អានតួអត្ថបទ
អូតង់-រុស្ស៊ី

សង្រ្គាមអ៊ុយក្រែន៖ បារាំងអំពាវនាវ​ឲ្យ​អូតង់​បង្ហាញ​ឯកភាពគ្នាជាធ្លុងមួយ​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត

បារម្ភ​ខ្លាច​រង​ចំហាយ​សង្រ្គាម​ឈ្លានពាន​របស់​រុស្ស៊ី​ នៅ​អ៊ុយក្រែន អូតង់​បានបង្កើន​កម្លាំង ពង្រឹង​សមត្ថភាព​យោធា នៅតាម​ប្រទេស​សមាជិក ក្នុង​តំបន់អឺរ៉ុបខាងកើត។ នៅថ្ងៃ​អាទិត្យ នៅដំណើរ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋានទ័ព​របស់អូតង់​ក្នុង​ប្រទេស​រូម៉ានី ដែលមានព្រំដែន​ជាប់ប្រទេស​អ៊ុយក្រែន រដ្ឋមន្រ្តីការពារ​បារាំង លោកស្រី Florence Parly បានអំពាវនាវ​ឲ្យ​អូតង់​បង្ហាញ​ការរួបរួមដៃគ្នាជាធ្លុងមួយ ដើម្បីការពារ​សម្ព័ន្ធមិត្ត​របស់ខ្លួន។

រដ្ឋមន្រ្តីការពារ​បារាំង លោកស្រីFlorence Parly ជាមួយ ប្រធានាធិបតីរូម៉ានី លោក​ Klaus Iohannis (ស្តាំ) និង​នាយករដ្ឋមន្រ្តី​លោក​ Nicolae Ciuca ឈរថត​ជាមួយ​កងទ័ពបារាំង នៅ​មូលដ្ឋានទ័ព អូតង់​ Mihaile Kogalniceanu នៅថ្ងៃទី ៦មីនា ២០២២
រដ្ឋមន្រ្តីការពារ​បារាំង លោកស្រីFlorence Parly ជាមួយ ប្រធានាធិបតីរូម៉ានី លោក​ Klaus Iohannis (ស្តាំ) និង​នាយករដ្ឋមន្រ្តី​លោក​ Nicolae Ciuca ឈរថត​ជាមួយ​កងទ័ពបារាំង នៅ​មូលដ្ឋានទ័ព អូតង់​ Mihaile Kogalniceanu នៅថ្ងៃទី ៦មីនា ២០២២ AFP - DANIEL MIHAILESCU
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយក្រែន សម្ព័ន្ធអាត្លង់ទិក​អូតង់​បាន​ប្រកាន់ជំហរ​នៅស្ងៀម គ្មានធ្វើ​អន្តរាគម​ជួយអ៊ុយក្រែន ព្រោះ​អ៊ុយក្រែន​មិនមែនជាសមាជិក​របស់អូតង់។ ប៉ុន្តែ អូតង់​ត្រូវ​បង្ហាញជំហរ រួបរួមគ្នា ដោយគ្មានថ្លោះធ្លោយ ដើម្បី​ការពារ​ប្រទេស​សមាជិករបស់សម្ព័ន្ធអាត្លង់ទិក។ នេះជា​ប្រសាសន៍​របស់រដ្ឋមន្រ្តីការពារ​ជាតិបារាំង លោកស្រី Florence Parly នៅ​ចំពោះ​មុខ​ទាហាន​អូតង់​ជាង ១ពាន់នាក់ មកពី ៧ប្រទេស ដែលកំពុង​ឈរជើង ប្រចាំការ នៅ​មូលដ្ឋានទ័ព ក្នុង​ប្រទេស​រូម៉ានី។

សម្រាប់​ប្រមុខការពារ​ជាតិបារាំង ការពង្រាយទ័ពរបស់អូតង់ នៅតាម​បណ្តាប្រទេស​សមាជិក​មិនមែន​ដើម្បី​វាយប្រហារ ប៉ុន្តែ ការពារ​ខ្លួន។ សម្ព័ន្ធ​អាត្លង់ទិក​មិនមែន​ជាគ្រោះថ្នាក់ គំរាមកំហែង​រុស្ស៊ី។ អឺរ៉ុប​មិនបាន​គំរាមកំហែង​រុស្ស៊ី។ គ្មានអ្នកណាម្នាក់ដែល​គំរាមរុស្ស៊ី។ ប៉ុន្តែ វា​ជា​កាតព្វកិច្ច​របស់​អូតង់ របស់អឺរ៉ុប ដើម្បី​បង្ហាញទៅ​រុស្ស៊ីថា នៅពេល​និយាយពីការពារ​ប្រទេសសមាជិក អូតង់​គឺ​រួបរួម​ស្រាក់ដៃគ្នាជាធ្លុងមួយ។

មាន​វត្តមាន នៅក្នុង​ពិធីជួបជុំ​ជាមួយ​ទាហាន​អូតង់ ប្រធានាធិបតី រូម៉ានី​លោក Klaus Lohannis បាននិយាយ​ថា អូតង់​គឺជា​ខែល​ការពារតម្លៃ អឺរ៉ុប អាត្លង់ទិក។ រដ្ឋមន្រ្តីការពារជាតិបារាំង​ធ្វើដំណើរ​ទៅប្រទេស​រូម៉ានី នៅថ្ងៃ​អាទិត្យ នៅបន្ទាប់ពី​បារាំង​បញ្ជូន​ទាហាន​ជំនាញខាងជិះស្គី និងកងទ័ពជើងអាកាស​ជិត​៥០០នាក់​ទៅចូលរួម​ពង្រឹង​កម្លាំង​ទ័ព​អូតង់​ ក្នុងទឹកដី​រូម៉ានី នៅ​ក្រោយ​រុស្ស៊ី​ធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

នៅ​មូលដ្ឋានទ័ព​របស់អូតង់ នៅប្រទេស​រូម៉ានី ដែលស្ថិតនៅ​ចម្ងាយ ២០០គីឡូម៉ែត្រ ពីព្រំដែន​អ៊ុយក្រែន មាន​ប្រចាំការ កងទ័ព​បារាំង បែលហ្ស៊ិក រូម៉ានី ហូឡង់ អ៊ីតាលី អាល្លឺម៉ង់ និង​ កងទ័ពអាមេរិកាំង​ជាង ១ពាន់នាក់ ដែល​បាន​ធ្វើដំណើរ​ទៅ​ រូម៉ានី តាំង​ពី ខែ កុម្ភៈ។

នៅរូម៉ានី បារាំង​និងបែលហ្សិក គ្រោង​នឹង​ដាក់ទ័ពប្រចាំការ​យូរអង្វែង ដូច​ដែលអូតង់​កំពុងធ្វើ​នៅ ភាគខាងជើងអឺរ៉ុប ដូចជា​នៅ ប៉ូឡូញ នៅ​ក្រុម​ប្រទេស​សមុទ្រ​បាល់ទិក ពោល​គឺ​ដើម្បីពង្រឹង​ការពារ​សមាជិក​របស់​អូតង់ នៅ​ភាគខាងត្បូង។

ដោយឡែក ទាក់ទង​នឹង​ប្រទេស​អ៊ុយក្រែន រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន​ដែល​កំពុង​ធ្វើទស្សនកិច្ច​នៅប្រទេស​ម៉ុលដាវី ដែលស្ថិតនៅចន្លោះ អ៊ុយក្រែន និង​រូម៉ានី បាននិយាយ​ថា អាមេរិក​កំពុង​ធ្វើការយ៉ាងសកម្ម ដើម្បីបង្កើត​កិច្ចព្រមព្រៀងជាមួយ​ប៉ូឡូញ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ប៉ូឡូញ បញ្ជូន​យន្តហោះ​ចម្បាំង​ ទៅ​ឲ្យ​កងទ័ព​អ៊ុយក្រែន។

កាសែត​ប៉ូឡូញ ចុះផ្សាយ​នៅថ្ងៃអាទិត្យថា ទៅតាម​កិច្ចព្រមព្រៀង​ជាមួយអាមេរិក ប៉ូឡូញ អាច​បញ្ជូន​យន្តហោះដែល​ផលិតឡើង​នៅក្នុង​សម័យសហភាពសូវៀត ទៅ​ឲ្យ​កងទ័ពអ៊ុយក្រែន​ប្រើសម្រាប់ ប្រយុទ្ធទប់ទល់​នឹង​ការវាយប្រហារ​របស់​កងទ័ពរុស្ស៊ី។ ជាថ្នូរមកវិញ ប៉ូឡូញ​នឹង​ទទួលបាន​យន្តហោះចម្បាំងអាមេរិក ប្រភេទ F-16មកប្រើជំនួសវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ