អានតួអត្ថបទ

ប្រធានាធិបតីបារាំង៖ខ្ញុំមិនមែនមកប្រទេសអាល់ហ្សេរីដើម្បីសុំទិញឧស្ម័នបន្ថែមពីអាល់ហ្សេរីទេ

ថ្ងៃ​សុក្រ ទី២៦ សីហា​ជា​ថ្ងៃ​ទី២ នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៣ថ្ងៃ​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ក្នុង​ប្រទេស​អាល់ហ្សេរី។ នា​ព្រឹក​ថ្ងៃទី២ នៃ​ទស្សនកិច្ច លោក​ម៉ាក្រុង​បាន​ទៅ​ទស្សនកិច្ច​នៅ​ទីបញ្ចុះសព​មួយ​ស្ថិត​ជាយ​ក្រុង​អាល់ហ្សេ​ដើម្បី​គោរពវិញ្ញាណក្ខន្ទ​ដល់​ក្រុម​ទាហាន​ដែល​បាន​ស្លាប់​ដើម្បី​ប្រទេស​បារាំង។ ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ សីហា លោក​ម៉ាក្រុង​បាន​ប្រកាស​ពី​ការ​បង្កើត​គណៈកម្មាការប្រវត្ដិវិទូ​ចម្រុះ​មួយ​ដើម្បី​ធ្វើ​ការងារ​លើ​អាណានិគម​របស់​បារាំង​នៅ​អាល់ហ្សេរី​ពី​ឆ្នាំ ១៨៣០​រហូត​ដល់​អាល់ហ្សេរី​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ ១៩៦២។ គួរ​រម្លឹក​ថា រឿងរ៉ាវ​អតីតកាល​មួយ​បាន និង​កំពុង​បន្ត​បំពុល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​បញ្ហា​នេះ លោក​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​ក្រឡេក​មើល​រឿងរ៉ាវ​អតីតកាល​ជាមួយ​នឹង​ភាព​ក្លាហាន។ ក្រៅ​ពី​នេះ មាន​ការ​លើក​ឡើង​ថា លោក​ម៉ាក្រុង​ទៅ​អាល់ហ្សេរី​ដើម្បី​ប្រយោជន៍​ឧស្ម័ន​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​អ៊ុយក្រែន។ តែ​លោក​ម៉ាក្រុង​បាន​ពន្យល់​ថា ថាមពល​បារាំង​ពឹង​តិចតួច​លើ​ឧស្ម័ន ហើយ​បារាំង​បាន​ទិញ​ឧស្ម័ន​អាល់ហ្សេរី​តិច​ជាង ១០%។

ថ្ងៃ​សុក្រ ទី២៦ សីហា​ជា​ថ្ងៃ​ទី២ នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៣ថ្ងៃ​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ក្នុង​ប្រទេស​អាល់ហ្សេរី។
ថ្ងៃ​សុក្រ ទី២៦ សីហា​ជា​ថ្ងៃ​ទី២ នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៣ថ្ងៃ​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ក្នុង​ប្រទេស​អាល់ហ្សេរី។ AP - Anis Belghoul
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​ដឹង​ថា​ប្រធានបទ​ឧស្ម័ន​នេះ​ពិត​ជា​រឿង​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៍។ វា​ពិត​ជា​រឿង​មួយ​ធម្មតា​នៅ​ក្នុង​បរិបទ​សព្វថ្ងៃ។ តែ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅ​ទីនេះ ហើយ​ដូច​អស់​លោក​ដឹង​ស្រាប់​ថា បារាំង​ពឹង​លើ​ឧស្ម័ន​តិចតួច​សម្រាប់​បម្រើ​នៅ​ក្នុង​វិស័យ​ថាមពល​របស់​ខ្លួន។ វិស័យ​ថាមពល​បារាំង​ត្រូវ​ការ​ឧស្ម័ន​ប្រមាណ​ជា ២០% ប៉ុណ្ណោះ គឺ​តិចតួច​ណាស់។ មួយ​វិញ​ទៀត នៅ​ក្នុង​បរិមាណ​ឧស្ម័ន​ទាំង​ប្រមាណ ២០% នេះ យើង​បាន​នាំ​ចូល​ពី​អាល់ហ្សេរី​ប្រមាណ​ជា ៨ ទៅ ៩%។

ដូច្នេះ​អស់​លោក​ឃើញ​ទេ​ថា យើង​មិន​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដូច​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​ឧស្ម័ន​របស់​អាល់ហ្សេរី​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នោះ​ឡើយ។ ខ្ញុំ​ចង់​បញ្ជាក់​បន្ថែម​នៅ​ត្រង់​ចំណុច​នេះ​ថា រវាង​បារាំង និង​អាល់ហ្សេរី យើង​គ្មាន​បំពង់​បង្ហូរ​ឧស្ម័ន​រវាង​គ្នា​ទេ។ គឺ​ខុស​ពី​មិត្ត​អ៊ីតាលី​របស់​យើង​ដែល​មាន​បំពុង​បង្ហូរ​ឧស្ម័ន​ជាមួយ​អាល់ហ្សេរី​ដោយសារ​តែ​ចម្ងាយ​ដែនដី​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ជិត​គ្នា។

បារាំង​បាន​ទិញ​ឧស្ម័ន​អាល់ហ្សេរី​ជា​ឧស្ម័ន​ពង្រាវ រួច​ត្រូវ​បំប្លែង​ជា​ឧស្ម័ន​ធម្មតា​វិញ​ដើម្បី​អាច​ប្រើ​បាន។ ដូច្នេះ បារាំង​បាន​នាំ​ចូល​ឧស្ម័ន​អាល់ហ្សេរី តែ​មិនមែន​ឧស្ម័ន​នេះ​ទេ​ដែល​ជា​រឿង​សំខាន់​សម្រាប់​យើង។ នៅ​ពេល​ដែល​ខ្ញុំ​ឮ​ថា ប្រធានាធិបតី​បារាំង​មក​អាល់ហ្សេរី​ដើម្បី​ទទួល​បាន​ឧស្ម័ន​បន្ថែម​ពី​អាល់ហ្សេរី​នោះ វា​ជា​រឿង​មិន​សមហេតុសមផល​ទាល់​តែ​សោះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ