អានតួអត្ថបទ
ចិន-អាមេរិក

លោកប្លីងកិន​ទៅ​ចិន​ជា​ថ្មី​ដើម្បីបន្ថែម​សម្ពាធលើ​ប៉េកាំង និង​ស្វែង​រក​ស្ថិរភាព

ប្រមុខ​ការទូតអាមេរិក​លោក​អង់តូនី ប្លីងកិន ត្រូវ​ផ្តើម​​​ទស្សនកិច្ច​បី​ថ្ងៃ​​នៅ​ប្រទេស​ចិន​​ជា​លើ​កទីពីរ ចាប់​ពី​ថ្ងៃពុធ​ទី ២៤​មេសា​២០២៤​នេះទៅ ដោយ​ពាំនាំ​នូវ​សំណុំ​រឿង​មួយ​ជម្លៀស​ធំ​ទៅ​ជជែក​ជាមួយ​ដៃគូ​។ អាមេរិក​បង្កើន​សម្ពាធ​បន្ថែម​លើ​ចិន​ចំពោះ​ប្រធានបទ​ខ្វែង​គ្នា​ខ្លះ តែ​ក៏​ចង់​រក្សា​ស្ថិរភាពនៃ​ទំនាក់ទំនង​ចិន-អាមេរិកដែល​​នៅ​មិន​ធូរ​ស្វាងសោះ។ ចំណែក​ចិន​មិន​បណ្តោយឱ្យ​នរណា​ជាន់​ទេ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​ចុងក្រោយ។

លោក​ប្រមុខ​ការទូតអាមេរិក​​ទៅ​ចិន​ជា​ថ្មី​ដើម្បីបន្ថែម​សម្ពាធលើ​ប៉េកាំង និង​ស្វែង​រក​ស្ថិរភាព​
លោក​ប្រមុខ​ការទូតអាមេរិក​​ទៅ​ចិន​ជា​ថ្មី​ដើម្បីបន្ថែម​សម្ពាធលើ​ប៉េកាំង និង​ស្វែង​រក​ស្ថិរភាព​ © Mark Schiefelbein / Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​​ទស្សនកិច្ចនៅ​ប្រទេស​ចិន​លើក​ទីពីរ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ឆ្នាំ​ផង សម្រាប់​លោក​អង់តូនី ប្លីងកិន។ ផ្តើម​ទស្សនកិច្ច​ដោយ​មាន​ការ​ជួប​ជុំ​ក្រុម​និស្សិត​និង​សហគ្រិន​នៅក្រុង​សៀងហៃ លោក​ប្រមុខ​ការទូត​អាមេរិក​នឹង​មាន​ជំនួ​បពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​ចិន​នៅប៉េកាំង​ នៅ​ថ្ងៃសុក្រ​ទី ២៦​មេសា។ នា​ឱកាស​នោះ លោក​ប្លីងកិន នឹង​ដាក់​សម្ពាធ​លើ​ចិន ក្នុង​សំណុំ​រឿង​ចម្រូង​ចម្រាស​ជា​ច្រើន មាន​ជា​អាទិ៍ការ​ជំរុញ​ឱ្យ​ប៉េកាំង​អត់​ធ្មត់​ពេល​តៃវ៉ាន់​ពិធី​ទទួល​ប្រធានាធិបតី​ថ្មី​ឱ្យ​ចូល​កាន់​តំណែង ឬ​កង្វល់​របស់​អាមេរិក​ជុំ​វិញ​ទម្លាប់​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​ដែល​វ៉ាស៊ីនតោន​យល់​ថា​គ្មាន​លក្ខណៈ​ប្រកួត​ប្រជែង​ត្រឹមត្រូវ។

ប៉ុន្តែ​ជា​កិច្ចស្វាគមន៍​ដំណើរមក​ដល់ជា​លើក​ទីពីរ​​របស់​ប្រមុខ​ការទូត​អាមេរិក កាសែត​ផ្លូវការ​ចិន (ស៊ីនហួរ) បាន​ចេញ​វិចារណកថា​នៅ​ព្រឹក​ថ្ងៃពុធ​បញ្ជាក់​ជំហរ​របស់​ខ្លួនថា ទោះបី​ជាថ្មីៗ​នេះ ​ទំនាក់ទំនង​ទ្វេភាគី​ចិន-អាមេរិកចាប់​មាន​លំនឹងល្អ​​​បន្តិច​មែន តែនៅ​​ល្អក់កករ​ខ្លាំង​​​ជានិច្ច​ មក​ពី​​វ៉ាស៊ីនតោន​ងប់​​ក្នុង​ភាព​ភ័យ​ខ្លាច​ជ្រុល ប្រឆាំង​យ៉ាង​ងឹត​ងងុល​នឹងពាណិជ្ជកម្ម​នាំ ចេញ​របស់​ចិន។ ស្តីពី​សំណុំ​រឿង​ដ៏​ក្តៅ​គគុក​ តៃវ៉ាន់​និង​សមុទ្ទ​ចិន​ខាង​ត្បូងវិញ កាសែត​ចិន​បាន​រំលឹក​ថា​ គោលការណ៍​ចិន​តែ​មួយ ជា​គ្រឹះ​ស្ថាបនា​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ តែ​អាមេរិកចូល​​ជ្រៀតជ្រែក​ និង​សាបព្រោះ​​ភាព​មិន​ចុះ​សម្រុង​ឱ្យ​ចិន​និង​បណ្តា​ប្រទេសជិត​ខាង។

ជា​ចុងក្រោយ ជា​ចម្លើយ​តប​ទៅ​នឹង​ឆន្ទៈ​របស់​រដ្ឋបាល​លោក​ចូបៃដិនដែល​ចង់​មក​ដាក់​សម្ពាធ​បន្ថែម​លើ​ចិន តាម​រយៈ​បំណង​ប្រាថ្នា​សហការ​ជាមួយ​ចិន​ និង​​ចង់​ឃើញ​ចិនបង្ហាញ​​ជំហរ​ជាក់លាក់​​ជាមួយប្រធានាធិបតី​រុស្ស៊ី​ពូទីន​នោះ សារព័ត៌មាន​រដ្ឋ​ចិនបែរ​ជា​រុញ​​ឱ្យ​សហរដ្ឋ​អាមេរិកវិញ​ថា ត្រូវ​បញ្ឈប់​ទម្លាប់​ទម្លាក់​កំហុស មក​លើ​​ចិន។ ប៉េកាំង​សុំ​ឱ្យ​​វ៉ាស៊ីនតោន ​​​ទទួល​ស្គាល់​តួនាទី​មិន​អាច​ខ្វះ​បាន​របស់​ចិន​ក្នុង​វិបត្តិ​អន្តរជាតិ​ធំៗ​ ជាក់ស្តែង​សង្គ្រាម​នៅ​អ៊ុយក្រែន​តែម្តង។ ​ មាន​ន័យ​ថា មហា​អំណាច​​ទាំងពីរមើល​ឃើញ​បញ្ហា​​ផ្ទុយគ្នាស្រលះ​​លើ​គ្រប់​ផ្នែក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ