អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី​ ផ្អាក​បណ្តោះអាសន្ន មិន​ឲ្យមាន​ចំការដូងប្រេង​ថ្មី

ក្រឹត្យ​ប្រធានាធិបតី​មួយ​បាន​សម្រេច​ផ្អាក ការផ្តល់​ដីថ្មី សម្រាប់​កសិកម្ម​ដាំ​ដើមដុង​ប្រេង នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ទៅតាម សេចក្តីប្រកាស​របស់​រដ្ឋាភិបាល ក្រឹត្យ​ផ្អាក​ជាបណ្តោះអាសន្ន លើ​ការដាំដូងប្រេង​ថ្មី ត្រូវ​ចុះ​ហត្ថលេខា​ដោយ​លោកប្រធានាធិបតី ហ្សូកូ វីដូដូ កាលពី​ថ្ងៃ​ពុធ នឹង​មាន​សុពលភាព​រយៈពេល​៣​ឆ្នាំ។ ក្រុមអ្នកការពារ​បរិស្ថាន​បាន​ស្វាគម​អបអរ​ចំណាត់ការ​របស់​រដ្ឋាភិបាល ក្នុង​ការគ្រប់គ្រង អាជីវកម្ម ដាំដូងប្រេង ដែល​ជាប្រភព​នៃការបំផ្លាញ​បរិស្ថាន​ដ៏ធ្ងន់ធ្ងរ​នៅ​ឥណ្ឌូណេស៊ី។  

ចំការដូងប្រេង​នៅលើ​កោះស៊ូម៉ាត្រា របស់​ប្រទេស​ឥណ្ឌូណេស៊ី
ចំការដូងប្រេង​នៅលើ​កោះស៊ូម៉ាត្រា របស់​ប្រទេស​ឥណ្ឌូណេស៊ី ©AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​គោលដៅ​ជួយ​ការពារ​អភិរក្ស​ព្រៃឈើ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ចេញក្រឹត្យ បញ្ជា​មិន​ឲ្យ​ផ្តល់​ដីថ្មី​សម្រាប់​ការដាំដូង​ប្រេង នៅ​ក្នុង​រយៈពេល​៣ឆ្នាំ។ ទៅតាម​ក្រឹត្យ ប្រធានាធិបតី ដែល​មន្រ្តី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បង្ហាញ​ដល់​អ្នកកាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​កែលម្អ និង​អភិវឌ្ឍ​ដោយ​ចីរកាល កសិកម្ម​ដាំដូងប្រេង ព្រមទាំង​ធានា​ឲ្យ​បានផងដែរ ការពារ​បរិស្ថាន។ ក្រៅតែ​ពី​បញ្ជា​ឲ្យ​គេ​ផ្អាក មិនផ្តល់​អាជ្ញាប័ណ្ណ​ថ្មី សម្រាប់​ការដាំដូងប្រេង រដ្ឋាភិបាល​របស់​លោក​ហ្សូកូ បញ្ជាក់​ផងដែរ ថា នឹង​សិក្សា​ពិចារណា​ឡើងវិញ លើ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម ដូងប្រេង ដែល​ស្ថិតក្នុង​តំបន់ព្រៃ។

ក្រឹត្យប្រធានាធិបតី​សំដៅ​ផងដែរ លើកទឹកចិត្ត​គេ​ធ្វើ​អាជីវកម្ម​ដាំដុះដូងប្រេង​នៅ​លើ​កន្លែងដែល​ធ្លាប់​ដាំដូង​ប្រេង រួចហើយ ជាជាង កាប់ឆ្ការ​ព្រៃ ដើម្បី​រាន​យកកន្លែង​ដាំដូងប្រេង​ថ្មី។

ក្នុង​នាម​ជាប្រទេស​ផលិត និងនាំចេញ​ដូងប្រេង​ច្រើនជាង​គេ​នៅលើ​ពិភពលោក ឥណ្ឌូណេស៊ី មាន​ផ្ទៃដី ចំការដូងប្រេង​ដល់ទៅ ១២​លាន​ហិចតា។ តម្រូវការ​ដូងប្រេង​ចេះ​តែ​កើនឡើង បាន​ធ្វើ​ឲ្យ​អាជីវកម្ម​ដាំដូងប្រេង រីកចម្រើន​ខ្លាំង នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ ការពង្រីកដីដាំ​ដូងប្រេង នៅលើ​កោះ​សូម៉ាត្រា ប៉ាពួ ឬ នៅ​បរណេអូ​ជាដើម បានធ្វើ​ឲ្យ​ក្រុមហ៊ុន ឈ្មួញ​ធ្វើ​អាជីវកម្ម​បានប្រាក់ចំណេញ ច្រើន ចំណែក​រដ្ឋ​ក៏​បាន​ចំនូល​ច្រើនដែរ​ពី​ការប្រមូលពន្ធ​លើ​អាជីវកម្ម​ដូងប្រេង។

ប៉ុន្តែ ទន្ទឹម​នឹង​ការពង្រីក​វិសាលភាព​ដីចំការ​ដូងប្រេង ក្រុមអ្នកការពារ​បរិស្ថាន​បាន​តវ៉ា​ផងដែរ ថា អាជីវកម្ម​ដូងប្រេង​ជាអ្នកបំផ្លាញ​បរិស្ថាន នៅ​ឥណ្ឌូណេស៊ី។ សកម្មភាព ខុសច្បាប់ ដើម្បី​ដុត​ព្រៃ យកដី​ធ្វើ​ចំការដូងប្រេង ជា​ដើមហេតុ​មួយ ដែល​ធ្វើ​ឲ្យ​គេ​កាប់បំផ្លាញព្រៃឈើ បំផ្លាញ​ជំរកសត្វ​ដែល​ជិតផុតពូជ និង​បង្ក​ឲ្យ​មាន​ភ្លើងឆេះព្រៃ ជា​ញឹកញយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ នៅថ្ងៃ​សុក្រ អ្នកការពារ​បរិស្ថាន​ចេញមុខ​ស្វាគម​អបអរ​ចំណាត់ការ​របស់​រដ្ឋាភិបាល ដែល​គេ​វាយតម្លៃថា គួរអនុវត្ត​ក្នុង​រយៈពេល​២៥ឆ្នាំ ប៉ុន្តែ មិនមែន​ត្រឹម​៣​ឆ្នាំ​នោះទេ។ សម្រាប់​ក្រុមវិនិយោគ​លើ​ផលិតកម្ម​ដូងប្រេង វិញ វិធានការ​របស់​រដ្ឋាភិបាល​នឹង​បន្ទុចបង្អាក់​ផលចំណេញ​របស់​ប្រជាជន​ឥណ្ឌូណេស៊ី ដែល​បាន​មកពីដូងប្រេង។

វិធានការ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដើម្បី បង្អង់ អាជីវកម្ម​ដាំដូងប្រេង ធ្វើឡើង​ផងដែរ នៅក្រោយ​ការសម្រេច​របស់​សភា​អឺរ៉ុបដែល​បាន​បោះឆ្នោត ហាម​ឲ្យ​គេ​ឈប់​ប្រើដូងប្រេង សម្រាប់​ផលិត​ជា​ប្រេងឥន្ធនៈ​សរីរាង្គ ចាប់ពី​ឆ្នាំ ២០៣០​តទៅ។ តាមរយៈ​ច្បាប់ថ្មី សភាអឺរ៉ុប​ចង់​បញ្ចុះបញ្ចូល​ឲ្យ​គេ​ឈប់​ប្រើ​ដូងប្រេង ដែល​ប៉ះពាល់ខ្លាំង លើ​បរិស្ថាន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ