អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​សុខភាពពិភពលោក​ចេញមុខ​ការពារ វ៉ាក់សាំងអង់គ្លេស AstraZeneca

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធាន​អង្គការ​សុខភាព​ពិភពលោក កាលពី ថ្ងៃ​ពុធ​ម្សិលមិញ បាន​ណែនាំ​ឲ្យ​គេនៅ បន្ត​ប្រើ ​AstraZeneca នៅ កន្លែង​ដែល​មាន​មេរោគបំប្លែង​ខ្លួន ថ្មី និង​អាច​ចាក់វ៉ាក់សាំង ដល់​មនុស្ស​ដែល​មាន​អាយុ ច្រើន​ជាង ៦៥ឆ្នាំ។ សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ធ្វើឡើង បន្ទាប់ពី​មាន​ការចោទសួរ​ពី ប្រសិទ្ធភាព​របស់​វ៉ាក់សាំង អង់គ្លេស AstraZeneca ទៅលើ​មេរោគបំប្លែងខ្លួន​ថ្មី​មកពី អាហ្វ្រិកខាងត្បូង។ នៅថ្ងៃ​អាទិត្យ ចុងសប្តាហ៍មុន អាហ្វ្រិកខាងត្បូង បានប្រកាស​ឈប់​ចាក់វ៉ាក់សាំង អង់គ្លេស នៅក្រោយ ការសិក្សា​ចុងក្រោយ​របស់​ក្រុមហ៊ុន AstraZeneca​បង្ហាញ​ថា វ៉ាក់សាំង​របស់ខ្លួន មាន​ប្រសិទ្ធភាព​ត្រឹម​តែ​២០ភាគរយ ទៅលើ​មេរោគបំប្លែងខ្លួន​ថ្មី។

វ៉ាក់សាំង​AstraZeneca​នៅក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ហុងគ្រី នៅថ្ងៃទី ៧ កុម្ភៈ ២០២១។ អាហ្វ្រិកខាងត្បូង​បាន​ប្រកាស​ឈប់​ប្រើវ៉ាក់សាំង ​AstraZeneca​នៅក្រោយ ការសិក្សា​បង្ហាញថា ​AstraZeneca​គ្មាន​ប្រសិទ្ធិភាព ទៅលើ​មេរោគបំប្លែងខ្លួនថ្មី​មកពីអាហ្វ្រិកខាងត្បូង
វ៉ាក់សាំង​AstraZeneca​នៅក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ហុងគ្រី នៅថ្ងៃទី ៧ កុម្ភៈ ២០២១។ អាហ្វ្រិកខាងត្បូង​បាន​ប្រកាស​ឈប់​ប្រើវ៉ាក់សាំង ​AstraZeneca​នៅក្រោយ ការសិក្សា​បង្ហាញថា ​AstraZeneca​គ្មាន​ប្រសិទ្ធិភាព ទៅលើ​មេរោគបំប្លែងខ្លួនថ្មី​មកពីអាហ្វ្រិកខាងត្បូង AP - Valentina Petrova
ផ្សាយពាណិជ្ជកម្ម

នៅ​មួយរយៈចុងក្រោយនេះ មាន​ការចោទសួរ សង្ស័យ កាន់តែច្រើន​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ទៅ​លើ​មេរោគកូវីដ ជា​ពិសេស វ៉ាក់សាំង អង់គ្លេស AstraZeneca ដែលសហភាពអឺរ៉ុប​ណែនាំ មិន​ឲ្យ​ចាក់​លើ​មនុស្ស​ដែលមានអាយុ​ចាប់ពី​៦៥ឆ្នាំ​ឡើងទៅទេ ដោយសារ​តែ​គ្មាន​ទិន្នន័យ​ជាក់ច្បាស់​ស្តីពី​ប្រសិទ្ធភាព​របស់​វា​ទៅលើ​មនុស្ស​ចាស់។

របៀប​វាស់វែង​ដើម្បី អាច​ដឹង​ប្រសិទ្ធិភាព​របស់វ៉ាក់សាំង

នៅពេល​គេ​និយាយ​ថា វ៉ាក់សាំង​មួយអាច​មាន​ប្រសិទ្ធភាព​ ប្រឆាំង​នឹង​ជំងឺកូវីដ គឺ​មានន័យថា វ៉ាក់សាំង ជួយ​កាត់បន្ថយ អត្រាឆ្លង មិន​ឲ្យ​គេ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺកូវីដ។ ឧទាហរណ៍ នៅក្នុង​ការធ្វើតេស្ត​សាកល្បង​កន្លងទៅ គេ​បាន​ចាក់វ៉ាក់សាំង ទៅលើ​អ្នកស្ម័គ្រ​ចិត្ត ជាច្រើនម៉ឺននាក់។ ពួកគេ បាន​ត្រលប់​ទៅ​រស់នៅ​ធម្មតា និង​អាច​ឆ្លងជំងឺកូវីដ ក្នុង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ។ ប្រសិនបើ​វ៉ាក់សាំង​មួយ​មាន​ប្រសិទ្ធភាពមែន នោះ ករណី​ឆ្លង​នឹង​មាន​តិចបំផុត ក្នុង​ចំណោម​អ្នកដែល​ទទួល​វ៉ាក់សាំង។

រហូត​មកដល់​ពេលនេះ មាន​វ៉ាក់សាំង ចំនួន ៣ ដែល​មាន​ប្រសិទ្ធភាព ខ្ពស់ជាងគេ គឺ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិកាំង Pfizer Moderna ដែល​មាន​ប្រសិទ្ធភាព​ដល់ទៅ ៩៥ និង​៩៤ភាគរយ និង​វ៉ាក់សាំង រុស្ស៊ី ឈ្មោះ Sputnik V ដែល​មាន​ប្រសិទ្ធភាព ៩១%។

ផ្ទុយពី​វ៉ាក់សាំង​អាមេរិកាំង ដែល​ត្រូវ​បង្កើតឡើង​តាមបច្ចេកវិទ្យាថ្មី ដោយប្រើ ​សារ​ARN វ៉ាក់សាំង រុស្ស៊ី ត្រូវ​បាន​បង្កើតឡើង តាម​ក្បួន​ចាស់ ពោល​គឺ​ប្រើមេរោគ​កូរ៉ូណា ដែល​លែង​គ្រោះថ្នាក់​សម្រាប់​ធ្វើ​ជា​វ៉ាក់សាំង ប្រឆាំង​ជំងឺកូវីដ។

ប្រសិទ្ធិភាព​របស់វ៉ាក់សាំង អាស្រ័យ​ទៅលើ​ពេលវេលា របៀប ប្រើវ៉ាក់សាំង

ក្រុមហ៊ុនអង់គ្លេស AstraZeneca​បាន​ប្រើ​វិធីសាស្រ្ត ដូច​រុស្ស៊ីដែរ គ្រាន់តែ​ថា វ៉ាក់សាំង​របស់​ AstraZeneca​មាន​ប្រសិទ្ធភាព ច្រើនបំផុត ៦០%។ ប៉ុន្តែ ថ្មីៗនេះ ក្រុមហ៊ុន AstraZeneca និង​សកលវិទ្យាល័យ Oxfordបាន​ចេញមុខ​មក​បញ្ជាក់ថា ប្រសិទ្ធភាព​របស់​វ៉ាក់សាំង AstraZeneca​អាចមានតិច ឬ​ច្រើន​អាស្រ័យទៅលើ​កត្តា របៀបចាក់វ៉ាក់សាំង។ ជាក់ស្តែង ការធ្វើតេស្ត​សាកល្បង​កន្លងមក​បាន​បង្ហាញថា វ៉ាក់សាំង មាន​ប្រសិទ្ធភាព ដល់ទៅ ៨៥% បើសិន គេទទួល​បាន​វ៉ាក់សាំង AstraZeneca ដូសទី២ នៅ​៣ខែក្រោយ។ ប៉ុន្តែ បើគេ​ចាក់វ៉ាក់សាំង កៀកពេលគ្នាពេក ពោល គឺ​ចាក់ដូស​ទី ២​នៅ តែ ៦សប្តាហ៍ក្រោយ ចាក់ដូស​ទី​១ នោះ ប្រសិទ្ធភាព​របស់វ៉ាក់សាំង នឹង​មានតែ ៥៤%ប៉ុណ្ណោះ។ មួយវិញទៀត គេ​អាច​វាស់វែង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ដោយ​អាស្រ័យ​ទៅលើ​លក្ខណៈវិនិច្ឆ័យ​របស់វា។

ក្នុងករណី​វ៉ាក់សាំង​ក្រុមហ៊ុន​Johnson Johnson ប្រសិទ្ធភាព​របស់វាមាន​ប្រមាណ ៦៦% ប៉ុន្តែ ក្រុមហ៊ុន​អះអាងថា ប្រសិទ្ធភាព​របស់វា​នឹង​ឡើងដល់ ៨៥% បើសិន​គេ​និយាយ​វិធីបង្ការ​កុំ​ឲ្យអ្នកជំងឺ​កូវីដ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។

ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទៅ​លើ​មេរោគបំប្លែង​ខ្លួន​ថ្មី

ប្រសិទ្ធភាព របស់​វ៉ាក់សាំង ប៉ុន្មាន​ភាគរយ​ខាងលើ​ផ្តោតតែ​ទៅលើ​មេរោគកូវីដ ដើម​ដែល​មាន​ប្រភព​មកពី​ប្រទេស​ចិន ប៉ុណ្ណោះ។ ប្រឈម​មុខ​នឹង​ការឆ្លងរាលដាល របស់​មេរោគបំប្លែងខ្លួន​ថ្មី ដែលមានប្រភព​មក​ពីអង់គ្លេស អាហ្វ្រិកខាងត្បូង និង​ប្រេស៊ីល ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បាន​ចេញមុខ​មក​បញ្ជាក់​រៀងៗខ្លួន។ ​ក្រុមហ៊ុន​Pfizer និង​Moderna អះអាងថា វ៉ាក់សាំង​របស់ខ្លួន នៅតែ​មាន​ប្រសិទ្ធភាព​ប្រឆាំង​មេរោគ​បំប្លែង​ខ្លួន​ថ្មី មកពីអង់គ្លេស និង​អាហ្វ្រិកខាងត្បូង។

ចំណែក ក្រុមហ៊ុន​អង់គ្លេស AstraZenecaវិញ អះអាងថា វ៉ាក់សាំង​របស់ខ្លួន មាន​ប្រសិទ្ធភាព​តែទៅលើ​មេរោគបំប្លែងខ្លួន​អង់គ្លេស ប៉ុន្តែ គ្មាន​ប្រសិទ្ធភាព​ទៅលើ​មេរោគបំប្លែងខ្លួន អាហ្វ្រិកខាងត្បូង ដែល​ឆ្លងរាតត្បាតលឿន ដូច​មេរោគអង់គ្លេសដែរ។

ការសិក្សា​របស់​ក្រុមហ៊ុន​ AstraZeneca រួមជាមួយ​សកលវិទ្យាល័យ​Oxford ដែល​ចេញផ្សាយ​នៅថ្ងៃ​ចន្ទ ដើមសប្តាហ៍នេះ បាន​បង្ហាញ​ថា វ៉ាក់សាំង AstraZeneca​មាន​ប្រសិទ្ធភាព​តិចមែនទែន តែ ២២​% ប៉ុណ្ណោះ​ទៅលើ​មេរោគបំប្លែងខ្លួន​ថ្មី ដែល​មាន​ប្រភព​មកពីអាហ្វ្រិកខាងត្បូង។

នៅក្រោយ ការចុះផ្សាយ​របស់​ក្រុមហ៊ុន​ AstraZeneca ប្រទេស​អាហ្វ្រិកខាងត្បូង ដែល​កំពុង​រងរាតត្បាត​ដោយ​មេរោគបំប្លែងខ្លួន​ថ្មី​បាន​សម្រេច បញ្ឈប់ ការចាក់វ៉ាក់សាំង​អង់គ្លេស  AstraZeneca។

នៅថ្ងៃ​ពុធទី ១០​កុម្ភៈ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង​បាន​ប្រកាស​លក់ វ៉ាក់សាំង AstraZeneca ​របស់​ខ្លួន ប្រមាណ ១លានដូស ដើម្បី ងាក​ទៅ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Johnson Johnson ដែល​មាន​ប្រសិទ្ធភាព ប្រមាណ ៦៦% សម្រាប់​មេរោគបំប្លែងខ្លួនថ្មីវិញ។

អង្គការ​សុខភាព​ពិភពលោក នៅ តែ​ណែនាំ​ឲ្យ​គេ​បន្ត​ចាក់​វ៉ាក់សាំង AstraZeneca

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បានអំពាវនាវ​ឲ្យគេ​បន្ត​ចាក់វ៉ាក់សាំង AstraZeneca សូម្បី នៅក្នុង​ប្រទេស​ដែលកំពុង​ឆ្លងរាតត្បាត​ដោយ​មេរោគកូវីដ បំប្លែងខ្លួនថ្មី ព្រោះថា បើតាម អង្គការ​សុខភាព​ពិភពលោក ការសិក្សា​កន្លងមក ដែល​ថា​វ៉ាក់សាំង AstraZeneca មាន​ប្រសិទ្ធភាព​តិចតួច​ទៅលើ​មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី នៅអាហ្វ្រិកខាងត្បូង មិនទាន់​អាច​យក​ជាការអ្វី បាននោះទេ បើសិន​គេ​មើលទៅលើ​ចំនួន​មនុស្ស​ដែល​បាន​ចូលរួមក្នុងតេស្តសាកល្បង។ ការសិក្សា​នៅអាហ្វ្រិកខាងត្បូង​ផ្តោតតែ​ទៅលើ​ក្រុមយុវជន​ប្រមាណ ២ពាន់នាក់ប៉ុណ្ណោះ។ ដូច្នេះ បើតាម​ប្រធាន​អង្គការ​សុខភាពពិភពលោក លទ្ធផល​សិក្សានៅ​អាហ្វ្រិកខាងត្បូង មិន​តំណាង​ឲ្យ​ប្រជាជន​ទូទៅ​នៅក្នុង​ពិភពលោក​នោះទេ។

មួយវិញទៀត អង្គការ​សុខភាព​ពិភពលោក​បានអំពាវនាវ​ឲ្យ​គេ​ចាក់វ៉ាក់សាំង AstraZeneca សម្រាប់​ក្រុមមនុស្ស​ដែលមានអាយុ ចាប់ពី ៦៥ឆ្នាំ​ឡើងទៅដែរ។ ការអំពាវនាវ​ ​របស់​អង្គការ​សុខភាពពិភពលោក ធ្វើឡើង​នៅក្រោយ ប្រទេស​ជាច្រើន រួម​ទាំង​សហភាពអឺរ៉ុប​បាន​ណែនាំ​ឲ្យ​គេ​ចាក់វ៉ាក់សាំង AstraZeneca សម្រាប់​មនុស្ស​ដែល​មាន​អាយុ ក្រោម ៦៥ឆ្នាំ។ អង្គការ​សុខភាពពិភពលោក ចេញមុខ​គាំទ្រ ឲ្យ​គេ​ចាក់​វ៉ាក់សាំង AstraZeneca ព្រោះ​វា​ជា​វ៉ាក់សាំង ដែល​មាន​តម្លៃថោក ងាយស្រួលស្តុក និង​ចែកចាយ។ រហូតមកដល់​ពេលនេះ ឥណ្ឌា​បាន​ទិញ​សិទ្ធិ​ពី​ក្រុមហ៊ុន AstraZeneca​ដើម្បី ផលិតលក់​បន្ត វ៉ាក់សាំង AstraZeneca មិនថា នៅក្នុង​ឥណ្ឌា ឬ​សម្រាប់​លក់បន្ត​ទៅ​ឲ្យ​ប្រទេស​ដែលគ្មានលទ្ធភាព​ទិញ​វ៉ាក់សាំង​អាមេរិកាំង។ បើសិន​គេនាំគ្នា រើសអើងមិន​ចង់​ចាក់​វ៉ាក់សាំង AstraZeneca នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​យុទ្ធសាស្រ្ត​ចាក់វ៉ាក់សាំង​របស់​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក ជាពិសេស នៅក្នុង​ប្រទេស​ក្រីក្រ

អឺរ៉ុប ​ទាមទារ​ចង់​បាន​ភស្តុតាង​បញ្ជាក់​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ទៅលើ​មេរោគបំប្លែង​ខ្លួន​ថ្មី

នៅក្រោយ​ការចេញផ្សាយ​របស់​ក្រុមហ៊ុន​ AstraZeneca សហភាព​អឺរ៉ុប​បាន​ទាមទារ ឲ្យ​គ្រប់ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ទាំងអស់ ផ្តល់​ទិន្នន័យ ដើម្បី​បញ្ជាក់ពីប្រសិទ្ធភាព​របស់វ៉ាក់សាំង ទៅលើ​មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី។ នៅពេល​ក្រុមហ៊ុន​Pfizer Moderna បញ្ជាក់ថា វ៉ាក់សាំង របស់ខ្លួន នៅតែ​មាន​ប្រសិទ្ធភាព​ទៅលើ​មេរោគបំប្លែងខ្លួន​ថ្មី អ្នកស្រាវជ្រាវ​ដែល​ទើប​ចេញ​ផ្សាយ​ការសិក្សា​របស់ខ្លួន ចុះផ្សាយ នៅ​ទស្សនាវដ្តី Nature Medecine កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា ប្រសិទ្ធភាព​របស់​វ៉ាក់សាំង Pfizer Moderna បាន​ថយចុះ​ប្រសិទ្ធភាព​របស់វា នៅចំពោះមុខ មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី មកពីអាហ្វ្រិកខាងត្បូង។ តាម​អ្នកស្រាវជ្រាវខាងលើ ក្រុមហ៊ុនPfizer Moderna  ត្រូវ​កែប្រែ​សម្រិតសម្រាំង​វ៉ាក់សាំង​របស់ខ្លួន ជានិច្ច ដើម្បី អាចសម្របខ្លួន កុំ​ឲ្យ​បាត់បង់​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ទៅលើ​មេរោគបំប្លែងខ្លួន​ថ្មី។

សហភាព​អឺរ៉ុប​ដែល​កំពុង​ប្រឈម​ខ្លាំង នឹង​ការឆ្លងរាតត្បាត​របស់​មេរោគបំប្លែងខ្លួន​ថ្មី ដែលមានតាំង​ពី មេរោគកូវីដ​អង់គ្លេស អាហ្វ្រិកខាងត្បូង កំពុង​ចាប់កើតទុក្ខ បារម្ភ​ពី​ប្រសិទ្ធភាព​របស់វ៉ាក់សាំងទៅលើ​មេរោគបំប្លែងខ្លួន ជាពិសេស វ៉ាក់សាំង​អង់គ្លេស AstraZeneca។

នៅក្នុង​ប្លុកសហភាពអឺរ៉ុប ដែលមាន​ប្រទេស​សមាជិក​ចំនួន ២៧ គេរកឃើញ​មាន​ករណី​ឆ្លងមេរោគកូវីដ​ថ្មី​សរុប ១០៣ ២៥០នាក់ និង​មាន​មនុស្ស​ស្លាប់ ជាង ៣ពាន់នាក់ ក្នុង​មួយថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ