អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូឡាំពិក​បារីស​២០២៤៖ ១០០​ថ្ងៃ​មុន​ការ​​សម្ពោធ តើ​បារាំង​បាន​ត្រៀមខ្លួន​​រួចរាល់​ហើយ​ឬនៅ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិតចាប់ពីថ្ងៃទី​១៧មេសានេះទៅ គឺនៅ​សល់​១០០ថ្ងៃគត់ ដែល​កម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ​។​ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូន​បារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បី​ទទួល​កីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ​​។​ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាម​​ធ្វើភេរវកម្ម​​ នៅថ្ងៃ​បើក​សម្ពោធការប្រកួត​។

កុងទ័ររាប់ពេលវេលាថយក្រោយ ១០០ថ្ងៃមុនការបើកសម្ពោធការប្រកួតកីឡាអូឡាំពិក Paris 2024 ដែលស្ថិតនៅខាងមុខ​ Tour Eiffel ទីក្រុងប៉ារីស ថ្ងៃទី១៧មេសា២០២៤
កុងទ័ររាប់ពេលវេលាថយក្រោយ ១០០ថ្ងៃមុនការបើកសម្ពោធការប្រកួតកីឡាអូឡាំពិក Paris 2024 ដែលស្ថិតនៅខាងមុខ​ Tour Eiffel ទីក្រុងប៉ារីស ថ្ងៃទី១៧មេសា២០២៤ REUTERS - Benoit Tessier
ផ្សាយពាណិជ្ជកម្ម

តើគិតត្រឹមពេលនេះ ដំណើរការនៃ​ការរៀបចំ និងការសាងសង់ផ្សេងៗ បាន​រួចរាល់អ្វីខ្លះ នៅខ្វះអ្វីខ្លះ? ហើយថាតើអ្វីៗនឹងអាចដំណើរការដោយរលូន ដូចការរំពឹងទុកដែរឬទេ?

សំណង់ហេដ្ឋារចនាសម្ព័ន្ធ​ធំៗរួចរាល់ទាំងស្រុង

ជាការពិតណាស់​ វាតែងតែមាន​មនុស្ស​មួយចំនួន ដែល​មិនពេញចិត្ត ហើយរិះគន់​ជានិច្ច ថាខ្វះអញ្ចេះខ្វះអញ្ចោះ។ តែតាមពិតទៅ បើ​និយាយ​អំពី​សំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែល​បារាំងត្រូវសាងសង់​ដើម្បីទទួលរៀបចាំការប្រកួតកីឡាអូឡាំពិកនៅប៉ារីសនេះ គឺបានរួចរាល់សឹងតែទាំងស្រុងហើយ។ យោងតាម​ គណៈកម្មាធិការរៀបចំការប្រកួត និង​ក្រុមហ៊ុនSolideo ដែលជាអ្នកទទួល​បន្ទុកប្រគល់សំណង់ទាំងអស់ គឺគេបាន​គោរព​កាលបរិច្ឆេទសាងសង់ ដូចអ្វីដែលគ្រោងទុក។ មិនត្រឹមតែប៉ុណ្ណោះទេ គឺតម្លៃនៃការចំណាយសាងសង់ បាន​ឡើងលើសបន្តិចបន្តួចតែប៉ុណ្ណោះ បើ​ប្រៀបធៀបទៅ​កញ្ចប់ថវិកា​ដែលគេគ្រោង​។

សំណង់​ភូមិអូឡាំពិក ដើម្បីទទួលកីឡាករ​ឲ្យស្នាក់នៅ ត្រូវបានប្រគល់​និង​បើកសម្ពោធឲ្យ​ដំណើរការហើយ កាលពី​ចុងខែកុម្ភៈ ដោយ​តម្លៃចំណាយ​សាងសង់​បានកើនលើសការកំណត់​ប្រមាណ​តែ​១០០លានអឺរ៉ូប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ក្រុមការងារ​កំពុងតែបំពាក់គ្រឿងសង្ហារឹម​។ ដូចគ្នាដែរ ភូមិ​មួយទៀតសម្រាប់អ្នកសារព័ត៌មាន​ទូទាំងពិភពលោក ក៏ត្រូវបាន​បើកសម្ពោធរួចរាល់ដែរ កាលពីដើមខែមីនា។ សំណង់ភូមិអូឡាំពិកទាំង២នេះ គឺគេនឹងកែច្នៃយកធ្វើ​ជាផ្ទះរស់នៅ និងជាទីតាំងការិយាល័យ​ធ្វើការ នៅក្រោយ​ការប្រកួត​កីឡាំអូឡាំពិកចប់​។ មានអ្នកកក់ទិញផ្ទះទាំងនេះ សឹងតែអស់ទៅហើយ។

ចំណែកសំណង់ថ្មីដ៏ធំមួយទៀត ឈ្មោះ Arena Porte La Chapelle ខាងជើងក្រុងប៉ារីស ក៏រួចរាល់ហើយដែរ។ ទីនេះគឺជា​កន្លែងសម្រាប់​ប្រកួតវិញ្ញាសារ​​កីឡា​វាយ​សី និង​កីឡាកាយ​សម្ព័ន្ធ​។ រីឯទីតាំង​ប្រកួត​វិញ្ញាសារកីឡាទឹកទាំងអស់ ដែល​ស្ថិតនៅជិត​ពហុកីឡាដ្ឋានជាតិបារាំង ក៏បានបើកសម្ពោធរួចរាល់ហើយដែរ។

ជាសរុប គឺសំណង់ធំៗជាប់យូរអង្វែង គឺរួចរាល់អស់ហើយ។ ហេដ្ឋារចនាសម្ព័ន្ធខ្លះទៀត ជាការកែច្នៃជួលជុល យកទីតាំងដែលមានស្រាប់​យកមកប្រើ ជាក់ស្តែង ដូចជា​វិមានGrand Palais ដ៏ល្អវិចិត្រនៅកណ្តាលក្រុងប៉ារីស ដែលគេនឹងយកធ្វើជាទីតាំងប្រកួតកីឡាលោតសេះ និង​កីឡា​ចាក់សាប។ ដោយឡែក​ នៅមានសំណង់មួយចំនួយទៀត ដែល​គេ​គ្រោង​សាងសង់​បណ្តោះអាសន្ន​ ហើយរូសចេញវិញពេលចប់ការប្រកួត។ ជាក់ស្តែង សំណង់​ទីតាំងប្រកួត នៅខាងក្រោមក្បែរជើង Tour Eiffel តែម្តង សម្រាប់ទទួលការប្រកួត​​កីឡា​បាល់ទាល់ងងឹតភ្នែក និង​កីឡា​បាល់បោះលើខ្សាច់​។​ បច្ចុប្បន្ន​នេះ ការរដ្ឋានចាប់ផ្គុំសំណង់បណ្តោះអាសន្ន​នេះ បានចាប់ផ្តើមហើយ នៅក្បែរ Tour Eiffel។

កម្មវិធីបើកសម្ពោធលើដងទន្លេសែន ប្រឈមនឹង​ការគំរាមភេរវកម្ម​

ទាក់ទិននឹងកម្មវិធីបើកបើក​សម្ពោធ​ការប្រកួតវិញ ដែល​បារាំងគ្រោងរៀបចំធ្វើ នៅលើ​ដង​ទន្លេសែននោះ​​ គឺមាន​ការ​បារម្ភខ្លាំង​ណាស់​​អំពីបញ្ហាសន្តិសុខ ការគំរាមភេរវកម្ម​ជាដើម​។ ការរៀបចំពិធី ធ្វើនៅ​ទីហាលវាល តាមដងទន្លេសែន ដែលឆ្លងកាត់ក្រុងប៉ារីសទាំងមូល គឺវាមិន​ដូចយើងរៀបចំនៅក្នុងពហុកីឡាដ្ឋានទេ។ ពោលគឺអាជ្ញាធរបារាំង ត្រូវតែរៀបចំកម្លាំង និងផែនការច្បាស់លាស់ណាស់ ដើម្បីការពារសន្តិសុខ​ចេញចូល។ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក​ម៉ាក្រុងបានប្រកាសថា បើកៀកថ្ងៃនោះមែនទែន មាន​ការបារម្ភខ្លាំងពីសន្តិសុខ គឺគេមានជម្រើស​២ទៀត។ ជម្រើសទី​១ គឺកម្មវិធីបើកសម្ពោធ​ការប្រកួត​នឹងត្រូវធ្វើ នៅតែតំបន់​ទីលាន Trocadero ខាងមុខTour Eiffel តែប៉ុណ្ណោះ។ ហើយជម្រើសទី​២ គឺ​លើកទៅធ្វើក្នុងពហុកីឡាដ្ឋានជាតិបារាំង​ តែម្តង ប្រសិន​បើ​មានការបារម្ភខ្លាំងពីបញ្ហាភេរវកម្ម​។

តែយ៉ាងណាសម្រាប់ពេលនេះ លោក ​Gérald Darmanin ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបារាំង បានធានាអះអាងថា អាជ្ញាធរ​បារាំង និងគណៈកម្មាធិការរៀបចំ​ នៅតែ​ធ្វើការដើរឆ្ពោះទៅកាន់កម្មវត្ថុដែលគ្រោងទុកដដែល គឺរៀបចំ​ប្រារព្ធ​​រាត្រី​បើកសម្ពោធ​​ការប្រកួត ថ្ងៃទី​២៦កក្កដា នៅលើដងទន្លេសែន​។ តែទន្ទឹមនឹង​នេះ ស្រីពេជ្រ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គេ​បាន​​បន្ថយ​ចំនួន​មនុស្ស​ចូលរួមទស្សនា ពី៦សែននាក់ ឲ្យ​មកនៅត្រឹមតែ​ ៣២៦០០០នាក់ប៉ុណ្ណោះ។ ផ្អែកតាម​លោករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​៧ថ្ងៃមុន​ថ្ងៃបើកសម្ពោធ គេនឹងដាក់រនាំងសន្តិសុខ ព័ទ្ធតាម​បណ្តោយ​ដងទន្លេសែន ទាំងសងខាង ចាប់ពី​ស្ពាន​Bercy ទៅដល់ Trocadero ។ អ្នកដែលចង់ចូល ឬឆ្លងកាត់​តំបន់នេះ គឺត្រូវបង្ហាញ​ QR កូដ និង​អត្តសញ្ញាបណ្ណ​។ ហើយ​នៅថ្ងៃបើកសម្ពោធការប្រកួតវិញ ការរឹតបន្តឹងសន្តិសុខ នឹងធ្វើឡើងតឹងតែងជាងនេះទៀត ដោយ​ចរាចរណ៍​នឹងត្រូវបិទទាំងស្រុងតែម្តង​។

រូបភាព​ផលិត បង្ហាញអំពីទិដ្ឋភាព​នៃគម្រោងរៀបចំ​កម្មវិធីបើកសម្ពោធ​ការប្រកួត​អូឡាំពិក​ទីក្រុងប៉ារីស​២០២៤ នៅលើដងទន្លេសែនទីក្រុងប៉ារីស។
រូបភាព​ផលិត បង្ហាញអំពីទិដ្ឋភាព​នៃគម្រោងរៀបចំ​កម្មវិធីបើកសម្ពោធ​ការប្រកួត​អូឡាំពិក​ទីក្រុងប៉ារីស​២០២៤ នៅលើដងទន្លេសែនទីក្រុងប៉ារីស។ AFP - FLORIAN HULLEU

ប្រណាំងហែលទឹកក្នុងទន្លេសែន ដែល​មានសារធាតុពុល?

បញ្ហាការប្រកួតហែលទឹក នៅ​ក្នុងទឹកទន្លេសែននោះវិញ ក៏ជាចំណុចដែល​បានរងការ​សើចចំអកខ្លាំងបំផុត កន្លងមក ទាក់ទិននឹងផែនការរៀបចំរបស់បារាំង​។ កាលពីរដូវក្តៅឆ្នាំ​២០២៣ គេបានរៀបចំ​ការហែលទឹក​សាកល្បងក្នុង​ទឹកទន្លេ​សែន​រួច​ម្តងហើយ តែក៏ត្រូវ​លុបចោលវិញ ដោយសារតែគេធ្វើវិភាគទៅ ឃើញថាទឹកទន្លេសែនមានកម្រិតជាតិពុលបាក់តេរី ច្រើនលើសអ្វីដែលអាចទទួលយកបាន​។

បើទឹកទន្លេសែនមានជាតិពុល អញ្ចឹងវិញ្ញាសារប្រកួតដែលគេគ្រោងធ្វើនៅក្នុងទន្លេនេះ នឹងលើកទៅធ្វើនៅឯណាវិញ? កាលពីថ្ងៃចន្ទ អង្គការមួយឈ្មោះ Surfrider Foundation បានចេញរបាយការណ៍ទាញសញ្ញាអាសន្ន​ អំពីគុណភាពទឹក​ទន្លេសែន។ អង្គការនេះបាន​ ស្រង់យកសំណាកទឹកទៅពិនិត្យ​ចំនួន​១៤លើក រវាង​ពីខែ​កញ្ញា២០២៣ ដល់ខែ​មីនា​២០២៤ ត្រង់ក្រោមស្ពាន Alexandre-III និងស្ពាន Alma ជាទីតាំងដែលគេគ្រោងរៀបចំការប្រកួតវិញ្ញាសារ ទ្រីអាតឡុង និង​កីឡាហែលទឹកសេរី។ ក្នុងចំណោម​ការវិភាគទាំង​១៤នេះ គឺមាន​១៣ដែល​បង្ហាញថាទឹកទន្លេសែន​មាន​​កម្រិត​ជាតិពុលបាក់តេរី “ខ្ពស់ជាង​ឬខ្ពស់ជាងឆ្ងាយ”​ លើសពី​កម្រិតកំណត់​អតិបរមា​។

ឆ្លើយតបនឹងរបាយការណ៍​នេះ លោក Tony Estanguet ប្រធាន​គណកម្មធិការរៀបចំការប្រកួត Cojo បាន​លើកឡើងថា ការធ្វើតេស្តគុណភាពទឹកទន្លេសែនក្នុងរដូវរងារបែបនេះ គឺមិនអាចយកជាការបានទេ ព្រោះតាមទម្លាប់ ឲ្យតែដល់ខែត្រជាក់ គឺអាជ្ញាធរតែងតែហាមឃាត់មិន​ឲ្យ​មនុស្សចុះហែលទឹកក្នុងទន្លេឡើយ នរណាក៏ដឹងដែរ​​​។ លោកបានអះអាងថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងប្រឹងប្រែងធ្វើការ​ យ៉ាងយកចិត្តទុកដាក់ និងដោយ​ក្តីសង្ឃឹមបំផុត ដើម្បីសម្រេចកម្មវត្ថុ ធ្វើ​​ឲ្យទឹកទន្លេសែន ស្អាតបរិសុទ្ធ​មនុស្សអាចហែលបាន ​នៅរដូវក្តៅខាងមុខ​។ លោក​បានរំលឹកថា បច្ចុប្បន្ននេះ សាលាក្រុងប៉ារីស និង​រដ្ឋបាល​តំបន់ទាំងមូល បានចំណាយ​ប្រាក់ ១៤០០លានដុល្លារ ដើម្បី​ធ្វើ​ឲ្យទន្លេសែន​ក្លាយជាទន្លេ ដែល​មនុស្សអាចចុះហែលបាន​។​

បណ្តាញដឹកជញ្ជូនសាធារណៈ រអាក់រអួលនិងកកស្ទះខ្លាំង​

ចំណុចព្រួយបារម្ភធំមួយទៀត គឺ​បណ្តាញដឹកជញ្ជូនសាធារណៈក្នុងក្រុងប៉ារីស ដែល​ជួបបញ្ហារអាក់រអួលមិនស្វាងរួចទៅហើយ តើអាច​ដំណើរការដោយរលូនបានទេ នៅអំឡុងពេលប្រកួតកីឡាអូឡាំពិក ដែលមានមនុស្សរាប់សែន​នាក់​​មកកកកុញ?

ចំណុចនេះក៏មានការរិះគន់ សើចចំអកមិនស្ទើរដែរ ព្រោះថារាល់ថ្ងៃធម្មតា មិនទាំងមាន​កម្មវិធីអ្វីធំដុំផង បណ្តាញ​ដឹកជញ្ជូនសាធារណៈនៅប៉ារីស គឺរអាក់រអួលខ្លាំងរួចទៅហើយ។ ចុះទម្រាំដល់ពេលប្រកួតកីឡាអូឡាំពិក ដែលមានអ្នកទស្សនារាប់ម៉ឺននាក់ មកពីបរទេសថែមទៀត? លោក Jean Castex អគ្គនាយក​ក្រុមហ៊ុនគ្រប់គ្រងបណ្តាញដឹកជញ្ជូនសាធារណៈ​ប៉ារីស ហៅកាត់ថា RATP បានទទួលស្គាល់ថា បើមេត្រូក្រោមដី រថយន្តក្រុងដំណើរមិនល្អទេ គឺបារាំងប្រាកដជាបាក់មុខមិនខានទេ​។

ដើម្បី​ដោះស្រាយ​បញ្ហាកកស្ទះ RATP បាន​សន្យាថានឹងបន្ថែម ចំនួន​រថភ្លើងឲ្យ​បាន​១៥%បន្ថែមទៀត លើសពីរដូវក្តៅ​សព្វមួយដង។ ហើយ​អំឡុងពេលបច្ចុប្បន្ននេះ គេកំពុងតែ​រើស​មនុស្សចូលធ្វើការ​បន្ថែម ឲ្យ​បានច្រើនតាមតែអាចធ្វើបាន​​ ដើម្បី​បម្រើការងារ​ជាអ្នកបើកបររថភ្លើង មេត្រូ​ ​​រថយន្តក្រុង ភ្នាក់ងារនៅតាមស្ថានីយ៍​ និង​បុគ្គលិកជំនាញ​ជួសជុលម៉ាស៊ីនជាដើម។​ ទន្ទឹមគ្នានេះ ស្រីពេជ្រ​ អាជ្ញាធរបារាំង​ បានអំពាវនាវឲ្យអ្នកក្រុងប៉ារីស ​ដល់ពេលនោះ គួរនាំគ្នាដើរ ឬក៏ជិះកង់​ឲ្យ​​បាន​ច្រើន​ ដើម្បី​កុំឲ្យ​ប្រច្រៀតគ្នាខ្លាំង នៅក្នុងបណ្តាញដឹកជញ្ជូនសាធារណៈ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ