អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​ដូណាល់ ត្រាំ ​​ចូលខ្លួន​ក្នុង​​អង្គ​សវនាការព្រហ្មទណ្ឌជាប្រវត្តិសាស្ត្រ

ថ្ងៃចន្ទទី​១៥មេសា២០២៤​ លោក​ដូណាល់ ត្រាំ បានក្លាយ​ជាអតីតប្រធានាធិបតី​សហរដ្ឋអាមេរិក​ដំបូងគេបង្អស់ ដែលត្រូវ​ប្រឈមមុខនឹងអង្គសវនាការ​ព្រហ្មទណ្ឌ​។ ចៅក្រម​តុលាការនៅសង្កាត់ម៉ាន់ហាតាន់ បានបើកសវនាការជំនុំជំរះ​ លើករណី​ដែលចោទថាលោក​ដូណាល់ ត្រាំ បាន​ក្លែងបន្លំឯកសារគណនី ដើម្បី​យកប្រាក់ទៅ​សូកបំបិទមាត់អតីតតារា​ស្រីអាសអាភៀសម្នាក់។

លោកដូណាល់ ត្រាំ ពេលដើរចូលទៅដល់​ខាងមុខ​តុលាការព្រហ្មទណ្ឌរដ្ឋញូយ៉ក ក្នុងសង្កាត់ម៉ាន់ហាតាន់។ ទីក្រុងញូយ៉ក ថ្ងៃទី​១៥មេសា ២០២៤
លោកដូណាល់ ត្រាំ ពេលដើរចូលទៅដល់​ខាងមុខ​តុលាការព្រហ្មទណ្ឌរដ្ឋញូយ៉ក ក្នុងសង្កាត់ម៉ាន់ហាតាន់។ ទីក្រុងញូយ៉ក ថ្ងៃទី​១៥មេសា ២០២៤ via REUTERS - ANGELA WEISS
ផ្សាយពាណិជ្ជកម្ម

វេលាម៉ោង៩ព្រឹក លោក​ដូណាល់ ត្រាំ បានចូលខ្លួនដល់តុលាការ ក្នុងទឹកមុខយ៉ាងមាំ​។ នេះគឺជាសំណុំរឿងព្រហ្មទណ្ឌទី១ ក្នុងចំណោម៤ដែលលោក​ដូណាល់ ត្រាំ​កំពុងតែប្រឈម។ សំណុំរឿងទី១នេះ គឺ​គេចោទថា​លោកត្រាំ បានប្រើប្រាស់ប្រាក់ចំនួន១៣ម៉ឺដុល្លារ សូកនារីអតីតតារាភាពយន្តអាសអាភៀសឈ្មោះ Stormy Daniels។ ស្ត្រីរូបនេះអះអាងថា ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយលោក​ដូណាល់ ត្រាំ។

យោងតាមបទចោទប្រកាន់របស់រដ្ឋអាជ្ញា លោកដូណាល់ ត្រាំ បាន​ប្រើមេធាវីរបស់ខ្លួន ឈ្មោះ Michael Cohen ឲ្យ​យកប្រាក់ទៅសូកបំបិទមាត់ស្ត្រីរូបនេះ ប៉ុន្មានថ្ងៃមុន​ថ្ងៃបោះឆ្នោត នៅឆ្នាំ​២០១៦ ដើម្បី​កុំឲ្យ​នាង​និយាយទម្លាយ​រឿងអាស្រូវទាំងឡាយ​។ បន្ទាប់មកទៀត លោក​ដូណាល់ ត្រាំ បាន​ក្លែងបន្លំ​ឯកសារគណនីរបស់​ក្រុមហ៊ុន Trump Organization ចំនួន​៣៤ឯកសារ ដើម្បី​បំបាត់ភស្តុតាង នៃការចំណាយ​ប្រាក់នេះ​។

គួរកត់សំគាល់ថា សវនាការព្រហ្មទណ្ឌទី​១នេះអាចជាឧបសគ្គមួយដ៏ធំ សម្រាប់លោក​ដូណាល់ ត្រាំ ខណៈការបោះឆ្នោតខិតជិតមកដល់។ លោក Carl Tobias សាស្ត្រាចារ្យ​ច្បាប់នៅ​សកលវិទ្យាល័យ Richmond បានលើកឡើងថាតុលាការអាចសម្រេចសាលក្រមលើសំណុំរឿងនេះ នៅមុនពេលបោះឆ្នោត​។ ពោលគឺ​លោក​ដូណាល់ ត្រាំ​អាចប្រឈមនឹងទោសជាប់ពន្ធនាគារ​។

គួរបញ្ជាក់ដែរថា ទាំងលោកមេធាវី Michael Cohen និង​ស្ត្រីឈ្មោះStormy Daniels ដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ សុទ្ធតែត្រូវបានតុលាការកោះហៅជាសាក្សី​នៅក្នុងអង្គសវនាការ។ លោកដូណាល់ ត្រាំ វិញក៏​ប្រកាស​ខ្លួន​ចូលឆ្លើយ​បំភ្លឺ​ដោយ​ខ្លួនឯងដែរ ដោយ​មិនចាំបាច់មាន​មេធាវីតំណាងទេ​។ នេះក៏ជាគ្រោះថ្នាក់​មួយដែរ ព្រោះលោក​ត្រាំនឹងប្រឈមនឹងការសួរដេញដោល​ដោយ​ផ្ទាល់ ពី​សំណាក់រដ្ឋអាជ្ញានិងចៅក្រម​។

យ៉ាងណាក៏ដោយ លោកដូណាល់ ត្រាំ បាន​អះអាងថា​ គ្រប់សំណុំរឿងព្រហ្មទណ្ឌទាំងអស់ដែលគេចោទលោក គឺសុទ្ធតែ​ជា​យុទ្ធសាស្ត្រតាមបំផ្លាញ តាមរំខានរារាំងមិនឲ្យ​លោក​ឈ្នះឆ្នោត​ម្តងទៀតតែប៉ុណ្ណោះ។ ដោយចោទថាក្រសួងយុត្តិធម៌ពុករលួយ បម្រើតែពួកគណបក្សប្រជាធិបតេយ្យ លោកដូណាល់ ត្រាំ បាន​សន្យា​ថា​បើលោកឈ្នះឆ្នោតម្តងទៀត​ លោកនឹងប្រើក្រសួងយុត្តិធម៌ ឲ្យ​សងសឹក​ពួកអ្នកធ្លាប់ធ្វើបាបលោកវិញម្តង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ