ហេតុអ្វីសេណេហ្កាល់ប្រទេសដែលស្គាល់ស្ថិរភាព ស្រាប់តែជួបភាព ចលាចល នៅប៉ុន្មានថ្ងៃនេះ?
តើមានអ្វីកើតឡើងនៅ ប្រទេសសេណេហ្កាល់? ប្រទេសដែលធ្លាប់តែស្គាល់ស្ថិរភាព ជាងគេនៅតំបន់អាហ្វ្រិកខាងលិច បានធ្លាក់ចូលក្នុងភាពចលាចល ដោយសារកុប្បកម្ម និងបាតុកម្មប្រឆាំងរដ្ឋាភិបាល។ គិតចាប់តាំងពីថ្ងៃពុធ ការប៉ះទង្គិចគ្នារវាងប៉ូលិស និងយុវជន សេណេហ្កាល់ នៅទូទាំងប្រទេស បានសម្លាប់មនុស្ស ៥នាក់ ដែលនៅក្នុងនោះ ម្នាក់ជាសិស្សអនុវិទ្យាល័យ។ ដើម្បី សុវត្ថិភាពសិស្ស និងគ្រូបង្រៀន សាលារៀននៅទូទាំងប្រទេសត្រូវបិទទ្វារ រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃចន្ទទី ៨ មីនានេះ។
ចុះផ្សាយនៅថ្ងៃ៖
នៅសេណេហ្កាល់ លោកប្រធានាធិបតី Macky Sall រងសម្ពាធកាន់តែខ្លាំង នៅចំពោះមុខកុប្បកម្ម និងបាតុកម្មហិង្សាដែលផ្ទុះឡើង នៅទូទាំងប្រទេស ចាប់តាំងពី ថ្ងៃពុធ។ រហូតមកដល់ថ្ងៃសៅរ៍ មនុស្ស ៥នាក់ ស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងបាតុករ ហើយនិងប៉ូលិស រថយន្តត្រូវដុតបំផ្លាញ ចំណែកហាងទំនិញ ជាច្រើនកន្លែង ត្រូវបាតុករ ចូលវាយបំផ្លាញ និងលួចប្លន់។
ប្រឈមនឹងភាពចលាចល ដែលកម្រនឹងកើតមាន នៅ ប្រទេសដ៏មានស្ថិរភាព នៅអាហ្វ្រិក ដូចជា សេណេហ្កាល់ មន្រ្តីអង្គការសហប្រជាជាតិ និងអង្គការអាហ្វ្រិក រួមទាំងអតីតមន្រ្តីជំនិតរដ្ឋាភិបាលផង បានទទូចសុំឲ្យប្រធានាធិបតី ចេញមុខ ពន្យល់ បកស្រាយដល់បាតុករ សេណេហ្កាល់។
កំហឹងតវ៉ា របស់បាតុករ ដែលភាគច្រើនជាយុវជន ផ្ទុះឡើង នៅបន្ទាប់ពីអ្នកនយោបាយរបស់បក្សប្រឆាំងម្នាក់ ដែលល្បីល្បាញក្នុងចំណោមយុវជនសេណេហ្កាល់ ក្នុងនាមជាអ្នកប្រឆាំងប្រព័ន្ធដឹកនាំសព្វថ្ងៃ ត្រូវបានអាជ្ញាធរសេណេហ្កាល់ ចាប់ឃុំខ្លួន ក្នុងហេតុផល បង្កអសណ្តាប់ធ្នាប់សង្គម។ នៅថ្ងៃពុធ ក្រុមយុវជនសេណេហ្កាល់ បានពពាក់ពពូន ហែរហម លោក Ousmane Sonko ទៅតុលាការ នៅបន្ទាប់ពីលោករងការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ។
លោកOusmane Sonkoដែលស្ថិតនៅលំដាប់លេខបី សម្រាប់បេក្ខជនប្រធានាធិបតី សេណេហ្កាល់ នៅឆ្នាំ ២០២៤ បាន បដិសេធការចោទប្រកាន់ និងថា ប្រធានាធិបតី បានសេណេហ្កាល់បានប្រឌិតរឿងនេះឡើង ដើម្បី ធ្វើឲ្យលោកខ្ទាតចេញពី ឆាកនយោបាយ និងការបោះឆ្នោតប្រធានាធិបតី។
ជាការកត់សំគាល់ នៅក្នុង កុប្បកម្ម ប្រឆាំងកម្លាំងប្រដាប់សេណេហ្កាល់ ហាងទំនិញ និងហាងសាំងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបារាំង បានក្លាយជាផ្ទាំងស៊ីបវាយប្រហារ លួចប្លន់របស់ក្រុមកុប្បករ នៅក្នុងហេតុផលថា រដ្ឋាភិបាលបារាំង ជាអ្នកគាំទ្រលោកប្រធានាធិបតីសេណេហ្កាល់សព្វថ្ងៃ។ បាតុកម្មហិង្សា និងកុប្បកម្ម ដែលកើតចេញមកពីការចាប់ខ្លួនមេបក្សប្រឆាំង គ្រាន់តែជាតំណក់ទឹកបន្ថែមទៅក្នុងកែវទឹកដែលពេញជិតហៀរទៅហើយ។ ភាពក្រីក្រ ភាពអត់ការងារធ្វើ នៅក្នុងចំណោមយុវជនសេណេហ្កាល់ ដែលមានកាន់តែច្រើន ជាពិសេស ចាប់តាំងពីកើតមានវិបត្តិជំងឺកូវីដ ១៩ គឺហេតុផលចំបងដែលធ្វើឲ្យកើតមានកំហឹងរបស់មហាជន សេណេហ្កាល់។ ចលនាការពារប្រជាធិបតេយ្យ បានអំពាវនាវនៅថ្ងៃអាទិត្យ ឲ្យមានបាតុកម្ម ៣ថ្ងៃបន្ថែមទៀត ចាប់តាំងពីថ្ងៃ ចន្ទ នេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ ដែលអាជ្ញាធរចាប់ខ្លួន ក្រៅផ្លូវច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ