អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មានស៊ុយអែតជាសមាជិកមួយទៀត​ តើតំបន់សមុទ្របាល់ទិក នឹងក្លាយជា “បឹង​របស់អូតង់”?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃចន្ទ ទី២៦កុម្ភៈ សភាហុងគ្រីបានបោះឆ្នោតយល់ព្រម ឲ្យ​ប្រទេសស៊ុយអែត ក្លាយ​ជាសមាជិក​ថ្មី​នៃអង្គការសម្ព័ន្ធមិត្តអូតង់។ វត្តមាន​របស់ស៊ុយអែត ក្នុងនាមជា​សមាជិក​ទី​៣២របស់អូតង់​នេះ នឹង​ហុចអត្ថប្រយោជន៍​​​ជាច្រើន ដល់សមត្ថភាព​ការពារ របស់​អូតង់នៅក្នុងតំបន់សមុទ្រ​​បាល់ទិក ទល់នឹងការគំរាមរបស់រុស្ស៊ី។ ចាប់ពីថ្ងៃនេះទៅ ប្រទេសទាំងអស់​នៅ​ជុំវិញ​សមុទ្រ​បាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែជា​សមាជិក​អូតង់។​ តើមានន័យថា ចាប់ពីពេលនេះទៅ តំបន់សមុទ្របាល់ទិកនឹងក្លាយ ប្រៀបបីដូច​​​ជាបឹងមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់អូតង់ ឬមួយក៏រុស្ស៊ីនៅតែអាច​ មានលទ្ធភាព​​គំរាម​បាន​?

ទង់ជាង់ស៊ុយអែត និងទង់របស់អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា Nato/OTAN
ទង់ជាង់ស៊ុយអែត និងទង់របស់អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា Nato/OTAN REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

ជាមួយនឹង​​​ការចូលជាសមាជិក ពីសំណាក់ហ្វាំងឡង់​កាលពីឆ្នាំមុន និង​​ពេល​នេះ​ថែម​​ស៊ុយអែតមួយទៀត មានន័យថា ប្រទេសទាំងអស់​ដែល​នៅព័ទ្ធសងខាងសមុទ្របាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែ​​ជាសមាជិក​របស់អង្គការសម្ព័ន្ធមិត្ត​អូតង់។ អ្នកវិភាគខ្លះ បានសំឡឹងឃើញថា ចាប់ពីពេលនេះទៅ សមុទ្របាល់ទិក ប្រៀបបីដូចជា​ បឹងមួយរបស់អូតង់ ដែល​អង្គការសម្ព័ន្ធមិត្តនេះ អាចមានលទ្ធភាព​ធំ ក្នុង​ការ​ត្រួតត្រា រារាំង​​ទៅលើចរាចរណ៍​របស់នាវា​​ចម្បាំង​រុស្ស៊ី​​​ ក្នុងករណី​មាន​បញ្ហាវិវាទណាមួយ​កើតឡើង​។​

តែទន្ទឹមគ្នា​នេះ អ្នកវិភាគខ្លះ បាន​រំឭកថា មិនត្រូវប្រមើលមើលនិងវិភាគ ដោយសាមញ្ញបែបនេះ​ទេ ព្រោះថា​អ្វីៗអាចមិនស្រួល​​ដូចការគិត​។ ស៊ុយអែតចូលជាសមាជិកអូតង់ អាចធ្វើឲ្យអូតង់មានលទ្ធភាព​ការពារ​​បណ្តា​ប្រទេសបាល់ទិក​​បាន​​កាន់តែច្រើន​​ក៏ពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថា ​រុស្ស៊ី​នឹងឈប់​ធ្វើសកម្មភាព​គំរាមតទៅទៀតនោះដែរ។ រុស្ស៊ី​នៅតែ​អាច​គំរាមមកលើសន្តិសុខតំបន់បាល់ទិក បានជានិច្ច តួយ៉ាងតាមរយៈការប្រើប្រាស់តំបន់ កាលី​នីនហ្ក្រាដ ដែលរុស្ស៊ីបានដាក់បញ្ឈរអាវុធ​យ៉ាងសន្ធឹកនៅទីនោះ។

លោកស្រី Minna Alander អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​​​ហ្វាំងឡង់ បាន​លើកឡើងថា បើយើងក្រឡេកមើលភូមិសាស្ត្រតំបន់​សមុទ្រ​បាល់ទិក គឺយើងអាចយល់ថា តំបន់​នេះ​នឹងក្លាយ​ជាបឹងមួយ ក្រោមការគ្រប់គ្រង​​​​របស់​​អូតង់​ផ្តាច់មុខ​។ តែធាតុពិត វាមិនស្រួល​ប៉ុន្មានទេ សម្រាប់អូតង់។ បើរាប់ចាប់​ពី​ថ្ងៃដែល​រុស្ស៊ី​ បានលើកទ័ពចូលទៅធ្វើសង្គ្រាមឈ្លានពាន​អ៊ុយក្រែន ថ្ងៃទី២៤កុម្ភៈ ២០២២​ គេបាន​សង្កេតឃើញ​នូវ ហេតុការណ៍ជាច្រើនករណី។ ជាក់ស្តែង ករណីផ្ទុះ​បំពង់បង្ហូរឧស្ម័ន ​នៅ​ក្រោម​បាតសមុទ្របាល់ទិក និង​ករណី​​ដាច់ខ្សែកាបអុបទិក បាតសមុទ្រជាដើម ដែលបញ្ជាក់ថាអូតង់មានចំណុចខ្សោយ ឬមានការខ្វះខាតក្នុងការ​គ្រប់គ្រងតំបន់​នេះ​។

កាលពីខែ​ កញ្ញា​ឆ្នាំ​២០២២ បំពង់បង្ហូរឧស្ម័ន​ Nord Stream ដែលភ្ជាប់ពីរុស្ស៊ីទៅ​កាន់អឺរ៉ុប ត្រូវបាន​ជនមិនស្គាល់​មុខ វាយ​ប្រហារ​ឲ្យ​ផ្ទុះ​បែកធ្លាយ។ ជាង​មួយឆ្នាំហើយ គេនៅរកមុខអ្នកធ្វើអំពើនេះ​ មិនទាន់​ឃើញផងទេ​។ ហើយ​កាលពីខែ​តុលាឆ្នាំ​២០២៣ បំពង់បង្ហូរឧស្ម័ន និង​ខ្សែកាបអុបទិកបាតសមុទ្រ ដែលតភ្ជាប់​រវាវ​ ហ្វាំង​ឡង់ ស៊ុយអែត និងអេស្តូនី ក៏បានរងការខូចខាតដែរ។ ផ្អែកតាមសមត្ថកិច្ចហ្វាំងឡង់ ករណី​ខូចខាតនេះ គឺដោយ​សារ​នាវាដឹកទំនិញមួយ របស់ចិន។​

ក្រោយករណី​គ្រោះថ្នាក់​ផ្ទួនៗនេះ អូតង់បាន​ព្យាយាម​បង្កើនសមត្ថភាព និង​មធ្យោបាយ​នាវា ដើម្បីធ្វើយ៉ាងណា តាមដានការពារសន្តិសុខ សុវត្ថិភាព ក្នុងតំបន់បាល់ទិកឲ្យ​ម៉ដ្ឋចត់ជាងមុន។ តែយ៉ាងណា ការ​​តាមដាន​សកម្ម​ភាព​នៅក្រោម​បាតសមុទ្រ វាមិនមែន​ជារឿងងាយនោះឡើយ​។ លោក​ Julian Pawlak អ្នក​ស្រាវជ្រាវម្នាក់​នៅសកលវិទ្យាល័យ​កងទ័ពអាល្លឺម៉ង់ បាន​លើកឡើងថា ករណីវាយ​ប្រហារ​នៅ​បំពង់បង្ហូរឧស្ម័ន​ Nord Stream បានបង្ហាញថា វាជារឿងលំបាក​ខ្លាំងណាស់ ក្នុង​ការតាមដានការពារសុវត្ថិភាពបាតសមុទ្រ​។

បើយើងក្រឡេកទៅមើលមួយ​ផ្នែកទៀត វត្តមានជាសមាជិកអូតង់ របស់ស៊ុយអែត គឺមិនត្រឹមតែនឹង​ផ្តល់ឆ្នេរឡោមព័ទ្ធសមុទ្របាល់ទិក​ប៉ុណ្ណោះទេ គឺអូតង់​អាចមាន​លទ្ធភាព​ឈរជើង ខិតមកក្នុងកណ្តាល​សមុទ្រតែម្តង តាមរយៈកោះ Gotland របស់ស៊ុយអែត។ កោះនេះ គឺជា​ទីតាំងយុទ្ធសាស្ត្រ​ជួរមុខ រវាង​ស៊ុយអែត និង​ឡេតូនី ហើយ​ប្រការនេះ នឹងអនុញ្ញាតឲ្យ​ អូតង់អាចបិទផ្លូវ​ឆ្លងកាត់ ឬរាំងខ្ទប់ត្រង់ចំនុចនេះតែម្តង​។

តែ​ទន្ទឹមនឹងនេះ រុស្ស៊ី នៅ​មិនទាន់អស់ក្រឡាដើរនោះទេ។ រុស្ស៊ីនៅមាន​មូលដ្ឋាន​យុទ្ធសាស្ត្រមួយ គឺតំបន់កាលីនីនហ្ក្រាដ។ តំបន់​ដែលស្ថិតនៅ​ចំងាយ​ជាង​១០០០គីឡូម៉ែត្រ ដាច់ពីទីក្រុងម៉ូស្គូ​នេះ គឺ​ជាទីតាំង​ជួរមុខ​លយចូលជ្រៅមកខាងអឺរ៉ុប សម្រាប់ឲ្យកងទ័ពរុស្ស៊ីអាចបើ​កប្រតិបត្តិការវាយប្រហារបាន​។ តំបន់កាលីនីនហ្ក្រាដ ដែល​ស្ថិតនៅចន្លោះ រវាងប៉ូឡូញ និង​លីទុយអានីនេះ គឺជាដែនដី​ដែល​មាន​វត្តមានយោធា និងគ្រឿងសព្វាវុធដ៏ច្រើនជាង​តំបន់ណាៗ ទាំងអស់ទូទាំងអឺរ៉ុប ក្នុងនោះរុស្ស៊ីបាន​ដាក់បញ្ឈរកម្លាំងប្រ​ព័ន្ធ​នុយក្លេអ៊ែរថែមទៀតផង​។

ផ្អែកតាម​លោក John Deni អ្នកស្រាវជ្រាវនៅ​សាលាសិកសង្គ្រាម​អាមេរិក គឺធាតុពិតទៅ បើនិយាយពី​នាវាចម្បាំងរបស់រុស្ស៊ី​ប្រចាំការនៅ​តំបន់​សមុទ្របាល់ទិក គឺ​តិចតួច និងចាស់ៗ​ណាស់ បើ​ប្រៀប​ធៀបទៅសម័យសង្គ្រាមត្រជាក់​។ តែទន្ទឹមគ្នានេះ គេសង្កេតឃើញថា រុស្ស៊ីនៅតែប្រឹងវិនិយោគ និងចំណាយប្រាក់ ជាពិសេសក្នុងសមត្ថភាព​នាវាមុជទឹកបាតសមុទ្រ។ រុស្ស៊ីនៅតែមានសមត្ថភាព​អាច​បំផ្ទុះភ្លើង​ បំភ័យគំរាម​មក​លើអូតង់បានជានិច្ច​ ឬក៏អាចបញ្ជូនទ័ព​ចូលឈ្លានពាន​ ឡើងគោកតាមឆ្នេរ​ ក៏រុស្ស៊ីនៅអាចធ្វើបាន​។ លោក John Deni បានទទួលស្គាល់ទៀតថា បើ​និយាយពី​សមត្ថភាព​​សព្វាវុធ​កាំភ្លើងធំ រថក្រោះជាដើម គឺរុស្ស៊ី​មានកម្លាំង ជាង​ប្រទេស​តំបន់​បាល់ទិកទាំងអស់។

គួរបញ្ជាក់ថា ប្រទេសបាល់ទិកទាំង​៣ អេស្តូនី ឡេតូនី និង​លីទុយអានី ជាយូរយាមកហើយ ត្រូវបាន​គេគិតថា​ គឺប្រទេសជួរមុខរបស់អូតង់ ក្នុងករណីមានការ​ប្រឈមណាមួយជាមួយរុស្ស៊ី។ តែធាតុពិត ប្រទេសទាំង​៣នេះ ភ័យបារម្ភខ្លាំងណាស់ នៅពេលឃើញ​អ៊ុយក្រែនរងគ្រោះដោយការឈ្លានពាន​មិនញញើតរបស់រុស្ស៊ី។ នៅពេល​បានដឹងដំណឹងថា ហ្វាំងឡង់ និង​ស៊ុយអែត នឹងចូលជាសមាជិកអូតង់ ប្រទេសបាល់​ទិក​ទាំង​៣នេះ បានដកដង្ហើមធំ ធូរទ្រូង​ខ្លាំងណាស់​។

កន្លងមក អូតង់ធ្លាប់បានត្រិះរិះរកមធ្យោបាយដែរ​ ដើម្បី​ការពារ​ប្រទេសបាល់ទិកទាំង៣នេះ កុំឲ្យ​ឯកោ ប្រសិន​បើថ្ងៃណាមួយ រុស្ស៊ី​​សម្រេចចិត្ត ​ទន្រ្ទានតាមខ្សែព្រំដែន​​​​លីទុយអានី ដែលមានប្រវែង​៦៥គីឡូម៉ែត្រ ដើម្បី​ភ្ជាប់ទឹកដី​រុស្ស៊ី​ជាមួយ​នឹង​​​តំបន់កាលីនីនហ្ក្រាដ។ ចាប់ពីពេលនេះទៅ អូតង់មាន​ដំណោះស្រាយហើយ ជាមួយនឹងវត្តមាន​របស់ស៊ុយ​អែត​។ តាមរយៈភូមិសាស្ត្រខ្លួន ស៊ុយអែតជាអ្នកគ្រប់គ្រងការចេញចូល សមុទ្របាល់ទិក និង​សមុទ្រខាងជើង។ មានន័យថា ចាប់ពីពេលនេះទៅ អូតង់នឹងអាចមាន​លទ្ធភាពច្រើន ក្នុងការការពារ​ប្រទេសបាល់ទិកទាំង​៣។

តែទោះជាយ៉ាងណា លោក​ John Deni យល់ថាមិនត្រូវ​ និយាយពាក្យ​ថា “សមុទ្របាល់ទិក ក្លាយជាបឹងរបស់អូតង់​” នោះទេ ព្រោះថា​បើនិយាយបែបនេះ វា​ហាក់ដូចជាអូតង់អួតខ្លួនឯង ហើយភ្លេចខ្លួន​។ ចូរ​កុំភ្លេចថា រុស្ស៊ីនៅតែ​មាន​សមត្ថភាព​អាចគំរាម អាច​បង្កបញ្ហានៅក្នុងតំបន់នេះ​​​​បាន​​យ៉ាង​ងាយ ហើយ​​បច្ចុប្បន្ននេះ សម្ព័ន្ធមិត្តអូតង់នៅខ្វះ​សមត្ថភាព​​ឆ្លើយ​តបវិញ ប្រសិន​​បើ​​រុស្ស៊ី​​​បង្ក​វិបត្តិ​ពិតមែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ