ខួបអូតង់៧៥ឆ្នាំ៖ អូតង់ខ្លាំង និងរីកធំជាងមុន ប៉ុន្តែនៅភ័យនឹងស្រមោលរបស់លោកដូណាល់ ត្រាំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៥
បង្កើតឡើងនៅថ្ងៃទី ៤មេសា ១៩៤៩ ដើម្បីទប់ទល់ឥទ្ធិពលរបស់សហភាពសូវៀត សម្ព័ន្ធអាត្លង់ទិកខាងជើង អង្គការអូតង់ នៅថ្ងៃព្រហស្បតិ៍ទី ៤មេសានេះ ប្រារព្ធខួប៧៥ឆ្នាំរបស់ខ្លួននៅទីស្នាក់កណ្តាលអូតង់ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក។ នៅចំពោះមុខសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន អង្គការអូតង់កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ ដោយសារតែស្រមោលរបស់លោកដូណាល់ ត្រាំដែលអាចឈ្នះឆ្នោត មកដឹកនាំអាមេរិកសាជាថ្មី។ មានអាយុ៧៥ឆ្នាំ តើអូតង់ពិតជាចាស់គំរិលហួសសម័យ ដូចការលើកឡើងរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ឬជាស្ថាប័នដែលស្លាប់មិនដំណើរការ ដូចពាក្យរិះគន់របស់ប្រធានាធិបតីបារាំងដែរឬទេ?
គិតមកត្រឹមថ្ងៃនេះ ថ្ងៃទី ៤មេសាឆ្នាំ២០២៤ មានរយៈពេល ៧៥ឆ្នាំគត់ ដែលអង្គការអូតង់ត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់សហភាពសូវៀត។ នៅថ្ងៃខួប៧៥ឆ្នាំ របស់អូតង់ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសសមាជិកអូតង់ ទាំង៣២ជួបប្រជុំគ្នា នៅទីស្នាក់ការរបស់អូតង់ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក។
នៅក្នុងប្រវត្តិសាវតារ ៧៥ឆ្នាំរបស់ខ្លួន សម្ព័ន្ធអាត្លង់ទិកខាងជើងអូតង់ ខ្លាំង រួបរួម និងរីកធំខ្លួនជាងពេលណាៗទាំងអស់។ នេះជាប្រសាសន៍របស់អគ្គលេខាធិការអង្គការអូតង់ នៅថ្ងៃពុធទី ៣មេសា មួយថ្ងៃមុនខួប៧៥ឆ្នាំរបស់អូតង់។
នៅថ្ងៃទី៤មេសា ឆ្នាំ ១៩៤៩ មានតែ ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ចំនួន ១២ប៉ុណ្ណោះដែលបានស្រាក់ដៃគ្នាបង្កើតសម្ព័ន្ធកម្លាំងអាត្លង់ទិក ដើម្បីប្រឈមទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់សហភាពសូវៀត ក្រោយចប់សង្រ្គាមលោកលើកទី២។ ៧៥ឆ្នាំក្រោយ ចំនួនសមាជិកអូតង់បានកើនឡើង ពី១២ ដល់៣២ប្រទេស។
អូតង់ខ្លាំងជាងមុន ដោយបានពង្រីកវិសាលភាពរបស់ខ្លួន នៅទឹកដីអឺរ៉ុប តាមរយៈ ការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតដោយសារសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ សង្រ្គាមអ៊ុយក្រែនជាការវាយទូងស្គរដាស់ឲ្យប្រទេសជិតខាងរុស្ស៊ី ជាពិសេសប្រទេសនៅអឺរ៉ុបខាងជើង ដូចជាហ្វាំងឡង់ និងស៊ុយអែតដែលសុខចិត្តបោះចោលគោលការណ៍អព្យាក្រឹតរបស់ខ្លួន ដើម្បីចុះចូលក្នុងសម្ព័ន្ធអូតង់ ក្នុងក្តីសង្ឃឹមទទួលបានការការពារពីមាត្រាទី៥របស់អូតង់។
សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅទឹកដីអឺរ៉ុប នៅក្បែរប្រទេសសមាជិករបស់អូតង់ ដូចជាប៉ូឡូញ រូម៉ានី បានធ្វើឲ្យពាក្យចោទប្រកាន់ ដែលថា អូតង់ចាស់គំរិលលែងមានន័យ។ នៅពេលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០១៧ លោកដូណាល់ ត្រាំ ធ្លាប់បង្កើតក្តីមន្ទិលសង្ស័យក្នុងចំណោមប្រទសសមាជិកអូតង់ នៅពេលលោកនិយាយរិះគន់អូតង់ថា ជាអង្គការចាស់គំរិល ហួសសម័យ។ ចាស់គំរិល ព្រោះតែតែអូតង់ ផ្តោតសំខាន់តែរឿងរុស្ស៊ី ប៉ុន្តែ មិនមែនក្រុមភេរវនិយម។ លោកដូណាល់ ត្រាំកាលណោះចង់ឲ្យអូតង់ងាកបែរទៅជួយអាមេរិក នៅក្នុងរឿងប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយមដែលសកម្មខ្លាំង នៅស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែ ការប្រែប្រួលស្ថានការណ៍នយោបាយ នៅអឺរ៉ុបសព្វថ្ងៃនេះ ជាមួយការធ្វើសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានធ្វើឲ្យសំដីរបស់លោកដូណាល់ ត្រាំចាស់គំរិល ហួសសម័យ ទៅវិញ។ សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅទឹកដីអឺរ៉ុប បានបញ្ជាក់អត្ថន័យកម្មវត្ថុរបស់អូតង់ដែលចាត់ទុករុស្ស៊ីជាគោលដៅអាទិភាពរបស់អូតង់។ ចង់ ឬមិនចង់ អូតង់ត្រូវត្រលប់មកប្រឈមនឹងសត្រូវចាស់រុស្ស៊ី ដែលតាមពិតជាហេតុផលចំបងឲ្យគេបង្កើតអង្គការអូតង់ កាលពី៧៥ឆ្នាំមុន។
លោកម៉ាក្រុងធ្លាប់ថា អូតង់ដែលជាស្ថាប័នស្លាប់ មិនដំណើរការ នៅក្នុងក្រសែភ្នែករបស់លោកប្រធានាធិបតីបារាំង
ពាក្យរិះគន់របស់លោកប្រធានាធិបតីបារាំង ដែលថា អូតង់ ជាស្ថាប័នស្លាប់មិនដំណើរការ វិញ ក៏លែងត្រូវដែរ។ លោកម៉ាក្រុងបាននិយាយពាក្យនេះ នៅមុនមានសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នៅក្នុងកាលៈទេសៈមួយ ដែលសមាជិកអូតង់កំពុងបែកប្រេះឆា ដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកម៉ាក្រុងធ្លាប់បាននិយាយថា អូតង់ មានតែដង្ហើម បេះដូង ប៉ុន្តែ ខួរក្បាលស្ពឹក មិនដំណើរការ ព្រោះថា អូតង់កាលពី៥ឆ្នាំមុន គ្មានលទ្ធភាពចាត់ចែង អារកាត់អ្វី នៅពេល ប្រទេសសមាជិកដូចជាអាមេរិកសម្រេចអត្តនោម័តដកទ័ពចេញពីស៊ីរី លែងជួយកងកម្លាំងគួដឌីស្ថាន និងបណ្តោយទុកឲ្យតួកគីដែលជាសមាជិករបស់អូតង់វាយប្រហារទៅលើក្រុមនេះយ៉ាងសន្ធប់។ ការវាយប្រហាររបស់តួកគីទៅលើក្រុមគួដឌីស្ថានបានប៉ះពាល់ដល់បេសកកម្មរបស់បារាំងនៅស៊ីរី ដែលកំពុងជួយក្រុមនេះនៅស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតភេរវនិយម។
នៅ៥ឆ្នាំក្រោយការរិះគន់របស់ប្រធានាធិបតីបារាំង អូតង់ចាប់រស់រវើក សកម្មជាងមុនឆ្ងាយណាស់។ ប្រទេសនៅអឺរ៉ុបដែលជាសមាជិករបស់អូតង់រួមទាំងបារាំងខ្លួនឯងផង បានជំរុញវិស័យការពារជាតិ តាមរយៈការបង្កើនថវិកាកងទ័ព និងជំរុញឧស្សាហកម្មយោធា។ អូតង់ផ្ទាល់បានព្យាយាមសម្របសម្រួលប្រមូលផ្តុំប្រទេសសមាជិកឲ្យរួបរួមគ្នា នៅក្នុងសមយុទ្ធទ្រង់ទ្រាយដ៏ធំមិនធ្លាប់មាន។ សមយុទ្ធរយៈពេល ៣ខែ របស់អូតង់ដែលមានការចូលរួមពីកងទ័ពរាប់ពាន់នាក់របស់ប្រទេសសមាជិកទាំង៣២របស់អូតង់មានគោលដៅ ចង់បង្ហាញសាច់ដុំ ព្រមានរុស្ស៊ីកុំឲ្យសំឡឹងចង់ឈ្លានពានប្រទេសសមាជិកអូតង់។ ដ
ការគំរាមកំហែងអូតង់មិនមែនមានមកតែពីខាងក្រៅ ពីខាងកើត គឺរុស្ស៊ី ប៉ុន្តែ គ្រោះថ្នាក់ ធ្វើឲ្យអូតង់អស្ថិរភាព ក៏អាចផ្ទុះចេញពីខាងក្នុង ពីខាងលិច
ជាមួយការកើនឡើងសមាជិកដល់៣២ប្រទេស សម្ព័ន្ធអាត្លង់ទិកអូតង់ខ្លាំងជាងមុនមែន ប៉ុន្តែ វាក៏ផុយស្រួយ និងអស្ថិរភាពខ្លាំងណាស់ដែរ។ រុស្ស៊ីដែលកំពុងមានប្រៀបលើអ៊ុយក្រែន ក្នុងសមរភូមិ ជារឿងឈឺក្បាល បញ្ហាដ៏មួយដែលអូតង់ត្រូវរកដំណោះស្រាយឲ្យបានឆាប់បំផុត ដើម្បីទប់ទល់កុំឲ្យសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ហៀហូរចូលដល់ប្រទេសអឺរ៉ុបផ្សេងទៀត ដែលជាសមាជិករបស់អូតង់។
ប៉ុន្តែ នៅមានបញ្ហាមួយទៀត ដែលធ្វើឲ្យប្រទេសសមាជិករបស់អូតង់ នៅមិនស្រណុក ខ្វល់ខ្វាយជាប់រហូត នោះគឺស្រមោលរបស់លោកដូណាល់ ត្រាំ ដែលអាចឈ្នះឆ្នោត នៅចុងឆ្នាំនេះ ដើម្បីត្រលប់មកដឹកនាំអាមេរិកសាជាថ្មី។ នៅមិនទាន់ឈ្នះឆ្នោត ចូលកាន់តំណែងផង លោកដូណាល់ ត្រាំ កាលពីខែកុម្ភៈ កន្លងទៅ នៅពេលកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅរដ្ឋការ៉ូលីនខាងត្បូង បានធ្វើឲ្យសមាជិកអូតង់រំជើបរំជួលម្តងហើយ នៅពេលលោកនិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា បើសិនលោកឈ្នះឆ្នោត កា្លយជាប្រធានាធិបតីអាមេរិក នោះ លោកនឹងមិនជួយប្រទេសសមាជិកអូតង់ណា ដែលមិនបង់វិភាគទានចូលកេសអូតង់។ តាំងពីនៅជាប្រធានាធិបតីអាមេរិក ក្នុងអាណត្តិមុនម្ល៉េះ លោកដូណាល់ ត្រាំធ្លាប់ប្រើពាក្យគំរាម និងរិះគន់ប្រទេសនៅអឺរ៉ុបថា បង់លុយ មិនគ្រប់គ្រាន់ ក្នុងកេសអូតង់ និងកេងប្រវ័ញ្ចលើកម្លាំងអាមេរិកដើម្បីជួយការពារអឺរ៉ុប។ ដូច្នេះ សម្រាប់លោកត្រាំ បើសិន ចង់ឲ្យអាមេរិកជួយ ប្រទេសនៅអឺរ៉ុប ត្រូវបង់យ៉ាងហោច ២%នៃផលិតផលក្នុងស្រុកសរុបទៅក្នុងអង្គការអូតង់។ ថ្មីៗនេះ លោកនៅធ្លាប់និយាយដោយគ្មានខ្លាចរអែងថា នៅពេលជួបសន្ទនាជាមួយមេដឹកនាំអឺរ៉ុបម្នាក់ដែលសួរថា តើអាមេរិកនឹងជួយប្រទេសរបស់លោកដែរឬទេ លោកត្រាំបានឆ្លើយថា បង់លុយចូលអូតង់សិនទៅ។ បើសិន គេមិនព្រម នោះលោកមានតែជំរុញឲ្យរុស្ស៊ីវាយប្រហារប្រទេសអឺរ៉ុបនោះមុនគេ។
សម្រាប់អ្នកជំនាញ បញ្ហារបស់លោកដូណាល់ ត្រាំ មិនមែនត្រឹមតែគំនិត ពាក្យព្រមានរបស់លោកតែប៉ុណ្ណោះទេ ប៉ុន្តែ គឺភាពមិនច្បាស់លាស់ គំនិតជំហរនយោបាយរបស់អាមេរិក ក្រោមការដឹកនាំរបស់លោក ដែលគេមិនអាចស្មានទុកជាមុន។ គ្រាន់តែសារធ្វីត គំរាមរបស់លោកដូណាល់ ត្រាំ អាចធ្វើឲ្យសម្ព័ន្ធមិត្តអូតង់ រញ្ជួយ ធ្លាក់ចុះខ្សោយ នៅចំពោះមុខសត្រូវ ដូចជារុស្ស៊ី និងគូប្រជែងដូចជាចិន។ ការគំរាមដោះដៃរបស់អាមេរិក មិនជួយសម្ព័ន្ធមិត្ត ជាសញ្ញាមិនល្អ មិនជួយស្តារមុខមាត់របស់អូតង់ ដែលចង់ដើរតួជាអ្នកជំរុញសន្តិភាព នៅក្នុងពិភពលោកមួយដែលកំពុងអង្រួនដោយបញ្ហាអសន្តិសុខ សង្រ្គាមប្រដាប់អាវុធ នៅអាហ្វ្រិក តំបន់ដើមបូព៌ា និងការប្រកួតប្រជែងមីស៊ីល អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអ៊ីរ៉ង់។
តើអាមេរិកអាចដកខ្លួនចេញពីអូតង់?
ឆ្លើយដោយគ្មានអល់អែក គឺមិនអាចរស់បានដាច់ខាត។ អូតង់មិនអាចគ្មានអាមេរិកបានទេ។ អាមេរិកដែលជាក្បាលម៉ាស៊ីនដឹកនាំអូតង់ មានទាហានរបស់ខ្លួន ជាង ១សែននាក់ ដែលពង្រាយនៅក្នុងទឹកដីអឺរ៉ុប។ នៅពេលមានភាពតានតឹងខ្លាំង នៅឆ្នាំ ១៩៨៩ នៅក្នុងសម័យសង្រ្គាមត្រជាក់ អាមេរិកមានកងទ័ពរបស់ខ្លួន ដល់ទៅជាង៣សែននាក់ នៅទ្វីបអឺរ៉ុប។ អាមេរិកផ្តល់ថវិកាច្រើនជាងគេប្រមាណ ៦០០លានដុល្លារ ក្នុងកញ្ចប់ថវិកាយោធារបស់អូតង់។
គេអាចនិយាយថា បើសិនអាមេរិកដកខ្លួន នោះអូតង់នឹងដួលរលំតែម្តង។ ប៉ុន្តែ សេណារីយ៉ូ នេះទំនងមិនអាចកើតឡើងបានទេ ទោះអាមេរិកស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី មិននឹងន ដូចជាលោកដូណាល់ ត្រាំ។ ដោយសារមូលហេតុ ពីរ។ ទី១ អាមេរិកកាលពី ខែធ្នូចុងឆ្នាំមុន បានធ្វើច្បាប់មួយរួចហើយ ដើម្បីបង្ការ ទប់ស្កាត់ការដកខ្លួនរបស់អាមេរិកចេញពីអូតង់។ ច្បាប់នេះ ត្រូវបានធ្វើឡើង ដើម្បីកុំឲ្យប្រធានាធិបតីណាមួយមានគំនិតចង់ដកអាមេរិកចេញពីបក្សសម្ព័ន្ធអូតង់។ តាមច្បាប់ប្រឆាំងនឹងការដកខ្លួនចេញពីអូតង់ ប្រធានាធិបតីអាមេរិកមិនអាចព្យួរ ឬដកខ្លួនចេញពីអូតង់ដោយគ្មានច្បាប់អនុញ្ញាត ឬគ្មានការយល់ព្រមព្រៀង សំឡេង ២ភាគ៣នៅព្រឹទ្ធសភាបានទេ។ លើសពីនោះ ប្រធានាធិបតីអាមេរិកត្រូវជូនដំណឹង នៅ៦ខែមុនប្រកាសចេតនារបស់ខ្លួន ចង់ដកខ្លួនចេញពីអូតង់។ ហេតុផលទី២ ដែលធ្វើឲ្យអូតង់មិនអាចចុះខ្សោយបាន ទោះមានលោកដូណាល់ ត្រាំជាប្រធានធិបតីអាមេរិក គឺប្រទេសអឺរ៉ុប នៅពេលនេះភ្ញាក់រលឹក ស្រាក់ដៃគ្នា ជំរុញវិស័យការពាររបស់ខ្លួន តាមរយៈការដំឡើងកញ្ចប់ថវិកាយោធា ដើម្បីពង្រឹងសមត្ថភាព ប្រព័ន្ធការពាររបស់ខ្លួន កាន់តែរឹងមាំជាងមុន ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើអាមេរិកដូចមុន។ អឺរ៉ុបអាចលែងជឿជាក់លើជំនួយអាមេរិកទៀតហើយ ព្រោះសូម្បីតែកញ្ចប់ជំនួយសម្រាប់កងទ័ពអ៊ុយក្រែន ប្រមាណ ៦០ពាន់លានដុល្លារក៏ត្រូវជាប់គាំងនៅព្រឹទ្ធសភាអាមេរិក ដោយសារការបោះឆ្នោតប្រឆាំងរបស់សមាជិកព្រឹទ្ធសភាដែលមាននិន្នការទៅរកលោកដូណាល់ ត្រាំ។
នៅចំពោះមុខជំហរមិនប្រាកដប្រជារបស់អាមេរិក អឺរ៉ុបចាំបាច់ត្រូវតែពង្រឹងសមត្ថភាពការពារខ្លួនឯងព្រោះថាភ្លើងសង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែននឹងអាចឆាបឆេះ ចូលក្នុងទឹកដីអឺរ៉ុប នៅថ្ងៃណាមួយ បើសិនអឺរ៉ុបនឹងខ្វះការប្រយ័ត្នប្រយែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ