អានតួអត្ថបទ

អាមេរិក-ចិនសន្យា​​រក្សា​កិច្ចសន្ទនា ទោះ​មាន​គំនិត​ខ្វែង​​គ្នា​ជុំវិញករណី​​តៃវ៉ាន់និង​ប្រព័ន្ធ​បច្ចេកវិទ្យា

សហរដ្ឋ​​អាមេរិក និងចិន​ មាន​ភាពខុសគ្នា ហើយ​នៅ​មាន​​គំនិត​ខ្វែងគ្នា​​ច្រើន ជា​ពិសេស​នៅ​ក្នុង​​សំណុំ​រឿង​តៃវ៉ាន់ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប។ ទោះបី​ជា​យ៉ាងនេះក្តី ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន​ និង ប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្យារួម​គ្នា នៅក្នុង​ការ​ឆ្លើយ​ឆ្លង​តាម​ទូរសព្ទ​​ពីថ្ងៃទី​២មេសា ថា​នឹង​បន្ត​រក្សា​កិច្ចសន្ទនា​តទៅ​ទៀត។​ ក្នុង​ដំណើរការ​បន្តកិច្ចសន្ទនា​គ្នា​នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បញ្ចូន​រដ្ឋម​ន្ត្រី ២ ​រូប ​ជាបន្តបន្ទាប់​ ទៅ​រដ្ឋធានី​ប៉េកាំង​។ ​

ក្នុងកិច្ចសន្ទនាគ្នាតាមទូរសព្ទ  នៅថ្ងៃទី២មេសា  រយៈពេល១ម៉ោងនិង៤៥នាទី ប្រធានាធិបតីអាមេរិកនិងចិន សន្យាបន្តរក្សាកិច្ចសន្ទនា ទោះបីជាមានគំនិតខ្វែងខ្លាំងគ្នាជុំវិញសំណុំរឿងតៃវ៉ាន់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប។
ក្នុងកិច្ចសន្ទនាគ្នាតាមទូរសព្ទ នៅថ្ងៃទី២មេសា រយៈពេល១ម៉ោងនិង៤៥នាទី ប្រធានាធិបតីអាមេរិកនិងចិន សន្យាបន្តរក្សាកិច្ចសន្ទនា ទោះបីជាមានគំនិតខ្វែងខ្លាំងគ្នាជុំវិញសំណុំរឿងតៃវ៉ាន់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប។ AP - Doug Mills
ផ្សាយពាណិជ្ជកម្ម

នៅលើ​ទិដ្ឋភាព​ការទូត, មន្ត្រី​ការបរទេស​​ទាំង​អាមេរិក​និង​ចិន សុទ្ធ​សឹងតែ​លើកឡើងថា ប្រមុខ​រដ្ឋទាំង​២​​បាន​សន្ទនាគ្នា​ដោយ​ត្រង់ទៅត្រង់មក និង​ប្រកប​ដោយ​ក្តី​ស្ថាបនា ហើយ​​ថែម​ទាំង​បាន​លា​ត​ត្រដាង​អំពី​សំណុំ​រឿង​ដែល​យល់​ឃើញ​​ដូច​គ្នា និងគិត​ខ្វែង​គ្នា​ផង​​។​ ចំណុច​រួមដូចគ្នា ​គឺថា សហរដ្ឋអាមេរិក និងចិន បង្ហាញ​ចេតនា​ចង់​សហការគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងគ្រឿង​ញៀន, ការប្រែប្រួល​អាកាសធាតុ, បញ្ហាផលវិបាក​​បង្ក​ដោយ​បញ្ញាសិប្បនិមិត្ត​ ហើយ​និង​ ​រក្សា​បន្តកិច្ចសន្ទនាជាមួយ​គ្នា​។ ចំណែក​បញ្ហា​ខ្វែងខ្លាំងគ្នា ​ពាក់ព័ន្ធ​សំណុំរឿងតៃវ៉ាន់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប។​

បើតាម​​សេតវិមាន​អាមេរិក, ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន​ ទាមទារ​ឲ្យ​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ តៃវ៉ាន់​​ដែល​ត្រៀម​ផ្លាស់ប្តូរ​មេ​ដឹកនាំ​ក្រុង​តៃប៉ិ នៅ​ពេល​ដ៏ខ្លីខាងមុខ។ នៅថ្ងៃ​ពុធ ទី​៣មេសានេះ ក្រសួង​ការពារជាតិ​តៃវ៉ាន់​ ​ប្រកាស​ថា ក្នុង​២៤ម៉ោង​ចុងក្រោយ យន្តហោះ​ចម្បាំង​ចិន​ ប្រមាណ​​៣០គ្រឿង​បាន​ហោះកៀកក្បែរ​កោះតៃវ៉ាន់ជាថ្មីទៀត បន្ទាប់ពី​ថ្ងៃទី​២២មីនា​ យន្តហោះ​ចិន​ ៣៥គ្រឿង​ហោះក្បែរ​តៃវ៉ាន់​។​ ផ្ទុយទៅវិញ ចំពោះ​ថ្នាក់ដឹកនាំចិន​, ការ​ជ្រោម​ជ្រែង​ជួយ​បង្កើន​អាវុធ​ឲ្យ​តៃវ៉ាន់ពី​សំណាក់​រដ្ឋបាល​ក្រុង​វ៉ាស៊ីន​តោន​ និងការ​​បញ្ចូល​ថ្នាក់ដឹកនាំអាមេរិក ហើយ​សមាជិក​សភាជាបន្តបន្ទាប់​​ ទៅការ​តៃវ៉ាន់ គឺ​ធ្វើ​ឲ្យរដ្ឋអំណាច​​ចិន​ខឹង​ច្រឡោត។ ប្រធានាធិបតីចិន មិន​លាក់​លៀម​ភាព​ខឹង​សម្បារ​នេះឡើយ។ លោក ស៊ី ជីនពីង បញ្ជាក់ទៅ​សមភាគី​ថា សំណុំ​បញ្ហាតៃវ៉ាន់​​ជា​បន្ទាត់​ក្រហម​ទី១ដំបូង​គេ​ ដែល​សហរដ្ឋអាមេរិក​មិនត្រូវ​ដើររំលង​សោះឡើយ។ នេះបើតាម​ការ​ពាំនាំពាក្យ​របស់​សារព័ត៌មាន​​រដ្ឋចិន ទាំង ​ស៊ីនហួរ និង​ទាំង​ CCTV។

ក្រៅពី​សំណុំ​រឿង​តៃវ៉ាន់និងទាមទារ​សិទ្ធសេរីភាព​ធ្វើ​នាវាចរ, ថ្នាក់ដឹកនាំ​អាមេរិក ក៏​​បាន​ព្រមាន​ចិន​ពីការ​លូកដៃ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នៅអាមេរិកក្នុង​ឆ្នាំ​នេះ។​ បើតាម​លោក ចន ឃឺប៊ី អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខជាតិ​អាមេរិក, លោក​ប្រធានាធិបតី​អាមេរិក នឹងប្រើ​គ្រប់​មធ្យោបាយ​វិធានការ​ច្បាប់ហាមឃាត់​មិនឲ្យ​ចិន​លួច​យក​បច្ចេកវិទ្យា​ទំនើប​របស់​អាមេរិក ទៅបម្រើ​ផល​ប្រយោជន៍​​ចិន​ក្នុង​វិស័យ​យោធា​នោះឡើយ ហើយ​ជុំវិញ​ប្រព័ន្ធបច្ចេកវិទ្យា​នេះដែរ លោក ចូ បៃដិន បញ្ជាក់​ជាថ្មី​ថា​មិន​បិទ​ប្រព័ន្ធ​ Tik Tok របស់​ចិ​ននៅអាមេរិក​ តែ​ចង់​ឲ្យ​ប្តូរ​ម្ចាស់​។

ក្នុង​កិច្ចសន្ទនាគ្នា​តាម​ទូរសព្ទ​ រយៈពេល​១ម៉ោង​និង​៤៥នាទី ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន​ ក៏បាន​សម្តែង​ក្តីបារម្ភ​បញ្ហា​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ដែល​ចិន​ជួយ​រុស្ស៊ី​ ក្នុង​បរិបទ​សង្គ្រាម​សព្វថ្ងៃនេះ នៅ​អ៊ុយក្រែន។​ ពាក់​ព័ន្ធ​សំណុំ​រឿង​ពាណិ​ជ្ជកម្ម​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ, លោកស្រី ចានែត ល្វីស យេឡែន រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុអាមេរិក បាន​ចេញ​ដំណើរ​ស្រេច​ទៅហើយ​ នៅថ្ងៃទី​៣មេសា​នេះ តម្រង់​ឆ្ពោះទៅប្រទេស​ចិន ហើយ​និង​ត្រូវ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំចិន​ជាច្រើន​រូប​ រហូត​ដល់​ថ្ងៃទី​៩​មេសា​។ បន្ទាប់មកទៀត គឺ ដល់​វេន លោក​ប្រមុខ​ការទូត​អាមេរិក អង់តូនី ប្ល៊ីងកិន ដែល​នឹង​ត្រូវ​អញ្ជើញ​ទៅស្រុក​ចិន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ