អានតួអត្ថបទ
មេរោគបំប្លែងខ្លួនកូវីដ

អាហ្វ្រិកខាងត្បូងរកឃើញមេរោគកូវីដបំប្លែងខ្លួនថ្មីមួយទៀតដែលអាចគំរាមកំហែងប្រសិទ្ធិភាពរបស់វ៉ាក់សាំង

អ្នកវិទ្យាសាស្រ្តនៅអាហ្វ្រិកខាងត្បូងបានរកឃើញមេរោគកូវីដបំប្លែងខ្លួនថ្មីមួយទៀត ដែលមានលក្ខណៈឆ្លងខ្លាំង។ នៅក្នុងសន្និសីទកាសែត ដែលរៀបចំដោយក្រសួងសុខាភិបាលអាហ្រ្វិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ អ្នកវិទ្យាសាស្រ្តជំនាញខាងមេរោគឆ្លងរាតត្បាត បានសំដែងក្តីបារម្ភថា មេរោគកូវីដបំប្លែងខ្លួនថ្មីអាចធ្វើឲ្យប្រសិទ្ធិភាពវ៉ាក់សាំងបង្ការកូវីដ ធ្លាក់ចុះ ដូចជា មេរោគបំប្លែងខ្លួនដែលតា ដែលមានប្រភពចេញមកពីប្រទេសឥណ្ឌា។

មីក្រូទស្សន៍​របស់វិទ្យាស្ថានអាមេរិកាំងបង្ហាញ​ពីលទ្ធភាព​បំប្លែងខ្លួន​យ៉ាងឆាប់រហ័ស​របស់​មេរោគកូវីដ​១៩
មីក្រូទស្សន៍​របស់វិទ្យាស្ថានអាមេរិកាំងបង្ហាញ​ពីលទ្ធភាព​បំប្លែងខ្លួន​យ៉ាងឆាប់រហ័ស​របស់​មេរោគកូវីដ​១៩ © NIAID-RML via AP
ផ្សាយពាណិជ្ជកម្ម

អាហ្វ្រិកខាងត្បូងដែលកំពុងប្រឈមនឹងរលកឆ្លងថ្មី ដោយសារមេរោគបំប្លែងខ្លួន ដែលតា ត្រូវរងគំរាមកំហែងដោយសារមេរោគកូវីដ បំប្លែងខ្លួនថ្មីមួយទៀត ដែលមានលក្ខណៈឆ្លងលឿន និងអាចផ្លាស់ប្តូររូបរាងច្រើនដង។

អាហ្វ្រិកខាងត្បូង ធ្លាប់មានមេរោគបំប្លែងខ្លួនថ្មី ក្នុងស្រុកម្តងហើយ ដែលគេបានដាក់ឈ្មោះឲ្យថា បេតា Beta។ ប៉ុន្តែ សព្វថ្ងៃនេះ អាហ្វ្រិកខាងត្បូងត្រូវគ្របដណ្តប់ នាំមុខ ដោយការចម្លងរាលដាលនៃមេរោគបំប្លែងខ្លួន ដែលតា មកពីប្រទេសឥណ្ឌា ដែលឆ្លងលឿន និងគ្រោះថ្នាក់ខ្លាំងជាងមេរោគ បេតា របស់អាហ្វ្រិកខាងត្បូង។ តាមអ្នកជំនាញ អាហ្វ្រិកខាងត្បូងមានមេរោគកូវីដបំប្លែងខ្លួនថ្មីមួយទៀត ក៏ដោយសារតែ កំណើនខ្លាំងនៃចំនួនអ្នកឆ្លងមេរោគដែលតា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។

គិតរហូតមកដល់ថ្ងៃព្រហស្បតិ៍  គេរកឃើញមានមនុស្ស ២២នាក់ នៅអាហ្វ្រិកខាងត្បូងបានឆ្លងមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ B1 1 529 និងប៉ុន្មានករណីនៅប្រទេសជិតខាង ដូចជាបុតស្វាណា និងមួយករណីនៅហុងកុង ដោយសារអ្នកដំណើរម្នាក់មកពីប្រទេសអាហ្វ្រិកខាងត្បូង។

អ្វីដែលអ្នកវិទ្យាសាស្រ្តព្រួយបារម្ភខ្លាំង គឺមេរោគកូវីដបំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង ដែលជាមេរោគ កូនកាត់ចេញពីមេរោគកូវីដដែលតា អាចមានសមត្ថភាពឆ្លងលឿនខ្លាំងជាងដែលតា និងដែលអាចមានសមត្ថភាព ទៅផ្លាស់ប្តូរប្រព័ន្ធការពាររាងកាយរបស់អ្នកជំងឺ។

តាមអង្គការសុខភាពពិភពលោក មេរោគបំប្លែងខ្លួនថ្មី គំរាមកំហែងដល់ប្រសិទ្ធិភាពរបស់វ៉ាក់សាំង។ មេរោគដែលតា ដែលមានប្រភពមកពីប្រទេសឥណ្ឌា បានទៅបញ្ចុះប្រសិទ្ធិភាពវ៉ាក់សាំងបង្ការកូវីដប្រមាណ ៤០%។ ប៉ុន្តែ អ្នកវិទ្យាសាស្រ្តនៅមិនទាន់ដឹងថា តើមេរោគបំប្លែងខ្លួនថ្មី ដែលគេទើបរកឃើញនៅអាហ្វ្រិកខាងត្បូង អាចទៅបន្ថយប្រសិទ្ធិភាពរបស់វ៉ាក់សាំង ដែរឬយ៉ាងណានោះទេ។

អាហ្វ្រិកខាងត្បូងដែលមានអ្នកឆ្លងកូវីដ ជាង ១ពាន់នាក់ក្នុងមួយថ្ងៃ មានចំនួនអ្នកឆ្លងកូវីដច្រើនជាង គេនៅទ្វីបអាហ្វ្រិក ជិត៣លាននាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ ជិត ៩ម៉ឺននាក់។ អាជ្ញាធរសុខភាពរបស់អាហ្វ្រិកខាងត្បូងបារម្ភខ្លាចថា រលកជំងឺកូវីដថ្មី នៅចុងឆ្នាំនេះ នឹងរុញច្រានប្រព័ន្ធសុខាភិបាលធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ