មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ប្រជុំរកដំណោះស្រាយបញ្ហាបំណុល និងអាកាសធាតុ
មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ត្រូវចាប់ផ្តើមរដូវកាលប្រជុំរួមគ្នា នៅថ្ងៃអង្គារទី១៦មេសានេះ។ កម្មវត្ថុពីរ និងដ៏សំខាន់បំផុតសម្រាប់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំង២នេះ គឺទី១ស្វែងរកមធ្យោបាយ ជួយដោះស្រាយបំណុលនៃបណ្តាប្រទេសដែលក្រីក្របំផុត ហើយទី២ គឺបង្កើនកញ្ចប់ថវិកាដើម្បីជួយប្រទេសក្រីក្រ ឲ្យប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៤០
កិច្ចប្រជុំរដូវផ្ការីកលើកនេះ រវាងមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក នឹងមិនត្រូវបានរំខានដោយបញ្ហាផ្សេងឡើយ ព្រោះថាលោកស្រី Kristalina Georgieva ត្រូវបានគេសម្រេចតែងតាំង ជាអគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ មួយអាណត្តិទៀត។ កិច្ចប្រជុំលើកនេះ ក៏ជួនចំឱកាសខួប៨០ឆ្នាំនៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏ធំនេះដែរ។ មានសំណុំរឿងដ៏ធំ២ ដែលពិភពលោកនាពេលបច្ចុប្បន្នត្រូវរួមគ្នាដោះស្រាយ ទាក់ទិននឹងបញ្ហាហិរញ្ញវត្ថុ គឺការជួយផ្នែកហិរញ្ញវត្ថុដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ព្រមទាំងបញ្ហាបំណុលវ័នក របស់ប្រទេសក្រីក្រ។
កាលពីចុងសប្តាហ៍កន្លងទៅ លោក Ajay Banga នាយកធនាគារពិភពលោកបានលើកឡើងថា ពិភពលោករាល់ថ្ងៃត្រូវការជាចាំបាច់និងដោយឆាប់បំផុត នូវការធ្វើឲ្យប្រសើរឡើងនូវគុណភាពខ្យល់ដកដង្ហើមដែលស្អាតបរិសុទ្ធ ទឹកស្អាតសម្រាប់បរិភោគ ព្រមទាំងចរន្តថាមពលអគ្គីសនី។ លោកបានបន្តថា យើងមិនអាចកាត់បន្ថយភាពក្រីក្របានទេ ប្រសិនបើយើងគ្មានទស្សនវិស័យរួម ដើម្បីធ្វើឲ្យពិភពលោកនេះលែងមានភាពក្រីក្រ ហើយធ្វើផែនដីនេះ ក្លាយជាទីដែលមនុស្សអាចបន្តរស់រានបាន។
គួរបញ្ជាក់ថា នៅក្នុងផែនជួយប្រទេសក្រីក្រ ដើម្បីចាត់វិធានការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងធ្វើអន្តរកម្មថាមល គឺគេត្រូវការប្រាក់រាប់សិបម៉ឺនលានដុល្លា។ តែយ៉ាងណា ទាំងខាងមូលនិធិរូបិយវត្ថុអន្តរជាតិ និងទាំងខាងធនាគារពិភពលោក គឺមិនអាចរកប្រាក់គ្រប់គ្រាន់បានទេ។
យ៉ាងណាមិញ បុគ្គលល្បីៗនិងអតីតអ្នកនយោបាយជាង១០០នាក់ បានរួមគ្នាធ្វើលិខិតចំហមួយ ដោយបានអំពាវនាវឲ្យក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG20 ត្រូវតែធ្វើកំណែទម្រង់ស៊ីជម្រៅនៅតាមស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការវិនិយោគក្នុងវិស័យអាកាសធាតុ ឲ្យបាន១ជា៣។
យ៉ាងណាក៏ដោយ លោកស្រី Rachel Kyte សាស្ត្រាចារ្យជំនាញនយោបាយបរិស្ថាននៅសកលវិទ្យាល័យOxford បានលើកឡើងថា បញ្ហាវិនិយោគ គឺវាមិនមែនរំពឹងទាំងស្រុងតែទៅលើថវិកានោះទេ។ អ្វីដែលចាំបាច់បន្ថែមទៀតនោះ គឺការសហការឲ្យរឹងមាំ រវាងមូលនិធិរូបិយវត្ថុអន្តរជាតិ ជាមួយធានាគារពិភពលោក និងធានាគារអភិវឌ្ឍណ៍នៅក្នុងតំបន់ តាមប្រទេសនីមួយៗ។ ការសហការ ដែលត្រូវធ្វើតាមរយៈ ការសម្របនីតិវិធីនិងដំណើរការនានា ឲ្យដើរទន្ទឹមគ្នា។
សូមបញ្ជាក់ដែរថា ក្រៅពីបញ្ហាថវិកាវិនិយោគក្នុងវិស័យអាកាសធាតុ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំង២ ត្រូវជជែកគ្នារកដំណោះស្រាយជួយប្រទេសក្រីក្រ ដែលគ្មានលទ្ធភាពសងការប្រាក់។ ប្រភពពីមន្ត្រីជំនាញម្នាក់ បានប្រាប់AFPថា បញ្ហាចោទគឺដោយសារតែស្ថាប័នហិរញ្ញវត្ថុម្ចាស់បំណុលចិន មានច្រើនគ្នា ហើយគ្មានការយល់ស្របគ្នានិងគ្មានទស្សនវិស័យរួមឡើយ។
គួររំលឹកថា ដោយសារតែត្រូវទប់ស្កាត់បញ្ហាអតិផរណា ធនាគារកណ្តាលធំៗ ដូចជាធនាគារកណ្តាលអាមេរិក (Fed) និងធនាគារកណ្តាលអឺរ៉ុប បានដំឡើងអត្រាការប្រាក់គោល ធ្វើបានធ្វើឲ្យតម្លៃបំណុលកាន់តែកើនឡើងសម្រាប់ប្រទេសដែលខ្ចីប្រាក់គេ។ ប្រទេសក្រីក្រខ្លះ ត្រូវចំណាយដល់ទៅ ១ភាគ៣នៃចំណូលដុលក្នុងស្រុក ដើម្បីសងការប្រាក់។ អង្គការមួយចំនួន ជាក់ស្តែង អង្គការ Dept for Climate បានលើកឡើងថា ដំណោះស្រាយដ៏ល្អ គឺត្រូវតែលុបចោលបំណុលតែម្តង សម្រាប់ប្រទេសក្រីក្រខ្លាំងមួយចំនួន ដើម្បីឲ្យប្រទេសទាំងនោះ មានលទ្ធភាពអាចមានប្រាក់ ដោះស្រាយវិបត្តិអាកាសធាតុដែលគំរាមអាយុជីវិតប្រជាជន ទាំងដែលប្រទេសពួកគេ មិនមែនជាអ្នកបង្កបញ្ហានេះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ