អានតួអត្ថបទ
អាមេរិក-តៃវ៉ាន់-បច្ចេកវិទ្យា

ក្រុមហ៊ុនផលិត​សឺមីកុងឌុកទ័រតៃវ៉ាន់TSMC ទទួល​បាន​​​ជំនួយ​អាមេរិក​​៦៦០០លាន​ដុល្លារ​បង្កើត​រោងចក្រ​នៅ​អារីហ្សូណា

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​ឲ្យដឹងនៅថ្ងៃចន្ទទី​៨មេសាថា គេបាន​សម្រេចផ្តល់នូវជំនួយថវិកា​វិនិយោគ ចំនួន​៦៦០០លានដុល្លារ ទៅឲ្យ​ក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុន​ផលិត​បន្ទះសឺមីកុងឌុកទ័រ ដ៏ធំឈានមុខគេ​នៃពិភពលោក​។ ក្រុមហ៊ុនតៃវ៉ាន់នេះ នឹងវិនិយោគ​បង្កើតរោងចក្រទី៣របស់ខ្លួន នៅ​រដ្ឋអារីហ្សូណា ដើម្បី​ផលិតបន្ទះ​​សឺមីកុងឌុកទ័រ ដ៏តូច​និង​ទំនើបចុងក្រោយ​គេបង្អស់​។

ផ្លាកសញ្ញា ក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Company) ដែលជាក្រុមហ៊ុន​ផលិត​បន្ទះសឺមីកុងឌុកទ័រឈានមុខគេបង្អស់ ទូទាំងពិភពលោក
ផ្លាកសញ្ញា ក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Company) ដែលជាក្រុមហ៊ុន​ផលិត​បន្ទះសឺមីកុងឌុកទ័រឈានមុខគេបង្អស់ ទូទាំងពិភពលោក REUTERS - Dado Ruvic
ផ្សាយពាណិជ្ជកម្ម

ក្នុងថវិកាជំនួយអនុគ្រោះ ចំនួន​៦៦០០លានដុល្លារ​នេះ គឺមាន​ប្រមាណ​៥០០០លានដុល្លារ ជាកម្ចីដែល​រដ្ឋាភិបាល​បាលអាមេរិក​ បានផ្តល់ឲ្យ​ក្រុមហ៊ុនតៃវ៉ាន់ ជាមួយ​នឹង​ការប្រាក់​ទាបបំផុត​។ ផ្អែក​តាម​ក្រសួងពាណិជ្ជកម្មអាមេរិក ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) បាន​សម្រេច​យល់ព្រម បង្កើនការវិនិយោគ នៅសហរដ្ឋអាមេរិក។ ផែនការវិនិយោគ ដែល​ពីមុនមាន២៥០០០លានដុល្លារ ត្រូវបានដំឡើងដល់ ៦៥០០០លានដុល្លារ​។ រោងចក្រ​ទី​៣របស់​ TSMC នឹងត្រូវសាងសង់នៅក្រុង Phoenix រដ្ឋអារីហ្សូណា នៅរវាងឆ្នាំ​២០៣០។

ប្រភពដដែលនេះ បានឲ្យដឹងថា ក្រុមហ៊ុនតៃវ៉ាន់ TSMC នឹងផលិត​បន្ទះសឺមីកុងឌុកទ័រទំនើប​ចុងក្រោយបំផុត ទំហំ ២ណាណូម៉ែត្រ នៅរោងចក្រទី​២របស់ខ្លួននៅ​រដ្ឋអារីហ្សូណា ចាប់ពីឆ្នាំ​២០២៨ទៅ។ ចំណែកនៅរោងចក្រទី​១វិញ ក្រុម​ហ៊ុន​ TSMC នឹងបង្កើន​ការផលិត​ក្នុងទំហំធំ នៅរវាងឆមាសទី​១ឆ្នាំ​២០២៥។

ក្រុមហ៊ុន TSMC Arizona បានសន្យាផងដែរ ថា​នឹងអភិវឌ្ឍន៍​បណ្តាញ​ផ្គុំ​ឈានមុខ តាមរយៈការ​សហការជាមួយ​ក្រុមហ៊ុនអាមេរិក​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណា ឲ្យ​អតិថិជន​អាចទិញ​បន្ទះ​សឺមីកុងឌុកទ័រ ដែលត្រូវបាន​ផលិត​ឡើងទាំងស្រុង​នៅលើទឹកដីអាមេរិក​។

យោងតាមក្រសួងពាណិជ្ជកម្ម​អាមេរិក ការវិនិយោគ​ថ្មីរបស់ ក្រុមហ៊ុន​TSMC នៅរដ្ឋអារីហ្សូណានេះ នឹងបង្កើតការងារថ្មី​ ចំនួន​៦០០០ការងារ នៅក្នុងវិស័យ​រោចក្រ និង​ការងារ​ចំនួន​ ២ម៉ឺនបន្ថែមទៀត នៅក្នុង​វិស័យ​សាងសង់។ ក្រុមហ៊ុនអាមេរិក​​ចំនួន១៤ ដែលផ្គត់ផ្គង់វត្ថុធាតុដើម និងគ្រឿងផ្សំ​ឲ្យ​ក្រុមហ៊ុន​TSMC បានបញ្ជាក់​ឲ្យដឹងថា គេបានគ្រោង​សាងសង់ពង្រីករោងចក្ររបស់គេ ដើម្បីឆ្លើយតបទៅនឹង​ការកំណើនវិនិយោគនេះ​។

គួរបញ្ជាក់ថា Taiwan Semiconductor Manufacturing Co ហៅកាត់ថា TSMC គឺជាក្រុមហ៊ុនបច្ចេកវិទ្យា​ឈានមុខគេបង្អស់ ដែល​មានជំនាញផលិត​បន្ទះ​សឺមីកុងឌុកទ័រដ៏តូច ដែលចាំបាច់បំផុតប្រើក្នុង​ឧបករណ៍អេឡិចត្រូនិក​បច្ចេកវិទ្យាទំនើប​។ ជាមួយនឹងការបង្កើតរោងចក្រនៅរដ្ឋអារីហ្សូណា ក្រុមហ៊ុន​តៃវ៉ាន់នេះនឹងអាចសហការដោយ​ផ្ទាល់ ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកធំៗ ដូចជា Apple, Nvidia, Advanced Micro Devices និង Qualcomm ជាដើម។

ការសហការដោយផ្ទាល់និង​កៀកបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ព្រមទាំងសមត្ថភាពបច្ចេកវិទ្យាដែល​គេចង់បាន និង​ដោយ​កាត់បន្ថយ​បញ្ហា​នានានៅក្នុ​ងបណ្តាញ​ផ្គត់ផ្គង់ ព្រមទាំង​កាត់បន្ថយ​តម្លៃចំណាយ​ថែមទៀត។ ការតាំងទីរោងចក្រផលិត​នៅលើទឹកដីអាមេរិកនេះដែរ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីការពារ​វិស័យ​បច្ចេកវិទ្យាឈានមុខនេះ ក្នុងករណី​ដែល​ថ្ងៃមុខ ចិនលើកទ័ពឈ្លានពាន​កោះតៃវ៉ាន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ