អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ក្រុម​​ហាម៉ាសប៉ាឡេស្ទីន​ ​ជា​នរណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសៅរ៍ ទី​៧តុលា ចលនាអ៊ីស្លាម​ប៉ាឡេស្ទីនហាម៉ាស បាន​បើកការ​វាយ​ប្រហារ​ទ្រង់ទ្រាយធំ និង​ដ៏សាហាវបំផុត​មិនធ្លាប់មានពីមុនមក នៅ​ក្នុងទឹកដីអ៊ីស្រាអែល​ បើគិតចាប់ពីពេលដែលក្រុម​នេះ បានកាន់​កាប់អំណាចទាំងស្រុង នៅតំបន់ហ្កាហ្សា នៅឆ្នាំ​២០០៧។ ការវាយឆ្មក់របស់​ក្រុមហាម៉ាសនេះ បាន​ធ្វើឲ្យផ្ទុះឆេះ​ក្លាយជាសង្គ្រាម​ ដោយអ៊ីស្រាអែលបាន​សន្យាថា​ នឹងកំទេច​​ក្រុមហាម៉ាសឲ្យ​រលាយក្លាយជាផេះ​។

ហ្កាហ្សា ថ្ងៃទី២៦ វិច្ឆិកា ១៩៩៤ ៖ សមាជិក​ម្នាក់​របស់​ក្រុមហាម៉ាស ដុតទង់ជាតិរបស់អ៊ីស្រាអែល ចំពោះមុខអ្នកកាសែត​។
ហ្កាហ្សា ថ្ងៃទី២៦ វិច្ឆិកា ១៩៩៤ ៖ សមាជិក​ម្នាក់​របស់​ក្រុមហាម៉ាស ដុតទង់ជាតិរបស់អ៊ីស្រាអែល ចំពោះមុខអ្នកកាសែត​។ AP - Nabil Judah
ផ្សាយពាណិជ្ជកម្ម

គិតត្រឹមថ្ងៃព្រហស្បតិ៍ទី​១២តុលា ប្រតិបត្តិការវាយឆ្មក់​ទ្រង់ទ្រាយធំរបស់​ក្រុមហាម៉ាស បាន​ផ្តាច់ជីវិតមនុស្ស​ប្រមាណ​១២០០នាក់​នៅអ៊ីស្រាអែល និងរបួសជាច្រើនពាន់នាក់ទៀត។ អ៊ីស្រាអែលបាន​បើកការវាយ​ប្រហារឆ្លើយតបវិញ ទៅលើ​តំបន់​ហ្កាហ្សា ដោយ​បានបាញ់​មីស៊ីល​ជិញ្ជ្រុំ​ ៥ជាប់គ្នា បណ្តាលឲ្យស្លាប់​មនុស្សយ៉ាង​ហោច​១២០០នាក់ ដែលក្នុងនោះមានស្ត្រី​ និង​កុមារប៉ាឡេស្ទីនជាច្រើននាក់ ព្រមទាំងមានរបួសប្រមាណ​៣០០០នាក់។ អាជ្ញាធរអ៊ីស្រាអែលបានអះអាងថា គេបានសម្លាប់​សមាជិក​ក្រុមហាម៉ាស ចំនួនយ៉ាងហោច១៥០០នាក់ ដែលបានសំរុកចូលទឹកដីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍​។

ជាមួយនឹង​គ្រាប់រ៉ូកែត ចំនួន​ប្រមាណ​៥០០០គ្រាប់ ដែល​ក្រុមនេះបានអះអាងថាបានបាញ់ទៅលើអ៊ីស្រាអែល ក្នុងរវាងប៉ុន្មានថ្ងៃមកនេះ ក្រុមហាម៉ាសកំពុងតែ​មានឈ្មោះល្បីរន្ទឺ ​ត្រូវបាន​គេនិយាយដល់យ៉ាងព្រោងព្រាត សឹងពាសពេញពិភពលោក។ ពីខាងអាល្លឺម៉ង់ លោក​អធិការបតី អូឡាហ្វ ស្ហុលស៍ បាន​ប្រកាស​នៅថ្ងៃព្រហស្បតិ៍​ទី​​១២​តុលា​ថា អាជ្ញាធរអាល្លឺម៉ង់ នឹងបង្កើនការប្រុងប្រយ័ត្ន ដើម្បីហាមឃាត់​សកម្មភាពទាំងអស់នៅលើទឹកដីអាល្លឺម៉ង់ ដែលពាក់ព័ន្ធនឹង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។ លោក​ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ ក៏បាន​ថ្លែងអំពាវនាវ ទៅកាន់​លោក ម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរ​ប៉ាឡេស្ទីន​ ថា​ត្រូវដល់ពេល​​ចេញមុខ ថ្កោលទោសអំពើព្រៃផ្សៃរបស់​ក្រុមហាម៉ាស។

ក្រុមហាម៉ាសមានប្រវត្តិបែបណា?

ប្រវត្តិរបស់​ក្រុមហាម៉ាស គឺមិនអាចផ្តាច់ចេញបានទេ ពី​តំបន់​ហ្កាហ្សា។ ពាក្យ “ហាម៉ាស” គឺជាពាក្យអក្សរកាត់ បានមកពីពាក្យពេញថា​ Harakat Al Muqawarma Al Islamiya ដែលយើងអាចបក​ប្រែមកថា « ចលនានៃការ​​តស៊ូអ៊ីស្លាម »។ ចលនា​នយោបាយ​និង​​ប្រដាប់​អាវុធ​នេះ ត្រូវ​បាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៨៧ ដោយមេដឹកនាំ​ម្នាក់ឈ្មោះ Cheikh Ahmed Yassine។

ចាប់តាំងពីពេល​ដំបូង ចលនាហាម៉ាស មានមនោគមន៍វិជ្ជាស្និទ្ធនឹងក្រុមចលនាភាតរៈអ៊ីស្លាមនៅអេហ្ស៊ីប។ ពោលគឺ ក្រុមហាម៉ាស មានគំនិត​បង្កើតរដ្ឋប៉ាឡេស្ទីន ដោយយក​​សាសនាអ៊ីស្លាមជាច្បាប់កំពូល និងមានឆន្ទៈឈាន​​ទៅកំទេចអ៊ីស្រាអែល។ យ៉ាងណាមិញ នៅក្នុង​អត្ថបទ​គោល​នៃចលនានេះ គឺមានខ្លឹមសារ​រើសអើងស្អប់ខ្ពើមមកលើជនជាតិជ្វីហ្វ។ តាំងតែពីតំបូង ក្រុមហាម៉ាសបាន​រីកដុះដាលចាក់ឬស នៅក្នុងតំបន់ហ្កាហ្សា ដែលប្រមូលផ្តុំទៅដោយ​ជនភៀសខ្លួនប៉ាឡេស្ទីន ដែលបានរត់ភៀសខ្លួន ក្រោយ​ការបង្កើតរដ្ឋអ៊ីស្រាអែល នៅឆ្នាំ​១៩៤៨​។

ស្ថាបនិកចលនាហាម៉ាស ឈ្មោះ Sheik Ahmed Yassin (ស្លៀកពាក់ស) ត្រូវគេស្វាគមន៍ ពេលចូលមកដល់តំបន់ហ្កាហ្សា ត្រង់ច្រក Rafah នៅថ្ងៃទី ២៤ មិថុនា ១៩៩៨
ស្ថាបនិកចលនាហាម៉ាស ឈ្មោះ Sheik Ahmed Yassin (ស្លៀកពាក់ស) ត្រូវគេស្វាគមន៍ ពេលចូលមកដល់តំបន់ហ្កាហ្សា ត្រង់ច្រក Rafah នៅថ្ងៃទី ២៤ មិថុនា ១៩៩៨ ASSOCIATED PRESS - Anonymous

ពីមុនមក សកម្មភាពយុទ្ធសាស្ត្រ​របស់​ក្រុមហាម៉ាស គឺជាការ​ធ្វើប្រតិបត្តិការវាយ​ប្រហារភេរវកម្មអត្តឃាត ដើម្បីសម្លាប់​ប្រជាជន​ស៊ីវីលអ៊ីស្រាអែល។ ប្រតិបត្តិការភេរវកម្មនេះ គឺទទួលបន្ទុក​ដោយ​ កងកម្លាំង​ Izz al-Din al-Qassam ដែលជាមែកធាងប្រដាប់អាវុធ របស់​ក្រុមហាម៉ាស។ បើនិយាយលើ​ផ្នែក​នយោបាយវិញ ក្រុមហាម៉ាស ប្រឆាំងដាច់ខាត ទៅនឹង​កិច្ចព្រមព្រៀងអូស្លូ ឆ្នាំ​១៩៩៣ ដែល​អាជ្ញាធរប៉ាឡេស្ទីន បានចុះហត្ថលេខាជាមួយអ៊ីស្រាអែល ហើយ​ដែលធ្លាប់ជាក្តីសង្ឃឹមនៃការឈានទៅ​កសាងសនិ្តភាព​ មុននឹងអ្វីៗត្រូវរលាយ​ក្លាយជាផេះ។

ចាប់ពីឆ្នាំ​២០០០ ក្រុមហាម៉ាស បានចាប់​ផ្តើម​ប្តូរយុទ្ធសាស្ត្រ ដោយបាន​បាញ់​គ្រាប់រ៉ូកែតចេញពីតំបន់​ហ្កាហ្សា ឆ្ពោះមកកាន់ទឹកដីអ៊ីស្រាអែល​។​ ក្រុមហាម៉ាស​កាន់តែ​មានសន្ទុះរឹងមាំឡើង នៅក្នុងអំឡុងពេល ចលនា Intifada លើក​ទី​២ នៅរវាង​ដើម​ទសវស្សឆ្នាំ​២០០០។

ធ្វើផ្គរធ្វើភ្លៀងតែម្នាក់ឯងនៅតំបន់ហ្កាហ្សា​

នៅឆ្នាំ​២០០៦ ចលនាហាម៉ាស បាន​ឈាន​ទៅ​ឈ្នះ​ក្នុង​ការ​បោះឆ្នោតសភាប៉ាឡេស្ទីន ជាមួយនឹងសំឡេងឆ្នោត៥៦%។ ជ័យជំនះនេះ បាន​ធ្វើឲ្យ​ក្រុមហាម៉ាសកាន់តែមានមោទនៈភាព ហើយ​បាន​បង្កើតឲ្យ​ការ​ប្រេះឆាកាន់តែខ្លាំងឡើង ជាមួយ​ក្រុមហ្វាតា ដែលជាអង្គភាពនយោបាយ​ដ៏សំខាន់​មួយទៀតរបស់ប៉ាឡេស្ទីន​។ សង្គ្រាម​ស៊ីវីល​ក៏​បានផ្ទុះឡើងរវាងចលនា​ប៉ាឡេស្ទីនទាំង២នេះ ហើយទីបំផុត ក្រុមហ្វាតា បានបង្ខំចិត្ត ចាកចេញ​ពីតំបន់​ហ្កាហ្សានៅឆ្នាំ​២០០៧ ដោយទុក​ឲ្យ​ក្រុមហាម៉ាសធ្វើ​ផ្គរធ្វើភ្លៀង គ្រប់គ្រងយ៉ាងផ្តាច់ការនៅតំបន់ហ្កាហ្សាតែម្នាក់ឯង តាំងតែពីពេលនោះមក​។

សមាជិក​ក្រុមហាម៉ាស រៀបចំឈុតឆាក បង្ហាញ​ប្រាប់​ប្រជាជនប៉ាឡេស្ទីនឲ្យយកគំរូតាម ដើម្បីវាយ​ប្រហារអ៊ីស្រាអែល។ តំបន់ខាងកើតក្រុងហ្សេរុយសាឡឹម ថ្ងៃទី ១៧ មេសា ២០០៤
សមាជិក​ក្រុមហាម៉ាស រៀបចំឈុតឆាក បង្ហាញ​ប្រាប់​ប្រជាជនប៉ាឡេស្ទីនឲ្យយកគំរូតាម ដើម្បីវាយ​ប្រហារអ៊ីស្រាអែល។ តំបន់ខាងកើតក្រុងហ្សេរុយសាឡឹម ថ្ងៃទី ១៧ មេសា ២០០៤ ASSOCIATED PRESS - MOHAMMAD BALLAS

គួររំលឹកថា ជម្លោះប្រដាប់អាវុធរវាង​ក្រុមហាម៉ាស និង​អ៊ីស្រាអែល ធ្លាប់​បានកើតឡើងច្រើនដឹងមកហើយ។ នៅឆ្នាំ​២០១៤ ភាគីទាំង​២បាន​ចុះកិច្ចបទឈប់បាញ់ជាមួយគ្នា ហើយ​កាលនោះ អ៊ីស្រាអែលគិតស្មានថា បានវាយ​បំផ្លាញសមត្ថភាពប្រយុទ្ធរបស់ក្រុមហាម៉ាសបានទាំងស្រុង។ តែតំបន់ហ្កាហ្សាទាំងមូល នៅតែស្ថិតក្នុងកណ្តាប់​ដៃរបស់​ក្រុមហាម៉ាសដដែល។ ស្រាប់តែនៅឆ្នាំ​២០២១ ប្រវត្តិសាស្ត្របានជាន់ដានម្តងទៀត ជាមួយនឹងការផ្ទុះសង្គ្រាម​សារជាថ្មី។ ក្រុមហាម៉ាស មិនត្រឹមតែមិនចុះខ្សោយទេ តែថែមទាំងមានសមត្ថភាពសព្វាវុធកាន់តែសំបូរបែប ជាមួយនឹងគ្រាប់រ៉ូកែតដ៏ច្រើនសន្ធឹក បាញ់ចូលកាន់តែជ្រៅ​ទៅក្នុងទឹកដីអ៊ីស្រាអែល​។ នៅឆ្នាំ​២០២១ ក្រុមហាម៉ាស មានសមាជិក​ដែលជាកងកម្លាំងប្រយុទ្ធ ចំនួន​ប្រមាណ​ ៤ម៉ឺននាក់។​

ប្រឈមនឹងកម្លាំងកើនឡើងរបស់​ក្រុមហាម៉ាសនេះ អ៊ីស្រាអែល បានប្រឹងប្រែងអភិវឌ្ឍន៍​ប្រព័ន្ធខែល​មីស៊ីល ដើម្បីការពារសុវត្ថិភាព។ តែយ៉ាងណា ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលគេតែងអួតសរសើរនេះ បានបង្ហាញចំណុចខ្សោយ​ កាលពី​ថ្ងៃសៅរ៍ទី​៧តុលាកន្លងទៅនេះ។ គ្រាប់រ៉ូកែតជាច្រើនរយគ្រាប់របស់ពួកហាម៉ាស បានរបូតហោះចូលទៅវាយ​កំទេចអគារជាច្រើនទីតាំង ក្នុងទឹកដី​អ៊ីស្រាអែល​។​

លក្ខណៈភូមិសាស្ត្រតំបន់ហ្កាហ្សា​

អស់រយៈពេល​១៦ឆ្នាំមកហើយ ដែលប្រជាជន​តំបន់ហ្កាហ្សាត្រូវរស់នៅ ក្នុង​កណ្តាប់ដៃដែក​របស់​ក្រុមហាម៉ាស។ មានទទឹង​ចន្លោះ ពី៦ ទៅ១២គីឡូម៉ែត្រ និង​បណ្តោយ​ប្រវែង​៤១គីឡូម៉ែត្រ​ តំបន់ហ្កាហ្សា​​មានផ្ទៃដី​ប្រមាណ​តែ​៣៦០គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ ពោលគឺ​ជា​ភូមិសាស្ត្រដ៏​តូចចង្អៀត។

នៅខាង​លិច តំបន់ហ្កាហ្សា បែរមុខជាប់​សមុទ្រម៉េឌីទែរ៉ាណេ នៅខាងជើង និង​ខាងកើត គឺជាប់អ៊ីស្រាអែល ហើយនៅ​ខាងត្បូង ជាប់ព្រំដែនអេហ្ស៊ីប។ ហ្កាហ្សា សឹងតែត្រូវកាត់ផ្តាច់ពីពិភពខាងក្រៅ ហើយជាពិសេសនោះ គឺនៅដាច់ឆ្ងាយ​ពី​ដែនដី​ប៉ាឡេស្ទីន មួយចំហៀងទៀត គឺតំបន់ស៊ីហ្សកដានី។ ហ្កាហ្សា មានច្រកចេញចូលតែ​៣ទីតាំងតែប៉ុណ្ណោះ គឺនៅខាងជើង ឈ្មោះ​ចំណុច Eretz ជាមួយអ៊ីស្រាអែល ខាងត្បូងឈ្មោះចំនុច Kerem Shalom ជាមួយអ៊ីស្រាអែលដែរ និង​ចំនុចមួយទៀត​ឈ្មោះ Rafah ជាមួយអេហ្ស៊ីប​។

មាន​​ប្រជាជន​សរុប ប្រមាណ​២លាន​៣សែននាក់ តំបន់ហ្កាហ្សាមានដង់ស៊ីតេប្រជាជន ដល់ទៅជាង ៥០០០​នាក់​ក្នុងមួយគីឡូម៉ែត្រការ៉េ។ ពោលគឺជាតំបន់ ដែលមានមនុស្ស​រស់នៅណែនណាន់តាន់តាប់។ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា សំបូរយុវជនក្មេងៗ ដែល​អាយុជាមធ្យម គឺ​២១ឆ្នាំ​។ ២ភាគ៣ នៃប្រជាជនទាំងអស់ គឺមាន​នឈ្មោះជា​ជនភៀសខ្លួន។ កត្តាជីវភាពវិញ គឺក្រីក្រណាស់ ព្រោះថាតំបន់ហ្កាហ្សា ពុំមាន​ភោគផល​ធនធានធម្មជាតិ​អ្វីឡើយ ក្រៅតែពីការនេសាទនៅក្នុងសមុទ្រ​។ បិទខ្ទប់ គ្មានទំនាក់ទំនងជាមួយពិភពខាងក្រៅ គឺមានតែក្រុមហាម៉ាសតែមួយគត់ ដែលគ្រប់គ្រងអំណាច​ និងធ្វើព្យុះធ្វើភ្លៀង នៅក្នុងតំបន់ហ្កាហ្សា។​

ផែនទីតំបន់ហ្កាហ្សា
ផែនទីតំបន់ហ្កាហ្សា (Carte : Rovensky/RFI)

ហាម៉ាសជាក្រុមភេរវកម្ម ឬក៏ជាតំណាងស្របច្បាប់នៃចលនារំដោះប៉ាឡេស្ទីន?

ការទទួលស្គាល់ ឬការចាត់ទុកក្រុមហាម៉ាស គឺមានការប្រែប្រួល មិនដូចគ្នាទេ។ សម្រាប់អ៊ីស្រាអែល ក៏ដូចជាក្រុមប្រទេសលោកខាងលិច ជាក់ស្តែង សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម គឺក្រុមហាម៉ាសជាក្រុមភេរវកម្ម​។ ចំណែក​អាហ្ស៊ីបវិញ ចាត់ទុក​កងកម្លាំង Izz al-Din al-Qassam ដែលមែកធាងប្រដាប់អាវុធរបស់​ក្រុមហាម៉ាស ថាជាក្រុមភេរវកម្ម​ ព្រោះកងកម្លាំងនេះមានទំនាក់ទំនង ជាមួយ​ពួកចលនា​ជីហាត​ស៊ូនីត នៅតំបន់ស៊ីណៃរបស់អេហ្ស៊ីប។

ដោយឡែក ក្រុមហាម៉ាសខ្លួនឯង មើលក្នុងកញ្ចក់ឃើញខ្លួនឯង ថាជា​ចលនាដ៏ស្របច្បាប់បំផុត តំណាងឲ្យ​ប្រជាជនប៉ាឡេស្ទីន។ ភាពស្របច្បាប់ដែល​កាន់តែរឹងមាំ ក្រោយជោគជ័យក្នុងការបោះឆ្នោត​ឆ្នាំ​២០០៦។ តែតាំងពីនោះមក ការបោះឆ្នោតមិនត្រូវបានគេរៀបចំទៀតឡើយ នៅតាមដែនដី​ប៉ាឡេស្ទីន មិនថានៅ​ហ្កាហ្សា ឬនៅស៊ីហ្សកដានី។​ ក្រុមហាម៉ាសប្រកាសថា ការរំដោះប្រជាជនប៉ាឡេស្ទីន គឺជា​បុព្វហេតុដ៏ធំ និងជាកាតព្វកិច្ចខ្លួន​ក្នុងនាមជាអ្នកកាន់សាសនាអ៊ីស្លាម​។ ហើយបុព្វហេតុនេះ មានការជួយទំនុកបម្រុងគាំទ្រ ពីបណ្តាប្រទេសអ៊ីស្លាម​មួយចំនួន តួយ៉ាង កាតាដែលជួយ​ផ្តល់ប្រាក់រាប់រយលានដុល្លារជារៀងរាល់ឆ្នាំ និងក្រោយមកមានអ៊ីរ៉ង់ ដែលជួយជាគ្រឿងសព្វាវុធ ដើម្បីវាយ​ប្រហារអ៊ីស្រាអែល។ អាវុធរបស់អ៊ីរ៉ង់ ត្រូវបានបញ្ជូនចូល​ទៅតំបន់ហ្កាហ្សា តាមបណ្តាញសំងាត់ នៅតាមរូងក្រោមដី​នៅភាគខាងត្បូង​។

ក្នុងក្របខណ្ឌគោលនយោបាយ​ផ្ទៃក្នុងវិញ ក្រុមហាម៉ាស មានទំនោរចង់បង្កើតរដ្ឋអំណាចផ្តាច់ការ ឈរច្បាប់កំពូលនៃសាសនាអ៊ីស្លាម។ ការរំលោភបំពានសិទ្ធិមនុស្ស ត្រូវបានគេរាយការណ៍ជារឿយៗ តួយ៉ាង ការចាប់ឃាត់ខ្លួន អំពើទារុណកម្ម ការប្រហារជីវិតក្រៅប្រព័ន្ធច្បាប់ ការបំបិទសិទ្ធិសេរីភាពបញ្ចេញ​មតិ និងសេរីភាពសារព័ត៌មានជាដើម។ល។ ជាងនេះទៀត ក្រុមហាម៉ាស ត្រូវបានគេចោទជាញឹកញាប់ ថាបានប្រើ​ប្រាស់ប្រជាជនស៊ីវីល ជាក់ស្តែង គឺកុមារ ដើម្បីធ្វើជាខែលការពារ​អគារ​ និងទីកន្លែងលាក់ខ្លួន ពីការ​បាញ់​មីស៊ីលរបស់​អ៊ីស្រាអែល​។ ក្រុមហាម៉ាសមិនត្រឹមតែមិនបដិសេធទេ ថែមទាំងបានអះអាងថា “គ្រប់មធ្យោបាយទាំងអស់គឺវាសក្តិសម ដើម្បី​ឈានទៅសម្រេចបុព្វហេតុចំបង គឺការកំទេចអ៊ីស្រាអែល​”។

កុមារប៉ាឡេស្ទីន រៀនសរសសេរអក្សរ នៅក្បែរគំនរបាក់បែក នៅក្បែរចំណុច Rafah ខាងត្បូងតំបន់ហ្កាហ្សា ថ្ងៃទី៦ មករា ២០០៩
កុមារប៉ាឡេស្ទីន រៀនសរសសេរអក្សរ នៅក្បែរគំនរបាក់បែក នៅក្បែរចំណុច Rafah ខាងត្បូងតំបន់ហ្កាហ្សា ថ្ងៃទី៦ មករា ២០០៩ ASSOCIATED PRESS - Kevin Frayer

តើស្ថានភាពសេដ្ឋកិច្ចតំបន់ហ្កាហ្សា លំបាក​កម្រិតណា?

ជាច្រើនឆ្នាំមកហើយ ដែល​តំបន់ហ្កាហ្សា ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ។ វាគឺជាលទ្ធផល នៃភាពជោគជ័យកាន់តែរីកធំ របស់​ក្រុមហាម៉ាសផង និងជា​បរាជ័យរបស់ក្រុមនេះផង ដែល​គ្មានសមត្ថភាពស្រោចស្រង់ជីវភាពរបស់​ប្រជាជន​ប៉ាឡេស្ទីន​។ ប្រ​ជាជន​តំបន់ហ្កាហ្សា មានចំណូលប្រចាំថ្ងៃ ក្រោម​២ដុល្លារក្នុងមួយថ្ងៃ ពោលគឺទាបជាង​ប្រជាជនប៉ាឡេស្ទីននៅតំបន់ស៊ីហ្សកដានី ១ជា២ដង​។

ពី១ឆ្នាំទៅ១ឆ្នាំ ប្រជាជនតំបន់ហ្កាហ្សា មានអារម្មណ៍ខ្លួនត្រូវបានសហគមន៍អន្តរជាតិ និង​បណ្តាប្រទេសអារ៉ាប់​ផ្សេងទៀត​បំភ្លេចចោល ជាពិសេសក្រោយការ​ការខិតចូលកៀកគ្នា រវាង​អ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់មួយចំនួន​​ តាមរយៈកិច្ចព្រមព្រៀងAbraham។ អត្រាអ្នកអត់ការងារធ្វើនៅតំបន់ហ្កាហ្សា មាន​ដល់ទៅ​៥០%។ ចរន្តអគ្គីសនី​ ត្រូវកាត់ផ្តាច់ជាញឹកញាប់ បរិមាណទឹកស្អាតប្រើប្រាស់ ក៏មានកំណត់​។ វិបត្តិកូវីដ​១៩ បានផ្ទុះឡើង បន្ថែមការលំបាកទ្វេរដងដល់​ប្រជាជននៅហ្កាហ្សា។

ក្រុមការងារមនុស្សធម៌នៃអង្គការសហប្រជាជាតិ ជាក្តីសង្ឃឹម និងបង្អែក​ដ៏សំខាន់បំផុត សម្រាប់ប្រជាជន​នៅហ្កាហ្សា។ ក្រៅពីការនេសាទ ហ្កាហ្សា គ្មានធនធានអ្វីទាំងអស់។ ហើយការនេសាទទៀតសោត ត្រូវបាន​អាជ្ញាធរអ៊ីស្រាអែល ដាក់កំហិត និង​រារាំង​ជាបន្តបន្ទាប់។ ទាំងអ៊ីស្រាអែល ទាំងអេហ្ស៊ីប គឺបានអនុវត្តគោលនយោបាយបិទខ្ទប់សេដ្ឋកិច្ច ទៅលើតំបន់ហ្កាហ្សា ដើម្បីដាក់សំពាធលើ​ក្រុមហាម៉ាស។

ស្ថានការណ៍​នេះ បាន​ចិញ្ចឹម​បំប៉ននូវសេចក្តីឈឺចាប់ និងទឹកចិត្តខឹងក្រេវក្រោធ របស់ពពួកសមាជិក​ក្រុមហាម៉ាស។​ តែទន្ទឹមគ្នានេះ ស្ថានការណ៍លំបាកនេះ ក៏គឺជាលទ្ធផលនៃ​កង្វះសមត្ថភាពគ្រប់គ្រង​ របស់ក្រុមហាម៉ាសខ្លួនឯងដែរ។ គឺក្រុមហាម៉ាសខ្លួនឯង ដែលពុករលួយ បក្សពួកនិយម ប្រមូលប្រាក់​ចែកចាយ​តែ​ក្រុមគ្នាឯង មិនគិតប្រឹងប្រែងកសាង​អភិវឌ្ឍន៍សេដ្ឋកិច្ច​នៃតំបន់ហ្កាហ្សា។ សេដ្ឋកិច្ចតំបន់ហ្កាហ្សា រស់​បាន​ដោយសារតែការ​ជួញដូររត់ពន្ធ ផ្លូវងងឹតនៅ​ច្រកRafah ជាមួយអេហ្ស៊ីប។ ប្រទេសកាតា គឺជាអ្នកទំនុកបំរុងចិញ្ចឹមក្រុមហាម៉ាស ដោយផ្តល់​ប្រាក់​ច្រើនរយលានដុល្លារក្នុងមួយឆ្នាំ ព្រោះថា​កាតានិង​ហាម៉ាស មានទំនោរមនោគមន៍វិជ្ជាដើរតាមក្រុមភាតរៈអ៊ីស្លាមដូចគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ