អានតួអត្ថបទ
កីឡា-ភូមិសាស្ត្រនយោបាយ

ការប្រកួត​​អូឡាំពិកនៅម៉ូស្គូ១៩៨០ ស្ថិតក្នុង​ផ្សែងភ្លើងនៃជម្លោះនៅ​អាហ្វហ្កានីស្ថាន

ទស្សនវិទូក្រិកកាលពីសម័យ​បុរាណ​ ប្រហែលជាពេញចិត្តណាស់ ​នឹងពាក្យ​សើចចំអកលេង ដែលថា ៖ អ្នកនយោបាយ​ម្នាក់​ខំព្យាយាម​អះអាងជំហរខ្លួន ដោយសង្ឃឹមថា នឹងមិនត្រូវ​​គេចោទ ថាចង់ធ្វើរឿងអ្វីមួយ ឲ្យ​ទៅជារឿងនយោបាយ​។

Uma estátua de Lênin do lado de fora do Estádio Lênin, principal arena dos Jogos Olímpicos de Verão de 1980 em Moscou., (Foto/Arquivo AP)
ពហុកីឡដ្ឋាន Lenin ទីក្រុងម៉ូស្គូ ថ្ងៃបើកសម្ពោធការប្រកួតកីឡាអូឡាំពិក ១៩៨០។ AP
ផ្សាយពាណិជ្ជកម្ម

អត្ថបទដើមដោយ ៖ Paul Myers អ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិ RFI ភាសាអង់គ្លេស​

នៅឆ្នាំ​១៩៨០ លោក​ប្រធានាធិបតីអាមេរិក ជីមី ការទែរ (Jimmy Carter) បាន​ស្នើថាគួរតែរៀបចំ​ការប្រកួតកីឡាអូឡាំពិក នៅក្នុងប្រទេសក្រិក ដែលជាប្រទេសដើមកំណើតវិញ ជារៀងរហូតតែម្តងទៅ។ ត្រូវ​ឈប់​លើក ពីប្រទេសមួយទៅប្រទេសមួយតទៅទៀត ដើម្បី​បញ្ចៀស កុំឲ្យ​ព្រឹត្តិការណ៍នេះ ​ក្លាយ​ជាឧបករណ៍នយោបាយ របស់​ប្រទេសណាមួយ​។

តែគណៈកម្មាធិការអន្តរជាតិអូឡាំពិក (CIO) បានបដិសេធសំណើនេះ ដោយ​បាន​លើកហេតុផល ប្រទេសក្រិកគ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីទទួល​រៀបចំ​ការប្រកួតកីឡាសម័យទំនើបនេះ ជារៀងដ៏រាបនោះទេ។ ជាងនេះទៀត គណៈកម្មាធិការអន្តរជាតិអូឡាំពិក សម្លឹងឃើញថា បើធ្វើបែបនេះ ខ្លួននឹងអស់ឥទ្ធិពល លែងមាន​អំណាចអ្វីតទៅទៀត​។

រូបសញ្ញាការប្រកួតអូឡាំពិកនៅម៉ូស្គូ
រូបសញ្ញាការប្រកួតអូឡាំពិកនៅម៉ូស្គូ © AP

សហរដ្ឋអាមេរិកដឹកនាំការធ្វើពហុការ

មិនពេញចិត្តនឹងការជំទាស់នេះ សហរដ្ឋអាមេរិកបានផ្តួចផ្តើមគំនិត ប្រកូកប្រកាស​ធ្វើ​ពហិការ មិនចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ១៩៨០នៅម៉ូស្គូ។ ប្រទេសចំនួន​៦០បានចូលរួម​ក្នុងការធ្វើពហិការនេះ​ ដើម្បី​ប្រឆាំងចំពោះ​ការដែល​សហភាពសូវៀត លើកទ័ពចូលឈ្លានពានអាហ្វហ្កានីស្ថាន​។

៤ឆ្នាំក្រោយ​មក ការប្រកួតកីឡាអូឡាំពិកនៅទីក្រុង Los Angeles ត្រូវបាន​សហភាពសូវៀតធ្វើពហិការវិញម្តង រួមជាមួយ​ប្រទេសប្លុកខាងកើត១៤ប្រទេសទៀត។ ជាការធ្វើពហិការប្រឆាំងនឹងចរន្តគំនិត ប្រឆាំងរករឿងមកលើសហភាពសូវៀត ពីសំណាក់សហរដ្ឋអាមេរិក​។​

តាមពិតទៅ បើយើង​ពិចារណាឲ្យ​មែនទែន ការធ្វើពហិការប្រឆាំងគ្នាចុះឡើងនេះ​ វាគឺជាការរករឿង​គ្នា​​ទៅវិញ​ទៅ​មក​ ដែលមិនសមរម្យទាល់តែសោះឡើយ។ នៅសម័យបច្ចុប្បន្ននេះ ជាង១ឆ្នាំបន្ទាប់ពី​លោក​ប្រធានាធិបតី​ពូទីន បានបញ្ជាទ័ពឲ្យ​ចូល​មកឈ្លាន​បានអ៊ុយក្រែន តាមទឹកដី​បែលឡារុស គឺគណៈកម្មាធិការអន្តរជាតិអូឡាំពិក បានសម្រេច​ថា​ កីឡាកររុស្ស៊ី​និង​បេឡារុស អាចចូលរួម​ប្រកួតបាននៅ ក្នុងការប្រកួត​ឆ្នាំ​២០២៤ តែ​ស្ថិតក្រោម​អព្យាក្រិត្យ មិនមែនទង់ជាតិប្រទេសខ្លួនទេ​។ សំឡេងរិះគន់ បរិហារមកលើគណៈកម្មាធិការអន្តរជាតិអូឡាំពិក ហូរដូចទឹកជ្រោះ ពីសំណាក់​លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី។

រូបតុក្កតា mascot Misha ក្នុងពេលបើកសម្ពោធនៅម៉ូស្គូ
រូបតុក្កតា mascot Misha ក្នុងពេលបើកសម្ពោធនៅម៉ូស្គូ REUTERS - Sergei Kivrin

ប្រវត្តិសាស្ត្រជាន់ដាន

ការប្រើកម្លាំងទ័ពឈ្លានពាន​របស់សហភាពសូវៀត គឺជាហេតុផល នៃការ​ធ្វើពហិការ​ នៅឆ្នាំ​១៩៨០។ ហើយចំណែក​​ឥឡូវនេះវិញ គឺរុស្ស៊ី ដែលត្រូវគេសម្លឹងឃើញថា ជាអ្នកចូលចិត្ត​ដើរធ្វើសង្គ្រាម​ឈ្លានពានគេ​។ ក៏ប៉ុន្តែ ប្រតិកម្ម​កាលពីជំនាន់​មុន គឺវាមានលក្ខណៈអាចឲ្យ​គេស្មានដឹងមុនបាន​យ៉ាងងាយ​។ លោក ជីមី ការទែរ យល់​ច្បាស់​ក្នុងចិត្ត អំពីការគំរាមមកលើជោគវាសនាដឹកនាំប្រទេសនៅអាណត្តិទី២របស់​លោក ពីសំណាក់លោក​ Ronald Reagan ដែលជាអតីតតារាភាពយន្ត ហើយ​ក្រោយ​មកក្លាយ​ជា​អភិបាល​រដ្ឋកាលីហ្វ័រញ៉ា។

លោកជីមី ការទែរ ក៏ចង់​បង្ហាញ​ឲ្យ​គេឃើញដែរ ថាលោក​មាន​ការតាំងចិត្តម៉ឺងម៉ាត់ ដើម្បីបន្ធូរបន្ថយ​ការរិះគន់មកលើលោក ទាក់ទិននឹងករណីចាប់ចំណាប់ខ្មាំង នៅក្នុងស្ថានទូតអាមេរិក​ក្នុងក្រុងតេអេរ៉ង់ តាំងតែ​ពីថ្ងៃទី​៤វិច្ឆិកា១៩៧៩ ហើយ​នៅតែចរចារំដោះមិនទាន់​បាន​។ យុទ្ធសាស្ត្របែប​ភ័យស្លន់ស្លោ របស់លោកជីមី ការទែរ បានធ្វើ​ឲ្យមេដឹកនាំធំៗនៅវិមានក្រេមឡាំង​ ​វង្វេង​គិតមិនយល់។

លោក Bob Edelman សាស្ត្រាចារ្យជំនាញ​ប្រវត្តិសាស្ត្ររុស្ស៊ី និង​ប្រវត្តិកីឡា នៅសកលវិទ្យាល័យ​San Diego បាន​លើកឡើងថា បើតាមតែគ្រប់គ្នាបានដឹង គឺថាការពិត​​ សហភាពសូវៀតមិនបាន​ត្រៀមខ្លួនទុកជាមុន​ទេ ថាការឈ្លានពានចូលអាហ្វហ្កានីស្ថានរបស់ខ្លួន នឹងធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​ព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិក​នៅម៉ូស្គូ។

“កាលជំនាន់នោះ អ្វីៗ វា​គឺជាកំហុសរបស់​ពួកមេដឹកនាំ នៃ​របប​អាហ្វហ្កានីស្ថានថ្មី ដែល​ធ្លាប់ទៅរៀននៅសហភាពសូវៀត​ ហើយដែលពេលត្រលប់ចូលស្រុកវិញ ធ្វើការដឹកនាំប្រទេសមិនកើត។ ពួកសូវៀត ក៏សម្រេចចិត្តធ្វើអន្តរាគមន៍​​នៅ​​អាហ្វហ្កានីស្ថាន​ ដើម្បី​​សម្រប​សម្រួល​ស្ថានការណ៍​​តែ​ប៉ុណ្ណោះ គ្មាន​ចេតនា​ដល់​ទៅ​​គ្រប់គ្រង​ដែនដី​អាហ្វហ្កានីស្ថាន​ទាំង​ស្រុង​នោះទេ។ ពួកសូវៀត មិននឹកស្មានដល់ទេ ថាបញ្ហាវារីកធំបែបហ្នឹង​។ ការពិតទៅ កាលនោះ គឺគេមិនបានចោទជាសំណួរតែម្តង​។”

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល ព្រោះថាកាលពី​ កីឡាអូឡាំពិកនៅម៉ុងរ៉េអាល់ ឆ្នាំ​១៩៧៦ គឺមានប្រទេស​២៩​ប្រទេស​​ធ្វើពហិការ ដែលភាគ​ច្រើនសុទ្ធតែប្រទេសអាហ្វ្រិក។ ការធ្វើពហិការនេះ គឺដើម្បី​ប្រឆាំងនឹងវត្តមានចូលប្រកួត របស់​កីឡាករ​នូវែលសេឡង់ បន្ទាប់ពីក្រុមកីឡាបាល់ឱបរូកប៊ីរបស់ប្រទេសនេះ បានទៅប្រកួតនៅអាហ្វ្រិកខាងត្បូង ក្នុងអំឡុងពេល​ Apartheid។

Sebastian Coe wins gold in moscow 1980
កីឡាករ Sebastian Coe ឈ្នះមេដាយមាស នៅម៉ូស្គូ ឆ្នាំ​១៩៨០ AP

លោក​សាស្ត្រាចារ្យ Bob Edelman ថា សហភាពសូវៀតទំនងជាឆោតបន្តិចកាលណោះ។ លោក​ពន្យល់ថា បើពិនិត្យ​ឲ្យមែនទែនទៅ វិស័យកីឡាមិនមែនជារឿងដែល​មេដឹកនាំសហភាពសូវៀតសម័យនោះ យកចិត្តទុកដាក់ប៉ុន្មានទេ​។ ថ្វីបើរបបនេះ​បាន​ចំណាយ​ថវិកា និង​កម្លាំង​ថាមពលនយោបាយ​ ទៅលើ​វិស័យ​កីឡាពិតមែន តែការពិតចំណងទំនាក់ទំនង រវាង​មេដឹកនាំសូវៀតនិងកីឡាអូឡាំពិក​ ដូចជាមិនសូវមានទេ។​

សហភាពសូវៀតកំពុងពេញជោរនិងមោទនៈភាពខ្លួន​

ប្រហែល អាចមកពីមេដឹកនាំសូវៀត នៅសប្បាយរីករាយ​មិនទាន់អស់ខ្យល់ បន្ទាប់ពី​ឃើញកីឡាករខ្លួន​បានជោគជ័យលើសគេឯង នៅឯម៉ុងរ៉េអាល់ក៏ថាបាន​។ កាលនោះ កីឡាករសូវៀត បាន​ឈ្នះបានមេដាយមាសច្រើនជាងគេ និងធ្វើឲ្យ​សហភាពសូវៀត​ស្ថិតនៅលេខរៀងលើគេបង្អស់ ដែលប្រមូលបានមេដាយច្រើនជាងគេ​។ ដូច្នេះ បើបានជោគជ័យត្រចះត្រចង់ ឈ្នះដាច់គេនៅក្នុងការប្រកួតលើទឹកដីសូវៀតទៀត គឺពិតជាអស្ចារ្យណាស់សម្រាប់ប្រព័ន្ធឃោសនា​ប្រូប៉ាហ្កង់របស់សូវៀត។

នៅទីបំផុត រដ្ឋបាលអាមេរិក​​របស់​លោកជីមី ការទែរ បានផុងចូលជ្រៅ​ក្នុងរណ្តៅ​មានៈ ដែលចង់រារាំងការប្រកួតនៅម៉ូស្គូ។ រដ្ឋបាលអាមេរិកបាន​ដាក់សំពាធទៅលើ​ប្រទេសសម្ព័ន្ធមិត្ត ឲ្យធ្វើតាមខ្លួន ពោលគឺដកខ្លួនចេញពីការប្រកួតនេះ​។ មានប្រទេសខ្លះ ក៏បាន​ប្រកែក​ដាច់អហង្ការដែរ មិនព្រមធ្វើតាម​ការ​ទាមទាររបស់អាមេរិកទេ​។

លោកប្រធានាធិបតី ជីមី ការទែរ ជាមនុស្សមានចរិក​​ខ្វះ​ការប្រុងប្រយ័ត្ន មិនសូវខ្វល់ពីមុខមាត់កិត្តិយសរបស់នរណាទេ។ ប្រធានាធិបតីរូបនេះ បានបញ្ជាឲ្យកំពូល​​កីឡាករប្រដាល់ Muhammed Ali ធ្វើដំណើរទៅអាហ្វ្រិក ដើម្បីទៅអូសទាញបញ្ចុះបញ្ចូល​ឲ្យ​បណ្តាប្រទេសអាហ្រ្វិក ប្រកាន់ជំហរតាមអាមេរិក។ ទង្វើនេះ បានធ្វើ​ឲ្យ​ប្រទេសអាហ្វ្រិកខ្លះច្រលោតខឹងតែម្តង ថាអាមេរិក​មាក់ងាយគេ។ ជាក់ស្តែង លោក​ Julius Nyere ប្រធានាធិបតីតង់ហ្សានី បាន​បដិសេធមិនជួបជាមួយកីឡាករ Muhammed Ali ទេ ហើយបានសម្រេច​បញ្ជូនកីឡាករតង់ហ្សានី ឲ្យទៅចូលរួមប្រកួតនៅម៉ូស្គូ។

លោក​សាស្ត្រាចារ្យ Bob Edelman លើកឡើងថា រឿងរ៉ាវកាលណោះ​ ជារឿងបរាជ័យ​គួរឲ្យ​អាម៉ាសណាស់។​​ កីឡាករ Muhammed Ali គ្មានបានត្រៀមខ្លួន​ជាមុនទេ គឺទៅទាំងមិនដឹងអ្វីទាំងអស់។ ភាពក្រអឺត​ក្រទម មើលងាយថាគេមិនដល់ខ្លួន ហើយនិងព្រមធ្វើតាមខ្លួននោះ គឺជាការគិតខុសទាំងស្រុង។

នៅឆ្នាំ​១៩៨០ ប្រទេសអាហ្វ្រិកបានឆ្លើយប្រាប់ទៅអាមេរិកថា ៖ “តើអ្នកឯងនៅឯណា កាលពីឆ្នាំ​១៩៧៦ នៅពេលដែលពួកយើងខ្ញុំត្រូវការអ្នកឯង ?” ជាការពិតណាស់ កាលពីឆ្នាំ​១៩៧៦ សហរដ្ឋអាមេរិក មិនសូវរិះគន់ខ្លាំងប៉ុន្មានទេ ទៅលើអាហ្វ្រិកខាងត្បូង ដែល​ប្រើគោលនយោបាយ​បែងចែងរើសអើងពូជសាសន៍ ធ្វើបាបទៅលើប្រជាជនស្បែកខ្មៅ។​

ព្រមពេលដែល​តង់ហ្សានី សម្រេចបញ្ជូនកីឡាករទៅប្រកួតនៅម៉ូស្គូ ប្រទេសអង់គ្លេសឯនោះវិញ មានបំណង​ចង់​គាំទ្រអាមេរិក ដោយ​ចង់ធ្វើពហិការមិនទៅប្រកួត បន្ទាប់ពីលោកស្រី ម៉ាហ្ការីត ថាត់ឆឺ បានចូលកាន់តំណែងថ្មីៗ។ ការបោះឆ្នោតមួយ ត្រូវបានរៀបចំនៅសភាជាន់ទាបអង់គ្លេស ដោយ​សំឡេងឆ្នោតគាំទ្រការធ្វើពហិការ មាន ៣១៥សំឡេង ទល់នឹង​១៤៧សំឡេង។

ការសម្រេចចិត្ត​របស់កីឡាករ​

ក៏ប៉ុន្តែ សមាគមកីឡាអូឡាំពិកអង់គ្លេស បានប្រឆាំងតវ៉ានឹងរដ្ឋាភិបាល ហើយ​បានប្រកាសប្រាប់ទៅ​កីឡាករទាំងអស់ ថាពួកគេមានជម្រើស២ គឺទៅប្រកួត ឬក៏ដេក​នៅផ្ទះ។ ទីបំផុត មានអត្តពលិកអង់គ្លេស ចំនួន​២០០នាក់ ដែលបានទៅប្រកួតនៅម៉ូស្គូ។ កីឡាករឈ្មោះ Wilbert Greaves អត្តពលិកម្នាក់ក្នុងចំណោម​នេះ បាន​លើកឡើងថា លោក​បានសម្រេចចិត្តទៅ​តាំងតែពីដំបូង ដោយ​គ្មានហេតុផល​ណាមកឃាត់លោកបានទេ។

កីឡាករ Sebastian Coe បានមេដាយប្រាក់ និងកីឡាករ Steve Ovett បានមេដាយមាស។ ទាំងពីរនាក់ជាកីឡាករអង់គ្លេស។ ចំណែកមេដាយសម្រឹទ្ធបានទៅកីឡាករសូវៀត Nikolai Kirov ក្នុងវិញ្ញារត់ប្រណាំង​៨០០ម៉ែត្រ
កីឡាករ Sebastian Coe បានមេដាយប្រាក់ និងកីឡាករ Steve Ovett បានមេដាយមាស។ ទាំងពីរនាក់ជាកីឡាករអង់គ្លេស។ ចំណែកមេដាយសម្រឹទ្ធបានទៅកីឡាករសូវៀត Nikolai Kirov ក្នុងវិញ្ញារត់ប្រណាំង​៨០០ម៉ែត្រ AP

កីឡាករ Wilbert Greaves នៅចាំបានថា គ្រាន់តែដឹងថាខ្លួនត្រូវបានជ្រើសរើសជាកីឡាករជម្រើសជាតិ ដើម្បីទៅម៉ូស្គូភ្លាម គឺលោកគ្មានគិត​អ្វីផ្សេងទេ​ ក្រៅតែពីខំហ្វឹកហាត់ ព្រោះលោក​ទើបតែងើបពីឈឺ ហើយ​ចង់បង្ហាញប្រាប់ខ្លួនឯងថា ខ្លួនអាច​ត្រលប់​ទៅមានសមត្ថភាពប្រកួតដូចមុនវិញ។ កីឡាកររូបនេះ បាន​ឈាន​ដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ ក្នុងវិញ្ញាសាររត់​ផ្លោះ ១១០ម៉ែត្រ។

លោក Wilbert Greaves ដែលបច្ចុប្បន្នធ្វើការ​ក្នុងវិស័យ​បដិសណ្ឋារកិច្ច បានអះអាងថា កីឡាករអង់គ្លេសទាំងអស់ ដែលបានសម្រេចចិត្តទៅ​ប្រកួតនៅម៉ូស្គូ កាលឆ្នាំ​១៩៨០ ហើយ​បានឈ្នះមេដាយ គឺឈ្នះដោយ​ការប្រឹងប្រែងរបស់គេរៀងៗខ្លួន គ្មានរដ្ឋាភិបាលអង់គ្លេសឯណា​មកជួយនោះទេ។ លោក​បន្តថា ចំណែកអ្នកដែលមិនទៅប្រកួតវិញ​ គឺពួកគេបាន​ខកខានឱកាសដ៏ពិសេសមួយ។

លោក Wilbert Greaves បន្ថែមថា ក្នុងនាមជាកីឡាករ លោក​បានក្រេបជញ្ជក់នូវ​បទពិសោធន៍ ក៏ដូចជាអនុស្សាវរិយដ៏វិសេសវិសាលណាស់ នៅក្នុងការប្រកួតនៅម៉ូស្គូ និងនៅ Los Angeles។ ហើយក្រោយ​មក ក្នុងពេល​ប្រកួតអូឡាពិក នៅ​ទីក្រុងឡុងដ៍ នៅរីយ៉ូ និងនៅតូក្យូ គឺលោក​បានចូលរួម​នៅពិក្រោយ​វេទិកាប្រកួត។ លោកសង្ឃឹមថា លោកនឹងអាចមានវត្តមាននៅក្នុងការប្រកួតនៅប៉ារីស ឆ្នាំ​២០២៤។​

រហូតមកទល់ពេលនេះ មិនទាន់មានអ្វីកំណត់ច្បាស់ទេ ថាអ្នកណាខ្លះ នឹងមានឈ្មោះមកចូលរួម​ នៅក្នុងកីឡាអូឡាំពិក​នៅទីក្រុងប៉ារីស ២០២៤។ ការប្រកួតដែលអាជ្ញាធរបារាំង ត្រៀមរៀបចំធ្វើ​​កម្មវិធី​បើក​សម្ពោធ នៅលើដងទន្លេសែន នៅថ្ងៃទី២៨កក្កដា ពោលគឺវានឹងក្លាយ​ជាព្រឹត្តិការណ៍យ៉ាងកក្រើក អស្ចារ្យ​បំផុត។

ទោះបីជា​ គណៈកម្មាធិការអន្តរជាតិអូឡាំពិក បានសម្រេចថា កីឡាកររុស្ស៊ី និងបេឡារុស អាចចូលរួមប្រកួតបានដោយ​ប្រើទង់អព្យាក្រិត្យ តែ​លោកស្រីរដ្ឋមន្ត្រីក្រសួងកីឡាបារាំង Amélie Oudéa-Castéra ធ្លាប់បានអះអាង កាលពីខែមីនាឆ្នាំ​២០២៣ថា រដ្ឋាភិបាលបារាំង អាចនឹងសម្រេច​ហាមឃាត់ មិន​កីឡាករប្រទេស២នេះ មកជាន់ដីបារាំងទេ។ លោកស្រីបានបន្ថែមថា ជាការពិតណាស់ CIO ជាអ្នកសម្រេច​ចុងក្រោយ ថាកីឡាករណាអាចមកចូលរួម​ប្រកួតបាន។ ក៏ប៉ុន្តែ យោបល់របស់ប្រមុខរដ្ឋ នៃប្រទេសដែលជាម្ចាស់ផ្ទះរៀបចំ ក៏សំខាន់ដែរ ដែល​ CIO ត្រូវតែយកទៅពិចារណាសម្រេចចុងក្រោយ​។

រុស្ស៊ីត្រូវគេហាមមិន​ឲ្យ​​ចូលរួម​ប្រកួត​

ដោយឡែក World Athletics ដែល​ដឹកនាំដោយ​អតីតកីឡាករអង់គ្លេស Sebastian Coe ធ្លាប់បាន​ប្រកាសការអំពាវនាវរួចហើយ តាំងតែពីពេលរុស្ស៊ីចូលឈ្លានពាអ៊ុយក្រែនភ្លាម​ៗម្លេះ គឺត្រូវតែហាមឃាត់មិន​ឲ្យកីឡាកររុស្ស៊ី​ និង​កីឡាករបេឡារុស ចូលប្រកួតនៅប៉ារីស។ រហូតមកទល់ពេលនេះ គេសង្កេតឃើញថា គោលជំហរនេះ គឺនៅដដែល មិនប្រែប្រួលទេ។ លោក Sebastian Coe បាន​ថ្លែងថា អ៊ុយក្រែនត្រូវរងការកំទេចរបស់រុស្ស៊ី ប្រជាជនស៊ីវីលអ៊ុយក្រែន​ស្លាប់ ដែលក្នុងនោះមាន​ទាំងកីឡាករចំនួន​១៨៥នាក់ផង ក្នុងរវាង​ឆ្នាំ​២០២៣កន្លងមកនេះ។​ សោកនាដកម្ម​ទាំងអស់នេះ គឺពិភពលោក​បានឃើញ និង​ធ្វើជាសាក្សី ហើយវាជាអ្វីដែល​បាន​ជំរុញការប្តេជ្ញាចិត្តរបស់លោក ក្នុងការ​ទាមទារឲ្យ​ហាមឃាត់កីឡាកររុស្ស៊ីនិង​បេឡារុស។

លោក Sebastian Coe អតីតកីឡាករអង់គ្លេស បច្ចុប្បន្ន​ជាប្រធាន World athletics
លោក Sebastian Coe អតីតកីឡាករអង់គ្លេស បច្ចុប្បន្ន​ជាប្រធាន World athletics REUTERS - ALEKSANDRA SZMIGIEL

ដោយគ្មានអ្វីគួរភ្ញាក់ផ្អើល រដ្ឋមន្ត្រីក្រសួងកីឡារុស្ស៊ី Oleg Matytsin បាន​ថ្លែងបរិហារ រិះគន់ទៅលើការសម្រេច​របស់ World Athletics។ រដ្ឋមន្ត្រីរុស្ស៊ីរូបនេះ​ថ្លែងថា៖ “យើងចាត់ទុក ការសម្រេច​រារាំង ដែលមាន​លក្ខណៈនយោបាយនេះ ជារឿងដែលមិនអាចទទួលយកបានទេ”។ “កីឡាអូឡាំពិក ត្រូវតែ​ជា​វេទិការប្រកួត​ប្រកបដោយ​អព្យាក្រិត្យ ហើយ​សហព័ន្ធកីឡាអន្តរជាតិ ត្រូវតែអនុញ្ញាតឲ្យ​អត្តពលិកទាំងអស់ អាចចូលរួម​ប្រកួតដោយគ្មានការរើសអើង”។

នេះហើយ ខ្សែបន្ទាត់ពុះចែក ឬអាចហៅថា ជាស្នាមប្រេះ បែងចែកការយល់ឃើញខុសគ្នា។ កាលពី​៤៣ឆ្នាំមុន អ្នកចាត់ចែងដឹកនាំក្រុមកីឡាករ បានព្យាយាមតតាំង ជាមួយ​អ្នកនយោបាយ ដើម្បី​ផ្តល់តម្លៃជាធំ ដល់​ការប្រកួតនៅម៉ូស្គូ។ នៅពេលនេះ ការប្រកួតនៅប៉ារីស ក៏បានរំកិលខ្លួន ចូលក្នុង​ការឈ្លោះប្រកែកគ្នាដែរ។ កាលពីខែមីនា ២០២៣  លោក Thomas Bach អគ្គនាយក CIO បាន​លើកឡើងថា៖ “ប្រសិនបើអ្នកនយោបាយ អាច​សម្រេចថា អ្នកណាម្នាក់អាចចូលរួមប្រកួត ឬមិនអាច នោះមានន័យថា ​វិស័យកីឡា ព្រមទាំងកីឡាករ នឹងក្លាយ​ជាឧបករណ៍​នយោបាយ​ហើយ​”។​ លោក​បន្តថា “កីឡាមានតម្លៃជាការរួបរួមសាមគ្គី ជាកម្លាំងបង្រួបបង្រួម ដែលគ្មាននរណាអាចមកដកចេញពីកីឡាបានឡើយ​”។

លោកអគ្គនាយកគណៈកម្មាធិការអន្តរជាតិអូឡាំពិក បន្ថែមថា៖ “ពួក​យើង កំពុងស្ថិតនៅចំពោះមុខជម្រើស២ដ៏សែនពិបាក”។ “យើងពិតជាយល់ អំពីការឈឺចាប់របស់ប្រជាជន ក៏ដូចជាកីឡាករអ៊ុយក្រែន។ តែទន្ទឹមគ្នានេះ ក្នុងនាមយើងជាអ្នករៀបចំព្រឹត្តិការណ៍​ប្រកួត​លំដាប់ពិភពលោក​ ពួកយើងមាន​ការទទួលខុសត្រូវចំពោះ គោលការណ៍គ្រិះនៃសិទ្ធិមនុស្ស ព្រមទាំងកតិកាសញ្ញានៃ​កីឡាអូឡាំពិក​”។ អត្ថបទ​គោល​ទាំង​២នេះ មិនបានអនុញ្ញាតឲ្យយើង អាច​បដិសេធកីឡាករណាម្នាក់ ដោយ​ផ្អែកលើ​សញ្ជាតិ​​របស់កីឡាករនោះឡើយ​។​

ជាការពិតណាស់ វាជារឿងមួយគួរយោគយល់ ដែលមានប្រទេសជាង៣០ប្រទេស បានរួមគ្នាសរសេរលិខិត ផ្ញើមកកាន់ CIO ទាមទារថា រុស្ស៊ីនិងបេឡារុស អាចបញ្ជូនកីឡាមកប្រកួតបាន ល្គិកណារុស្ស៊ីឈប់ធ្វើ​សង្គ្រាម​នៅអ៊ុយក្រែន​។ កាលពីឆ្នាំ​១៩៨០​ ពួកសូវៀតមិនបាន​ដកទ័ពចេញពីអាហ្វហ្កានីស្ថានទេ ចំណែក​ការ​ប្រកួតអូឡាំពិក​​នៅ​ម៉ូស្គូ វិញ ក៏​បាន​ដំណើរការទៅដូចការគ្រោងទុក។ ដូច្នេះ ការប្រកួត​អូឡាំពិកនៅ​ទីក្រុងប៉ារីស ក៏នឹង​មិនខុសគ្នាដែរ គឺអាចដំណើរការទៅ​បាន​ធម្មតា អមជាមួយរឿងរ៉ាងរកាំរកូសខ្លះ ដោយចៀសមិនរួច។

លោកសាស្ត្រាចារ្យ Bob Edelman បាននិយាយថា៖ “ការប្រកួតកីឡា បានក្លាយ​ជាផ្ទាំងស៊ីបរបស់ពួកអ្នកនយោបាយ​”។ “មនុស្សច្រើនណាស់ ដែលតាមដានការប្រកួតកីឡា។ អ្នកនយោបាយ​ចង់ឆក់ឱកាស ដើម្បីបានទទួល​ចំណាប់អារម្មណ៍ពីមហាជន។ រឿងបែបនេះ ជារឿងសាមញ្ញបំផុត ព្រោះវាជាការងាររបស់អ្នកនយោបាយ​”។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ