អានតួអត្ថបទ
ចិន-គ្រោះមហន្តរាយធម្មជាតិ

បាក់ផ្លូវល្បឿនលឿននៅខេត្តក្វាងទុង (ចិន) ស្លាប់មនុស្ស​យ៉ាងតិច ៤៨នាក់

នៅភាគខាងត្បូងប្រទេស​ចិន មនុស្ស​ជាង​៥០០នាក់កំពុងញាប់ដៃជើង នៅក្នុងសកម្មភាពជួយសង្រ្គោះ បន្ទាប់ពីមាន​គ្រោះថ្នាក់រលំបាក់ផ្លូវល្បឿនលឿនមួយកាលពីយប់​ថ្ងៃ​អង្គារ។ យោងតាម​របាយការណ៍ ចុះផ្សាយ​ដោយ​កាសែតរដ្ឋចិននៅថ្ងៃ​ព្រហស្បតិ៍ទី ២​ឧសភា នៅក្នុង​គ្រោះថ្នាក់បាក់ផ្លូវល្បឿនលឿន ក្នុង​ខេត្ត​ក្វាងទុក ចំនួន​មនុស្សស្លាប់​បាន​កើនឡើង​ដល់​៤៨នាក់​ ចំណែកមនុស្ស​របួស​​៣០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ​។ តាមការផ្សាយ​របស់​ទូរទស្សន៍រដ្ឋចិនCCTV លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង​បានបញ្ជា​ឲ្យ​អាជ្ញាធរក្នុងស្រុក​បង្កើនល្បឿន​ជួយសង្រ្គោះមនុស្ស និង​ស្តារស្ថានការណ៍​នៅ​កន្លែងកើតហេតុ។

នៅក្នុងគ្រោះថ្នាក់បាក់ផ្លូវល្បឿនលឿន ក្នុងខេត្តក្វាងទុក ចំនួនមនុស្សស្លាប់បានកើនឡើងដល់៤៨នាក់ នៅយប់ថ្ងៃអង្គារទី ៣០មេសា
នៅក្នុងគ្រោះថ្នាក់បាក់ផ្លូវល្បឿនលឿន ក្នុងខេត្តក្វាងទុក ចំនួនមនុស្សស្លាប់បានកើនឡើងដល់៤៨នាក់ នៅយប់ថ្ងៃអង្គារទី ៣០មេសា AP
ផ្សាយពាណិជ្ជកម្ម

ទុក្ខជាន់លើទុក្ខ។ នៅ​មួយសប្តាហ៍ក្រោយ​គ្រោះទឹកជំនន់​ទឹកភ្លៀង​សម្លាប់មនុស្ស​៤នាក់ និង​ជន់លិច​ភូមិក្រុង ខេត្តក្វាងទុង នៅយប់​ថ្ងៃ​អង្គារ​ទី ៣០​មេសា បានរងគ្រោះសាជាថ្មី ដោយ​លើកនេះ គឺ​គ្រោះរលំបាក់ផ្លូវល្បឿនលឿន នៅជាប់ជើងភ្នំ ដែល​បាន​សម្លាប់មនុស្ស​យ៉ាងហោច​៤៨នាក់ និង​មនុស្ស​របួស​៣០នាក់។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​២​ឧសភា។​

យោងតាម​ការចុះផ្សាយ​របស់​កាសែតរដ្ឋចិន ហេតុការណ៍នេះបាន​កើតឡើង​នៅ​យប់ថ្ងៃអង្គារ ​ម៉ោង២អាធ្រាត្រ នៅពេលផ្លូវល្បឿនលឿន ដែលតភ្ជាប់ពី​ទីក្រុង Meizhouទៅ Dabuក្នុងខេត្ត​ក្វាងទុង បាក់ផុងអស់ប្រវែង ១៨ម៉ែត្រ ដោយសារ​តែ​ការ​រលំបាក់ដី។ គេវាយតម្លៃថា រថយន្ត​ជាង​២០គ្រឿង​បាន​ធ្លាក់ជាបន្តបន្ទាប់​ទៅ​ក្នុង​ជ្រោះ។ សាក្សី​​នៅ​កន្លែងកើតហេតុនិយាយ​ប្រាប់​កាសែត​ក្នុងស្រុកថា គេ​បាន​លឺ​សំឡេង រថយន្ត​ធ្លាក់ទៅក្រោម និង​សំឡេងផ្ទុះខ្លាំង។

​ទូរទស្សន៍រដ្ឋ​ចិនផ្សាយ​ថា ឧបទ្ទវហេតុ​បាក់ផ្លូវ​សម្លាប់មនុស្ស​ជិត ៥០នាក់ គឺជាគ្រោះមហន្តរាយភូមិសាស្រ្ត​ធម្មជាតិ ដែលបណ្តាលមកពី​ទឹកភ្លៀងធ្លាក់ជោគជាំ​ខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ។

មានប្រជាជនរស់នៅ​១២៧លាននាក់ ខេត្ត​ក្វាងទុង​ជួបគ្រោះធម្មជាតិ មួយដងជាពីរដង ព្រោះថា អស់ពីព្យុះភ្លៀងទឹកជំនន់ សម្លាប់មនុស្ស​៤នាក់ និងធ្វើឱ្យគេជម្លៀសមនុស្ស​ជាង ១សែននាក់ កាលពីថ្ងៃទី ២២​មេសា ខ្យល់​ព្យុះកំណាចមួយទៀត​បាន​សម្លាប់មនុស្ស​៥នាក់ កាលពីសប្តាហ៍មុន មុន​នឹង​កើតមាន​ការរលំបាក់ដីបាក់ផ្លូវនៅយប់​ថ្ងៃ​អង្គារ។

អ្នកទទួលខុសត្រូវ​ម្នាក់​របស់​ក្រសួងធនធានទឹក​ចិនធ្លាប់វាយតម្លៃ​កាលពីខែ​មេសាថា អាកាសធាតុកាន់តែប្រែប្រួល ធ្វើ​ឱ្យ​ទឹកភ្លៀង​ធ្លាក់ខុសរដូវ និងជោគជាំខ្លាំង។ នៅភាគកណ្តាល និង​ខាងកើតខេត្ត​ក្វាងទុង កម្រិតទឹកភ្លៀងធ្លាក់នៅ​រយៈពេល​១០ថ្ងៃចុងក្រោយនេះ មាន​ប្រមាណ ៦០០​មីលីម៉ែត្រ ពោលគឺ​ច្រើនជាង​៣ដង​នៃកម្រិតទឹកភ្លៀងធម្មតា។ ការិយាល័យឧតុនិយម​ចិន​ព្រមាន​រួចហើយថា លក្ខខណ្ឌអាកាសធាតុ ទឹកភ្លៀងធ្លាក់​ខ្លាំងនឹង​អាច​បង្កឲ្យ​មាន​គ្រោះមហន្តរាយ​ភូមិសាស្រ្ត ដូចជា​ការរលំបាក់ផ្លូវល្បឿនលឿននេះ កាន់តែ​ច្រើនដែរ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​ក្នុងខេត្ត​ក្វាងទុង​បានអំពាវនាវ​ប្រជាជន​ឲ្យធ្វើដំណើរប្រុងប្រយ័ត្ន​តាមផ្លូវ នៅក្នុងអំឡុង​បុណ្យ​ខែឧសភា ដែល​មានរយៈពេល​រហូតដល់​ថ្ងៃអាទិត្យ​ចុងសប្តាហ៍នេះ៕     

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ