អានតួអត្ថបទ
ម៉ាលី

កិច្ច​ព្រមព្រៀង​សន្តិភាព​នៅ​ម៉ាលី ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ក្រុង​អាល់ហ្ស៊េ

ក្រុម​ពហុភាគី​ដែល​ចរចា​គ្នា ​ស្តីពី​សន្តិភាព​នៅ​ម៉ាលី ​ដោយ​មាន​ប្រទេស​អាល់ហ្ស៊េរី​ ​ជា​អាជ្ញា​កណ្តាល ​បាន​យល់ស្រប​គ្នា​ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព ​បន្ទាប់​ពី​ចំណាយ​ពេល​អស់ ​៨ខែ។ ទោះ​បី​ជា​យ៉ាងណា ​នៅ​មាន​ភាគី​តំណាង​ក្រុម​ឧទ្ទាម​មួយ​ចំនួនទៀត ​ពុំទាន់​បាន​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ទេ ​ដោយ​សុំ​យក​ពេល​ទៅ​ពិចារណា ​និង​ស្វែងរក​ការ​គាំទ្រ​ ឲ្យ​បាន​ច្រើន​ពី​ក្រុម​ខ្លូន។ លោក ​ប្រមុខ​ការទូត​អាល់ហ្ស៊េរី បាន​សម្តែង​សុទិដ្ឋិនិយម​ថា មិន​យូរ​មិន​ឆាប់ ​គ្រប់គ្នា​នឹង​ព្រម​ទទួល​យក​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ ​ព្រោះ​នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់ ​ដើម្បី​ផ្សះផ្សារ​ប្រទេស​ម៉ាលី​ឡើង​វិញ។

ក្រុមអ្នក​តស៊ូ MNLA ថត​នៅថ្ងៃ ១៣ ខែ កុម្ភៈ ២០១៥ ក្បែរ​តំបន់ Tabankort ប្រទេស​ម៉ាលី
ក្រុមអ្នក​តស៊ូ MNLA ថត​នៅថ្ងៃ ១៣ ខែ កុម្ភៈ ២០១៥ ក្បែរ​តំបន់ Tabankort ប្រទេស​ម៉ាលី REUTERS/Souleymane Ag Anara
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​ដែល ​ប្រឈម​មុខ​ដាក់​គ្នា​រវាង ​ក្រុម​ឧទ្ទាម​ដែល​តំណាង​ឲ្យ​ជនជាតិ​ភាគតិច​ជា​ច្រើន​ក្រុម ​បាន​ទាញ​ប្រទេស​ម៉ាលី ​ឲ្យ​ធ្លាក់​ចូល​ភ្លើង​សង្គ្រាម​ស៊ីវីល​ យ៉ាង​ធ្ងន់ធ្ងរ។ ទាហាន​បារាំង​បាន​ធ្វើ​អន្តរាគមន៍ ​ដោយ​បាន​វាយ​បង្រ្កាប​ក្រុម​ឧទ្ទាម​អាល់កាយអ៊ីដា​ នៅ​ភាគ​ខាងជើង​ម៉ាលី។

 
ក្រុម​ចរចា​ទាំង៦​ភាគី ​បាន​ចាប់ផ្តើម​ជួប​ប្រជុំ​គ្នា​ ស្វែងរក​ដំណោះ​ស្រាយ​សន្តិភាព ​ដោយ​មាន​អន្តរាគមន៍​ពី​សំណាក់​អាល់ហ្ស៊េរី។ ការ​ចរចា​គ្នា​យ៉ាង​លំបាក ​ដែល​បាន​ចំណាយ​ពេល​អស់​៨ខែ​មកហើយ ​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ទី ១ មិនា នេះ ​ដោយ​បាន​ត្រូវ​រូវ​គ្នា ​ព្រម​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ ​ដែល​គេ​ដាក់​ឈ្មោះ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព ​និង​ផ្សះផ្សារ​ជាតិ​ម៉ាលី។ ទោះ​បី​ជា​យ៉ាងណា ​កិច្ច​ព្រមព្រៀង​នេះ ​នៅ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​ ដោយ​ក្រុម​សហប្រតិបត្តិការ​ចលនា​អាហ្សាវាដ ដែល​ជា​ភាគីមួយ ​ក្នុង​ចំណោម​ភាគី​ទាំង​៦​ នៅ​ឡើយ​ទេ។ ក្រុមនេះ ​បាន​សុំ​យក​ពេល​បន្ថែម​ទៀត​ ដើម្បី​ស្វែងរក​ការ​គាំទ្រ ​និង​យល់ព្រម​ របស់​ក្រុម​ខ្លួន ​ព្រោះ​ថា​ក្រុម​នេះ ជា​សម្ព័ន្ធ​​ដែល​មាន​បក្សពួក​ច្រើន​ទៀត។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបទេស​អាល់ហ្ស៊េរី ​បាន​ថ្លែង​ថា ​ការ​ដែល​មាន​ភាគី​មួយ  ​មិន​ទាន់​ចុះ​ហត្ថលេខា​នេះ ​មិនមែន​មាន​ន័យថា​ភាគី​នេះ​ទាត់​ចោល​កិច្ច​ព្រមព្រៀង​នេះ​ទេ។ គេ​គ្រាន់​តែ​យក​ពេល​ទៅ​ពិចារណា ​នឹង​បញ្ចុះបញ្ចូល​ផ្ទៃ​ក្នុង​គ្នា​គេ ​មុន​នឹង​សម្រេច​យល់ព្រម​ចុះ​ហត្ថលេខា។ លោកថា ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​​ភាគី​ទាំងអស់​ នឹង​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ ​នៅ​ក្រុង​បាម៉ាកូ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ដូចគ្នា​ដែរ លោក ឡូរង់ ហ្វាប៊ីយូស ​រដ្ឋមន្រ្តី​ការបរទេស​​បារាំង ​បាន​ថ្លែង​ថា​នេះ​ជា​ដំណឹង​ល្អ ​​ហើយ​លោក​អំពាវនាវ​ ឲ្យ​គ្រប់​ភាគី​ គោរព​ទៅតាម​អ្វី​ដែល​បាន​ចែង ក្នុង​កិច្ច​ព្រមព្រៀង ​ដើម្បី​នាំ​សន្តិភាព ​និង​ការ​បង្រួបបង្រួម​ជាតិ​នៅ​ម៉ាលី ​ត្រឡប់​មកវិញ។

តាម​ការ​ផ្តល់​ដំណឹង ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​នេះ ​មាន​ខ្លឹមសារ​ជា​រួម សំដៅ​បង្រួបបង្រួម​គ្នា​ ដោយ​ឈរ​លើ​បូរណភាព​ទឹកដី ម៉ាលី តែមួយ ​ពោល​គឺ​គ្មាន​ការ​បែងចែក ​ចេញ​ជា​តំបន់​ស្វ័តយ័ត​ឯករាជ្យ ​សំរាប់​ជនជាតិ​ផ្សេងៗគ្នា​នោះ​ទេ។ ក្រុម​ជនជាតិ​ទាំងអស់ ​ត្រូវតែ​រួមរស់​ជា​មួយ​គ្នា​ ដោយ​សុខសន្តិភាព ​ស្រលាញ់​រាប់អាន​គ្នា​ ដូច​បងប្អូន​តែមួយ ​ក្រោម​ដំបូល​ប្រទេស​តែ​មួយ គឺ​សាធារណៈរដ្ឋម៉ាលី ​​ដោយ​មិនយក​និន្នការ​សាសនា​ មក​ចោទ​ជា​ជម្លោះ​ទៀត​ឡើយ។

កិច្ច​ព្រមព្រៀង​នេះ ​ក៏​បាន​ចែង​ផងដែរ ​ថា​នឹង​បង្កើត​ជាសភា​ តំណាង​ឲ្យ​តំបន់​នីមួយៗ ​ដែល​ជ្រើសតាំង​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី​យុត្តិធម៌ ​ហើយ​នឹង​ធ្វើ​យ៉ាងណា ​ឲ្យ​គ្រប់​ភាគី​ទាំងអស់ ​មាន​អ្នក​តំណាង​របស់​ខ្លួន ​សមាមាត្រ​ទៅ​តាម​ចំនួន​ប្រជាជន ​ជា​ពិសេស​ ​ប្រជាជន​នៅ​ភាគ​ខាង​ជើង។ ចំណែក​កង​ទាហាន​ពី​គ្រប់​ភាគី​ ​នឹងត្រូវ​ធ្វើ​សមាហរណកម្ម ​ចូល​ជា​មួយ​ទាហាន​ជាតិ​ម៉ាលី​តែមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ