អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

៥៨ឆ្នាំក្រោយទទួលបានឯករាជ្យពីបារាំង អាល់ហ្សេរីបន្តរង់ចាំការសុំទោសពីបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី៥ កក្កដា​នេះ ប្រទេស​អាល់ហ្សេរី​ប្រារព្ធ​បុណ្យឯករាជ្យជាតិ​គម្រប់ ៥៨ឆ្នាំ​ដែល​អាល់ហ្សេរី​បាន​ទទួល​ពី​បារាំង​ក្នុង​ថ្ងៃទី៥ កក្កដា ឆ្នាំ ១៩៦២។ នា​ឱកាស​នេះ បារាំង​ក្នុង​នាម​ជា​អតីត​ចៅហ្វាយ​អាល់ហ្សេរី​បាន​ប្រគល់​ទៅ​ឲ្យ​អាល់ហ្សេរី​កាល​ពី​ថ្ងៃ​សុក្រ ទី៣ កក្កដា​នូវ​លលាដ៏ក្បាល​សព​ជនជាតិ​អាល់ហ្សេរី​ចំនួន ២៤នាក់។ តាម​រយៈ​កាយវិការ​មួយ​នេះ ទីក្រុង​ប៉ារីស​សង្ឃឹម​កាត់​បន្ថយ​ភាព​តានតឹង​ជាមួយ​អតីត​កូនចៅ​ខ្លួន និង​អាច​ចាប់​ផ្តើម​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ​នៅ​លើ​គ្រប់​វិស័យ ពិសេស​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​វប្បធម៌។ តែ​ចំពោះ​អាល់ហ្សេរី​វិញ រដ្ឋាភិបាល​ទីក្រុង​អាល់ហ្សេ​កំពុង​បន្ត​រង់ចាំ​ការ​សុំទោស​ពី​បារាំង​ចំពោះ​រឿងរ៉ាវ​នៅ​ក្នុង​សម័យ​អាណានិគមនិយម​ដែល​ពលរដ្ឋ​អាល់ហ្សេរី​ពិបាក​បំភ្លេច​បាន។

នៅ​ថ្ងៃ​អាទិត្យ ទី៥ កក្កដា ប្រទេស​អាល់ហ្សេរី​ប្រារព្ធ​បុណ្យឯករាជ្យជាតិ​គម្រប់ ៥៨ឆ្នាំ​ដែល​អាល់ហ្សេរី​បាន​ទទួល​ពី​បារាំង​ក្នុង​ថ្ងៃទី៥ កក្កដា ឆ្នាំ ១៩៦២
នៅ​ថ្ងៃ​អាទិត្យ ទី៥ កក្កដា ប្រទេស​អាល់ហ្សេរី​ប្រារព្ធ​បុណ្យឯករាជ្យជាតិ​គម្រប់ ៥៨ឆ្នាំ​ដែល​អាល់ហ្សេរី​បាន​ទទួល​ពី​បារាំង​ក្នុង​ថ្ងៃទី៥ កក្កដា ឆ្នាំ ១៩៦២ Roy ISSA / AFP / Algerian TV
ផ្សាយពាណិជ្ជកម្ម

និមិត្តរូប​នៃ​ការ​ប្រារព្ធ​បុណ្យ​ឯករាជ្យ​នៅ​អាល់ហ្សេរី​ថ្ងៃ​នេះ គឺ​ការ​បញ្ចុះ​លលាដ៏ក្បាល​សព​អាល់ហ្សេរី​ទាំង ២៤នាក់​ដែល​បារាំង​បាន​ប្រគល់​ឲ្យ​ក្នុង​ថ្ងៃ​សុក្រ ទី៣ កក្កដា។ លលាដ៏ក្បាល​សព​ជនជាតិ​អាល់ហ្សេរី​ទាំង ២៤នាក់​សុទ្ធសឹង​ជា​អ្នកតស៊ូ​នៅ​ក្នុង​សង្រ្គាម​ដណ្តើម​ឯករាជ្យ​ពី​បារាំង។ ពួក​គេ​ទាំង ២៤នាក់​ត្រូវ​បាន​ទាហាន​បារាំង​ចាប់​ជា​ឈ្លើយសឹក បាញ់​ចោល និង​កាត់​ក្បាល​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ក្នុង​សារៈមន្ទីរ​ក្រុង​ប៉ារីស។ លលាដ៏ក្បាល​សព​ជនជាតិ​អាល់ហ្សេរី​ទាំង ២៤នាក់​ត្រូវ​បាន​ទាហាន​បារាំង​ក្នុង​សម័យ​អាណានិគម​នៅ​អាល់ហ្សេរី​ចាត់​ទុក​ជា​ពានរង្វាន់​សង្រ្គាម។ តាម​ពិត អាល់ហ្សេរី​មិន​បាន​ដឹង​ពី​វត្តមាន​លលាដ៏ក្បាល​អ្នកតស៊ូ​អាល់ហ្សេរី​ទាំង ២៤នាក់​ដែល​បារាំង​បាន​រក្សា​ទុក​នៅ​ក្នុង​សារៈមន្ទីរ​ក្រុង​ប៉ារីស​ទេ។

អ្នក​ដែល​រក​ឃើញ​មុន​គេ គឺ​អ្នកប្រវត្តិសាស្រ្ត​ជនជាតិ​អាល់ហ្សេរី​លោក​អាលី ហ្វារីដ បែលកាឌី​ក្នុង​ឆ្នាំ ២០១១។ តែ​គេ​ត្រូវ​រង់ចាំ​ដល់​ខែ​មករា ឆ្នាំ ២០១៨ ទើប​រដ្ឋាភិបាល​អាល់ហ្សេរី​បាន​ដាក់​សំណើ​ជា​ផ្លូវការ​ឲ្យ​បារាំង​ប្រគល់​លលាដ៏ក្បាល​សព​អ្នកតស៊ូ​អាល់ហ្សេរី​ទាំង ២៤នាក់​ទៅ​ឲ្យ​ខ្លួន។ បន្ទាប់​មក គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​សុក្រ ទី៣ កក្កដា ឆ្នាំ ២០២០ ទើប​បារាំង​បាន​បញ្ជូន​លលាដ៏ក្បាល​សព​ជនជាតិ​អាល់ហ្សេរី​ទាំង ២៤នាក់​ទៅ​ឲ្យ​អាល់ហ្សេរី ពោល​នៅ ២ថ្ងៃ​មុន​អាល់ហ្សេរី​ប្រារព្ធ​បុណ្យ​ឯករាជ្យជាតិ។ ជម្រើស​ប្រគល់​ឲ្យ​អាល់ហ្សេរី​នា​ឱកាស​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​បារាំង​ចង់​បង្ហាញ​ចេញ​នូវ​កាយវិការ​បន្ធូរបន្ធយ​ភាព​តានតឹង​ដែល​បារាំង​កំពុង​បន្ត​មាន​ជា​មួយ​អាល់ហ្សេរី។

ចូរ​កុំ​ភ្លេច​ថា ៥៨ឆ្នាំ​ក្រោយ​ទទួល​បាន​ឯករាជ្យ រឿងរ៉ាវ​ក្នុង​សម័យអាណានិគម​មួយ​នេះ​កំពុង​បន្ត​ធ្វើ​ឲ្យ​បារាំង និង​អាល់ហ្សេរី​ពិបាក​មើល​មុខ​គ្នា​ចំ​មក​ដល់​សព្វថ្ងៃ។ ក្នុង​ថ្ងៃ​សៅរ៍ ទី៤ កក្កដា ប្រធានាធិបតី​អាល់ហ្សេរី​លោក​អាប់ឌែលម៉ាហ្សីដ ទេពប៊ុន​បាន​ថ្លែង​ថា អាល់ហ្សេរី​កំពុង​រង់ចាំ​ការ​សុំទោស​ពី​បារាំង​ចំពោះ​ការ​ធ្វើ​អាណានិគម​លើ​អាល់ហ្សេរី និង​ថា ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ជា​មនុស្ស​ស្មោះត្រង់​ដែល​ចង់​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ។

រឿងរ៉ាវ​អតីតកាល​កំពុង​បន្ត​ចិញ្ចឹម​ភាព​តានតឹង​រវាង​បារាំង និង​អាល់ហ្សេរី

គឺ​ក្នុង​ឆ្នាំ ១៨៣០ ដែល​បារាំង​បាន​ផ្តើម​ធ្វើ​អាណាព្យាបាល​លើ​អាល់ហ្សេរី ហើយ​គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ១៩៦២ ទើប​អាល់ហ្សេរី​អាច​រើបម្រះ​រួច​ពី​នឹម​អាណានិគមនិយម​បារាំង។ តែ​ទំរាំ​ទទួល​បាន​ឯករាជ្យ​ពី​បារាំង មាន​ពលរដ្ឋ​អាល់ហ្សេរី​ច្រើន​ណាស់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​តស៊ូ​ប្រឆាំង​នឹង​អាណានិគមនិយម​បារាំង។ នេះ​ដោយ​មិន​បាន​រាប់បញ្ចូល​ក្រុម​អ្នកតស៊ូ​ដែល​កំពុង​មាន​ជីវិត តែ​មាន​ខ្លះ​ជា​ជនពិការ និង​មាន​របួសស្នាម​ប្រចាំ​កាយ​មក​ដល់​សព្វថ្ងៃ។ អ៊ីចឹង​ហើយ​បាន​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួបគម្រប់ ៥៨ឆ្នាំ​ថ្ងៃទី៥ កក្កដា​នេះ រដ្ឋាភិបាល​អាល់ហ្សេរី​មិន​ភ្លេច​គោរពវិញ្ញាក្ខន្ធ​ចំពោះ​ថ្នាក់ដឹកនាំ និង​វីរៈជន​អាល់ហ្សេរី​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​សង្រ្គាម​ទាមទារ​ឯករាជ្យ​ពី​បារាំង​ចន្លោះ​ឆ្នាំ ១៩៥៤ និង ១៩៦២។

ការ​ត្រួតត្រា​របស់​បារាំង​លើ​អាល់ហ្សេរី​រយៈពេល ១៣២ឆ្នាំ គឺ​យូរ​ខ្លាំង​ណាស់ និង​មាន​រឿងរ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង។ អាល់ហ្សេរី​មិន​បាន​បន្ត​ទាមទារ​ឆ្កឹះ​កកាយ​រឿងរ៉ាវ​ទាំង ១៣២ឆ្នាំ​ដែល​បារាំង​បាន​ធ្វើ​ទៅ​លើ​ប្រទេស និង​ប្រជាជន​អាល់ហ្សេរី​ទេ។ អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​អាល់ហ្សេ​បន្ត​ទាមទារ​ចង់​បាន គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉ារីស​ចេញ​មុខ​ទទួល​ស្គាល់​ទង្វើ​របស់​ខ្លួន និង​ចងក្រង​ឡើង​នូវ​ការ​ចងចាំ​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ មាន​សំណុំរឿង​សំខាន់ ៣ ដែល​អាល់ហ្សេរី​ចង់​បាន​ការ​ពន្យល់​បកស្រាយ​ពី​បារាំង ទី១ ការ​សម្លាប់​រង្គាល​លើ​ពលរដ្ឋ​អាល់ហ្សេរី​នៅ​តំបន់ Sétif និង Constantinois ដោយ​ទាហាន​បារាំង​ក្នុង​ឆ្នាំ ១៩៤៥ ទី២ ការ​បាត់ខ្លួន​ជនជាតិ​អាល់ហ្សេរី​ជាង ២ ០០០នាក់​នៅ​ក្នុង​សង្រ្គាម​ដណ្តើម​ឯករាជ្យ​ចន្លោះ​ឆ្នាំ ១៩៥៤ និង ១៩៦២ និង​ទី៣ សំណល់​ចំហាយ​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​បារាំង​នៅ​តំបន់​សាហារ៉ា​អាល់ហ្សេរី​ដែល​កំពុង​បន្ត​ឲ្យ​មាន​ពលរដ្ឋ​អាល់ហ្សេរី​រងគ្រោះ។

បារាំង​ទើប​សុំទោស​អាល់ហ្សេរី​បាន​ពាក់កណ្តាល

នៅ​ក្នុង​ភាព​តានតឹង​រវាង​បារាំង និង​អាល់ហ្សេរី​ស្តីពី​រឿងរ៉ាវ​អតីតកាល​មួយ​នេះ បារាំង​ក្នុង​ជំនាន់​ប្រធានាធិបតី​ម៉ាក្រុង​ធ្លាប់​បាន​បញ្ចេញ​កាយវិការ​បន្ធូរបន្ធយ​នា​ពេល​កន្លង​មក។ នា​ឱកាស​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​អាល់ហ្សេរី​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៧ លោក​ម៉ាក្រុង​បាន​សន្យា​ប្រគល់​ឲ្យ​អាល់ហ្សេរី​នូវ​សំណល់​សាកសព​អ្នកតស៊ូ​អាល់ហ្សេរី​ទាំង​អស់​ដែល​បារាំង​បាន​រក្សា​ទុក​ក្នុង​ប្រទេស​បារាំង។ ឧទាហរណ៍​ជាក់ស្តែង គឺ​ការ​ប្រគល់​លលាដ៏ក្បាល​សព​ជនជាតិ​អាល់ហ្សេរី​ទាំង ២៤នាក់​ទៅ​ឲ្យ​អាល់ហ្សេរី​កាល​ពី​ថ្ងៃ​សុក្រ ទី៣ កក្កដា ឆ្នាំ ២០២០។ បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៧ ដដែល ពោល​មុន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី លោក​ម៉ាក្រុង​ប្រកាស​ក្នុង​ទីក្រុង​អាល់ហ្សេ​ដោយ​ហ៊ាន​ចាត់​ទុក​អាណានិគម​បារាំង​លើ​អាល់ហ្សេរី​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

តែ​ការ​ថ្លែង​លោក​ម៉ាក្រុង​កាលណោះ​គឺ​ក្នុង​នាម​ជា​បេក្ខជន​ប្រធានាធិបតី ព្រោះ​ក្រោយ​ពី​បាន​ជាប់​ឆ្នោត លោក​ម៉ាក្រុង​ហាក់​មិន​បាន​រម្លឹក​ឃ្លា​នេះ​ឡើង​វិញ​ទេ។ ចំណែក​ប្រធានាធិបតី​អាល់ហ្សេរី​លោក​ទេពប៊ុន​បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បារាំង France 24 ក្នុង​ថ្ងៃ​សៅរ៍ ទី៤ កក្កដា​ថា អាល់ហ្សេរី​ទើប​ទទួល​បាន​ពាក្យ​សុំទោស​ពី​បារាំង​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ និង​កំពុង​រង់ចាំ​ពាក់កណ្តាល​ទៀត។ តាម​លោក​ទេពប៊ុន ការ​សុំទោស​ពាក់កណ្តាល​ទៀត​នឹង​អនុញ្ញាត​ឲ្យ​បារាំង និង​អាល់ហ្សេរី​មាន​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច វប្បធម៌ និង​ជា​អ្នកជិតខាង។ សរុប​មក​វិញ​សម្រាប់​អាល់ហ្សេរី បារាំង​នៅ​មិន​ទាន់​បាន​សម្តែង​ការ​សោកស្តាយ​ពេញ​មាត់​ចំពោះ​ទង្វើ​អាណានិគមនិយម​របស់​ខ្លួន​នៅ​ក្នុង​អតីតកាល​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ