អានតួអត្ថបទ
សហរដ្ឋអាមេរិក-អ៊ីស្រាអែល

ហ្កាហ្សា៖ ជាលើកទី១ អាមេរិកគំរាមអ៊ីស្រាអែលរឿងជំនួយ​ឥតលក្ខខណ្ឌរបស់អាមេរិក

សម្ពាធក្រោមសម្ពាធ។ នៅប៉ុន្មានម៉ោងក្រោយ​កិច្ចសន្ទនាតាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតីអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ៤​មេសា ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​នៅថ្ងៃ​សុក្រនេះបាន​ប្រកាស​បើក​ច្រកផ្លូវផ្តល់ជំនួយមនុស្សធម៌​ចូលទឹកដីហ្កាហ្សា។ នៅក្នុងកិច្ចសន្ទនា រយៈពេល​៣០នាទី​ជាមួយ​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​កាលពីថ្ងៃ​ព្រហស្បតិ៍ លោកប្រធានាធិបតី​អាមេរិក​ចូ បៃដិន ដែលកំពុងរងការដាក់សម្ពាធ​នៅក្នុងស្រុក នៅប៉ុន្មានខែ​មុនការបោះឆ្នោត បានគំរាម​អ៊ីស្រាអែល ជា​លើកទី១ រឿងជំនួយ​ឥតលក្ខខណ្ឌ​របស់អាមេរិក។​ ប្រធានាធិបតីអាមេរិក​ចុចទូរស័ព្ទនិយាយ​ជាមួយ​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល នៅតែប៉ុន្មានថ្ងៃ​ក្រោយ​ដែល​បុគ្គលិកបរទេស ​ស្ម័គ្រចិត្ត​របស់​អង្គការ​អាមេរិក ចំនួន៦នាក់​ស្លាប់​នៅក្នុងការវាយប្រហារ​របស់កងទ័ពអ៊ីស្រាអែល នៅក្នុងពេល​កំពុងបំពេញបេសកកម្ម​ផ្តល់ជំនួយ​ស្បៀង​ដល់​ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា។

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន​កាន់តែក្រពុលមុខខ្លាំង​នឹង​ភាពក្រអឺតក្រទម​របស់​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដែល​ប្តេជ្ញា​មិន​ឈប់​ធ្វើសង្រ្គាមនៅហ្កាហ្សា ទោះមានសម្ពាធពីខាងក្រៅ
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន​កាន់តែក្រពុលមុខខ្លាំង​នឹង​ភាពក្រអឺតក្រទម​របស់​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដែល​ប្តេជ្ញា​មិន​ឈប់​ធ្វើសង្រ្គាមនៅហ្កាហ្សា ទោះមានសម្ពាធពីខាងក្រៅ AP
ផ្សាយពាណិជ្ជកម្ម

គិតចាប់តាំង​ពីផ្ទុះសង្រ្គាមហ្កាហ្សា ជិត​៦ខែមកនេះ រដ្ឋបាល​លោក​ចូ បៃដិនប្រកាស​ការគាំទ្រ​ដោយ​ឥតងាករេរបស់អាមេរិកចំពោះ​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​​ដែលចង់សងសឹកគាស់រំលើង​ក្រុមហាម៉ាស​នៅ​ហ្កាហ្សា។ ទោះសង្រ្គាម​អ៊ីស្រាអែល​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ​ ជាង​៣ម៉ឺននាក់ និង​បង្ក​ទុក្ខវេទនា គ្រោះអត់ឃ្លាន​ដល់​ប្រជាជន​ជាង​១លាននាក់ ​នៅហ្កាហ្សា អាមេរិកបានត្រឹម​តែទាមទារ​ឲ្យអ៊ីស្រាអែលប្រញាប់ដោះស្រាយវិបត្តិមនុស្សធម៌ ប៉ុន្តែមិនបាន​ដាក់សម្ពាធ​ខ្លាំងៗ​ឲ្យអ៊ីស្រាអែលបញ្ឈប់សង្រ្គាមនៅហ្កាហ្សា។ បាតុកម្ម​របស់អ្នកគាំទ្រ​ប៉ាឡេស្ទីន នៅមុខ​សេតវិមានទៀតសោត​ក៏មិនបាន​ទៅជំរុញរដ្ឋបាលលោក​ចូ បៃដិន​ឲ្យ​ប្តូរចិត្ត​ឈប់​ការពារអ៊ីស្រាអែល នៅក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។

ប៉ុន្តែ ទើបតែ​ការវាយប្រហារ​របស់​អ៊ីស្រាអែលដែល​បាន​សម្លាប់​បុគ្គលិកស្ម័គ្រចិត្ត​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​អាមេរិក នៅ​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះដែលធ្វើ​ឲ្យ​រដ្ឋាភិបាលអាមេរិក​របស់​លោក​ចូ បៃដិន​ប្តូរជំហររបស់ខ្លួន ពីការទាមទារ មកជាការដំឡើងសំឡេងគំរាមអ៊ីស្រាអែល ពីរឿងជំនួយឥតលក្ខខណ្ឌ​របស់អាមេរិក។

តាម​សេចក្តីប្រកាស​របស់​សេតវិមាន នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទ​រយៈពេល ៣០នាទី លោកប្រធានាធិបតីអាមេរិក ចូ បៃដិន​បាន​បញ្ជាក់​ទៅ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោកបេចាមីន នេតាន់យ៉ាហ៊ូថា គោលនយោបាយគាំទ្រ​របស់អាមេរិកនៅពេលនេះ អាស្រ័យ​ទាំងស្រុងទៅលើ​​វិធានការ​សកម្មភាព​ជាក់ស្តែង និងបន្ទាន់​របស់​អ៊ីស្រាអែល​នៅក្នុងការទប់ស្កាត់​គ្រោះមហន្តរាយមនុស្សធម៌​នៅ​ហ្កាហ្សា។

តាំង​ពី​អ៊ីស្រាអែលធ្វើសង្រ្គាមសងសឹកក្រុមហាម៉ាស​នៅហ្កាហ្សា​នៅថ្ងៃទី ៧តុលា អាមេរិក​បើកភ្លើងខៀវ​លក់​អាវុធ​រាប់លាន​ដុល្លារ​ទៅ​ឲ្យអ៊ីស្រាអែល នៅក្នុងក្របខ័ណ្ឌជំនួយយោធារបស់អាមេរិកសម្រាប់អ៊ីស្រាអែល។ តាម​ការចុះផ្សាយ​របស់កាសែត The Washington Post នៅថ្ងៃ​តែមួយដែល​អ៊ីស្រាអែល​បាញ់ប្លោង​សម្លាប់​បុគ្គលិករបស់អង្គការ​អាមេរិក រដ្ឋបាលលោកចូ បៃដិនទើប​បាន​យល់ព្រម​ឲ្យគេ​បញ្ជូន​គ្រាប់បែក​រាប់ម៉ឺនគ្រាប់​ទៅ​ឲ្យ​អ៊ីស្រាអែល។

បើតាម​សេតវិមាន ដោយសារ​​សោកនាដកម្មស្លាប់​បុគ្គលិក​មនុស្សធម៌​របស់អង្គការ​World Central Kitchen រដ្ឋបាលលោកចូ បៃដិន​ប្រើសំដីធ្ងន់​ៗ ចាត់ទុក​ការវាយប្រហារ​របស់កងទ័ពអ៊ីស្រាអែល​ទៅលើ​ក្បួនរថយន្ត​អង្គការ​មនុស្សធម៌ជារឿងមិនអាចទទួលយកបាន និងបាន​លើកឡើង​ជាលើកទី១ ពីទំនាក់ទំនងគ្នា​​រវាង​ជំនួយរបស់អាមេរិកសម្រាប់អ៊ីស្រាអែល និង​ស្ថានភាព​នៅហ្កាហ្សា។ ប្រឈម​នឹង​ការដាក់សម្ពាធពីម្ចាស់សំឡេងឆ្នោត ដែលមាន​ដើមកំណើតអារ៉ាប់ នៅតែប៉ុន្មានខែ​មុនការបោះឆ្នោត ​ប្រធានាធិបតី លោក​ចូ បៃដិន​ត្រូវ​បង្ខំចិត្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ត្រូវតែ​​ចាត់វិធានការ​បន្ទាន់ ដើម្បីទប់ស្កាត់ការបាត់បង់ជីវិត​របស់ប្រជាជនស៊ីវិល និងការពារសន្តិសុខ​ឲ្យបុគ្គលិកអង្គការមនុស្សធម៌នៅហ្កាហ្សា។ មេដឹកនាំ​អាមេរិក​នៅបាន​ដាក់កំហិត​ឲ្យ​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​​រកឲ្យឃើញ​កិច្ចព្រមព្រៀង​ស្តីពីបទឈប់បាញ់​បន្ទាន់នៅហ្កាហ្សា។ ការដំឡើងសំឡេង​របស់​ប្រធានាធិបតីអាមេរិកលើកនេះ ហាក់មានប្រសិទ្ធិភាពបន្តិច ព្រោះថា នៅតែ​ប៉ុន្មានម៉ោងក្រោយ​កិច្ចសន្ទនាជាមួយ លោក​ចូ បៃដិន ខុទ្ទការល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល​អះអាងថា អ៊ីស្រាអែល​បើក​ច្រកផ្លូវ២ ពីខាងទឹកដីអ៊ីស្រាអែល​ភាគខាងត្បូង​ដើម្បី​អនុញ្ញាត​ឲ្យគេដឹកជំនួយមនុស្សធម៌​ចូលទៅហ្កាហ្សា។ នេះជាលើកទី១ ក្នុងសង្រ្គាម​៦ខែ ដែល​អ៊ីស្រាអែល​បើកច្រកផ្លូវដឹកនាំជំនួយមនុស្សធម៌​ចូលទៅហ្កាហ្សា​តាមផ្លូវគោក បន្ទាប់ពីបិទខ្ទប់រហូតមក៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ