អានតួអត្ថបទ
កីឡា-ភូមិសាស្ត្រនយោបាយ

ប្រវត្តិសាស្ត្រ​នៃការ​ប្រកួត ការប្រកួតជាប្រវត្តិសាស្ត្រ ៖ បាសេឡូន ឆ្នាំ​១៩៩២

បន្ទាប់ពីបានឆ្លងកាត់​វិបត្តិ​ជម្លោះ និង​ការប្រទូស្តប្រទាំង​គ្នា​​​អស់រយៈពេលជាយូរ ការប្រកួត​កីឡាអូឡាំពិក​នៅបាសេឡូន​ឆ្នាំ​១៩៩២ ហាក់​ប្រៀបបីដូចជា​ឱកាសនៃ​ការបើកចំហ និងការ​រួបរួមគ្នា។ ការផ្លាស់ប្តូរនយោបាយ​ នៅទូទាំងពិភពលោក រវាង​ចុងទសវត្សរ៍​ឆ្នាំ​១៩៨០ និងនៅដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ បានអនុញ្ញាតឲ្យការប្រកួត​​​កីឡាអូឡាំពិក​អាចដំណើរការទៅបាន ដោយ​គ្មានការធ្វើពហិការ​​ ជាលើកដំបូងបង្អស់ បើរាប់ចាប់ពីឆ្នាំ​១៩៧២មក​។ តើការ​ប្រកួត​កីឡាអូឡាំពិកឆ្ន​១៩៩២ ដែលជួន​ចំពេលស្របគ្នា នៃការ​បង្រួមបង្រួម​អាល្លឺម៉ង់ទាំង​២ និង​ការដួលរលំ​នៃ​សហភាពសូវៀត ព្រមទាំង​យូហ្គោស្លាវីនោះ បានដំណើរការទៅយ៉ាងដូចម្តេច​ខ្លះ?

ពហុកីឡាដ្ឋានបាសេឡូន នៅថ្ងៃបើកសម្ពោធ​ការប្រកួតអូឡាំពិក ថ្ងៃទី ២៥​ កក្កដា ១៩៩២
ពហុកីឡាដ្ឋានបាសេឡូន នៅថ្ងៃបើកសម្ពោធ​ការប្រកួតអូឡាំពិក ថ្ងៃទី ២៥​ កក្កដា ១៩៩២ AP - Ed Reinke
ផ្សាយពាណិជ្ជកម្ម

ប្រែសម្រួលពីអត្ថបទដើម របស់ Anne Morzine/RFI ជាភាសារុស្ស៊ី​

លោក ​Armando Calvo បានចាប់ផ្តើមចូលធ្វើការ​ក្នុងគណៈកម្មាធិការ​រៀបចំកីឡាអូឡាំពិក​នៅ​បាសេឡូន​ នៅឆ្នាំ​១៩៨៧ ក្នុងនាមជា​អគ្គនាយកបច្ចេកវិទ្យានិង​ហេដ្ឋារចនាសម្ព័ន្ធ។ បន្ទាប់មក លោក​បាន​ធ្វើជា​អគ្គនាយក​ប្រតិបត្តិការ​ មុននឹង​ធ្វើជា​អគ្គ​នាយក​គ្រប់គ្រងភូមិអូឡាំពិក ក្នុងពេល​ដែលការ​ប្រកួត​បានដំណើរការ​។ មុននឹងចូលធ្វើការ​ក្នុងក្រុមការងារ​អូឡាំពិក​នេះ លោកធ្លាប់ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ Sony នៅអេស្ប៉ាញ​។ ផ្អែកតាមការលើកឡើងរបស់​លោក គឺ​ក្នុងចំណោមសមាជិក​គណៈកម្មាធិការ​រៀបចំកីឡាអូឡាំពិក​នៅបាសេឡូន គឺគ្មាននរណាម្នាក់​ មាន​បទពិសោធន៍​ធ្លាប់រៀបចំព្រឹត្តិការ​ប្រកួត​កីឡា​ ខ្នាត​ធំបែបនេះ​ឡើយ​។

« ការងារ​ដ៏លំបាក​និងត្រូវជំនះធំបំផុតនោះ គឺ​ថា​ក្នុងចំណោមសមាជិក​គណៈកម្មាធិការ​រៀបចំកីឡា​អូឡាំពិក​​នៅបាសេឡូន គឺគ្មាននរណាម្នាក់​ មាន​បទពិសោធន៍​ធ្លាប់រៀបចំព្រឹត្តិការ​ប្រកួត​កីឡា​ ខ្នាត​ធំបែបនេះ​ឡើយ​។ ពួកយើងបាន​និយាយ​ជាមួយ​មនុស្សជាច្រើន ដែលធ្លាប់​មានបទពិសោធន៍ ក្នុងគណៈកម្មាធិការ​​រៀបចំផ្សេងៗទៀត។ ខ្ញុំផ្ទាល់ ខ្ញុំបានទៅ​ស្នាក់នៅ​ក្រុងសេអ៊ូល រយៈពេល​៣ខែ មុនពេល​ការប្រកួតកីឡា​អូឡាំពិក​នៅទីនោះបានចាប់ផ្តើម នៅឆ្នាំ​១៩៨៨ ដើម្បីតាមដានមើលការរៀបចំ​ទូទៅរបស់គេ​។ ក៏ប៉ុន្តែ នៅក្នុង​គណៈកម្ម​ាធិការរៀបចំរបស់យើង គឺគ្មាននរណា​មាន​បទពិសោធន៍​បែប​នេះឡើយ​។

ការប្រកួតកីឡាអូឡាំពិក គឺជាព្រឹត្តិការណ៍​ដែលត្រូវរៀបចំគម្រោង​ទុកជាមុន​ ហើយ​ដែល​ដំណើរការរបស់វា គឺត្រូវបានធ្វើឡើងក្នុង​លក្ខណ​ៈវិមជ្ឈការ។ ចំណុចនេះ ក៏ជា​ការលំបាកដែលត្រូវយកឈ្នះ​មួយដែរ ព្រោះថាយើងត្រូវតែដឹងថា នៅពេល​ណាយើង​បញ្ជូន​ក្រុមការងារ​ចុះទៅ​ធ្វើការជាក់ស្តែង អ្វីដែល​យើងបានគ្រោងទុក ឬរៀបចំទុក​មុននោះ គឺវាដំណើរការទៅយ៉ាងលំបាក​ស្មុគស្មាញ​បំផុត។ ដូច្នេះ វាជារឿងចាំបាច់ណាស់ ដែលត្រូវ​តែមានទំនុកចិត្តទៅលើក្រុមការងារនីមួយៗ ហើយត្រូវតែផ្តល់​ឲ្យ​ពួកគេ នូវមធ្យោបាយនិងលទ្ធភាព​ចាំបាច់ ដើម្បីអាចធ្វើការសម្រេចចិត្ត​ណាមួយ នៅ​មូលដ្ឋានផ្ទាល់​។ ឧទាហរណ៍ នៅពេល​មានបញ្ហាអ្វីមួយកើតឡើងនៅក្នុងពហុកីឡាដ្ឋាន យើងគ្មានពេលឯណា មកសួរយោបល់ថ្នាក់លើថាត្រូវដោះស្រាយយ៉ាងណានោះទេ។ យើងត្រូវតែ​រកដំណោះស្រាយ​ភ្លាមៗ​ ក្នុងរយៈពេល​ត្រឹមតែប៉ុន្មាននាទី ប៉ុន្មានវិនាទី។ ដូច្នេះ គឺត្រូវតែជ្រើសរើសក្រុមការងារ​ឲ្យ​បានល្អបំផុត​។ »

កម្មវិធីបើកសម្ពោធការប្រកួត​កីឡា បានប្រព្រឹត្តិធ្វើទៅ​ នៅថ្ងៃទី​២៥កក្កដា ១៩៩២។ សេណារីយ៉ូ នៃកម្មវិធីសម្ពោធ ត្រូវបាន​ផ្តោតជាពិសេស ទៅលើ​រឿងព្រេងកថាបុរណា ស្តី​ពីភាពអង់អាចក្លាហាន របស់ Hercule ដែលត្រូវគេចាត់ទុកថាជា​ស្ថាបនិក​នៃ​ទីក្រុងបាសេឡូន។ 

កម្មវិធីបើកសម្ពោធការប្រកួតកីឡាអូឡាំពិកបាសេឡូន៩២
កម្មវិធីបើកសម្ពោធការប្រកួតកីឡាអូឡាំពិកបាសេឡូន៩២ AP - Mark Duncan

តាមធម្មតា កំពូលតារាចម្រៀង Freddie Mercury និង​លោកស្រី​ Montserrat Caballé ត្រូវច្រៀងរួមគ្នាដោយ​ផ្ទាល់​ នូវបទ « Barcelona » នៅក្នុង​កម្មវិធី​បើកសម្ពោធ។ ក៏ប៉ុន្តែ​ ដោយ​សារតែលោក Freddie Mercury បានស្លាប់​ប្រមាណ​៨ខែមុន​ថ្ងៃបើកសម្ពោធ យើងបានសម្រេចចិត្តចាក់ថាស​ចម្រៀង ដែលអ្នកទាំង២នេះបានច្រៀងថតរួមគ្នាជំនួសវិញ។ នៅក្នុងកម្មវិធីសម្ពោធនេះដែរ តារាចម្រៀង​២នាក់ទៀត បានច្រៀងផ្ទាល់ជាមួយ​គ្នា នូវបទ « Amigos Para Siempre » និពន្ធ​ដោយ​​ Andrew Lloyd Webber និង​ Don Black ដែលជាបទនិម្មិតរូបមួយទៀត នៃទីក្រុងបាសេឡូនប្រចាំឆ្នាំ​១៩៩២។

រូបតុក្កតា​តំណាង​នៃការប្រកួតអូឡាំពិក​នៅបាសេឡូន​ គឺជារូប​កូនឆ្កែ ឈ្មោះថា Cobi ដែល​ជាកូនឆ្កែតូច​មួយ របស់អ្នក​គង្វាលជាមកាតាឡាន។ ឈ្មោះនេះ បានទទួលឥទ្ធិពល​ស្រង់ចេញពី អក្សរកាត់ COOB’92-គណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិកបាសេឡូន​១៩៩២។ Cobi ត្រូវបាន​គូរដោយ លោក Valencien Javier Mariscal។ ចំណែក​រូប​សញ្ញានិម្មិតរូប​ជាផ្លូវការ​នៃការប្រកួតវិញ គឺ​ជារូប​ដូចទៅនឹងមនុស្ស​ កំពុងលោត​ផ្លោះ​ឆ្លងឧបសគ្គតំណាងដោយ​កងទាំង​៥របស់អូឡាំពិក​។ រូបសញ្ញានេះ ត្រូវបាន​គូសវាស​​ឡើង ដោយ​សិល្បៈករបេសេឡូនម្នាក់ ឈ្មោះ Josep Maria Trias។

Cobi រូបតុក្កតា mascot តំណាង​ឲ្យ​ការប្រកួតអូឡាំពិក​ឆ្នាំ​ 1992 នៅកំពង់ផែបាសេឡូន
Cobi រូបតុក្កតា mascot តំណាង​ឲ្យ​ការប្រកួតអូឡាំពិក​ឆ្នាំ​ 1992 នៅកំពង់ផែបាសេឡូន AP - AMICAR DE LEON

មិនខុសពី​ការប្រកួត​អូឡាំពិកមុនៗ ការប្រកួតនៅ​បាសេឡូន មិនបានគេចផុត​ឡើយ ពី​ឥទ្ធិពល​ភូមិសាស្ត្រនយោបាយ​ និង​ការបរទេស។ លោក Thierry Terret ប្រវត្តិវិទូកីឡា បានពន្យល់ថា នៅរវាងឆ្នាំ​១៩៨៩ និង​ការប្រកួត​អូឡាំពិកឆ្នាំ​១៩៩២ ប្រវត្តិសាស្ត្រពិភពលោក បានដើរយ៉ាងលឿន​គួរជាទីចាប់អារម្មណ៍​ណាស់​។ ជញ្ជាំងក្រុងប៊ែរឡាំងបានដួលរលំ របបកុម្មុយនិស្ត​បានដើរដល់ទីបញ្ចប់នៅអឺរ៉ុបខាងកើត ដំណើរការភូមិសាស្ត្រ​នយោបាយយ៉ាងសកម្មនៅតំបន់​បាល់កង់ ប្រទេសឯករាជ្យថ្មីៗ​បាន​ចាប់បដិសន្ធិឡើង ហើយ​គូរប្រជែងពីមុន​បាន​ងាកមករួបរួមគ្នា​។ លោក​បាន​លើកឡើងថា « នៅជំនាន់​នោះ កីឡាអូឡាំពិក​បានប្រព្រឹត្តិធ្វើទៅនៅ​បេសេឡូន ពោលគឺនៅក្នុងប្រទេសដែលពុំបានស្គាល់​បញ្ហា​ភូមិ​សាស្ត្រ​​នយោបាយ​ធ្ងន់ធ្ងរឡើយ។ តែពិភពលោក​នៅ​ខាងជុំវិញវិញ គឺ​កំពុងឆាបឆេះ ហើយ​កំពុង​កសាង​ស្ថាបនាឡើងវិញ »។​

ប្រទេសទើបតែកកើត​ថ្មី​ៗ

នៅបាសេឡូន ប្រទេសអាល្លឺម៉ង់ ត្រូវបាន​តំណាង​ដោយ​គណៈប្រតិភូកីឡាតែមួយក្រុម​ បន្ទាប់ពីអាល្លឺម៉ង់ខាងកើតនិងខាងលិច បានរួបរួមគ្នា​ឡើងវិញ​។ លោក​ Armando Calvo បាន​រៀបរាប់ថា បើនិយាយពីការរៀបចំ​កីឡាអូឡាំពិកវិញ ទាក់ទិននឹង​ការរួបរួមគ្នារវាង​អាល្លឺម៉ង់កុម្មុយនិស្ត និងអាល្លឺម៉ង់សេរីនេះ គឺមិនមានអ្វីចោទជាបញ្ហាទេ។

ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដើរបង្ហាញខ្លួននៅថ្ងៃបើកសម្ពោធ ២៥ កក្កដា ១៩៩២
ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដើរបង្ហាញខ្លួននៅថ្ងៃបើកសម្ពោធ ២៥ កក្កដា ១៩៩២ AP - Dieter Endlicher

« ខ្ញុំនៅចាំបានច្បាស់ណាស់ ថាយើងបាន​រៀបចំការប្រជុំ ជាមួយ​នឹងគណៈកម្មាធិការ​រជាតិអូឡាំពិកទាំង​សងខាង​ កាលជំនាន់នោះ។ ខ្ញុំបានជួប​ជាមួយ CNO របស់​ RFA និង​ CNO របស់ RDA។ ទីបំផុតទៅ អ្វីៗបានដំណើរការទៅយ៉ាងរលូនជាទីបំផុត។ ហើយស្រាប់តែដល់ពេលមួយនោះ គេបានជូនដំណឹងមកខាងយើង ថាគេ​បានសម្រេច​បញ្ចូលគ្នាជាក្រុមតែមួយ ហើយ​ក៏គ្មានចំណោទអ្វី​ដែរដល់ការរៀបចំទូទៅរបស់យើង »។

ដោយឡែក បញ្ហាលំបាក​ដែលត្រូវចាត់ចែងមែនទែននោះ ដូចលោក Armando Calvo បានរំលឹក គឺ​ទាក់ទិននឹង​ប្រទេសថ្មីៗ ដែលទើបតែកកើត ក្រោយ​ការ​ដួលរលំនៃសហភាពសូវៀត និង​ក្រោយ​សង្គ្រាម​នៅ​តំបន់បាល់កង់។

« កាលនោះ សង្គ្រាមកំពុងតែឆាបឆេះនៅបាល់កង់ ហើយ​ប្រទេសយូហ្គោស្លាវី បានរលាយ​បាត់ខ្លួន។ សម្រាប់ពួកយើង វាមានន័យថា គឺយើងបាត់​បង់អស់នូវបណ្តាញទាក់ទងដែលយើងធ្លាប់មាន​ជាមួយប្រទេសនេះ ព្រោះថាយើងបានធ្វើការ​ជាមួយ គណៈកម្មាធិការជាតិអូឡាំពិក​យូហ្គោស្លាវី។ រំពេញនោះ ស្រាប់​តែលេចមុខឡើង នូវ​ CNOរបស់ក្រូអាស៊ី CNOរបស់ស្លូវេនី និង​CNOរបស់​បូសនីអ៊ែរហ្សេហ្គោវីន។

កីឡាការិនីអាមេរិក​ Lynda Tolbert (ឆ្វេង), កីឡាការិនីបារាំង​ Anne Piquereau និង​កីឡាការិនីស្លូវេនី Brigitta Bukovec ក្នុងពេល​ប្រកួតពាក់​កណ្តាលផ្តាច់ព្រាត់ វិញ្ញាសាររត់ផ្លោះរបង ១០០ម៉ែត្រ។ បាសេឡូន ថ្ងៃទី ៦ សីហា ១៩៩២
កីឡាការិនីអាមេរិក​ Lynda Tolbert (ឆ្វេង), កីឡាការិនីបារាំង​ Anne Piquereau និង​កីឡាការិនីស្លូវេនី Brigitta Bukovec ក្នុងពេល​ប្រកួតពាក់​កណ្តាលផ្តាច់ព្រាត់ វិញ្ញាសាររត់ផ្លោះរបង ១០០ម៉ែត្រ។ បាសេឡូន ថ្ងៃទី ៦ សីហា ១៩៩២ ASSOCIATED PRESS - Denis Paquin

យោងតាម​លោក Thierry Terret សម្រាប់ប្រទេសដែលទើបតែ​បាន​ឯករាជ្យថ្មីៗ ការបង្កើត​នៃគណៈកម្មាធិការ​ជាតិអូឡាំពិករបស់គេរៀងៗខ្លួន ព្រមទាំងការចូលរួម​ប្រកួត គឺជាសញ្ញា​នៃ​ការទទួលស្គាល់​នៅ​ក្នុងក្របខណ្ឌ​អន្តរជាតិ។ ក្នុងន័យនេះ CIO បាន​ដើរតួនាទី​សម្របសម្រួលជួយ​យ៉ាងល្អ ឧទាហរណ៍ ដូចជា​ការ​ចុះបញ្ជីគណៈកម្មាធិការជាតិអូឡាំពិក សម្រាប់ប្រទេសថ្មី​ ហើយជាទូទៅ​ គឺមុន​នឹងមានការទទួលស្គាល់ជាផ្លូវការ​ នៅ​ឯអង្គការ​សហប្រជាជាតិទៅទៀត។

ជាលើកទីមួយហើយ ដែល​បូសនីអ៊ែរហ្សេហ្គោវីន ក្រូអាស៊ី និង​ស្លូវេនី បានចូលរួម​ប្រកួត​កីឡាអូឡាំពិក នៅឆ្នាំ​១៩៩២ ក្នុងនាមជា​ប្រទេស​ឯករាជ្យ។ លោក Armando Calvo លើកឡើងថា «លោកអ្នកគិត​ស្រមៃទៅមើល កាលនោះ នៅ​ពេលចាប់ផ្តើម​ប្រកួត​ យើងមិនទាន់ទាំងមានបទភ្លេងជាតិក្រូអាស៊ី និង ភ្លេងជាតិ​បូសនីអ៊ែរហ្សេហ្គោវីន ផងទេ។

បន្ថែមពីនេះដែរ វាក៏ជាលើកទី​មួយដែរ នៅ​បេសេឡូន​ឆ្នាំ​១៩៩២ ដែល​ប្រទេស​អូស្តូនី លីទុយអានី និង​ឡេតូនី ដែលបានចូលរួម​ប្រកួតក្នុងនាម​ជា​ប្រទេសឯករាជ្យ ជាមួយ​ក្រុមកីឡាករជម្រើសជាតិផ្ទាល់ខ្លួនរៀងៗខ្លួន ក្រោយ​សហភាពសូវៀតដួលរលំទៅ​។ មានតែប្រទេស​អតីត​សាធារណរដ្ឋ​​សមាជិក​សហភាពសូវៀតទាំង​៣នេះទេ ដែល​បានរៀបចំឯកសារ​ចុះឈ្មោះភ្លាម​ៗទាន់ពេលវេលា ដើម្បី​បង្កើត​គណៈកម្មាធិការជាតិអូឡាំពិក ហើយ​សមាជិកភាពអូឡាំពិក​ដែលបានព្យូរតាំងតែពីមុនសង្គ្រាមលោកលើកទី២ ត្រូវ​បាន​ដាក់ឲ្យ​មានសុពលភាពឡើងវិញ។​

កីឡាករក្រូអាស៊ី Stojko Vrankovic សមាជិក​ក្នងក្រុមកីឡានៃបណ្តាប្រទេសអតីតយូហ្គោស្លាវី​ ដែលឈ្នះ​ 75-74 ក្នុង​ពេលប្រកួតនៅបាសេឡូន ថ្ងៃទី​៦ សីហា ១៩៩២
កីឡាករក្រូអាស៊ី Stojko Vrankovic សមាជិក​ក្នងក្រុមកីឡានៃបណ្តាប្រទេសអតីតយូហ្គោស្លាវី​ ដែលឈ្នះ​ 75-74 ក្នុង​ពេលប្រកួតនៅបាសេឡូន ថ្ងៃទី​៦ សីហា ១៩៩២ AP - Ed Reinke

អត្តពលិកអព្យាក្រិត្យ

ទាក់ទិននឹងប្រទេសស៊ែរប៊ីវិញ គឺត្រូវបាន​គេអនុញ្ញាត​ឲ្យ​​បញ្ជូន​គណៈប្រតិភូកីឡាខ្លួន មកចូលរួម​ប្រកួត​ដែរ តែដោយ​ត្រូវគោរពលក្ខខណ្ឌថា កីឡាករត្រូវតែ​គោរព​គោលការអព្យាក្រិត្យ​អូឡាំពិក។ លោក Armando Calvo បានរំលឹក​ឲ្យដឹងថា កាលនោះ ក្នុង​នាម​លោកជាអ្នកទទួលខុសត្រូវ​ភូមិអូឡាំពិក គឺ​ក្រុមការងារលោក​មានការព្រួយបារម្ភ ថា​សង្គ្រាមនៅតំបន់បាល់កង់ អាចបង្កើតឲ្យមានការឈ្លោះទាស់ទែងគ្នា​ រវាងក្រុម​កីឡាករ​។ ដោយ​ហេតុនេះ គេបានរៀបចំ​​ទីកន្លែង​ពិសេស​ដាច់​ដោយ​ឡែកមួយ សម្រាប់​​​ក្រុម​​កីឡាករ​​មក​ពី​ស៊ែរប៊ី។ តែយ៉ាងណា ការជួបគ្នា​ប្រាស្រ័យគ្នារវាង​ក្រុមកីឡាករផ្សេងៗ មកពីអតីតយូហ្គោស្លាវី បានប្រព្រឹត្តិទៅ​ដោយធម្មតា គ្មានបញ្ហាអ្វីកើតឡើងទេ​។

“នៅក្នុងភូមិអូឡាំពិក ក្នុងអំឡុងពេល​ប្រកួត ខ្ញុំនៅចាំបានយ៉ាងច្បាស់ថា គ្មានបញ្ហាអ្វីកើតឡើងទេ។ ខ្ញុំបានឃើញដោយ​ផ្ទាល់ភ្នែក កីឡាករស៊ែរប៊ី និង​កីឡាករក្រូអាស៊ី អង្គុយ​ញ៉ាំអាហារក្បែរគ្នា​ នៅតុតែមួយ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង។”

ក្រុមកីឡាករស៊ែរប៊ី មកប្រកួត នៅបាសេឡូន ទាំងគ្មាន​ទង់ជាតិ និងទាំងគ្មាន​បទភ្លេងជាតិ​។

“បើនិយាយ​ពី​ចំណុចយល់ឃើញផ្នែកកីឡាវិញ ខ្ញុំនៅចាំបាន​ថាក្រុមកីឡាករជម្រើសជាតិយូហ្គោស្លាវី វិញ្ញាសារ​បាក់បាស្កេត បានជាប់​ឈាន​ចូល​មកប្រកួត​នៅបាសេឡូន។ ក៏ប៉ុន្តែប្រទេសយូហ្គោស្លាវី បានរលាយរូបបាត់ទៅ ធ្វើឲ្យ​សហព័ន្ធអន្តរជាតិ​កីឡាបាល់បាស្កេត ត្រូវសម្រេចចិត្តជ្រើសរើស យកក្រុមជម្រើសជាតិមួយផ្សេងទៀតមកជំនួសក្រុមជម្រើសជាតិយូហ្គោស្លាវី។ ដោយឡែក ក្រុមកីឡាករស៊ែរប៊ីវិញ បានមកចូលរួមប្រកួត ក្នុងនាមជាកីឡាករឯករាជ្យ ពោល​គឺប្រកួតតែវិញ្ញាសារណា ដែល​មានកីឡាករតែម្នាក់ៗ មិនមែនជាការប្រកួត​ក្នុងក្រុមទេ​។ ហើយនៅពេល ពួកគេដើរបង្ហាញខ្លួន​ក្នុងពហុកីឡាដ្ឋាន យើងបានប្រើប្រាស់ទង់ និងភ្លេងនិម្មិតរូបអូឡាំពិក​។

លើសពីនេះទៀត ក្នុងអំឡុងពេល​សង្រ្គាមនៅតំបន់​បាល់កង់ គណៈកម្មាធិការរៀបចំកីឡា​អូឡាំពិក​បាសេឡូន ក៏ដូចជា​ប្រជាពលរដ្ឋ​នៅទីក្រុងបាសេឡូន បានរួមគ្នា​ប្រមូលជំនួយមនុស្សធម៌ យកទៅជួយប្រជាជន​​នៅ​ក្រុងសារ៉ាចេវ៉ូ ទីក្រុង​ម្ចាស់ផ្ទះ​​​រៀបចំការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ​១៩៨៤។​

ក្រុមកីឡាករ​បង្រួបបង្រួមគ្នា​

នៅឆ្នាំ​១៩៩១ សហភាពសូវៀតបានដួលរលំ។ ប្រទេសឯករាជ្យថ្មីៗ បាន​លេចរូបរាងចេញមក តែពួកគេគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បី​ចុះឈ្មោះ​បង្កើត​គណៈកម្មាធិការជាតិអូឡាំពិករបស់គេទេ។ ដោយហេតុនេះ CIO បានធ្វើ​ការ​​សម្រេចចិត្ត​ជាពិសេសមួយ គឺ​អនុញ្ញាតឲ្យ​ប្រទេសទាំងនោះ អាច​ចូលរួម​គ្នា​បង្កើតជាក្រុមកីឡាករពិសេសមួយ តំណាងឲ្យអតីតសហភាពសូវៀត។ ក្រុមកីឡាករពិសេសនេះ គឺមានការចូលរួមពី​ អាម៉េនី អាហ្ស៊ែបៃហ្សង់ បេឡារុស ហ្សកហ្ស៊ី កាហ្សាក់ស្ថាន កៀជីគីស្ថាន ម៉ុលដាវី រុស្ស៊ី តាដជីគីស្ថាន តួកមេនីស្ថាន អ៊ុយក្រែន និង​អ៊ូសបេគីស្ថាន​។ នៅក្នុង​បទដ្ឋាន​រៀបចំ​ផ្លូវការ​នៃការប្រកួត គឺក្រុមពិសេសនេះ ត្រូវគេហៅឈ្មោះថា EUN អក្សរកាត់មកពីពាក្យ​ Equipe Unifiée។ ពេលកីឡាករសមាជិក​ក្រុមនេះ ឈ្នះក្នុង​ការប្រកួតវិញ្ញាសារទោល មានកីឡាករតែម្នាក់ គឺគេបង្ហូត​ទង់ជាតិ​របស់​ប្រទេសកីឡាករនេះ ហើយ​បើ​ស្នះវិញ្ញាសារជាក្រុមវិញ គឺគេបង្ហូត​ទង់អូឡាំពិក។

កីឡាករឈ្នះមេដៃវិញ្ញាសារចោលញញួរ ពីឆ្វេងទៅស្តាំង៖  Igor Nikulin, មេដៃសម្រឹត្រ, Andrey Abduvaliyev មេដាយមាស , និង​ Igor Astapkovich មេដាយប្រាក់។ ទាំង៣នាក់សុទ្ធសឹងជាសមាជិកក្រុមកីឡាករ​បង្រួបបង្រួមគ្នា "Unified Team" មកពីអតីតប្រទេសយូហ្គោស្ហាវី។ បាសេឡូន ថ្ងៃទី​២ សីហា ១៩៩២
កីឡាករឈ្នះមេដៃវិញ្ញាសារចោលញញួរ ពីឆ្វេងទៅស្តាំង៖ Igor Nikulin, មេដៃសម្រឹត្រ, Andrey Abduvaliyev មេដាយមាស , និង​ Igor Astapkovich មេដាយប្រាក់។ ទាំង៣នាក់សុទ្ធសឹងជាសមាជិកក្រុមកីឡាករ​បង្រួបបង្រួមគ្នា "Unified Team" មកពីអតីតប្រទេសយូហ្គោស្ហាវី។ បាសេឡូន ថ្ងៃទី​២ សីហា ១៩៩២ AP

កេរតំណែលអូឡាំពិក

លោក Armando Calvo បានថ្លែងថា “យើងបាន​ចង្អុរ​​បង្ហាញ​ទីតាំង​ទីក្រុងបាសេឡូន នៅលើផែនទីពិភពលោក ឲ្យ​ពិភពលោក​បានស្គាល់​”។ វាគឺជាកេរតំណែល​មួយ​មិនអាច​ប្រកែកបាន​។ ជាទូទៅ ការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅបាសេឡូន​ឆ្នាំ​១៩៩២ តែងត្រូវបានគេចាត់ទុកថា ជាគម្រូ​វិជ្ជមាន និង​សុទិដ្ឋិនិយម ស្តីពី​ឥទ្ធិពល​នៃកីឡាអូឡាំពិកទៅលើទីក្រុងម្ចាស់ផ្ទះដែលរៀបចំ​។ នៅក្នុង​ឱកាសនៃការប្រកួតនេះ​ ទីក្រុងត្រូវតែ​រៀបចំ ធ្វើទំនើបកម្ម និង​ជួសជុលកែលម្អសង្កាត់នានាទូទាំងទីក្រុង។

ឧទាហរណ៍​មួយ​ដ៏​ច្បាស់បំផុត គឺការ​រៀបចំនៅ​​តំបន់កំពង់ផែក្រុងបាសេឡូន។ គេបាន​សម្រេច​សាងសង់​ភូមិអូឡាំពិក នៅក្បែរសមុទ្រ។ ហេតុនេះ សង្កាត់ថ្មីៗ ដូចជា សង្កាត់​Villa Olimpica សង្កាត់​Peblenou និង សង្កាត់Forum បាន​ផុសចេញមក កែប្រែមុខមាត់​ទីក្រុង​បាសេឡូន ក្លាយជាទីក្រុង​លំហែរ​​មាត់សមុទ្រ​។ ឆ្នេរថ្មីៗ និង​ទីតាំងរមនីយដ្ឋាន​មាត់សមុទ្រ ត្រូវបានបង្កើតឡើង ត្រង់ចំណុចកំពង់ផែចាស់​។ គឺបែបនេះហើយ បានជា​ដែនដីនេះ បានក្លាយជាសង្កាត់​រស់នៅយ៉ាងមនោរម្យ ជាទីកន្លែងទេសចរណ៍ អ៊ូរអនៅ​បាសេឡូន។ កាប៉ាល់ទេសចរណ៍ មកចតត្រៀបត្រា នៅនឹង​ផែ ដែលគេបានសាងសង់កាលពីសម័យកីឡាអូឡាំពិក។

លោក Armando Calvo បានអះអាងថា ក្រោយ​ការប្រកួតកីឡាអូឡាំពិក ចំនួនទេសចរណ៍​មកលេងក្រុងបាសេឡូន​ បានកើនឡើងជាលំដាប់។ អ្វីដែល​គួរឲ្យកត់សំគាល់​បំផុត គឺទេសចរណ៍​មកតាម​កាប៉ាល់ទេសចរណ៍ធំៗ ដែលចូលមកចតនៅ​កំពង់ផែបាសេឡូន។​

សម្រាប់​លោក Armando Calvo គឺលោក​មានមោទនភាព​ដែលបានចូលរួម​ នៅក្នុង​ការរៀបចំការប្រកួតកីឡាអូឡាំពិក​នៅបាសេឡូន ព្រោះការងារនេះបានជួយ​ច្រើនណាស់ ដល់សហគមន៍​មូលដ្ឋាន​។ លោក​បានថ្លែងថា “ខ្ញុំបាន​ចូលរួម​ក្នុង​គណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិក បន្ទាប់ពីបានធ្វើការជាក្នុងក្រុមហ៊ុនឯកជន​។ ហើយ​ក្រោយ​ចប់ការប្រកួត ខ្ញុំបានត្រឡប់ទៅវិស័យឯកជនវិញ។ ខ្ញុំមានមោទនភាពណាស់ ដែល​បាន​ធ្វើការ​ដើម្បី​ទីក្រុង​។ ខ្ញុំមិននឹកស្មានទេ ថា​ក្នុងជីវិតការងារខ្ញុំ ខ្ញុំអាចមានឱកាសធ្វើការដើម្បីប្រយោជន៍ទូទៅបែបនេះ។ នៅក្នុង​​គណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិក ខ្ញុំមានឱកាសបានធ្វើអ្វីៗ ដើម្បី​ប្រជាជននៅបាសេឡូន​។ ខ្ញុំពិតជាមានមោទនភាពណាស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ