អានតួអត្ថបទ
ទុយនីស៊ី

រដ្ឋអំណាច​ទុយនីស៊ីថ្មី​ត្រូវប្រឈម​មុខទល់​នឹង​ជម្រើស​មាគ៌ា​នយោបាយ​ដ៏ស្មុគស្មាញ​

នាយករដ្ឋមន្ត្រី​និង​ប្រធានាធិបតី​ស្ដីទី​បាន​ប្រកាស​ឲ្យដឹង​កាលពី​ ថ្ងៃអង្គារ​ទី១៨មករា​ម្សិលមិញ​ពី​ការ​លាចាក​ចេញ​ពី​គណបក្ស​RCD ឬ​បក្ស​ប្រមូល​ផ្តុំ​រដ្ឋធម្មនុញ្ញ​ប្រជាធិបតេយ្យ​របស់​អតីត​ប្រធានាធិបតី​ ទុយនីស៊ី​បិន​ អាលី។​ រីឯ​បក្ស​RCD​វិញ​បាន​ប្រកាស​ឲ្យ​ដឹងថា​ គេ​បាន​បណ្តេញ​សហការី​របស់​គេ​៦នាក់​ចេញ​ពី​គណបក្ស។​ ទាំងនេះ​ក្នុង​គោលបំណង​ដើម្បី​រំងាប់​កំហឹង​របស់​ប្រជាជន​ទុយនីស៊ី។​ ហើយ​នៅ​ពេល​មុននេះ​ រដ្ឋមន្ត្រី​ទុយនីស៊ី​បួនរូប​ដែល​ជា​និមិត្តរូប​នៃ​”​ការ​បើកចំហ​”​របស់​ រដ្ឋាភិបាល​បាន​លាចាក​ចេញ​ពី​មុខ​តំណែង​ ​ ដែល​នៅពេល​ទន្ទឹមគ្នា​នេះ​ មាន​ប្រជាជន​​ទុយនីស៊ី​រាប់ម៉ឺន​នាក់​បាន​នាំគ្នាចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ សម្តែង​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​រដ្ឋធានី​ទុយនីស​និង​នៅតាម​ទីក្រុង​ សំខាន់ៗ​ជាច្រើន។​ ដូច្នេះ​ តើ​លោក​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ទុយនីស៊ី​អាច​ ធ្វើ​សម្បទាន​អ្វីខ្លះ​ដើម្បី​ជួយ​រំងាប់​កំហឹង​របស់​ប្រជា​ជន​ទុយនីស៊ី? 

លោក​Fouad Mebazzaa​​ ប្រធានាធិបតី​​​ស្តីទី​​​ទុយនីស៊ី ​​(ខាងឆ្វេង)​និង​​លោក​ Mohammed​ Ghannouchi​​ នាយក​​រដ្ឋមន្ត្រី​​​នៃ​​​រដ្ឋាភិបាល​​​បង្រួប​បង្រួម​​​ជាតិ​​​
លោក​Fouad Mebazzaa​​ ប្រធានាធិបតី​​​ស្តីទី​​​ទុយនីស៊ី ​​(ខាងឆ្វេង)​និង​​លោក​ Mohammed​ Ghannouchi​​ នាយក​​រដ្ឋមន្ត្រី​​​នៃ​​​រដ្ឋាភិបាល​​​បង្រួប​បង្រួម​​​ជាតិ​​​ © Fethi Belaid/ AFP
ផ្សាយពាណិជ្ជកម្ម

06:41

បទវិភាគរបស់​ សៀក សារិន

ការលាចាក​ចេញពី​មុខតំណែង​នៃ​រដ្ឋមន្ត្រី​បីរូប​ដែល​ចេញពី​សហជីព​UGTT ឬ​សហជីព​នៃ​សហភាព​ទូទៅ​នៃ​ពលករ​ទុយនីស៊ី​ ​ ហើយនិង​ការ​លាចេញ​បណ្តោះ​អាសន្ន​របស់​លោក​Mustapha Ben Jaâfar​ដែលជា​មេដឹកនាំ​នៃ​Forum​ប្រជាធិបតេយ្យ​ដើម្បី​ការងារ​និង​សេរីភាព​បាន​ធ្វើឲ្យ​ជំហរ​របស់​លោក​Mohammed Ghannouchi នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ទុយនីស៊ី​ស្គាល់​ភាព​ឃ្លេងឃ្លោង​។ ​លោក​នាយករដ្ឋមន្ត្រី​Mohammed Ghannouchi ​ដែល​កំពុង​ខិតខំ​ស្វះស្វែង​រក​ឯកភាពជាតិ។​ ក៏​ប៉ុន្តែ​ លោក​Mohammed Ghannouchi​ហាក់​ដូចជា​មាន​ការ​លំបាក​ច្រើន​នឹង​រក​មធ្យោបាយ​សម្រាប់​ធ្វើការ​ដោះ​ស្រាយ។

 
នៅពេល​ដែល​ប្រជាជន​ទុយនីស៊ី​បាន​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​យ៉ាង​គគ្រឹក​គគ្រេង​ដើម្បី​បណ្តេញ​អតីត​ប្រធានាធិបតី​បិន​ អាលី​ឲ្យ​ចាកចេញ​ពី​មុខ​តំណែង​ ​ ហ្វូង​បាតុករ​ទុយនីស៊ី​បាន​បញ្ជូន​”​សារ​”​មួយ​យ៉ាង​ជាក់ច្បាស់​ប្រាប់​ទៅ​អ្នក​ដឹកនាំ​ទុយនីស៊ី​ថា​ គេ​ពុំត្រូវ​ការ​ទៀតឡើយ​របប​ដឹកនាំ​ប្រទេស​របស់​បិន​ អាលី។​ ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​អ្នកដឹកនាំ​ទាំងនោះ​ពុំ​ឮ​សម្រែក​របស់​ប្រជាជន​ទុយនីស៊ី​ ហើយបែរ​ទៅជា​រក្សា​ទុក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​បិន​ អាលី​ឲ្យ​នៅ​កាន់កាប់​មុខតំណែង​ដដែល។​ គឺ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​បិន​ អាលី​នេះ​ឯង​ដែល​បាន​ចេញ​បញ្ជា​ឲ្យ​វាយ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ទៅលើ​បាតុករ​ទុយនីស៊ី​ដែល​ទាមទារ​សិទ្ធិ​សេរីភាព​និង​ទាមទារ​យុត្តិធម៌។

ដូច្នេះ​បច្ចុប្បន្ននេះ​ អ្វី​ដែល​សំខាន់​បំផុត​គឺ​ លោក​Mohammed Ghannouchi នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ទុយនីស៊ី​ត្រូវតែ​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ប្រជាជន​ទុយនីស៊ី​មាន​ទំនុកចិត្ត​កក់ក្តៅ​ឡើងវិញ​ ​ ដោយ​ត្រូវ​ចាត់​វិធានការ​សំខាន់ៗ​ស្រប​តាម​ការ​ទាម​ទារ​របស់​បាតុករ​មាន​ដូចជា៖​
-ការ​រំលាយ​ចោល​ជា​បន្ទាន់​គណបក្ស​RCD ឬ​បក្ស​ប្រមូល​ផ្តុំ​រដ្ឋ​ធម្មនុញ្ញ​ប្រជាធិបតេយ្យ​របស់​អតីត​ប្រធានាធិបតី​ទុយនីស៊ី​បិន​ អាលី។
-ឬ​ការ​រៀបចំ​ឲ្យ​មានឡើង​នូវ​រដ្ឋាភិបាល​ទុយនីស៊ី​ថ្មី​មួយ​ដែល​កាត់​ផ្តាច់​ខ្លួន​ទាំងស្រុង​ចេញពី​អតីត​រដ្ឋាភិបាល​របស់​បិន​អាលី។

គួរកត់​សម្គាល់ថា​ ​ មកទល់​ពេលនេះ​ ​ លោក​Mohammed Ghannouchi នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ទុយនីស៊ី​បាន​ធ្វើ​សម្បទាន​តែ​មួយគត់​គឺ​ការ​លាចាក​របស់​លោក​ ចេញ​ពី​គណបក្ស​RCD ឬ​បក្ស​ប្រមូល​ផ្តុំ​រដ្ឋ​ធម្មនុញ្ញ​ប្រជាធិបតេយ្យ​កាលពី​ល្ងាច​ថ្ងៃអង្គារ​ម្សិល​មិញ​អនុលោម​តាម​កិច្ចសន្យា​ដែល​ចែងថា​ មាន​ការ​ខ័ណ្ឌចែក​ដាច់ពី​គ្នា​រវាង​”​រដ្ឋ​”​និង​”​គណបក្ស​នយោបាយ​”។ ​ចំណែកឯ​លោក​Fouad Mebazzaa ប្រធានាធិបតី​ស្តីពី​ទុយនីស៊ី​ក៏​ធ្វើ​ដូច​គ្នា​អ៊ីចឹង​ដែរ។

នៅ​ចំពោះមុខ​ស្ថានការណ៍​នយោបាយ​នៅ​ទុយនីស៊ី​បែបនេះ​ ​ សហរដ្ឋ​អាមេរិក​តាមរយៈ​លោក​Philip Crowley អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​បាន​ថ្លែង​កាលពី​​ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញថា​ “​ការ​វិវឌ្ឍន៍​ប្រែប្រួល​នៅ​ប្រទេស​ទុយនីស៊ី​ត្រូវតែ​មាន​លក្ខណៈ​ធំ​ទូលាយ​និង​មាន​លក្ខណៈ​ស៊ីជម្រៅ​​ ហើយ​រដ្ឋាភិបាល​ត្រូវតែ​រិះរក​មធ្យោបាយ​ធ្វើ​ការចរចា​ជាមួយ​គ្រប់​ស្រទាប់​សង្គម​ទុយនីស៊ី​”​។

រដ្ឋមន្ត្រី​ដែល​តំណាង​សហជីព​UGTT ​បាន​លាចាក​ចេញ​ពី​មុខ​តំណែង​យ៉ាង​ដូច្នេះ​ ​ មកពី​ពួកគេ​យល់ថា​ “​ គេ​គ្មាន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​នឹង​ចូល​រួបរួម​សហការ​ជាមួយ​រដ្ឋាភិបាល​មួយ​ដែល​គ្មាន​ផ្តល់​ទំនុកចិត្ត​កក់ក្តៅ​គ្រប់គ្រាន់​ឲ្យ​ប្រជាជន​ទុយនីស៊ី​ក្នុង​ការ​ស្វែង​រក​អភិក្រម​ឈាន​ទៅរក​លទ្ធិ​ប្រជាធិបតេយ្យ​”។

ហើយ​រដ្ឋមន្ត្រី​ដែល​តំណាង​សហជីព​UGTT ​បាន​ថ្លែង​បញ្ជាក់​ទៀតថា​ ​ “​គេ​នឹង​ចូល​រួបរួម​ជាមួយ​រដ្ឋាភិបាល​ ​ លុះត្រាតែ​សមាជិក​នៃ​រដ្ឋាភិបាល​នោះ​ជា​ឥស្សរជន​ដែល​គ្មាន​ជាប់​ទាក់ទិន​ឬ​ធ្លាប់​មាន​តំណែង​ទទួល​ខុសត្រូវ​នៅ​ក្នុង​របប​គ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី​បិន​ អាលី​”។

នៅ​ចំពោះមុខ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ទុយនីស៊ី​បច្ចុប្បន្ន​នេះ​ ​ លោក​អគ្គ​លេខា​ធិការ​​នៃ​អ ស ប បាន​ គីមូន​បាន​សម្តែង​ឲ្យ​ដឹង​នូវ​ក្តី​បារម្ភ​របស់​លោក​ ​ នៅ​ខណៈ​ដែល​អំពើ​ហិង្សា​និង​អស្ថិរភាព​នៅ​តែ​កើតមាន​នៅ​ប្រទេស​ទុយនីស៊ី។

លោក​បាន​ គីមូន​បាន​ប្រកាស​អំពាវនាវ​ឲ្យ​កិច្ចចរចា​រវាង​ភាគី​ទុយនីស៊ី​មាន​លក្ខណៈ​ធំទូលាយ​ដើម្បី​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​មួយ​សម្រាប់​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​ឆាប់​រហ័ស​និង​ឲ្យ​មាន​ប្រសិទ្ធិភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ទាមទារ​ពេញសិទ្ធិ​របស់​ប្រជាជន​ទុយនីស៊ី​ក្នុង​ការ​ជ្រើស​តាំង​ដោយ​សេរី​នូវ​អ្នកដឹកនាំ​ប្រទេស​របស់​ខ្លួន។

នៅ​ចំពោះមុខ​ស្ថានភាព​នយោបាយ​ទុយនីស៊ី​ដ៏​សែន​ច្របូកច្របល់​នេះ​ ​ ពួក​អ៊ីស្លាម​និយម​ទុយនីស៊ី​នៅ​ឈរមើល​”​បដិវត្តន៍​ផ្កាម្លិះ​”​ដោយ​យកចិត្ត​ទុកដាក់​ ​ ហើយ​ពួកគេ​ចង់​ឆ្លៀត​ឱកាស​នេះ​ងើបមុខ​បង្ហាញ​ខ្លួន​នៅ​លើ​”​ឆាក​នយោបាយ​”​ទុយនីស៊ី​ដោយ​ប្រយ័ត្ន​ប្រយែង។​ ពួក​អ៊ីស្លាម​និយម​ទុយនីស៊ី​ចង់​ឡើង​មក​កាន់​អំណាច​ដូច​ពួក​ អ៊ីស្លាម​និយម​ទួរគី​ដែល​បាន​ឡើង​មក​កាន់​កាប់​អំណាច​ដោយ​ពុំ​ធ្វើ​ឲ្យ​ភ័យ​ភ្ញាក់ផ្អើល​ដល់​ប្រជាជន​ទួរគី​ដែល​ភាគច្រើន​ជា​អ្នក​មាន​ទំនោរ​ទៅរក​គ្រហស្ថភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ