ចិន៖ ទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តក្វាងទុង ស្លាប់យ៉ាងហោច៣នាក់ បាត់ខ្លួនជាង១០នាក់
ភ្លៀងធ្លាក់យ៉ាងគំហុក២ថ្ងៃមកហើយ នៅក្នុងខេត្តក្វាងទុង ភាគខាងអាគ្នេយ៍ប្រទេសចិន។ ទឹកជំនន់បានជន់លិចនៅតាមទីក្រុងធំៗមួយចំនួនក្នុងខេត្តនេះ និងបានបង្កឲ្យដីបាក់រមៀល។ យោងតាមអាជ្ញាធរចិន គិតត្រឹមរសៀលថ្ងៃចន្ទ ទី២២មេសា មានមនុស្សស្លាប់យ៉ាងហោច៣នាក់ និងបាត់ខ្លួនជាង១០នាក់ ព្រមទាំងច្រើនម៉ឺននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសំបែង ទៅកាន់ទីកន្លែងមានសុវត្ថិភាព។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៩
ព្យុះទឹកភ្លៀងបានបោកបក់យ៉ាងខ្លាំង ធ្វើឲ្យទឹកទន្លេ ទឹកស្ទឹងនៅក្នុងខេត្តក្វាងទុង ភាគអាគ្នេយ៍ប្រទេសចិន ឡើងជន់ហូរគួចត្របាញ់ លាយឡំនឹងដីភក់។ អាជ្ញាធរចិនបានបារម្ភថា មហន្តរាយទឹកជំនន់លើកនេះ ប្រហែលជាទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន សម្រាប់ខេត្តក្វាងទុង។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua ដែលស្រង់ប្រភពពីមន្ត្រីសង្គ្រោះបន្ទាន់ចិន គិតត្រឹមរសៀលថ្ងៃចន្ទទី២២មេសា គឺគេបានរកឃើញសាកសពមនុស្សចំនួន៣នាក់ នៅតំបន់ Zhaoqing ភាគខាងលិចក្រុងក័ងតុង។ ក្រៅពីនេះ នៅមានមនុស្សជាង១០នាក់ទៀត ដែលបាត់ខ្លួននៅឡើយ។ ចំណែកបណ្តាញទូរទស្សន៍ CCTV បានផ្សាយកាលពីថ្ងៃអាទិត្យថា ទឹកភ្លៀងជោគជាំខ្លាំង បានបណ្តាលឲ្យដីបាក់ នៅក្រុង Jianwan ភាគខាងជើងខេត្ត ហើយមានមនុស្សច្រើននាក់ជាប់ក្នុងនោះ។
យ៉ាងហោចណាស់ មនុស្សចំនួន៥៣០០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសចេញពីផ្ទះសម្បែង យកទៅស្នាក់នៅបណ្តោះអាសន្ននៅទីកន្លែងមានសុវត្ថិភាព។ ទីភ្នាក់ងារព័ត៌មានចិន Xinhua ដដែលបានផ្សាយថា តំបន់ដែលមានមនុស្សត្រូវភៀសខ្លួនច្រើនជាងគេ គឺនៅទីក្រុង Qingyuan ស្ថិតនៅតាមដងទន្លេ Beijiang ចំងាយប្រមាណ៦០គីឡូម៉ែត្រ ខាងជើងទីក្រុងក័ងតុង។
ការិយាល័យឧតុនិយមចិនបានប្រកាសអាសន្នថា ទឹកភ្លៀងអមដោយខ្យល់បោកបក់ខ្លាំង នឹងបន្តបោកសង្គ្រុបទៅលើទីក្រុងឆិនចិន ជាប់និងទីក្រុងហុងកុង នៅថ្ងៃចន្ទទី២២មេសានេះ។ សូមបញ្ជាក់ថា ខេត្តក្វាងទុង ជាខេត្តដែលមានជាងគេរបស់ចិន ហើយក៏ជាខេត្តដែលមានប្រជាជនច្រើនជាងគេ ចំនួន១២៧លាននាក់។ ចំណែកទីក្រុងឆិនចិន គឺជាទីប្រជុំនៃទីស្នាក់ការក្រុមហ៊ុនបច្ចេកវិទ្យាចិន សឹងតែទាំងអស់។ ផ្នែកខ្លះនៃខេត្តជាប់ជិតខាងខេត្តក្វាងទុង ដូចជាខេត្ត Jiangxi និងខេត្ត Fujian ក៏ស្ថិតនៅក្នុងគ្រោះអាសន្នដោយសារតែជំនន់ទឹកភ្លៀងធ្លាក់យ៉ាងគំហុកដែរ កាលពីថ្ងៃអាទិត្យទី២១មេសា។
គួរកត់សំគាល់ថា គ្រោះមហន្តរាយជំនន់ទឹកភ្លៀង មិនមែនជារឿងចម្លែកប៉ុន្មានទេ សម្រាប់ភាគខាងត្បូងប្រទេសចិន ជាពិសេសនៅរដូវក្តៅចាប់ពីខែកក្កដាទៅ។ តែយ៉ាងណា យោងតាមអ្នកជំនាញវិទ្យាសាស្ត្រ ប៉ុន្មានខែមកនេះ ចិនបានឆ្លងកាត់នូវលក្ខខណ្ឌឧតុនិយមយ៉ាងចម្លែក និងភ្លាមៗមួយរំពេច ដោយសារតែវិបត្តិប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់ នៅខេត្តខ្លះវិញ មានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អមដោយរលកកំដៅក្តៅហួតហែងនៅកន្លែងខ្លះ។ ផ្អែកតាមអ្នកវិទ្យាសាស្ត្រ វិបត្តិអាកាសធាតុបង្កឡើងដោយការកើនឡើងកំដៅផែនដី បានញ៉ាំងឲ្យមហន្តរាយគ្រោះធម្មជាតិកើតមានកាន់តែញឹកញាប់ កាន់តែកាចសាហាវ និងទាន់ហន់ពិបាកស្មានដឹងមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ