អានតួអត្ថបទ
ចិន-អាមេរិក

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​និង​ចិន​​និយាយ​រក​គ្នា​វិញ បន្ទាប់​ពី​អាក់​ខានអស់​ជាង​មួយ​ឆ្នាំ

បន្ទាប់​ពី​អាក់​ខាន​អស់​រយៈ​ពេល​ជិតមួយ​ឆ្នាំកន្លះ លោក ឡយដ៍ អូស្ទីន រដ្ឋមន្ត្រីការពារ​ជាតិអាមេរិក​និង​សមភាគី​ចិន​លោក​ដុង ជន បាន​ជួប​ពិភាក្សា​គ្នា​ជា​លើ​កទីមួយ នៅ​ថ្ងៃ​អង្គារ​ទី ១៦​មេសា តាម​វីដេអូខុន​ហ្វេរិន។ នេះ​ជា​សញ្ញា​ដែល​បញ្ជាក់​ថា​មហាអំណាច​ទាំងពីរ​មាន​ឆន្ទៈ​ចង់​រក្សា​កិច្ច​សន្ទនា​រវាង​គ្នា​ បើ​ទោះ​បី​ជាទំនាក់ទំនង​នៅ​​តាន​តឹងខ្លាំង​ក៏​ដោយ។

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក ឡយដ៍ អូស្ទីន ជួប​ជជែក​ជាមួយសមភាគី​​ចិន​​ជា​លើកទីមួយ បន្ទាប់​ពី​អាក់​ខានអស់​ជាង​មួយ​ឆ្នាំ
រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក ឡយដ៍ អូស្ទីន ជួប​ជជែក​ជាមួយសមភាគី​​ចិន​​ជា​លើកទីមួយ បន្ទាប់​ពី​អាក់​ខានអស់​ជាង​មួយ​ឆ្នាំ AP - Cliff Owen
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នឹង​ការ​ខិត​ខំ​​​ស្វះ​ស្វែង​ពង្រឹង​សម្ព័ន្ធ​ភាព​យោធា​ជាមួយ​បណ្តា​ប្រទេសនៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកដើម្បី​ទប់​ទល់ឥទ្ធិពល​របស់​ប៉េកាំង សហរដ្ឋ​​អាមេរិកក៏​ព្យាយាម​រក្សា​បណ្តាញ​ទំនាក់ទំនង​​ជាមួយ​ចិន​ឱ្យ​នៅ​បើក​ចំហ​ជា​និច្ច​ដើម្បីការពារ​កុំ​ឱ្យ​មាន​ភាព​ប្រឈម​មុខ​យោធា​ដាក់​គ្នា​តាន​តឹង​ខ្លាំងពេក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​អាមេរិក លោក ឡយដ៍ ​អូស្ទីន បាន​ជួប​ជជែក​ជាមួយ​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ចិន ដុង ជន តាម​ប្រព័ន្ធ​វីដេអូ​។

បើតាម​អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ​ អ្នក​ទទួល​ខុសត្រូវ​ទាំងពីរ​បាន​ពិភាក្សា​គ្នា​អំពី​ទំនាក់​ទំនង​ផ្នែកការពារ​ជាតិ​រវាង​សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​អំពី​បញ្ហា​សន្តិសុខ​តំបន់​និង​ពិភពលោក។ ដោយ​​រំឮក​អំពី​ភាព​ចាំបាច់​នៃ​ការ​រក្សា​បណ្តាញ​ប្រាស្រ័យ​ទាក់ទងយោធា រវាងមហាអំណាច​ទាំងពីរ ​លោក​ ឡយដ៍​អូស្ទីន បាន​បញ្ជាក់​ជា​ថ្មី​ថា អាមេរិក​នឹង​បន្ត​ហោះ​ហើរ ល្បាត​លើ​ផ្ទៃ​សមុទ្ទ​​និង​ធ្វើ​ប្រតិបត្តិការ​ ប្រកប​ដោយ​សុវត្ថិភាព​និង​ទំនួល​ខុស​ត្រូវ​ លើ​គ្រប់​ទិសទី​ដែល​អនុញ្ញាត​ដោយ​ច្បាប់​អន្តរជាតិ។ សេរីភាព​នៃ​ចរាចរណ៍​ក្នុង​​មហាសាគរ ធានា​ដោយ​ច្បាប់​អន្តរជាតិ និងពិសេស​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ត្រូវ​តែ​គោរព​ជា​ចាំបាច់។ នេះ​ជា​ពាក្យ​សង្កត់​ធ្ងន់​បន្ថែម​របស់លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ទៅ​កាន់​សមភាគី។

ចំណែក​ខាង​ភាគី​ចិនវិញ ​តាម​​សេចក្តី​ថ្លែងការណ៍​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន បានប្រាប់​ទៅ​សមភាគី​​អំពី​ការ​ផ្តល់​ទំនុក​ចិត្ត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​មហាអំណាច​។ ចិន​និង​អាមេរិក​ត្រូវ​តម្កល់​​សន្តិភាព​ជា​វត្ថុ​ដ៏​មាន​តម្លៃ​ ​និង​ស្ថិរភាព​ជា​វត្ថុ​​ដ៏​សំខាន់បំផុត​។ វិស័យ​យោធា​ជា​លំនឹង​​នៃ​កា​រអភិវឌ្ឍន៍​ទំនាក់ទង​ទ្វេ​ភាគី​ និង​ការពារ​វិបត្តិ​ធ្ងន់ធ្ងរ​ផ្សេងៗ ប៉ុន្តែ ​ចិនមានជំហរជាក់​ច្បាស់​​ដដែល​ចំពោះ​តៃ​វ៉ាន់​ ៖​ តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន​ដែល​មិន​ទាន់​បង្រួបបង្រួម​បាន។ តៃវ៉ាន់​ជា​ស្នូល​នៃ​ផលប្រយោជន៍​គ្រឹះ​របស់​ចិន និង​ជា​ផលប្រយោជន៍​ដែល​គ្មាន​នរណា​អាច​ប្រមាថ​បាន​ទេ។ នេះ​​ប្រសាសន៍​​លោក ដុងជន ដោយ​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​គោរព​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ចិន​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង។ លោក​រដ្ឋមន្ត្រី​ការពារ​ចិន​បាន​គូស​បញ្ជាក់​ថា អាមេរិក​ត្រូវ​តែ​ទទួល​ស្គាល់​ជំហរ​ដាច់ណាត់​របស់​ប៉េកាំង​ហើយ​ចាត់​​វិធានការ​ជាក់​ស្តែង​ដើម្បី​សន្តិភាព​តំបន់។

កិច្ចសន្ទនា​រវាង​គ្នា​នេះ ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​សហរដ្ឋ​អាមេរិក​កំពុង​រឹត​ចំណង​​សម្ព័ន្ធភាពយោធា​ជាពិសេសជាមួយ​​ហ្វីលីពីន​និង​ជប៉ុន តែ​​ជា​ការ​ផ្តោះ​ប្តូរសម្តី​​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​យោធាអាមេរិក​ចិន​ លើក​ទី​មួយ គិត​ចាប់​តាំងពី​ខែ​វិច្ឆិកា​២០២២មក។ កាលណោះ​ប្រមុខ​មន្ទីរ​បញ្ចកោណ​បាន​ជួប​រដ្ឋមន្ត្រីការពារ​ចិននៅ​កម្ពុជា​​ ហើយ​ប្រកាស​ផ្តាច់ទំនាក់ទំនង​ជាន់​ខ្ពស់​ជាមួយ​វ៉ាស៊ីនតោន ដើម្បី​ប្រឆាំង​នឹងទស្សនកិច្ច​​របស់​ប្រធាន​សភា​អាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅ​តៃវ៉ាន់។ បន្ទាប់​មក ចិន​អាមេរិក​ផុង​កាន់​តែ​ជ្រៅ​ក្នុង​ភាព​តាន​តឹង​ ក្រោយ​ពី​​បាល់ឡុងចារកិច្ច​​​ចិន​បាន​ហោះ​ចូល​ដែនអាកាស​អាមេរិក។ អាមេរិក​និ​ង​ចិន ទើប​ព្រមព្រៀង​ភ្ជាប់​កិច្ចសន្ទនា​យោធា​រវាង​គ្នា​ឡើង​វិញ កាលពី​ខែ​វិច្ឆិកា​២០២៣​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ