អានតួអត្ថបទ
ចិន-ម៉ាលី

លោកប្រធានាធិបតី​ម៉ាលី​ត្រឡប់​ពី​ចិន​វិញ​ជាមួយ​នឹង​កាដូ​ពេញដៃ

នៅ​ថ្ងៃ​សៅរិ៍ ទី១៣ កញ្ញា​នេះ លោក​ប្រធានាធិបតី​ម៉ាលី​អ៊ីប្រាហ៊ីម ប៊ូបាការ កេតា​ទើប​បាន​ត្រឡប់​ដល់​ប្រទេស​វិញ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ចូល​រួម​នៅ​ក្នុង​អង្គ Forum សេដ្ឋកិច្ច​ពិភពលោក​រៀបចំ​នៅ​ក្នុង​ស្រុក​ជំាងយីន​ក្នុង​សប្តាហ៍​នេះ។ នេះ​ជា​លើកទី១ ដែល​មាន​ប្រធានាធិបតី​ម៉ាលី​ម្នាក់​បាន​ដាក់ជើង​ជាន់​ប្រទេស​ចិន។ គឺ​នៅ​ក្នុង​ក្រៅ​ក្របខ័ណ្ឌ​នៃ អង្គ Forum សេដ្ឋកិច្ច​ពិភពលោក​ដែល​ចិន និង​ម៉ាលី​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា។ មាន​កិច្ចព្រមព្រៀង​ជា​ច្រើន​ដែល​ម៉ាលី និង​ចិន​បាន​ចុះ​ហត្ថលេខា និង​ដែល​ចិន​បាន​ឲ្យ​កាដូ​ម៉ាលី​យ៉ាង​ច្រើន​សម្បើម។

លោក​ប្រធានាធិបតី​ម៉ាលី អ៊ីប្រាហ៊ីម ប៊ូបាការ កេតា និង​លោក​​នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង
លោក​ប្រធានាធិបតី​ម៉ាលី អ៊ីប្រាហ៊ីម ប៊ូបាការ កេតា និង​លោក​​នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង REUTERS/Wang Zhao/Pool
ផ្សាយពាណិជ្ជកម្ម

 

ពិតមែន​តែ​លោក​ប្រធានាធិបតី​ម៉ាលី អ៊ីប្រាហ៊ីម ប៊ូបាការ កេតា​បាន​ចាកចេញ​ពី​ប្រទេស​ចិន​បាត់​ទៅ​ហើយ​ក្តី ក៏​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​របស់​លោក​បាន​បន្សល់​ទុក​នូវ​សក្ខីកម្ម​មួយ​មិន​អាច​សាបសូន្យ​នៅ​ក្នុង​កិច្ចសហប្រតិបត្តិ​រវាង​ប្រទេស​ទំាង​ពីរ ចិន ម៉ាលី។ ចិន និង​ម៉ាលី​ដែល​គ្មាន​នរណា​ម្នាក់​ខក​ចិត្ត​ឡើយ ហើយ​អ្នក​ដែល​ត្រេកត្រអាល ញញឹម​បិទមាត់​មិន​ជិត​នោះ គឺ​លោក អ៊ីប្រាហ៊ីម ប៊ូបាការ កេតា​តែ​ម្តង។ នេះ​ក៏​ដោយសារ​ថា លោក​អ៊ីប្រាហ៊ីម ប៊ូបាការ កេតា​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​ជាមួយ​នឹង​កាដូ​របស់​ចិន​ពេញ​ដៃ។ មិនមែន​ជា​កាដូ​សម្រាប់​រូប​លោក​ផ្ទាល់​ទេ តែ​ជា​កាដូ​ដែល​ចិន​បាន​ផ្តល់​ឲ្យ​ប្រទេស​ម៉ាលី ក្នុង​នោះ ប្រាក់​ជំនួយ​ផ្លូវការ​គ្មាន​សំណង និង​គ្មាន​លក្ខខណ្ឌ​ជាង ៣០លានដុល្លារ និង ប្រាក់កម្ចី​គ្មាន​ការប្រាក់​ជិត ១៥លានដុល្លារ​ផ្សេង​ទៀត។

វា​មិន​ខុស​អ្វី​នឹង​សុភាសិត​មួយ​ចែង​ថា « មាន​ទៅ មាន​មក » នោះ​ទេ ព្រោះ​ថា ទន្ទឹម​នឹង​ហោប៉ៅ​របស់​លោក​ប្រមុខរដ្ឋ​ម៉ាលី​ដាក់​ពេញ​ដោយ​លុយ​ដុល្លារ​របស់​ចិន ទីក្រុង​ប៉េកំាង​ក៏​ទទួល​បាន​ត្រឡប់​វិញ​ពី​ទីក្រុង​បាម៉ាកូ​នូវ​កិច្ចព្រមព្រៀង​ជា​ច្រើន​សម្រាប់​ក្រុមហ៊ុន​ចិន​ធ្វើ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ម៉ាលី រួម​មាន​នៅ​ក្នុង​វិស័យ​ថាមពល រ៉ែ ឬ​មួយ​ក៏​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ម៉ាលី​ជា​ដើម។ ជាក់ស្តែង ទី១ ការ​សាងសង់​ផ្លូវដែក​ដែល​ត ភ្ជាប់​ពី​ទីក្រុង​បាម៉ាកូ ប្រទេស​ម៉ាលី ទៅ​កាន់​ទីក្រុង​កូណាគ្រី ប្រទេស​ហ្គីណេ ទី២ ការ​សាងសង់​ស្ពានថ្មី​ឆ្លង​កាត់​ទន្លេ​នីហ្សេ​ក្នុង​ស្រុក​សេហ៊្គូ ទី៣ ការ​សាងសង់​ផ្លូវ​ជា​ច្រើន​ដែល​ត​ភ្ជាប់​រវាង​ស្រុក​នានា​ស្ថិត​ប៉ែក​ខាងជើង ឬមួយ​ក៏​ការ​សាងសង់​កំពុងផែ​ថ្មី​ចំនួន ៧កន្លែង ។ល។ និង​។ល។

ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ចិន​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ម៉ាលី​ចំនួន ៦០០នាក់​សម្រាប់​រយៈពេល​សិក្សា ៣ឆ្នំា។ ដូច្នេះ វា​ពិត​ជា​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ចិន​កំពុង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទ្វីបអាហ្រ្វិក​ពេល​នេះ ព្រោះ​វា​ជា​ដែនដី​មួយ​ដែល​ចិន​ត្រូវ​ការ​ដោយ​ខាន​មិន​បាន​ដើម្បី​បង្កើន​សក្តានុពល​របស់​ខ្លួន​នៅ​ក្នុង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ការទូត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ