របួស​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ ហើយ​ឧត្តមសេនីយ​យោធា ១៥ រូប បាន​ជ្រើស​លោក អ៊ីតណូ កាលណោះ វ័យទើបតែ​ ៣៤ ឆ្នាំ ឲ្យ​កាន់អំណាច​ប្រទេស​ជំនួស​ឪពុក។

នៅពេល​ឡើង​កាន់​អំណាច​ប្រទេស​ជាបណ្តោះ​អាសន្ន ឧត្តមសេនីយ អ៊ីតណូ សន្យា​ថានឹង​កែ​ប្រែ​ប្រទេស​ ឲ្យ​អំណាច​ស៊ីវិល​ដឹកនាំរដ្ឋ ក្នុង​អំលុង​ពេល​១៨ខែ ប៉ុន្តែ នេះ​ជា​សន្យា​ខ្យល់ ព្រោះ​ថា ជាង​២ឆ្នាំទៅហើយ ពួក​យោធានៅតែ​ក្តាប់​អំណាច​រដ្ឋ​យ៉ាងតឹង។ មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃប្រកាស​បេក្ខភាព​ឈរឈ្មោះធ្វើ​ប្រធានាធិ​បតី លោកឧត្តមសេនីយ អ៊ីតណូ អះអាងថា នឹង​រឹត​បន្តឹង​កម្លាំង​យោធា​ថែមទៀត ដើម្បី​រក្សា​សន្តិសុខ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ