អានតួអត្ថបទ
ប្រេស៊ីល-កីឡាអូឡាំពិក

Rio 2016៖ សុបិនអូឡាំពិក​ក្លាយ​ជាការពិត ថ្វី​បើ​ឆ្លងកាត់ដោយវិបត្តិ​ និងឧបសគ្គ

ទីក្រុង​រីយ៉ូដឹចាណេរ៉ូ លើឆ្នេរខ្សាច់កូប៉ាកាបាណា មនុស្ស​ម្នាស្រែកហ៊ោកញ្ចៀវសប្បាយអឺងកង អបអរការប្រកាសដំណឹង ថាទីក្រុង​នេះ ត្រូវបាន​គេជ្រើសរើស​ឲ្យ​ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិក​ឆ្នាំ​២០១៦​។ ជាលើកទី​១ក្នុងប្រវត្តិសាស្ត្រ ដែលទីក្រុង​នៅតំបន់អាមេរិក​ខាងត្បូង ត្រូវបាន​ជ្រើស​ឲ្យ​រៀប​ចំការប្រកួតកីឡាដ៏ធំបំផុត​នៃពិភពលោក​។​ « Cidade Maravilhosa » នៅចន្លោះ​ព្រៃភ្នំនិង​សមុទ្រធំល្វឹងល្វើយ មាន​ពេល​៧ឆ្នាំ​ ដើម្បីរៀបចំខ្លួន​ឲ្យ​ក្លាយ​ជាមហាទីក្រុងអូឡាំពិក​។

រូបថត ការដ្ឋាន​សាងសង់ពហុកីឡាដ្ឋាន​អូឡាំពិកក្រុងរីយ៉ូ ២០១៦
រូបថត ការដ្ឋាន​សាងសង់ពហុកីឡាដ្ឋាន​អូឡាំពិកក្រុងរីយ៉ូ ២០១៦ Tomaz Silva/ Agência Brasil
ផ្សាយពាណិជ្ជកម្ម

អត្ថបទដើម ដោយ​ Maria Paula Cavalho វិទ្យុបារាំងអន្តរជាតិRFI ភាសា​ព័រទុយហ្កាល់​

« ការរៀបចំការប្រកួត​កីឡាអូឡាំពិក គឺ​មិនខុសពី​ប្រតិបត្តិការ​កងទ័ពទេ » ។ នេះ​គឺជាសម្តីសង្ខេបរបស់​លោក Leonardo Espindola រដ្ឋអាជ្ញាប្រចាំរដ្ឋ​ រីយ៉ូដឹចាណេរ៉ូ។ គឺលោក​ម្នាក់នេះហើយ នៅឆ្នាំ​២០១៦ ដែល​ជាអ្នកតំណាងរដ្ឋ​នេះ​នៅក្នុង​គណៈកម្មាធិការរៀបចំកីឡាអូឡាំពិក​។ គណៈកម្មាធិការ​នេះ គឺជាអង្គភាពឯកជន​ រួម​ផ្សំដោយ​៣ភាគី ៖ សាលាក្រុង រដ្ឋរីយ៉ូដឹចាណេរ៉ូ និងសហព័ន្ធ​កីឡា​។ “រៀបចំការប្រកួតដល់​ទៅ​ជាង​៥០ប្រកួត​ ក្នុងទីក្រុងតែមួយ ទទួលឲ្យ​ស្នាក់​នៅ ចរាចរណ៍ដឹកជញ្ជូន និង​ការផ្គត់ផ្គង់ម្ហូបចំណីដល់​កីឡាករ ព្រម​ទាំង​ក្រុមការងារទាំងអស់ក្នុងពេលតែមួយ វាគឺជាប្រតិបត្តិ​ការ​ដ៏ស្មុគស្មាញ​មិនធ្លាប់​មានទេពីមុន​មកសម្រាប់ប្រេស៊ីល”។

ប្រជែងនឹង​បេក្ខភាពធំៗ ដូចជាទីក្រុងឈីកាហ្គោ ទីក្រុង​ម៉ាឌ្រីដ និង​ទីក្រុងតូក្យូ ដែលមានមធ្យោបាយ​រចនាសម្ព័ន្ធ និងថវិកា​ដ៏ច្រើនសន្ធឹក ទីក្រុងរីយ៉ូបាន​ផ្ញើក្តីសង្ឃឹមទាំងស្រុងរបស់ខ្លួន ទៅលើផល​វិបាកវិជ្ជមានដែល​បាន​មកពី​ការ​​រៀបចំ​កីឡាអូឡាំពិក​។ គឺផលវិជ្ជមានដែល​នឹងជះ​មកលើ​ការអភិវឌ្ឍន៍​របស់ប្រេស៊ីល ដែល​បានទាក់ចិត្តធ្វើ​ឲ្យ​ CIO សម្រេចចិត្តជ្រើសយករីយ៉ូ។ លោក​ Leonardo Espindola បាន​រំលឹកថា​ “បើប្រៀបធៀបទៅទីក្រុង នៅតាមប្រទេសធំៗផ្សេងទៀត វាជាការពិតណាស់ ដែលទីក្រុងរីយ៉ូ ដឹចាណេរ៉ូ ជាទីក្រុងដែលមានធនធាន​និងហេដ្ឋារចនាសម្ព័ន្ធតិចជាងគេ​។ ប៉ុន្តែសម្រាប់រីយ៉ូ ការប្រកួតកីឡាអូឡាំពិក គឺជាឱកាសក្នុងការ​ធ្វើឲ្យ​ប្លែកខុសពីមុន​។ កីឡានេះអាចនឹងជួយដល់ទីក្រុង។ គឺនេះហើយ ដែលជាអំណះអំណាង​ដ៏ខ្លាំងបំផុត ដែលអាចនាំយកកីឡានេះមកកាន់រីយ៉ូបាន​”។

រូបថត ៖ ពហុកីឡាដ្ឋាន​អូឡាំពិក​​រីយ៉ូ ដឹចាណេរ៉ូ មើលពីលើអាកាស ថ្ងៃទី​២៦ កក្កដា ២០១៦
រូបថត ៖ ពហុកីឡាដ្ឋាន​អូឡាំពិក​​រីយ៉ូ ដឹចាណេរ៉ូ មើលពីលើអាកាស ថ្ងៃទី​២៦ កក្កដា ២០១៦ AFP/Archives

ជិត​ដល់​ថ្ងៃចាប់ផ្តើម​កីឡាអូឡាំពិក ផ្ទុះ​វិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ច និង​សុខាភិបាល​

ក្នុងពេល​ដែល​ រីយ៉ូ ដឹចាណេរ៉ូ កំពុងត្រៀមខ្លួនទទួល​អត្តពលិក​ មកពី​គ្រប់ទ្វីបទាំងអស់ ប្រទេសប្រេស៊ីល​បាន​ឈានជើងចូលក្នុងភាពចលាចលនយោបាយ​។ វិបត្តិបានផ្ទុះឡើង ជាមួយនឹង​មហាបាតុកម្ម​ប្រឆាំងរដ្ឋាភិបាល ព្រមទាំងមាន​នីតិវិធីដើម្បីទំលាក់​លោក​ស្រី Dilma Rousseff ចេញពី​កៅអីប្រធានាធិបតី។ ស្របពេលជាមួយគ្នានេះ រដ្ឋរីយ៉ូ បាន​ពើបប្រទះ​នឹង​វិបត្តិហិរញ្ញវត្ថុ ហើយ​លោកអភិបាលរដ្ឋ Luiz Fernando Pezão ត្រូវអវត្តមាន ដោយសារតែត្រូវ​ទទួល​ការ​ព្យាបាលជំងឺមហារីក។ វិបត្តិ​ប៉ុណ្ណេះ​មិនទាន់គ្រប់ទេ មេរោគហ្ស៊ីកា បាន​វាយ​សង្រ្គុបឆ្លងរាលដាលពេញ​ប្រទេស បង្កឲ្យ​មានការ​ភ័យជ្រួលច្របល់ជាខ្លាំង​។

លោក Ronaldo Helal សង្គមវិទូនៅសកលវិទ្យាល័យរដ្ឋរីយ៉ូដឹចាណេរ៉ូ (UERJ) បានលើកឡើងថា “នៅ​ពេល​ប្រេស៊ីល​ត្រូវបាន​គេជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត យើងកំពុងស្ថិតនៅក្នុង​ស្ថានការណ៍​នយោបាយ​ល្អប្រសើរ។ តែនៅពេលដល់ពេលត្រូ​វទទួលកីឡាករ ស្រាប់តែប្រេស៊ីលបានធ្លាក់ចូលកំឡុងពេល​ច្របូកច្របល់”។

ជាករណី​មិនធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្ត្រកីឡាអូឡាំពិក ប្រេស៊ីល​មានប្រមុខរដ្ឋ​ដ៏ទៅ​២នាក់។ ប្រធានាធិបតីកាន់អំណាច គឺលោក​ Michel Temer និង​លោកស្រី​ប្រធានាធិបតី Dilma Rousseff ដែល​ត្រូវគេព្យួរពីមុខងារ រហូតដល់ចប់នីតិវិធីទំលាក់​ពីអំណាច​។ “ជាការពិតណាស់ បញ្ហានេះបានជះឥទ្ធិពលអាក្រក់ណាស់ ទៅលើ​ការរៀបចំ​ការប្រកួត​ ជាក់ស្តែងទាក់ទិននឹងការទំនាក់ទំនងឆ្លងឆ្លើយការងារ រវាង​ដៃគូរពាក់ព័ន្ធ​។ ជារឿងមួយ​គួរឲ្យ​បារម្ភណាស់ កាលនោះ”។ នេះបើតាមការលើកឡើង របស់​លោក Leonardo Espindola។

លោកស្រី Dilma Rousseff ត្រូវឆ្លើយ​បំភ្លឺនៅចំពោះមុខ​សមាជិក​ព្រឹទ្ធសភា រយៈពេល​១៣ម៉ោង ដើម្បី​ការខ្លួនទល់នឹងការចោទប្រកាន់២ ដែល​បានឈានឲ្យ​មានការអនុវត្តនីតិវិធីទំលាក់​លោកស្រីពីតំណែង​។
លោកស្រី Dilma Rousseff ត្រូវឆ្លើយ​បំភ្លឺនៅចំពោះមុខ​សមាជិក​ព្រឹទ្ធសភា រយៈពេល​១៣ម៉ោង ដើម្បី​ការខ្លួនទល់នឹងការចោទប្រកាន់២ ដែល​បានឈានឲ្យ​មានការអនុវត្តនីតិវិធីទំលាក់​លោកស្រីពីតំណែង​។ © Reuters/Ueslei Marcelino

យោងតាមលោក Mario Andrada នាយកផ្នែក​ទំនាក់​ទំនង​នៃការរៀបចំកីឡាអូឡាំពិក​ រីយ៉ូ២០១៦ ការផ្ទេរអំណាច​រដ្ឋាភិបាល​ បន្ទាប់​ពី​​លោកស្រី​ Dilma Rousseff ត្រូវ​បាន​​គេ​ទំលាក់​ចេញ​ពី​តំណែង គឺ​​បាន​​ប្រព្រឹត្តិ​ធ្វើ​ទៅតាម​សម្រួល មិនមានបញ្ហាចោទដូចគេធ្លាប់បានបារម្ភឡើយ​។ រដ្ឋាភិបាល​ថ្មីដឹកនាំដោយលោក Michel Temer បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ការងារ ដោយ​សន្សឹមៗបំផុត​។ តែអ្វីដែលបាន​​​បង្ក​ការលំបាក ដល់​​ការរៀបចំ​ការប្រកួតកីឡាអូឡាំពិក គឺ​បញ្ហា​ហិរញ្ញវត្ថុ​ ដោយសារតែ​មាន​មានការយឺតយ៉ាវខ្លាំង នៅក្នុងការ​ផ្ទេរ​ថវិការដ្ឋ​។​ “យើងបាន​ទទួលនូវសំពាធជាច្រើន​ នៅក្នុងការរៀបចំកីឡាប៉ារ៉ាឡាំពិក​។ កញ្ចប់ថវិកា​ត្រូវ​បាន​​គេ​​ច្រាន​​បដិសេធ​ចោល តែ​រដ្ឋាភិបាល​បាន​ប្រតិកម្ម ​រកដំណោះស្រាយ​ភ្លាម​ៗ។ តាមរយៈមូលនិធិនៅក្នុងធនាគារសាធារណៈ យើងបានរៀបចំ​ការប្រកួត​កីឡាប៉ារ៉ាឡាំពិក​បានយ៉ាងជោគជ័យ​”។

ជាមួយនឹងកញ្ចប់ថវិកា​ចំណាយ ចំនួន​៤០ពាន់លាន​រ៉េអាល់ ព្រមជាមួយ​បរិបទ​នយោបាយ​និង​សេដ្ឋកិច្ច​ដែលគ្មានស្ថិរភាព​ទៀតនោះ ការគុណគូរផ្នែកហិរញ្ញវត្ថុ​ គឺជាឧបសគ្គមួយដ៏ធំដែលត្រូវតែផ្លោះឲ្យ​បាន​។ “តើប្រាក់ដែលបានសន្យា​ នឹងត្រូវ​បានទទួលទាំងអស់ឬទេ? ទេ! ពេលវេលាខើចណាស់ទៅហើយ ហើយនៅទីបំផុតទៅ ការរៀបចំ​ការប្រកួតកីឡានេះ បានបណ្តាល​ឲ្យ​កើតជាបំណុល។ បំណុលខ្លះ នៅជាប់​ដោះមិនទាន់រួច ហើយ​ចរចាមិនទាន់ស្រេចបាច់ផងទេ។ នេះបើតាមការលើកឡើង របស់​លោក Mario Andrada។

លោក​ប្រធានាធិបតី​ប្រេស៊ីល Michel Temer ថ្លែងសារបើកសម្ពោធ​ការប្រកួត​កីឡាអូឡាំពិក នៅពហុកីឡដ្ឋា​ន​ Maracanã ទីក្រុងរីយ៉ូដឹចាណេរ៉ូ ថ្ងៃទី ៥ សីហា ២០១៦
លោក​ប្រធានាធិបតី​ប្រេស៊ីល Michel Temer ថ្លែងសារបើកសម្ពោធ​ការប្រកួត​កីឡាអូឡាំពិក នៅពហុកីឡដ្ឋា​ន​ Maracanã ទីក្រុងរីយ៉ូដឹចាណេរ៉ូ ថ្ងៃទី ៥ សីហា ២០១៦ POOL/AFP

ទន្ទឹមពេល​ដែល​ បញ្ហាស្មុគស្មាញជាច្រើនមាននៅក្នុងថ្នាក់ជាតិ រដ្ឋរីយ៉ូដឹចាណេរ៉ូឯនោះ ក៏ជួបបញ្ហាលំបាក​ធ្ងន់ធ្ងរដែរ នៅផ្ទៃក្នុង​។ លោក Espìndola នៅចាំបានថា « រីយ៉ូដឹចាណេរ៉ូ បានពើបប្រទះនឹង​វិបត្តិហិរញ្ញវត្ថុ​ធ្ងន់ធ្ងរណាស់។ នគរបាល​ និង​កងកម្លាំងពន្លត់អគ្គីភ័យ បានគំរាមធ្វើ​កូដកម្ម​។ ប្រការនេះ​ គឺជាហានិភ័យធំណាស់ ដល់សន្តិសុខ​នៃការប្រកួតអូឡាំពិក ដែលមានភ្ញៀវអន្តរជាតិមកចូលរួម​ច្រើនកុះករ។ »

ស្ថិតក្នុង​បរិបទវិបត្តិ​នយោបាយ និងសេដ្ឋកិច្ច​ដ៏​លំបាក​នេះ គឺមានបូក​បន្ថែមជាមួយ​ វិបត្តិ​សុខភាព​សាធារណៈមួយទៀត នោះគឺមេរោគហ្ស៊ីកា ដែលឆ្លងតាម​រយៈសត្វមូស​ ហើយ​ដែលអាចបង្ក​ឲ្យមានបញ្ហាសុខភាព​ ខូចប្រព័ន្ធប្រសាទ ជាពិសេសសម្រាប់​ទារក​តូចៗ។ ស្ថានភាពកាលនោះ គួរឲ្យ​បារម្ភខ្លាំងណាស់ រហូតដល់ថ្នាក់​អ្នកជំនាញវិទ្យាសាស្ត្រ​​​មួយក្រុម​ មានគ្នា​១៥២នាក់ បាន​ផ្ញើលិខិតចំហមួយ ទៅកាន់អង្គការសុខភាពពិភពលោក ដើម្បីសុំ​ឲ្យ​លើកពេល​ប្រកួត​។

លោក Thierry Terret ប្រវត្តិវិទូទំនាញកីឡាបានលើកឡើងថា បញ្ហាផ្ទួនៗគ្នា​នេះ​បានធ្វើ​ឲ្យ​ប៉ះទង្គិចយ៉ាងខ្លាំង ទៅើលើ​គណៈកម្មាធិការអន្តរជាតិ​អូឡាំពិក​។ « ការប្រកួត​ ដែលត្រូវ​ប្រព្រឹត្តិធ្វើទៅ​ក្នុង​បរិបទវិបត្តិ​សេដ្ឋកិច្ច អមដោយ​អស្ថិរភាព​នយោបាយរួចទៅហើយនោះ ត្រូវពើបប្រទះនឹង​វិបត្តិសុខភាពថែមមួយទៀត​។​ គឺវិបត្តិមេរោគឆ្លងហ្ស៊ីកា ដែល​បាន​ផ្ទុះ​ឡើងកាលពីប៉ុន្មានខែមុន ដោយ​មានមនុស្ស​ឆ្លងដល់ទៅ​១លាន​៥សែននាក់នៅប្រេស៊ីល​។ វិបត្តិនេះ ត្រូវបានគេផ្សព្វផ្សាយ​ព្រោងព្រាតជាប្រចាំតាមបណ្តាញ​ផ្សព្វផ្សាយ ទូទាំងពិភពលោក​ ហើយ​ដែល​បាន​បំភ័យ​ទស្សនិកជន​ ក៏ដូចជា​​កីឡាករ​។ យ៉ាងណាមិញ មាន​មនុស្ស​ច្រើន​សិបនាក់ណាស់ ដែល​បាន​សម្រេចចិត្ត​ មិនធ្វើដំណើរមកកាន់​ទីក្រុងរីយ៉ូទេ ដោយសារតែខ្លាចឆ្លងមេរោគ ឬនាំមេរោគនេះទៅចម្លង​ក្រុមគ្រួសារ​​។ គ្រុនក្តៅហ្ស៊ីកា គឺគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសទៅលើស្ត្រីមានផ្ទះពោះ។ »

លោក Thierry Terret បានរំលឹកថា បរិបទដ៏លំបាក​នេះ បានជះឥទ្ធិពល​អាក្រក់ខ្លាំងណាស់ ទៅលើគំនិត​ថ្មី​ដែលCIO បានលើកមកបង្ហាញ។ « ដោយ​សារតែ​ភាពច្របូក​ច្របល់នយោបាយ សេដ្ឋកិច្ច និង​វិបត្តិសុខភាពទៀត គំនិត​ថ្មីៗស្តីពី​ភូមិសាស្ត្រនយោបាយ របស់​CIO ត្រូវបានគេមិនចាប់អារម្មណ៍ឡើយ នៅក្នុងឱកាសនៃការប្រកួតនៅរីយ៉ូ។ វាជារឿងមួយគួរឲ្យសោកស្តាយដែរ ព្រោះថាគំនិតទាំងនោះ មាន​លក្ខណៈល្អៗគួរឲ្យ​សរសើរណាស់​។ ឧទាហរណ៍ CIO បាន​មានគំនិត​បង្កើត ក្រុមអត្តពលិក​អូឡាំពិកជាជនភៀសខ្លួន​មួយក្រុម ដែលនេះគឺជាលើកទី​១ហើយ​ ក្នុងប្រវត្តិសាស្ត្រ​។ ក្រុមអត្តពលិក​នេះ គឺប្រមូលផ្តុំទៅដោយជនភៀសខ្លួន​ស៊ូដង់ ស៊ីរី អេត្យូពី និង​កុងហ្គោ។ គំនិត​ដ៏ល្អនេះ គឺវាបានស្តែងឲ្យឃើញអំពីការយកចិត្តទុកដាក់ របស់​អាជ្ញាធរអូឡាំពិក ទៅលើ​ស្ថានការណ៍​​នយោបាយ​និងមនុស្សធម៌។ 

ក្រុមអត្តពលិក​ជនភៀសខ្លួន ​នៅថ្ងៃបើកសម្ពោធការប្រកួត អូឡាំពិក​រីយ៉ូ-​២០១៦ ថ្ងៃទី​៥ សីហា ២០១៦
ក្រុមអត្តពលិក​ជនភៀសខ្លួន ​នៅថ្ងៃបើកសម្ពោធការប្រកួត អូឡាំពិក​រីយ៉ូ-​២០១៦ ថ្ងៃទី​៥ សីហា ២០១៦ © AFP

៧ឆ្នាំក្រោយ​មក កីឡាអូឡាំពិករីយ៉ូ-២០១៦ បន្សល់ទុកនូវ​កេរមរតកតែ​បន្តិចបន្តួច​

ប្រជាជន​ Carioca (អ្នកក្រុងរីយ៉ូដឹចាណេរ៉ូ) មានសេចក្តី​សោមនស្សរីករាយ​ជាពន់ពេកណាស់ ជាមួយ​នឹងពាក្យសន្យាថា ការប្រកួត​កីឡាអូឡាំពិក​រីយ៉ូ-២០១៦ នឹងហុចផល​វិជ្ជមាន​នានា​ មក​លើ​ហេដ្ឋារចនាសម្ព័ន្ធទីក្រុង​ បរិស្ថាន​ សន្តិសុខ​ ការរៀបចំទីលានសាធារណៈនៃទីក្រុងដើម្បី​បម្រើដល់វិស័យ​កីឡា និងការកម្សាន្តសប្បាយ​ផ្សេងៗ។ តែផ្ទុយទៅវិញ ៧ឆ្នាំក្រោយ​មក​ គម្រោង​ខ្លះ​ដែលជាកេរមរតក​នៃកីឡាអូឡាំពិក​ នៅតែមិនទាន់បាន​សម្រេច​។ ជាការពិត​មែន ទីតាំង Areno do Futuro ត្រូវបាន​ប្រែក្លាយ​ទៅ​ជា​សាលារៀនចំនួន​៤ ស្ថិតនៅ​ខាងលិចក្រុង ដែលជាតំបន់ក្រីក្រ​ជាងគេ​។ ចំណែក​សម្ភារៈ​សំណង់​​ទីតាំង​កីឡាទឹក ត្រូវបាន​យកទៅ​ប្រើ​សម្រាប់បង្កើត​ក្លឹបបាល់ទាត់​។​

« យើងបានសម្រេច​នូវ​ គម្រោង​ការងារសាងសង់​ ដែលមានចំណាស់តាំង​តែ​ពី​៣០ឆ្នាំ​។ ការកែលំអ​បណ្តាញ​ផ្លូវដែក បណ្តាញខ្សែរថយន្តក្រុងនិង​ខ្សែម៉េត្រូ​ បណ្តាញផ្លូវថ្នល់ និងព្រលានយន្តហោះ​។ សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ ត្រូវបាន​កែលំអយ៉ាងច្រើន​។ » នេះ​បើតាមការអះអាង របស់​លោក José Cândido Muricy លេខារង​នៃរដ្ឋ​រីយ៉ូ ក្នុងអំឡុងពេល​ប្រកួតអូឡាំពិក​។ « ខ្ញុំជឿថា យើងគួរណាតែ​អាចទទួលបាន​កេរមរតក​កីឡា បានច្រើនជាងនេះ។ យើងនៅតែមានការលំបាក​ខ្លះ នៅក្នុងការប្រើប្រាស់​សម្ភាៈបរិក្ខាមួយចំនួន​។ ថ្នាក់ដឹកនាំ​ គួរណាតែពិចារណា​ឲ្យ​បានច្រើនជាងនេះ ទាក់ទិននឹងកេរមរតកទាំងនេះ ហើយ​បន្ត​ធ្វើការរួមគ្នា​។ វាគឺជាការ​សន្យា​ក្នុងរយៈពេលវែង ដើម្បីឲ្យ​សម្ភារៈ គ្រឿងបរិក្ខាទាំងបំបាលម៉ាន ត្រូវបាន​យកទៅប្រើបន្ត ហើយ​ក្លាយ​ជាទ្រព្យ​សម្បត្តិយូរអង្វែង សម្រាប់​សង្គមជាតិទាំងមូល »។ 

នៅក្រោយ​ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ​២០១៤ ពហុកីឡដា្ឋានជាច្រើននៅប្រេស៊ីល ប្រើការលែងកើត។ បញ្ហានេះ បានធ្វើ​ឲ្យ​ប្រជាជនប្រេស៊ីលចោទជាសំណួរ ថាតើ​នៅក្រោយ​ការប្រកួតអូឡាំពិក​២០១៦ លទ្ធផល​នឹងទៅជាយ៉ាងណា?

នៅក្នុងបញ្ជីនៃអត្ថប្រយោជន៍​បានមកពី​ការរៀបចំ​កីឡាអូឡាំពិកនៅរីយ៉ូ គឺមានខ្សែរថភ្លើងម៉េត្រូថ្មីមួយខ្សែ និង​ការរៀបចំឡើងវិញ នៅតំបន់កំពង់ផែ។ គម្រោងទាំងអស់នេះ គឺជាផែនការ​នៃការអភិវឌ្ឍន៍​ទីក្រុងរីយ៉ូ ដែលគេទន្ទឹងរងចាំជាច្រើន​ទសវត្សមកហើយ​។

« បើនិយាយពី​មរតកបន្សល់​ទុក​​ដោយ​កីឡាអូឡាំពិក គឺយើង​បានសម្រេច​បាន​នូវ​គម្រោងសាងសង់​ហេដ្ឋារចនាសម្ព័ន្ធទីក្រុង​ ដ៏ធំជាងគេបង្អស់ក្នុងតំបន់អាមេរិកឡាទីន កាលជំនាន់នោះ ៖ មេត្រូខ្សែលេខ៤។ ប្រសិន​បើគ្មាន​កីឡាអូឡាំពិកទេ គឺគ្មានទេ ខ្សែមេត្រូលេខ​​៤ ដែលត​ភ្ជាប់ពីទិសខាងត្បូង ទៅ​ទិស​ខាងលិច​ទីក្រុងរីយ៉ូ​ »។ នេះបើតាមការវិភាគរបស់​លោក Laonardo Espíndola ដែលជា​អ្នក​តំណាង​រដ្ឋ​រីយ៉ូ​ នៅក្នុង​គណៈកម្មាធិការរៀបចំការប្រកួត​។ លោក​បាន​គូសបញ្ជាកើថា « មានប្រវែង​១៦គីឡូម៉ែត្រ ខ្សែមេត្រូនេះ គឺជាខ្សែដែលវែងជាងគេ ដែល​ក្រុងរីយ៉ូមិនធ្លាប់​មាន​ទេ​។ ខ្សែមេត្រូ​នេះ​ ដឹកជញ្ជូន​មនុស្ស​ ដែលរស់​នៅតំបន់​ Barra da Tijuca និង​នៅតំបន់​ ​Favela de Rocinha ដែល​ជា​តំបន់សំណង់អាណាធិបតេយ្យ​ដ៏ធំជាងបង្អស់មួយ​ នៅអាមេរិក​ឡាទីន »។ តែយ៉ាងណា មាន​​ស្ថានីយ៍ខ្លះ​ ដែលគេគ្រោង​សាសង់នៅតាមបណ្តោយ​ខ្សែមេត្រូនេះ មិនត្រូវបាន​គេសាងសង់​ឡើយ​ រហូតមក​ទល់ពេលនេះ​។ 

បុគ្គលិកកំពុងសាងសង់​រថភ្លើងមេត្រូខ្សែរលេខ៤ សង្កាត់ Ipanema ទីក្រុង Rio de Janeiro ថ្ងៃទី​១៩ មករា ២០១៦
បុគ្គលិកកំពុងសាងសង់​រថភ្លើងមេត្រូខ្សែរលេខ៤ សង្កាត់ Ipanema ទីក្រុង Rio de Janeiro ថ្ងៃទី​១៩ មករា ២០១៦ AFP - CHRISTOPHE SIMON

ការសាងសង់​មហាវិថី​អូឡាំពិក ដែល​តភ្ជាប់រវាង​តំបន់កំពង់ផែ និង​កណ្តាលក្រុង បាន​ផ្តល់នូវមុខមាត់ថ្មីនៃតំបន់នេះ ដែលពីមុន​មក​មាន​លក្ខណៈបាក់បែករខេករខាក​គ្មានការថែទាំ។ ក្នុងអំឡុងពេល​ប្រកួត​ ទីនេះ​គឺជាកន្លែងប្រមូលផ្តុំ នៃ​ក្រុមអ្នកគាំទ្រកីឡាករ និង​ទេសចរនានា។ ទីលាន​បរិវេនដែលមុន​ត្រូវគេបោះបង់ចោល បាន​​ក្លាយជាបរិវេន​កម្សាន្តសប្បាយ សម្រាប់​ប្រជាពលរដ្ឋ។ មនុស្ស​ម្នាអាចមកទស្សនា​ទេសភាពនៃឈកសមុទ្រ​ Guanabara ខ្លះទៀតចូលទៅសារមន្ទីរ និង​បរិវេន​រៀបចំកម្មវិធី​សប្បាយ ខ្លះចូលទៅមើល​​​សត្វសមុទ្រក្នុង​អាងទឹក​ដាក់ ខ្លះទៀតឡើងជិះ​កន្ត្រកកម្សាន្តសប្បាយ​។ លោក Laonardo Espíndola បានលើកឡើងថា « ទីប្រជុំជននេះ បាន​ត្រៀមខ្លួនរួចរាល់ ដើម្បី​អភិវឌ្ឍន៍ និង​ទទួល​យក​នូវការវិនិយោគថ្មី​ៗ »។  

ការចោទប្រកាន់ស្តីពីអំពើពុករលួយ បានធ្វើឲ្យ​ខ្ទេច​ខ្ទាំ ដល់​មរតក​អូឡាំពិក

៧ឆ្នាំ​បន្ទាប់ពី​ការប្រកួតអូឡាំពិក​រីយ៉ូ-២០១៦បានចប់សព្វគ្រប់ ប្រជាជនប្រេស៊ីល​នៅតែមិនទាន់​បានសងប្រាក់ដែលបានចំណាយ​សម្រាប់​កម្មវិធីនេះ អស់នៅឡើយទេ​។ ការចំណាយ​គិតជាសរុប អស់ប្រមាណ​៤០ពាន់​លានរ៉េអាល់ ដែលចំណាយ​លើ​ការសាងសង់បណ្តាញដឹកជញ្ជូន និង​ការ​សាងសង់​​​ពហុកីឡាដ្ឋាន​​។ សង្ស័យស្តីពីការបំប៉ោងវិក័យបត្រ ឬក៏ការ​សូក​ប្រាក់ក្រោមតុ បានអណ្តែត​សាយភាយ​នៅពីលើ​ការដ្ឋាន​​សាងសង់​។ ពាក្យ​ចចាមអារ៉ាមខ្លះទៀត បាន​ទាំងលើកឡើងថា ការសម្រេចជ្រើសរើសយកទីក្រុងរីយ៉ូជាម្ចាស់ផ្ទះរៀបចំការប្រកួត ក៏ជា​លទ្ធផល​នៃការសូកប៉ាន់ដែរ​។

“ ប៉ុន្តែសម្រាប់​គណៈកម្មាធិការ​រៀបចំការប្រកួត ដែលជាអ្នកទទួលបន្ទុក​រៀបចំកម្មវិធីទាំងមូល ត្រួតពិនិត្យ​មើល​ការ​សាងសង់សំណង់ និង​ការប្រកួតកីឡា គឺពិតណាស់ដែលគេអះអាងថាគ្មានអំពើពុករលួយទេ”។ នេះបើ​ផ្អែកតាមលើកឡើង ​របស់​​លោក Mario de Andrada។ លោក​បានពន្យល់ថា “តួលេខនៃការចំណាយទាំងអស់ គឺត្រូវ​បានផ្ទៀងផ្ទាត់​យ៉ាងត្រឹមត្រូវ ដោយ​​គ្មាន​បញ្ហាអ្វីទាំងអស់”។ តែយ៉ាងណា នីតិវិធីតុលាការ​កំពុងតែដំណើរការទៅ​មិនទាន់ចប់ទេ នៅ​ប្រេស៊ីល ដើម្បី​ស្វែងរកការពិត ទាក់ទិននឹង​ការចោទប្រកាន់ថាប្រេស៊ីល​បានប្រើប្រាស់ប្រាក់ទិញសន្លឹកឆ្នោត ឲ្យ​គេ​ជ្រើសរើស​ខ្លួន​។ នេះគឺជាការសង្ស័យធំបំផុត ហើយក៏ជាសំណុំរឿងស៊ើបអង្កេតតែមួយគត់ ពាក់ព័ន្ធនឹងករណីពុករលួយ។ លោក Mario de Andrada អះអាងថា ការរៀបចំការប្រកួត គឺត្រូវបានធ្វើយ៉ាងត្រឹមត្រូវបំផុត។

ដោយឡែក លោក Orlando Santos សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវនិង​រៀបចំនគររូបនីយកម្ម​ បានលើកឡើងថា ការ​រៀបចំកម្មវិធី​ប្រកួតកីឡាអូឡាំពិក អាច​ជួយចូលរួម​ជំរុញការអភិវឌ្ឍន៍​ទីក្រុងមួយពិតមែនហើយ។ ក៏ប៉ុន្តែគម្រោង​ផែនការដ៏ធំ មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើនសន្ធឹកបែបនេះ គឺចាំបាច់ត្រូវមានការតាមដាន​ច្បាស់លាស់។ “អំពើពុករលួយ គឺវាកើតចេញពី​ ច្បាប់ពិសេស​ៗដែល​គេបានអនុម័ត ដោយ​លើកហេតុផលថា ដើម្បី​ចាត់ចែងព្រឹត្តិការ​ពិសេសនេះ​។ ការជ្រើសរើស​ ក្រុមហ៊ុន​ឲ្យសម្រេចកិច្ចការងារផ្សេងៗ និង​នីតិវិធីជាច្រើនផ្សេងទៀត ដែលបានជួយសម្រួល​ដល់ការ​ប្រព្រឹត្តិអំពើពុករលួយ​។​ ទាំងអស់នេះ វាគឺជា​ចំនុចអវិជ្ជមាន​ របស់​ការគ្រប់គ្រង​រដ្ឋបាលសាធារណៈប្រេស៊ីល​”។

រូបថត ៖ អត្ថបទ​កាសែត Le Monde ដែល​សរសេររៀបរាប់ពីការសង្ស័យ ថាមានអំពើពុករលួយ នៅក្នុងការបោះឆ្នោតសម្រេច​ជ្រើសរើស​ទីក្រុងរីយ៉ូ ជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក ២០១៦។
រូបថត ៖ អត្ថបទ​កាសែត Le Monde ដែល​សរសេររៀបរាប់ពីការសង្ស័យ ថាមានអំពើពុករលួយ នៅក្នុងការបោះឆ្នោតសម្រេច​ជ្រើសរើស​ទីក្រុងរីយ៉ូ ជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក ២០១៦។ © RFI

មុខមាត់ទីក្រុងនិងប្រទេសជាតិទាំងមូល

នៅប្រេស៊ីល អស់រយៈពេលជាច្រើនសប្តាហ៍ ក្រុមអត្តពលិក​កម្រិតខ្ពស់ជាច្រើននាក់ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណុចដ៏អស្ចារ្យ​នៃវិស័យកីឡា៖ សមត្ថភាពកំពូល​​ ការប្រាស្រ័យរាក់ទាក់គ្នា ការសាមគ្គី និង​សេចក្តី​សោមន្សរីករាយ​។ តម្លៃជានិម្មិតរូប​ទាំងនេះ ត្រូវបានតំណាងដោយ​អណ្តាតភ្លើង​អូឡាំពិក ដែល​បាន​ឆេះរោលបេះដូងទស្សនកិច្ចជន ប្រៀបបី​ដូចជា “ផ្លេកបន្ទោល” ដ៏លឿនរហ័សរបស់កីឡាករ Usian Bolt។ កីឡាករជនជាតិចាម៉ៃអ៊ីករូបនេះ បាន​ឈានជើងចូលក្នុងកំណត់ត្រាប្រវត្តិសាស្ត្រនៃកីឡា​។ បន្ទាប់ពីបាន​ដណ្តើម​បានមេដាយមាស ក្នុងវិញ្ញាសា​៣ មានរត់១០០ម៉ែត្រ ២០០ម៉ែត្រ និង​រត់បណ្តាក់១០០ម៉ែត្រ៤ដង កាលពីក្នុងពេលប្រកួតអូឡាពិកប៉េកាំងឆ្នាំ​២០០៨ និងនៅឡុងដ៍ឆ្នាំ​២០១២ កីឡាករ Usain Bolt បាន​ក្លាយជាកីឡាករដំបូងគេ ដែលបាន​ឈ្នះ​បានមេដាយ​មាស ៣លើកជាប់​ៗ​គ្នា នៅទីក្រុងរីយ៉ូ។

រូបថត៖ កីឡាករ Usain Bolt កំពូលកីឡាលររត់ប្រណាំង មកពីប្រទេសចាម៉ៃអ៊ីក ទៅក្រុងរីយ៉ូ ថ្ងៃទី​ ១៩​ សីហា ២០១៦

អ្វីដ៏គួរឲ្យស្ញើចសរសើរមួយទៀតនោះ គឺ​សមត្ថភាព​កំពូល​របស់​កីឡា​ករហែលទឹកជនជាតិអាមេរិក​ ឈ្មោះ Michael Phelps។ នៅរីយ៉ូ កីឡាកររូបនេះបានឈ្នះបានមេដាយចំនួន​ដល់ទៅ​៦ ធ្វើឲ្យ​មេដាយ​ឈ្នះ​សរុបទាំងអស់ របស់កីឡាករនេះ មាន​២៨មេដាយ ក្នុងនោះ​មាន​មាស​​២៣ ចាប់តាំងពីចាប់ផ្តើម​ប្រកួតមក។ តែនៅរីយ៉ូ Michael Phelps បានប្រកាស​លាជាចុងក្រោយ​ ឈប់ប្រកួតជារៀងរហូត។

“ កីឡាអូឡាំពិក បានចាក់ចូលជ្រាប់ក្នុងក្រឳបេះដូចមនុស្សទូទៅ​ ដែលពួកគេអបអរសាទរ​ឯកភាព​ សាមគ្គីភាព រវាងប្រជាជាតិទាំងអស់។ វាគឺជា​មរតក​មួយ​មិនអាចប្រកែកបាន​ ដែលបាន​បន្សល់ទុកឲ្យទីក្រុងរីយ៉ូ”។ នេះបើ​ផ្អែកតាមសំដី​ របស់​លោក Laonardo Espíndola ដែលលោក​ផ្ទាល់​បានចូលរួម​រត់កាន់ភ្លើងគុប​អូឡាំពិក​។ “ ភ្លើងគុបអូឡាំពិក ដែលបាន​ធ្វើដំណើរឆ្លងកាត់ទីក្រុងនៅប្រេស៊ីល និងពិភពលោក គឺជានិម្មិតរូប នៃ​ស្មារតីអូឡាំពិក ដែល​យើងគ្រប់គ្នាត្រូវតែ​រក្សាការពារឲ្យរស់ជានិច្ចនិរន្ត។ ជាការពិតណាស់ នៅពីក្រោយ​នេះ គឺវាមាន​ប្រតិបត្តិជំនួញ ផ្សាយពាណិជ្ជកម្ម​ជាដើមដោយ​ចៀសមិនរួច។ តែ​អារម្មណ៍នេះ​ គឺវាជាអារម្មណ៍ដែលបរិសុទ្ធ ហើយជាអ្វី​មួយដែលមិនអាច​រសាត់រលត់បាត់​បានឡើយ​”។

ចំណែកលោក Mario Andrada បាន​លើកឡើងថា “ ឱកាសនេះ គឺជារយៈពេល​៣០ថ្ងៃ នៃ​ប្រវត្តិសាស្ត្រដ៏ល្អបំផុត របស់ទីក្រុងរីយ៉ូដឹចាណេរ៉ូ”។ “ នរណាក៏ដោយ ដែល​បានមានវត្តមាននៅរីយ៉ូក្នុងពេលនោះ គឺគ្មានថ្ងៃភ្លេចបានទេ”។ លោក​បានបន្តថា ​ការប្រកួតកីឡាវិញ គឺបានដំណើរការទៅយ៉ាងរលូន​បំផុត​។ អត្តពលិកទាំងអស់ ត្រូវបាន​គេ​ថ្នមថ្នាក់យកចិត្តទុកដាក់ មិនឲ្យ​មាន​សៅហ្មង ឯការប្រកួតវិញ គឺទៀងទាត់ម៉ោងពេលវេលា គ្មានការយឺតយ៉ាវ។ “ យើងបាន​បង្ហាញ​ឲ្យ​ពិភពលោកទាំងមូលបានឃើញ នូវអ្វីដែល​ប្រេស៊ីលអាចធ្វើបាន​ បើទោះបីជាមានបញ្ហានិងឧបសគ្កយ៉ាងណាក៏ដោយ​ចុះ​”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ