អានតួអត្ថបទ

ប្រធានាធិបតីអាហ្សង់ទីន៖ ទោះក្នុង​តម្លៃណាក៏ដោយ ក៏ត្រូវ​តែ​កែទម្រង់​ស៊ីជម្រៅ

ប្រធានាធិបតី​អាហ្សង់ទីន លោក​​ រ៉ាវីយេ មីឡី​ ប្រកាស​បន្តកែទម្រង់​ប្រទេស​ជាតិ​ បើ​ទោះបីជា មាន​ឬ​​គ្មាន ការគាំទ្រ​ពី​​សមាជិក​សភា ក៏ដោយ។ គម្រោង​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ផ្នែក​នយោបាយ​និងសេដ្ឋកិច្ច​ របស់ ប្រធានាធិបតី​អាហ្សង់ទីន បាន​សើរើកែប្រែ​របត់​សង្គមជាខ្លាំង និង​បង្កឲ្យ​ប៉ះពាល់ជាទូទៅ​ដល់ស្រទាប់​អ្នក​នយោបាយ​និង​រាស្ត្រ​សាមញ្ញ​​។ ទោះយ៉ាងនេះក្តី ថ្នាក់ដឹកនាំ​អាហ្សង់ទីន នៅតែមានះ​ថា មានតែ​ទៅ​មុខ និងមិន​ថយ​ក្រោយ​ជាដាច់​ខាត។ នេះជាខ្លឹមសារ​នៅក្នុង​ការ​ថ្លែងសុន្ទកថាទៅ​កាន់​ប្រជាជាតិ របស់​ប្រមុខរដ្ឋ​អាហ្សង់ទីន ​ នា​ឱកាស​បើក​អង្គប្រជុំ​សភា ​ថ្ងៃសុក្រ ទី១ មីនា នៅរដ្ឋធានី​ Buenos Aires។ ​

ប្រមុខរដ្ឋអាហ្សង់ទីន លោក រ៉ាវីយេ មីឡី ថ្លែងសុន្ទកថាទៅកាន់ប្រជាជាតិ នាឱកាសបើកអង្គប្រជុំសភា ថ្ងៃសុក្រ ទី១ មីនា នៅរដ្ឋធានី Buenos Aires។
ប្រមុខរដ្ឋអាហ្សង់ទីន លោក រ៉ាវីយេ មីឡី ថ្លែងសុន្ទកថាទៅកាន់ប្រជាជាតិ នាឱកាសបើកអង្គប្រជុំសភា ថ្ងៃសុក្រ ទី១ មីនា នៅរដ្ឋធានី Buenos Aires។ AP - Natacha Pisarenko
ផ្សាយពាណិជ្ជកម្ម

ចំពោះមុខ​អ្នក​តំណាងរាស្ត្រ​និងសមាជិកព្រឹទ្ធសភា​ ​ប្រធានាធិបតី​អាហ្សង់ទីន អួតថា​ នេះជាលើកទី១ ដែលការ​កែទម្រង់​ ចាក់ចំចំណុចស្នូល​​នៃបញ្ហា ហើយនិងអះអាង​ថា ការ​ផ្លាស់ប្តូរក្នុង​​ប្រទេស​លើកនេះ ដើម្បីទៅរក​វឌ្ឈនភាព​។​​ អាស្រ័យ​ហេតុនេះ​ ទោះបីគ្មាន​ការគាំទ្រ​ពី​អ្នកនយោបាយបក្ស​ដទៃ​ គ្មាន​ការគាំទ្រពីសំណាក់​អ្នក​តំណាងរាស្ត្រ ឬសមាជិក​ព្រឹទ្ធសភា ឬក៏​ ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្តក្តី​ ក៏​លោក ​រ៉ាវីយេ មីឡី នៅតែ​​ត្រូ​វ​កែទម្រង់​សេដ្ឋកិច្ច​ថ្មីដែរ​។

គោលការណ៍​កែទម្រង់​សេដ្ឋកិច្ចស៊ីជម្រៅ​របស់​ប្រធានាធិបតី​អាហ្សង់ទីន មាន​១០​ចំណុច​ធំៗ ​ជារួមការ​ធ្វើឲ្យ​មាន​តុល្យភាព​កញ្ចប់​ថវិកា​ជាតិ  ការ​លើកកម្ពស់កម្មសិទ្ធិ​ទ្រព្យ​សម្បត្តិ​ឯកជន ហើយ​និង​កាត់​​កាត់បន្ថយ​ចំណាយ​សាធារណៈ ពោល​គឺ​កាត់​បន្ថយ​ចំណាយរដ្ឋ​ ឲ្យ​អស់​យ៉ាងហោច ២៥% នៃ​ចំណុល​ផលិតផល​ក្នុង​ស្រុក​សរុប​។​ ​​គម្រោង​កាត់​បន្ថយ​ចំណាយថវិកាជាតិ ​​ប៉ះពាល់​ដល់​វណ្ណៈ​អ្ន​កនយោបាយ​ធំៗផង និង​រាស្ត្រ​សាមញ្ញ ជាទូទៅ​ដែរ​។ ​​ពួក​អ្នក​នយោបាយ​ធំៗ ​​បាត់​បង់​ផលប្រយោជន៍​ជាច្រើន​ ដែល​ធ្លាប់​មាន​នៅក្នុង​​អាណត្តិ​ចាស់ៗ។ សូម្បីតែ​ អតីត​ប្រធានាធិតបី​​អាហ្សង់ទីន លោក Cristina Kirchner ក៏​រង​បាត់បង់អត្ថ​​ប្រយោជន៍​​ច្រើន​ដែរ។ មិន​តែ​ប៉ុណ្ណោះ ប្រធានាធិបតី​អាហ្សង់ទីន ក៏​ប្រកាសថា នឹង​ត្រូវ​បិទ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Telam ដែលមាន​បុគ្គលិករដ្ឋ​ ប្រមាណ ៧០០ នាក់។ បើតាម​ការ​ចោទប្រកាន់​របស់​លោក​​ រ៉ាវីយេ មីឡី, ​ ​ស្ថាប័ន​ព័ត៌មាន​រដ្ឋ​នេះជា​ប្រព័ន្ធ​ឃោសនា​បម្រើ​ឲ្យ​អតីត​ប្រធានាធិបតី​ចាស់។

ចំណែក មន្ត្រី​រដ្ឋការ ជាទូទៅ ក៏​ជួប​ការ​លំបាក​ព្រោះតែ​គម្រោង​កាត់​បន្ថយ​ចំណាយ​​រដ្ឋដែរ​។ ​​​មន្ត្រីរដ្ឋការ គ្រូបង្រៀន ក​ម្មកររដ្ឋវិស័យ​ដឹកជញ្ជូន​​ និងសង្គមស៊ីវិល បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ជាហូរហែ​ ​ជាច្រើន​ស​ប្តាហ៍​មកហើយ ពីព្រោះតែ គម្រោង​កាត់បន្ថយ​​ប្រាក់​ខែគ្រូបង្រៀន​ កាត់​ជំនួយ​ឧបត្ថម្ភ​ដល់​គម្រោង​សិក្សា និង​កាត់បន្ថយ​ជំនួយ​ដល់​អាហារដ្ឋាន​នៅសាលា​រៀន​ ជាដើម​។

​​​មាន​ទំនោរ​និន្នាការ​សេរីនិយ​ម មូលធននិយម បែប​គំរូបែប​សហរដ្ឋអាមេរិក ប្រធានាធិបតី​អាហ្សង់ទីន ជាអ្នក​ដែល​គាំទ្រដើរតាម​គន្លង​របស់​​លោក ដូណាល់ ត្រាំ។ ​លោក ​រ៉ាវីយេ មីឡី ចង់​ដឹកនាំប្រទេស​យក​គំរូ​តាម​អាមេរិក​ និង​ចង់​ប្តូរ​នយោបាយ​រូបិយវត្ថុទៅចាយ​ប្រាក់​ដុល្លារ​ទៀត​ផង​។

ប្រធានាធិបតី​អាហ្សង់ទីន លោក​​ រ៉ាវីយេ មីឡី បាន​ពន្យល់ថា នយោបាយ​កែទម្រង់ ​វះកាត់​សង្គមដ៏​ធំ​ដូច្នេះ​​​ ពីដំបូងៗឡើយ​ ប៉ះពាល់​ច្រើន​​ហើយ ប៉ុន្តែ កំណែទម្រង់​ស៊ីជម្រៅ​ផ្នែក​សេដ្ឋកិច្ច​​ ​​នឹង​ហុច​ផលវិញ គ្រាន់តែថា ត្រូវការ​ពេល​វេលាច្រើន​​ និង​ការ​អត់ធ្មត់​ខ្លាំង​។ លោក​​ រ៉ាវីយេ មីឡី ស្នើឲ្យប្រជាជាតិ ​ខាំមាត់​ សន្កត់​ចិត្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ