អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

៦០ឆ្នាំនៃទំនាក់ទំនងស្មុគស្មាញរវាងបារាំងនិងអាលហ្សេរីក្រោយបញ្ចប់អាណានិគម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សុក្រទី១៨មីនា​នេះ គឺ​ជា​ខួប ៦០ឆ្នាំ​គត់ នៃ​កិច្ចព្រមព្រៀង « អេវ្យ៉ង់ » (Evian) ​បញ្ចប់​អាណានិគម​បារាំង​លើ​អាល់ហ្សេរី។ នៅក្នុងរយៈពេល ៦០ឆ្នាំ​​ក្រោយ​អាណានិគម​នេះ បារាំង និង​អាល់ហ្សេរី​បាន​រក្សា​នូវ​ទំនាក់ទំនង​ពិសេស​ជាមួយគ្នា ក៏ប៉ុន្តែ ក៏​ជា​ទំនាក់ទំនង​មួយ​ដ៏ស្មុគស្មាញផងដែរ។ ស្មុគស្មាញ​ដោយសារ​តែ​អតីតកាល​នៃ​អាណានិគម លាយឡំ​ជាមួយ​នឹង​នយោបាយ​ក្នុងស្រុក​របស់​ប្រទេស​ទាំងសងខាង។

ការចុះកិច្ចព្រមព្រៀង​អេវ្យ៉ង់ (Accords d'Evian) កាល​ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦២ ដើម្បី​បិទបញ្ចប់​សង្រ្គាម​អាល់ហ្សេរី និង​បញ្ចប់​អាណានិគម​បារាំង​លើ​អាល់ហ្សេរី
ការចុះកិច្ចព្រមព្រៀង​អេវ្យ៉ង់ (Accords d'Evian) កាល​ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦២ ដើម្បី​បិទបញ្ចប់​សង្រ្គាម​អាល់ហ្សេរី និង​បញ្ចប់​អាណានិគម​បារាំង​លើ​អាល់ហ្សេរី Photo by REPORTERS ASSOCIES/Gamma-Rapho via Getty Images
ផ្សាយពាណិជ្ជកម្ម

អាល់ហ្សេរី ដែល​មាន​ផ្ទៃដី​ធំជាង​ប្រទេស​បារាំង​ដល់​ទៅ​៤ដង ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​បារាំងអស់រយៈពេល​ជាង​មួយសតវត្សរ៍ ចាប់​ពី​ឆ្នាំ១៨៤៨ រហូត​ដល់​កិច្ចព្រមព្រៀង​ប្រគល់​ឯករាជ្យ ចុះ​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦២។ កិច្ចព្រមព្រៀង​ចុះ​ នៅ​ក្រុង​អេវ្យ៉ង់ ស្ថិត​នៅ​ក្បែរព្រំដែន​រវាង​​បារាំង និង​ស្វ៊ីស ហើយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា « កិច្ចព្រមព្រៀងអេវ្យ៉ង់ »។

មុននឹង​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ប្រគល់​ឯករាជ្យ​នេះ បារាំង និង​អាល់ហ្សេរី បាន​ឆ្លង​កាត់​នូវ​សង្គ្រាម​​ទាមទារ​ឯករាជ្យ ដែល​គេ​តែងតែ​ហៅ​ថា « សង្រ្គាមអាល់ហ្សេរី » ដែល​​បាន​អូសបន្លាយ​ពេល​រហូតដល់​ទៅ​ ៨ឆ្នាំ ហើយ​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ទាំង​ទាហាន និង​ស៊ីវិល ​រហូតដល់​ទៅ​ប្រមាណ​ជា​កន្លះលាននាក់ ដោយ​ក្នុង​ចំណោម​អ្នក​ស្លាប់​​នោះ មាន​ភាគច្រើន​លើសលុប គឺប្រមាណ​ជា ៤០ម៉ឺននាក់ ​ជា​ជនជាតិ​អាល់ហ្សេរី។

ក៏ប៉ុ​ន្តែ បើទោះជា​ឆ្លងកាត់​សង្រ្គាម​បង្ហូរឈាម​គ្នា​បែបនេះក៏ដោយ នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា ៣០ឆ្នាំក្រោយ​​បញ្ចប់​អាណានិគម បារាំង និង​អាល់ហ្សេរី បាន​រក្សា​ទំនាក់ទំនង​ល្អ​នឹងគ្នា ទាំង​នៅ​ក្នុង​សម័យកាល​ប្រធានាធិបតី​ស្ហាលស៍ ដឺហ្គោល ដែល​ជា​ប្រធានាធិបតី​ក្នុង​អំឡុង​សង្រ្គាម​អាល់ហ្សេរី និង​ក្នុង​អំឡុង​ពេល​ចុះកិច្ចព្រមព្រៀងអេវ្យ៉ង់ និង​ទាំង​ប្រធានាធិបតី​ក្រោយៗមកទៀត ពី​លោក​ហ្សក ប៉ុមពីឌូ រហូតដល់​លោក​ហ្វ្រង់ស័រ មីតេរ៉ង់។

នៅ​ក្នុង​អំឡុង​ពេលនោះ អាល់ហ្សេរី​ថែម​ទាំង​បាន​បន្ត​អនុញ្ញាត​ឲ្យ​បារាំង​ប្រើ​ទឹកដី​របស់​ខ្លួន​ នៅ​ក្នុង​តំបន់​វាលខ្សាច់​​សាហារ៉ា ដើម្បី​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​រហូត​ដល់​ឆ្នាំ១៩៦៧ ហើយ​ថែម​ទាំង​បាន​ចុះ​កិច្ចព្រមព្រៀង​ដោយ​សម្ងាត់​ឲ្យ​បារាំង​សាកល្បង​អាវុធ​គីមី​នៅ​ក្នុងទឹកដី​អាល់ហ្សេរី​ផងដែរ រហូត​ដល់​ឆ្នាំ​១៩៧៨។

ក៏ប៉ុន្តែ ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​ធ្លាក់ចូល​ទៅ​ក្នុង​វិបត្តិ នៅ​ឆ្នាំ១៩៩២ ជាមួយ​នឹង​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​អាល់ហ្សេរី ហើយ​ដែល​ក្រោយ​មក នាំ​ទៅដល់​សង្រ្គាម​ស៊ីវិល​អាល់ហ្សេរី ដែល​អូសបន្លាយពេល​រហូតដល់​ទៅមួយទសវត្សរ៍ គឺ​រហូត​ដល់​ឆ្នាំ២០០២។

នៅ​ក្នុង​អំឡុង​សង្រ្គាម​ស៊ីវិលនោះ ចលនា​ជាតិនិយម​អាល់ហ្សេរី​បាន​រីកដុះដាល​កាន់តែ​ខ្លាំង ហើយ​ចលនា​ប្រឆាំង​នឹង​បារាំង​ក៏​កើតមាន​តែ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បារាំង​ត្រូវ​ក្លាយ​ជា​ចំណុច​ស៊ី​បនៃ​ការ​វាយប្រហារ​ភេរវកម្ម ទាំង​ការ​វាយប្រហារ​ប្រឆាំង​នឹង​បារាំង នៅ​ក្នុង​ទឹកដី​អាល់ហ្សេរី ក៏ដូចជា​ការ​ចាប់​ពលរដ្ឋ​បារាំង​ជា​ចំណាប់​ខ្មាំង ជាពិសេស គឺ​ចាប់ចំណាប់ខ្មាំង​លើ​យន្តហោះ​របស់ក្រុមហ៊ុន Air France នៅ​ឆ្នាំ១៩៩៤។

ចលនា​ប្រឆាំង​នឹង​បារាំង​នេះ​មិនបាន​បញ្ចប់​ទៅ​ជាមួយ​នឹង​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​អាល់ហ្សេរី​នោះទេ ដោយ​គេ​ឃើញ​ថា ក្រោយៗ​មកទៀត ការ​រំឭក​អំពី​អាណានិគម​បារាំង ការ​បរិហាររិះគន់​បារាំង បាន​ក្លាយ​ជា​រឿង​ពេញ​និយម​មួយ នៅ​ក្នុង​នយោបាយ​ផ្ទៃក្នុង​របស់​អាល់ហ្សេរី ដោយ​សូម្បីតែ​​​​អ្នក​នយោបាយ​អាល់ហ្សរី​ដែល​ស្និទ្ធិ​នឹង​បារាំង​ ក៏តែងតែ​បរិហាររិះគន់​អាណានិគម​បារាំង​ជា​រឿយៗ​ផងដែរ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាជន។

បញ្ហា​អាណានិគម និង​សង្រ្គាម​ឯករាជ្យ​អាល់ហ្សេរី មិនមែន​ជា​បញ្ហា​នយោបាយ​ផ្ទៃក្នុង​ តែ​នៅ​អាល់ហ្សេរី​នោះទេ ក៏ប៉ុន្តែ វា​ក៏​ជា​រឿង​ដ៏រសើបមួយផងដែរ នៅ​ក្នុង​ប្រទេស​បារាំង ជាពិសេស គឺ​ការ​ប្រទាញប្រទង់គ្នា រវាង​ម្ខាង ចរន្តនយោបាយ​ឆ្វេងនិយម ដែល​ប្រឆាំង​នឹង​អាណានិគម​ជាទូទៅ ហើយ​​ការពារសិទ្ធិស្វ័យសម្រេច​របស់​ប្រជាជន​ក្នុងការ​ទាមទារ​ឯករាជ្យ​ពីអាណានិគម និង​ម្ខាងទៀត ​ចរន្តនយោបាយ​ស្តាំ និង​ស្តាំនិយមជ្រុល ដែល​នៅតែបន្ត​ស្តាយស្រណោះដែនដី​អាល់ហ្សេរី ក៏ដូចជា​ស្តាយស្រណោះ​ភាព​រុងរឿង​របស់​បារាំង​នៅ​ក្នុង​សម័យ​អាណានិគម។ ការប្រទាញប្រទង់គ្នា ដែល​ជា​រឿយៗ តែងតែ​បង្កើត​ឲ្យ​មាន​ជា​បញ្ហា​រកាំរកូសគ្នា នៅ​ក្នុង​ទំនាក់ទំនង រវាង​រដ្ឋាភិបាលបារាំង និង​អាល់ហ្សេរី។

ទោះជាយ៉ាងណា បើទោះជា​មាន​ភាព​រកាំរកូស​គ្នា​ច្រើន​បែបនេះក៏ដោយ ក៏ប៉ុន្តែ នៅ​ខាងក្រោយ​ឆាកវិញ បារាំង និង​អាល់ហ្សេរី នៅតែ​រក្សា​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា ច្រើន​ផងដែរ ជាអាទិ៍ ចាប់តាំង​ពី​ឆ្នាំ២០១៣មក ​​អាល់ហ្សេរី​​​បាន​អនុញ្ញាត​ឲ្យ​កងទ័ព​បារាំង​ប្រើ​ដែន​អាកាស​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ជីហាត​ជ្រុលនិយម​នៅ​ម៉ាលី។

ដូចជា​អ្នក​ជំនាញ​បារាំង និង​អាល់ហ្សេរី តែងតែ​បាន​លើកឡើង​ជារឿយៗ​ថា នៅ​ក្នុង​ទំនាក់ទំនង រវាង​​បារាំង និង​អាល់ហ្សេរី អ្វីៗ​ដែល​ធ្វើ​ពីក្រោយ​ឆាក​ដោយ​សម្ងាត់ ច្រើន​តែ​ធ្វើ​ទៅ​ដោយ​រលូន ចំណែក​​អ្វីៗ​ដែល​ធ្វើ​ជា​សាធារណៈតែងតែ​រកាំរកូសគ្នា។

នេះ​បង្ហាញ​ឲ្យឃើញ​ថា ប្រទេស​ទាំងពីរ​​ត្រូវការ​គ្នា​ទៅវិញ​ទៅមក ហើយ​មាន​ផលប្រយោជន៍​ទៅវិញទៅមក​ នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ក៏ប៉ុន្តែ ​ស្លាកស្នាម​អតីតកាល​នៃ​អាណានិគម និង​សង្រ្គាម​ឯករាជ្យ​បង្ហូរឈាមគ្នា ​នៅតែ​ជាកត្តាចម្បងមួយ ដែលបន្ត​ជះឥទ្ធិពល​ នៅ​ក្នុង​នយោបាយ​ក្នុងស្រុក​របស់​ប្រទេស​ទាំងពីរ ហើយ​បង្កើត​ជា​បញ្ហា​ស្មុគស្មាញ នៅ​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ