អានតួអត្ថបទ
អាហ្វ្រិក-គ្រោះអត់ឃ្លាន

OMS/WHO ៖ មនុស្ស​ជិត​១៣ម៉ឺន​នាក់​នៅ​​តំបន់​ស្នែងអាហ្វ្រិក កំពុង​ប្រឈម​នឹង​ការស្លាប់​ដោយ​ដាច់ពោះ

ប្រជាជនប្រមាណ​៤៨លាននាក់ នៅតាមប្រទេសមួយចំនួន ​​ក្នុងតំបន់ស្នែងអាហ្វ្រិក កំពុងតែប្រឈមខ្លាំងបំផុតនឹងគ្រោះអត់ឃ្លាន។ យោងតាមអង្គការសុខភាពពិភពលោក យ៉ាងហោចណាស់ មាន​មនុស្សចំនួន១២៩០០០នាក់ ដែល​កំពុងប្រឈមនឹងការស្លាប់ ដោយដាច់ពោះគ្មានអ្វីបរិភោគ។ គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ប៉ុន្មានឆ្នាំជាប់គ្នាមកនេះ បានប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខស្បៀងអាហារ របស់​ប្រជាជន​នៅតំបន់ដ៏ក្រីក្រមួយនេះ។​

ក្មេងប្រុស​៣នាក់ កំពុង​តែ​ជញ្ជូនប៊ីដុងទឹក ដែលពួកគេទៅរកបាន​នៅចម្ងាយរាប់សិបគីឡូម៉ែត្រ ពីភូមិរបស់គេ។ តំបន់​ Samburu ខាកកើត ប្រទេសកេនយ៉ា ថ្ងៃ ១៤ តុលា ២០២២
ក្មេងប្រុស​៣នាក់ កំពុង​តែ​ជញ្ជូនប៊ីដុងទឹក ដែលពួកគេទៅរកបាន​នៅចម្ងាយរាប់សិបគីឡូម៉ែត្រ ពីភូមិរបស់គេ។ តំបន់​ Samburu ខាកកើត ប្រទេសកេនយ៉ា ថ្ងៃ ១៤ តុលា ២០២២ AP - Brian Inganga
ផ្សាយពាណិជ្ជកម្ម

ថ្លែងតាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ពីទីក្រុងណៃរ៉ូប៊ី នៅថ្ងៃសុក្រទី​១០មីនា​ លោកស្រី Liesbeth Aelbrecht តំណាងអង្គការសុខភាពពិភពលោក ប្រចាំតំបន់ស្នែងអាហ្វ្រិក បានទាញសញ្ញាអាសន្នថា បច្ចុប្បន្នេះ ប្រជាជ​ន​នៅតំបន់នេះ កំពុងតែប្រឈមនឹងបញ្ហាសុខភាព​ដ៏ធ្ងន់ធ្ងរបំផុត។ ប្រទេសទាំងនេះ មានដូចជា សូម៉ាលី ជីប៊ូទី អេត្យ៉ូពី កេនយ៉ា ស៊ូដង់ខាងត្បូង ស៊ូដង់ និងអ៊ូហ្កង់ដាជាដើម​។ កុមារនៅតាម​ប្រទេសទាំងនេះ កំពុងតែរងគ្រោះ​ដោយ​​ជំងឺឆ្លងគ្រប់មុខ ព្រមទាំងបញ្ហាខ្វះអាហារូបត្ថម្ភ ដ៏ធ្ងន់ធ្ងរបំផុត​។

យោងតាមអង្គការសុខភាពពិភពលោក យ៉ាងហោចណាស់ មានមនុស្ស​ចំនួន​ ៤៨លាននាក់ នៅក្នុងតំបន់ស្នែងអាហ្វ្រិក ដែល​កំពុងតែប្រឈមនឹងគ្រោះអត់ឃ្លាន​ ដ៏គួរឲ្យ​ព្រួយបារម្ភ។ ក្នុងចំណោមនេះ មាន​៦លាននាក់ ដែលស្ថិតនៅក្នុងស្ថានភាពអាសន្ន  កម្រិតទី​៤ ហើយ​ប្រមាណ ១២៩០០០នាក់ស្ថិតនៅក្នុងកម្រិតទី​៥ ដែល​​ស្ថានភាពអាសន្នខ្លាំង​​បំផុត ប្រឈមនឹងសេចក្តីស្លាប់ដោយ​ដាច់ពោះគ្មានអ្វីបរិភោគ។ ក្នុងចំណោម​មនុស្ស​ដែល​រងចាំសេចក្តីស្លាប់​ដោយដាច់ពោះនេះ គឺមានប្រមាណ​​​៣៣០០០នាក់ នៅស៊ូដង់ខាងត្បូង និង ៩៦០០០នាក់​នៅសូម៉ាលី។

គួរបញ្ជាក់ថា យោងតាមមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ ប្រចាំតំបន់អាហ្វ្រិកខាងកើត ICPAC គឺបច្ចុប្បន្ន​នេះ តំបន់ស្នែងអាហ្វ្រិក​ កំពុងតែជួប​គ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំងជាង​កាលពី​ឆ្នាំ​២០១១ទៅទៀត។​ គ្រោះរាំងស្ងួត​ ឆ្នាំ២០១១ ដែល​បាន​សម្លាប់ជីវិតមនុស្សជាច្រើនពាន់នាក់​ ដោយសារតែគ្មានអ្វីបរិភោគ។ តំបន់នេះ គឺជាតំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយ​បម្រែបម្រួលអាកាសធាតុ។

រដូវភ្លៀង៥ឆ្នាំជាប់គ្នាមកហើយ ដែល​គ្មានភ្លៀងធ្លាក់សោះ ហើយ​ផ្តាច់ជីវិត​សត្វពាហនៈរាប់លានក្បាល​ ព្រមទាំងបាន​បំផ្លាញផលដំណាំ​របស់​ប្រជាជន។ ជាមួយ​នឹងកំដៅ​ស្ងួតហួតហែងនេះ វាបានបង្ខំឲ្យ​ប្រជាជន​ធ្វើដំណើរចាកចេញពីភូមិស្រុក ដើម្បីទៅរកទីដែលមានទឹក និងស្វែងរកអាហារបរិភោគ។​ ក្រៅពី​បញ្ហាចំណីគ្មានចំណីអាហារ ប្រជាជន​តំបន់នេះ កំពុងតែ​ឆ្លងកាត់នូវជង្ងឺដង្កាត់កាចសាហាវ ជាច្រើនមុខ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់​ ជំងឺកញ្ជ្រិល និង​​អាសន្នរោគជាដើម។ អង្គការសុខភាពពិភពលោក បានអំពាវនាវប្រមូលថវិកាឲ្យ​បានយ៉ាងហោច ១៧៨លានដុល្លារ ដើម្បីជួយប្រជាជននៅតំបន់នេះ សម្រាប់ឆ្នាំ​២០២៣នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ