អានតួអត្ថបទ
សហភាពអឺរ៉ុប-ការពារជាតិ

លោកស្រី​ប្រធាន​គណកម្មការអឺរ៉ុប ប្រកាស​ពីផែនការ​ពង្រឹង « ការ​ការពារខ្លួន »​ របស់​សហភាព​អឺរ៉ុប

នៅក្នុងសន្ទរកថា ចំពោះមុខអង្គសភាអឺរ៉ុប កាលពីថ្ងៃទី១៥កញ្ញា លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប បានលើកឡើង អំពីផែនការយុទ្ធសាស្ត្រ ក្នុងការរៀបចំពង្រឹងការការពារខ្លួន ដោយខ្លួនឯង សម្រាប់សហភាពអឺរ៉ុប។ ជាការការពារសន្តិសុខ ដែលអឺរ៉ុបត្រូវតែប្រញ៉ាប់គិតគូរ មិនថាផ្នែកកម្លាំងកងទ័ព ឬផ្នែកសន្តិសុខព័ត៌មានវិទ្យា ដោយ​មិនអាចរំពឹងលើអ្នកផ្សេង បានតទៅទៀតទេ។

លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប ក្នុងពេលថ្លែងសន្ទរកថា ទៅកាន់អង្គសភាអឺរ៉ុប ថ្ងៃទី ១៥ កញ្ញា ២០២១
លោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប ក្នុងពេលថ្លែងសន្ទរកថា ទៅកាន់អង្គសភាអឺរ៉ុប ថ្ងៃទី ១៥ កញ្ញា ២០២១ AP - Yves Herman
ផ្សាយពាណិជ្ជកម្ម

« ពេលវេលាមកដល់ហើយ ដែលអឺរ៉ុបត្រូវតែ​ឈានបោះជំហានទៅមុខ ឲ្យ​បាន​លឿនបំផុត ដើម្បីរកវិធីការពារខ្លួន ទប់ទល់ទៅនឹងការវាយ​ប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មា​នវិទ្យា និងការពារខ្លួន នៅពេលណាដែល អូតង់ ឬ អង្គការសហប្រជាជាតិ មិនអាចធ្វើ​ប្រតិបត្តិការ​បាន »។ នេះគឺជាប្រសាសន៍​សង្កត់ធ្ងន់ៗ របស់លោកស្រី Ursula von der Leyen ប្រធានាគណកម្មការអឺរ៉ុប នៅ​ចំពោះមុខ​អង្គសភាអឺរ៉ុប ថ្ងៃទី ១៥កញ្ញា ២០២១។

លោក​ស្រីបានលើកឡើងថា « គឺបទពិសោធន៍ចលាចល បង្កឡើងដោយ​​ការដកទ័ព​យ៉ាងតក់​ក្រហល់​របស់អាេមរិក ចេញពី​អាហ្វហ្កានីស្ថាន ដែលបានដាស់ពញ្ញាក់ស្មារតីថ្នាក់ដឹកនាំអឺរ៉ុប ឲ្យ​គិតគូរអំពី​ការពង្រឹងសមត្ថភាព​កងទ័ព ផ្ទាល់ខ្លួន​សម្រាប់ប្រទេសទាំង២៧របស់អឺរ៉ុប។ យោងតាម​ប្រសាសន៍​លោកស្រី វេទិកាកំពូល​មួយ ស្តីពី​ « យុទ្ធសាស្ត្រការពារជាតិអឺរ៉ុប » នឹងត្រូវរៀបចំឡើងនៅ​រវាង​ឆមាសទី១ ឆ្នាំ​២០២២ ដោយ​មានបារាំងជាអ្នកចាត់ចែង។

គួររំលឹកថា សហភាព​អឺរ៉ុបមានគម្រោង​បង្កើត កងកម្លាំងប្រតិបត្តិការ​រហ័សមួយ ដែលមាន​សមាសភាព​ទាហាន​ចំនួន​៥០០០នាក់ ដើម្បីអាច​ធ្វើអន្តរាគមន៍ ការពារខ្លួន ឬ ធ្វើប្រតិបត្តិការនៅក្រៅអឺរ៉ុប។ ក៏ប៉ុន្តែអស់រយៈពេលច្រើនខែមកហើយ ដែលការចរចានៅជាប់គាំង ដោយ​សារតែមានប្រទេសសមាជិកខ្លះ ជំទាស់។ ដោយ​រំលឹកអំពី កង្វះឆន្ទៈនយោបាយ ក្នុងចំណោម​ប្រទេសសមាជិកអឺរុប លោកស្រីប្រធានគណកម្មការអឺរ៉ុប បានឆ្លៀតនិយាយថា ទោះបី​យើងមានកម្លាំងទ័ព ដែលមាន​សមត្ថភាព​ខ្ពស់បំផុតក៏ដោយ តែបើយើងមិនរៀប​ចំ ឲ្យ​កម្លាំងនោះ អាចចេញប្រតិបត្តិការនៅមូលដ្ឋានបាន នោះក៏វាមិន​បានប្រយោជន៍អ្វីដែរ។

ក្រៅពីបញ្ហា ការពារខ្លួន លោកស្រីប្រធានគណកម្មការអឺរ៉ុប បានលើកឡើងផងដែរ អំពីផែនការ ពង្រឹងអធិបតេយ្យភាព ផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប របស់អឺរ៉ុប។ ដើម្បីប្រឈមនឹង​ការគំរាមកំហែង​ បង្កឡើងដោយ​ការវាយ​ប្រហារតាមអ៊ីនធ័រណិត លោកស្រីបញ្ជាក់ថា ប្រទេសសមាជិក​ត្រូវតែធ្វើការសហការគ្នា ចែករំលែកទិន្នន័យឲ្យគ្នាទៅវិញទៅមក។ ក្នុងន័យនេះ មជ្ឈមណ្ឌល​អឺរ៉ុបទទួលបន្ទុក​សហប្រតិបត្តិការទិន្នន័យ និងព័ត៌មាន​បច្ចេកវិទ្យា នឹងត្រូវបង្កើតឡើង ដើម្បីឲ្យ​ប្រទេសសមាជិកធ្វើការរួមគ្នា។

ទាក់ទិននឹងការពង្រឹងអធិបតេយ្យភាព​ឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើបនេះដែរ លោកស្រីបាន​លើកឡើងថា បច្ចុប្បន្ននេះ អឺរ៉ុបរំពឹងខ្លាំងណាស់ ចំពោះគ្រឿងផ្សំ​សំខាន់ ដូចជាឧបករណ៍ សឺមីកុងឌុចទឺរ ដែលនាំចូលពីអាស៊ី។ ដូច្នេះអឺរ៉ុប ត្រូវតែវិនិយោគ ស្រាវ​ជ្រាវ ពង្រឹងសមត្ថភាពផលិតវាដោយខ្លួនឯង។ ពីនេះ ដល់ឆ្នាំ​២០៣០ អឺរ៉ុបមានកម្មវត្ថុ​ផលិត ឧបករណ៍ សឺមីកុងឌុចទឺរ ឲ្យ​បាន​២០% សម្រាប់ទីផ្សារពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ