អានតួអត្ថបទ
ទុយនីស៊ី

រដា្ឋភិបាល ​"បង្រួប​បង្រួម​ជាតិ​ទុយនីស៊ី” ​ត្រូវ​គេ​​រិះ​គន់​ថា​ជា ”ឆាក​ល្ខោន​​នយោបាយ”​

ការ​បង្កើត​”រដ្ឋាភិបាល​បង្រួបប​ង្រួម​ជាតិ” ដោយ​លោក​នាយករដ្ឋមន្ត្រី Mohammed Ghannouchi ​នៅ​ថ្ងៃចន្ទ ​១៧ មករា ​ម្សិលមិញ​ ញ៉ាំង​ឲ្យ​មាន​ការ​ទិតៀន​រិះគន់​រួចស្រេច​ទៅ​ហើយ រហូត​ដល់​ទៅ​ការ​ប្រឆាំង​ទៀត​ផង ពីបណ្តាជន​ទុយនីស៊ី​មួយភាគ​ដែល​បាន​បះបោរ​ក្រោក​ឈរឡើង​ ដើម្បី​រលាស់​ខ្លួន​ឲ្យ​ផុត​ពី ​“របប​ចាស់ “។ ​ទោះបី​ជាក្នុង​សមាសភាព​នៃ​រដ្ឋា​ភិ​បាល​​អន្តរកាលនេះ​ មាន​មន្ត្រី​ទើប​លេច​ចេញ​មក​ពីគណបក្ស​ប្រឆាំង​ឬ​ពី​សង្គម​ស៊ីវិល​ក្តី​ក៏​ មុខ​តំណែង​ជា​គន្លឹះ​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​នៃ​មន្ត្រី​គណបក្ស​កាន់​ អំណាច​ផ្តាច់ការ ​RCD រ​បស់​លោកអតីត​ប្រធានាធិបតី Ben Ali។ ​អ្នកប្រឆាំង​ ជា​ប្រវត្តិសាស្រ្ត​Moncef Marzouki ​បាន​បរិហារ​ក្រាត​រដ្ឋាភិបាល​ ​ថា ​ជា​“ឆាកល្ខោន​នយោបាយ” ដោយ​ហេតុ​នៅតែ​រក្សាទុក​រដ្ឋមន្ត្រី​នៃ​អតីត​ប្រធានាធិបតី​រត់​ចោលស្រុក​ Ben Ali។

ស្ត្រី​ទុយនីស៊ី​​ម្នាក់​​បង្ហាញ​សញ្ញា​ជ័យជំនះ​​នៅ​ពេល​​ធ្វើ​បាតុកម្ម​​ប្រឆាំង​ទាមទារ​​ឲ្យ​រំលាយ​​គណបក្ស​​ RCD​,របស់​​បិន ​អាលី
ស្ត្រី​ទុយនីស៊ី​​ម្នាក់​​បង្ហាញ​សញ្ញា​ជ័យជំនះ​​នៅ​ពេល​​ធ្វើ​បាតុកម្ម​​ប្រឆាំង​ទាមទារ​​ឲ្យ​រំលាយ​​គណបក្ស​​ RCD​,របស់​​បិន ​អាលី © Fred Dufour / AFP
ផ្សាយពាណិជ្ជកម្ម

02:49

សេចក្តីរាយការណ៍របស់ វីនស្តុន រតនា

គឺ​ជា​រដ្ឋាភិបាល​ពុំ​ធ្លាប់​មាន​សោះ​សំរាប់​ប្រទេស​ទុយនីស៊ី​ ​ ដ្បិត​ជា​រដ្ឋាភិបាល​បើក​ចំហ​សំរាប់​គណបក្ស​នយោបាយ​ដទៃ​ទៀត​អាច​ចូល​រួម​។​អ្នក​ប្រឆាំង​បី​នាក់​នឹង​លោក​អតីត​ប្រធានាធិបតី​Ben​ Ali​ ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ ក៏​ព្រម​ទាំង​ឥស្សរជន​ឯករាជ្យ​ម្ចាស់ការ​លេច​ចេញ​មក​ពី​សង្គម​ស៊ីវិល​ដូច​យ៉ាង​លោក​ស្រី​Moufida​ Tlatli​ ជា​សមិទ្ធិការិនី​ភាពយន្ត​ទុយនីស៊ី​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ឬ​ក៏​អ្នក​ប្រឆាំង​រឹង​រូស​តាម​គេហទំព័រ​អាំងទែរណេត​ Slim​ Amamou​ ជាប់​ពន្ធនាគារ​ប៉ុន្មាន​ថ្ងៃ​នៅ​ដើម​ខែ​មករា​នេះ​។

 
ប៉ុន្តែ​ ការបើក​ចំហ​ពិត​ប្រាកដ​និង​ការ​បង្រួប​បង្រួម​ជាតិ​សន្មត​ឲ្យ​ជ្រើសរើស​ទាំង​អ្នកតំណាង​គណបក្ស​ដូចយ៉ាង​គណបក្ស​កុម្មុយនិស្ត​ឬ​អ៊ីស្លាម​និយម​ជ្រុល។​ គឺ​អ្នកទាំងនេះ​ហើយ​ដែល​បាន​ប្រយុទ្ធ​តស៊ូ​ខ្លាំងជាងគេ​ប្រឆាំងនឹង​របប​បិន​ អាលី​ប៉ុន្តែ​គេ​ពុំត្រូវ​បាន​ពិគ្រោះ​យោបល់ផង។​ អ្នក​ប្រឆាំង​ជា​ប្រវត្តិសាស្ត្រ​Moncef Marzouki ចាត់ទុក​រដ្ឋាភិបាលនេះ​ថា​បាន​”​បើកចំហ​ខុស​”​ឬ​ជា​”​ឆាកល្ខោន​នយោបាយ​”​ដោយហេតុ​នៅតែ​រក្សាទុក​រដ្ឋមន្ត្រី​ជាច្រើន​នៃ​របប​អតីត​ប្រធានាធិបតី​ បិន​ អាលី។​ គណបក្ស​RCD គឺ​បក្ស​ប្រមូល​ផ្តុំ​រដ្ឋធម្មនុញ្ញ​ប្រជាធិបតេយ្យ​កាន់​រដ្ឋ​អំណាច​រក្សា​មុខតំណែង​សំខាន់ៗ​ជាច្រើន​ដូចយ៉ាង​ក្រសួង​មហាផ្ទៃ​ដែល​នឹងមាន​ភារកិច្ច​ត្រូវ​រៀបចំ​ការបោះឆ្នោត​ក្នុង​ចន្លោះ​ពេល​៦ខែ​ទៀត។

រដ្ឋាភិបាល​នេះ​ជា​សញ្ញា​បង្ហាញថា​ ​លោកនាយក​រដ្ឋមន្ត្រី​ធ្វើពើ​ជា​ពុំដឹង​ពុំស្គាល់​ឆន្ទៈ​របស់​ប្រជាជន​ចង់​ជីក​គាស់​រំលើង​ឫស​នៃ​អតីតរបប។​ ពួក​បាតុករ​តាម​ផ្លូវ​ថ្នល់​ដែល​បាន​ទទួល​ជ័យ​ជំនះ​និង​បាន​បះបោរ​ក្រោកឈរឡើង​តែ​ម្នាក់ឯង​ដោយ​គ្មាន​ជំនួយ​ពី​គណបក្ស​នយោបាយ​នានា​លែង​ត្រូវការ​បុគ្គល​ទាំងនេះ​ទៀតឡើយ។​ បាតុកម្ម​បាន​ផ្ទុះឡើង​មុន​ការ​ប្រកាស​របស់​រដ្ឋាភិបាល​ព្រម​ជាមួយ​ពាក្យស្លោក​”​គេ​ត្រូវតែ​កាច់​បំបាក់​គណបក្ស​RCD​”​និង​ការអំពាវនាវ​ឲ្យ​ឡោមព័ទ្ធ​ទី​ស្នាក់ការ​របស់​គណបក្ស​កាន់អំណាច​នេះ​នៅ​ក្នុង​រដ្ឋធានី។​ និយាយរួម​ ជាជាង​ធ្វើឲ្យ​ស្ងប់ចិត្ត​ប្រជាជន​ រដ្ឋាភិបាល​ថ្មីនេះ​បែរ​ជា​ធ្វើ​ឲ្យ​ខកចិត្ត​ពួក​ជន​ដែល​បាន​សង្ឃឹម​ថា​ នឹងបិទ​ទំព័រ​ចាស់ចោល​ដោយពិត​ប្រាកដ។

លោក​ Moncef Marzouki​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​បាន​ប្រកាស​មុន​គេ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ទុយនីស៊ី។​ អ្នក​​ប្រឆាំង​នឹងរបប​ផ្តាច់ការ​បិន​ អាលី​ដែល​និរទេស​ខ្លួន​រស់នៅ​ប្រទេស​បារាំង​បាន​អំពាវនាវ​ឲ្យ​លុបបំបាត់​គ្រប់តែ​ឧបករណ៍​នៃ​របប​បិន​ អាលី​និង​ច្បាប់​បំបាត់​សេរីភាព​នៃ​របប​នេះ។​ ជា​អតីត​ប្រធាន​សម្ព័ន្ធ​ការពារ​សិទ្ធិមនុស្ស​នៅ​ទុយនីស៊ី​ លោក​ Moncef Marzouki​បាន​បង្កើត​គណបក្ស​ឆ្វេងនិយម​ឈ្មោះ​សមាជ​ដើម្បី​សាធារណរដ្ឋ​”​CPR “​នៅឆ្នាំ​២០០១​ដែល​ត្រូវបាន​ហាមប្រាម​ក្រោម​របប​បិន​អាលី។​ គាត់បាន​ទទួល​ទោស​ជាប់គុក​១ឆ្នាំ​នៅឆ្នាំ២០០០៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ