អានតួអត្ថបទ
ភាពក្រីក្រ​កុមារ

យូនីសេហ្វ៖កុមារជាង៣៣៣លាននាក់រស់ក្នុងភាពមហាក្រីក្រ

​ដោយហេតុ​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩ ​យុទ្ធនាការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​​ភាព​ក្រីក្រកុមារ ​បាន​បន្ថយ​ល្បឿន​ខ្លាំង​ណាស់។ ​អង្គការ​សហប្រជាជាតិមិន​អាច​សម្រេច​កម្មវត្ថុ​ប្រកប​ដោយ​មហិច្ឆតា​របស់​ខ្លួន​បាន​ទេ ព្រោះ​បើ​តាម​របាយការណ៍​របស់​អង្គការ​យូនីសេហ្វ និង​ធនាគារ​ពិភពលោក ចំនួន​កុមាររស់​ក្នុង​ស្ថានភាព​​ក្រីក្រ​ខ្លាំង​បំផុតនៅលើ​​ពិភពលោកបាន​ឡើង​ដល់​៣៣៣លាន​នាក់។

កុមារប្រទេសម៉ូសំប៊ិក កុំពុងប្រឈមនឹងភាពក្រីក្រ
UNICEF/MOZA2023-00552/Alfredo Zuniga
កុមារប្រទេសម៉ូសំប៊ិក កុំពុងប្រឈមនឹងភាពក្រីក្រ UNICEF/MOZA2023-00552/Alfredo Zuniga © Página internet UNICEF Moçambique
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​បាន​កំណត់​កម្មវត្ថុ​ប្រកប​ដោយ​មហិច្ឆតា លុប​បំបាត់​ភាព​ក្រីក្រ​ហួសហេតុ​របស់​កុមារ​ឱ្យ​បាន​ទាំង​ស្រុង​នៅ​ឆ្នាំ​២០៣០ ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​អង្គការ​យូនីសេហ្វ និង​ធនាគារ​ពិភពលោកដែល​នឹង​​ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី​១៤កញ្ញា២០២៣ មានកុមារ​ជាង​៣៣៣​លាន​នាក់​កំពុង​រស់​ក្នុង​ស្ថានភាព​មហា​ក្រីក្របំផុត​​ ពោល​គឺ​មួយ​ភាគ​១០​នៃ​​កុមារនៅ​លើ​ពិភពលោក​(​ម្នាក់​ក្នុង​ចំណោម​១០នាក់) រស់​ដោយ​មាន​លុយ​មិនដល់​២,១៥​ដុល្លារ​ផង​ក្នុង​មួយ​ថ្ងៃ។ របាយការណ៍​ដដែល​បាន​គូស​បញ្ជាក់​ទៀត​ថា បើ​គ្មាន ​រោគ​រាតត្បាត​កូវីដ​​ផ្ទុះមក​រំខាន​ទេ នោះ​កុមារ​ប្រមាណ​៣០លាន​នាក់​ទំនង​ជា​ត្រូវ​អាច​ដើរ​ចេញ​ផុត​ពី​ភាព​ក្រីក្រ។

“វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ បង្ក​ឡើង​ដោយ​ផលវិបាក​នៃ​ជំងឺ​កូវីដ​១៩ ជម្លោះប្រដាប់​អាវុធ ការប្រែប្រួល​អាកាសធាតុ និង​វិបត្តិ​សេដ្ឋកិច្ច​ បាន​មក​បិទ​ខ្ទប់​វឌ្ឍនភាព​និង​បាន​ធ្វើ​ឱ្យ​ក្មេង​រាប់​លាន​នាក់​ត្រូវ​រស់​ក្នុង​ភាព​ក្រីក្រហួសហេតុ” នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោកស្រី​អគ្គនាយិកា​អង្កាករ​យូនីសេហ្វ Catherine Russel ​នៅក្នុង​សេចក្តី​ថ្លែងការណ៍។ លោកស្រី​អគ្គនាយិកា​បាន​បន្ថែម​ទៀត​ថា ការ​ដែល​មាន​កុមារ​ជាង​៣៣៣លាននាក់​ត្រូវ​រស់​ក្នុង​ភាព​មហាក្រីក្រ​ហើយ​ មិន​អាច​ទទួល​បាន​នូវ​សេចក្តីត្រូវការ​ជា​មូលដ្ឋាន​ មិន​អាច​រស់​ក្នុង​ភាព​ថ្លៃថ្នូរ គ្មាន​ឱកាស​និង​គ្មាន​ក្តី​សង្ឃឹម​ទៀត ជា​ពិភពលោក​ដែល​មិន​អាច​អនុគ្រោះ​ឱ្យ​ទេ។

នៅក្នុង​ចំណោម​កុមារ​រស់​ក្នុង​ភាព​ក្រីក្រ​ខ្លាំងបំផុត ៤០%​ជា​ក្មេង​នៅ​អាហ្វ្រិកសាហារ៉ា។ ផ្ទុយ​ពី​តំបន់​ផ្សេងៗ​នៅ​លើ​ពិភពលោក​ដែល​ភាព​ក្រីក្រកុមារ​​បាន​ចុះ​ថយ​ជា​លំដាប់​ នៅ​តំបន់​អាហ្វ្រិក​សាហារ៉ា ចំនួន​កុមារ​ក្រីក្រ​កើន​ឡើង​ជា​លំដាប់ ស្រប​ទៅ​តាម​កំណើនដ៏​លឿន​នៃ​​អត្រាប្រជាពលរដ្ឋ​ និង​ដោយហេតុ​វិបត្តិ​កូវីដ​១៩ ព្រមទាំង​មហន្តរាយធម្មជាតិ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។

ធនាគារ​ពិភពលោក​និង​អង្គការ​យូនីសេហ្វ បាន​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេសគិត​គូរ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ជា​​អាទិភាព និង​សម្រប​វិធានការ​ទៅ​តាម​ការ​ស្ថានការណ៍​ជាក់ស្តែង ដូច​ជា​ពង្រីក​កម្មវិធី​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​គ្រួសារក្រីក្រ​ជា​ដើម។ បិទ​បញ្ចប់​ភាព​ក្រីក្រ​កុមារ​ជា​ជម្រើស​នយោបាយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​នាយក​ធនាគារ​ពិភពលោក​ទទួល​បន្ទុក​ភាព​ក្រីក្រ​និង​សមធម៌ Felipe Lopez-Calva៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ