អានតួអត្ថបទ
បារាំង-តួកគី

ក្រោយ​ពី​តាន​តឹង​នឹង​​គ្នា​ជា​ច្រើន​ខែ ប្រធានាធិបតី​បារាំង​និង​តួកគី​ជួប​គ្នា​មួយទល់​មួយ

​នៅថ្ងៃ​ចន្ទទី ១៤​មិថុនា​២០២១ ក្នុង​ឱកាស​នៃ​ជំនួប​កំពូល​អូតង់ ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសមភាគី​តួកគី ​លោក​ អ៊ែរដូហ្កាន​ បាន​ឆ្លៀត​ជួប​ពិភាក្សា​គ្នា ដើម្បី​បំភ្លឺ​ជំហរ​រៀង​ខ្លួនៗ ជុំវិញ​ប្រធានបទ​មួយ​ចំនួន​ធំ​ដែល​តួកគី​និង​បារាំង​តាន​តឹង​ដាក់គ្នា​អស់​ជា​ច្រើន​ខែ​កន្លង​មក​នេះ។ ក្នុង​ជំនួប​​​មួយ​ទល់​មួយ នៅ​ទីក្រុង​ព្រុចសែល​ ប្រទេស​​ប៊ែលហ្សិក ប្រមុខ​ដឹកនាំ​ទាំង​ពីរ​បាន​បង្ហាញ​ឆន្ទៈ​ដោះស្រាយ សំណុំ​រឿង​ស៊ីរី​ និង​លីប៊ី​ ​រួម​គ្នា។ នេះ​បើ​តាម​ប្រភព​វិមាន​ប្រធានាធិបតី​បារាំង។

ប្រធានាធិបតី​តួកគី លោក​ Erdogan និង​លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង ក្នុង​ជំនួប ថ្ងៃទី ១៤​មិថុនា ២០២១
ប្រធានាធិបតី​តួកគី លោក​ Erdogan និង​លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង ក្នុង​ជំនួប ថ្ងៃទី ១៤​មិថុនា ២០២១ via REUTERS - MURAT CETINMUHURDAR/PPO
ផ្សាយពាណិជ្ជកម្ម

ជំនួបទល់​មុខ​គ្នា ​មួយ​ទល់​នឹង​មួយ ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​៤៥​នាទី ពោល​គឺ​យូរ​ជាង​ការ​គ្រោង​ទុក​ទៅ​ទៀត ដើម្បី​អាច​ជជែក​គ្នា​ដោយ​ត្រង់ៗ​​លើ​គ្រប់​ប្រធានបទ​ដែល ​បារាំង​និង​តួកគី​ខ្វែង​គំនិត​គ្នា ឬ​ជា​ប្រភព​នាំ​ឱ្យ​ប្រទេស​ទាំង​ពីរ​ខឹង​គ្នា។ ​តាំង​ពី​ពីរ​ឆ្នាំ​​មក​នេះ បារាំង​និង​តួកគី​​​មាន​ទំនាក់ទំនងរអាក់​រអួល​នឹង​គ្នា​ខ្លាំង និង​មើល​មុខ​គ្នា​ស្ទើ​រមិន​ចំ កាន់​តែ​ខ្លាំង​ឡើងៗ ដោយ​​មូលហេតុ​ច្រើន​យ៉ាង​រាប់​តាំង​ពី​សំណុំ​រឿង​សាសនា បែបទ្វេភាគី​ ដល់​សំណុំ​រឿងអន្តរជាតិ​ ​នៅ​សមុទ្ទ​មេឌីទែរ៉ាណេ លីប៊ី ឬ ស៊ីរី ។ល។ និង​។ល។

ជា​សមាជិក​អូតង់​ដូច​គ្នា តែ​បារាំងបាន​គាំទ្រ​ក្រិក​ ប្រឆាំង​នឹងមហិច្ឆតា​រុករក​ប្រេង​-ឧស្ម័ន​ធម្មជាតិ​ក្រោម​សមុទ្ទ​មេឌីទែរ៉ាណេ​របស់​​តួកគី​ ដល់​ថ្នាក់​មាន​ឧប្បត្តិហេតុ​ប៉ះ​ទង្គិច​គ្នា​រវាង​នាវាយោធា​បារាំង​និង​យោធា​តួកគី​ផង កាលពី​ខែ​មិថុនា​២០២០។ បន្ទាប់​មក​វិបត្តិ​នៅ​ស៊ីរី លីប៊ី ព្រមទាំង​ជម្លោះរវាង​អាស៊ែបៃហ្សង់ និង​អាមេនី បានមក​​រុញ​ច្រាន​​ទំនាក់ទំនង​បារាំង​និង​តួកគី​ឱ្យ​ធ្លាក់​ដុន​ដាប​មួយ​កំរិត​ទៀត។ នៅ​ខែ​តុលា​២០២០ ប្រធានាធិបតី​តួកគី លោក អ៊ែរដូហ្កាន​បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​បារាំង​ថា​មាន​វិបត្តិ​ខួរក្បាល ដោយ​ដឹកនាំ​ធ្វើ​យុទ្ធនាការ​បែប​ស្អប់​ខ្ពើម​​អ៊ីស្លាម​នៅក្នុង​ប្រទេស​បារាំង ក្រោយ​ពី​លោក​ម៉ាក្រុង​បាន​ថ្លែងការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​​ គូរ​គំនូរ​ថ្លុក​រូប​ព្រះ​មហាម៉េដនៃ​​សាសនា​អ៊ីស្លាម។

ប៉ុន្តែ​ នៅ​ក្នុង​​ជំនួប​ដ៏​សំខាន់​និ​ងប្រកប​ដោយ​អត្ថប្រយោជន៍​ នាថ្ងៃ​ចន្ទទី ១៤​មិថុនា​នេះ ប្រធានាធិបតី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ ដោះស្រាយ​វិបត្តិ​ស៊ីរី​និងលីប៊ី​ ជា​មួយ​គ្នា និ​ងជាពិសេស​គឺ​បារាំង​បាន​បំភ្លឺ​អំពី​ជំហរ​របស់​ខ្លួន​ ​ចំពោះ​សាសនា​អ៊ីស្លាម។ លោក​ម៉ាក្រុង បាន​រំលឹក​សមភាគី​ជាសម្ព័ន្ធមិត្ត​​យុទ្ធ​សាស្ត្រ​ អំពី​តម្លៃ អំពី​គោលការណ៍​ នៃ​របប​សាធារណរដ្ឋ​ និង​អំពី​ច្បាប់​ ក្នុង​រង្វង់​​ចលនា​អូតង់។ បារាំង​គោរព​អ៊ីស្លាម និង​អ្នក​កាន់​សាសនា​អ៊ីស្លាម ដូច្នេះគ្រប់គ្នា​​ត្រូវ​គោរព​​តម្លៃ​នៃ​របប​សាធារណរដ្ឋ​វិញ និ​ងមិន​ត្រូវ​យក​សាធារណរដ្ឋ​មក​ធ្វើ​ជា​ឧបករណ៍​ទេ។ ប្រធានាធិបតី​បារាំង​បាន​ថែម​ទាំង​បរិហារ​សំដី​របស់​ប្រធានាធិបតី​តួកគី​ កាលពី​ខែ​តុលាថា​មិន​អាច​ទទួល​យក​បាន​ឡើយ។

កាន់​តែ​ឯកា​លើ​ឆាក​អន្តរជាតិ នៅ​ថ្ងៃ​បើក​ជំនួប​កំពូល​អូតង់នេះ លោក​អ៊ែរដូហ្កាន បាន​បង្កើន​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋ-រដ្ឋាភិបាលនៃ​​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ជា​ច្រើនផ្សេង​​ទៀត។ ក្រៅ​ពី​ជាមួយ​ប្រធានាធិបតី​បារាំង ជំនួប​ដែល​ស្មុគស្មាញ​ខ្លាំង​ជាង​គេ​ទំនង​ជា​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​ ចូបៃដិន។ លោក ចូបៃដិន បាន​ប្រកាស​ជំហរ​តឹង​តែង​ខ្លាំង​ដាក់​តួកគី ដោ​យ​ធ្លាប់​បាន​ចាត់​ទុក​លោក អ៊ែរដូហ្កាន​ជា​មេដឹកនាំ​អត្តាធិបតេយ្យ (ផ្តាច់ការ)ផង៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ