អានតួអត្ថបទ
រុស្ស៊ី-សង្គ្រាមអ៊ុយក្រែន

លោក ពូទីន ដករដ្ឋមន្ត្រីការពារជាតិពីតំណែង ខណៈពេលដែលសង្គ្រាមអ៊ុយក្រែនអូសបន្លាយជាង២ឆ្នាំ

ថ្ងៃអាទិត្យ ទី ១២ ឧសភា លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានប្រកាសដក លោក Serguei Choigou ពីតំណែងរដ្ឋមន្ត្រីការពារជាតិ ដែលរូបលោក បានកាន់កាប់តាំងពីឆ្នាំ ២០១២ មក។ ការដកតំណែងនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃ ការកែប្រែសមាសភាពរដ្ឋាភិបាល នៅប៉ុន្មានថ្ងៃក្រោយលោក ពូទីន បានធ្វើសច្ចាប្រណិធាន ឡើងកាន់តំណែងជាប្រមុខរដ្ឋរុស្ស៊ី អាណត្តិទី ៥ និង ក្នុងបរិបទ ដែលសង្គ្រាមអ៊ុយក្រែន បន្តឆាបឆេះអស់ជាង ២ ឆ្នាំ មកហើយ។ លោក ស៊ែកហ្គី ឆយហ្គូ នឹងត្រូវជំនួសដោយ លោក Andrei Belooussov ដែលមានជំនាញខាងសេដ្ឋកិច្ច តែខ្វះបទពិសោធ ក្នុងវិស័យយោធា។

លោក ពូទីន ដករដ្ឋមន្ត្រីការពារជាតិពីតំណែង ខណៈពេលដែលសង្គ្រាមអ៊ុយក្រែនអូសបន្លាយជាង២ឆ្នាំ
លោក ពូទីន ដករដ្ឋមន្ត្រីការពារជាតិពីតំណែង ខណៈពេលដែលសង្គ្រាមអ៊ុយក្រែនអូសបន្លាយជាង២ឆ្នាំ AP
ផ្សាយពាណិជ្ជកម្ម

សូមរំឭកថា បច្ចុប្បន្នមានវ័យ ៦៨ ឆ្នាំ លោក Choigou បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ តាំងពីឆ្នាំ ២០១២ និង បានដើរតួយ៉ាងសំខាន់ ក្នុងគោលនយោបាយរក្សាស្ថិរភាព ក្រោមរដ្ឋាភិបាលច្រើនអណត្តិ  ដឹកនាំដោយ លោក វ៉្លាឌីមៀរ ពូទីន។

ផ្អែកតាមវិមានក្រេមឡាំង លោក Serguei Choigou នឹងប្តូរទៅកាន់តំណែងជា អគ្គលេខាធិការនៃ ក្រុមប្រឹក្សាសន្តិសុខ ដោយជំនួសលោក Nikolai Patrouchev។ អ្នកនាំពាក្យវិមានក្រេមឡាំងលោក ឌ្មីទ្រី ពេស្កូវ លំអិតថា ទោះបីលោក Choigou លែងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិក៏ពិតមែន តែ​លោក នៅតែបន្តបំពេញការងារក្នុងវិស័យនេះ ត្បិតថា លោកជាមនុស្សម្នាក់ ដែលមានបទពិសោធ ច្រើនឆ្នាំ និង ស្គាល់ច្បាស់ ពីសំណុំរឿងនានា។

តែយ៉ាងណា បើយោងតាមសំដីរបស់ លោក ឌ្មីទ្រី ពេស្កូវ ដដែល លោក វ៉្លាឌីមៀរ ពូទីន សម្រេចដករូបលោក Serguei Choigou ដើម្បីឆ្លើយតបនឹងតម្រូវការ ជាក់ស្តែងក្នុង សមរភូមិប្រយុទ្ធ នៅអ៊ុយក្រែនផ្ទាល់ ដែលអស់រយៈពេលជាង ២ ឆ្នាំមកនេះ រុស្ស៊ីនៅតែពុំទាន់ដណ្តើមជ័យជំនះ បានទាំងស្រុង។ លោក ពេស្កូវ បន្ថែមទៀតថា វិស័យយោធារុស្ស៊ីត្រូវការចាំបាច់នូវ គំនិតថ្មីៗ និង ឈានមុខ ដើម្បីបង្កលក្ខណៈ ងាយស្រួល សម្រាប់ការក្រតួតប្រជែង ផ្នែកសេដ្ឋកិច្ច។ យ៉ាងណាមិញ ប៉ុន្មានខែចុងក្រោយនេះ លោក ពូទីន បានលើកទឹកចិត្ត ​និងជម្រុញ ឧស្សាហកម្មយោធារុស្ស៊ី ឲ្យបញ្ចូលគំនិតថ្មីៗ និង បង្កើនការផលិត គ្រឿងសព្វាវុធ ដើម្បីបំពេញតម្រូវការដល់ សមរភូមិប្រយុទ្ធនៅអ៊ុយក្រែន។

គួរបញ្ជាក់ដែរថា ក្នុងវ័យ ៦៥ ឆ្នាំ លោក Andrei Belooussov រដ្ឋមន្ត្រីការពារជាតិថ្មី ធ្លាប់កាន់តំណែង ជាឧបទី១នៃនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ ២០២០ និង ជាទីប្រឹក្សាសេដ្ឋកិច្ចមួយដ៏ជំនិតម្នាក់ របស់លោក វ៉្លាឌីមៀរ ពូទីន នាប៉ុន្មានឆ្នាំចុងក្រោយនេះ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ