អានតួអត្ថបទ

អ.ស.ប.បង្កើត​មូលនិធិថ្មី​​ជួយ​ជន​ភៀសខ្លួន​ព្រោះតែ​ការប្រែប្រួល​អាកាសធាតុ

នៅថ្ងៃ​ពុធ ទី​២៤មេសា​ អង្គ​ការ​​សហ​ប្រជាជាតិ បាន​ប្រកាស​សម្ពោធ​គម្រោង​មូលនិធីថ្មី​១ សំដៅ​ដល់​ការ​ជួយ​ជនភៀសខ្លួននិងជនរងគ្រោះព្រោះតែ​ការប្រែប្រួល​អាកាស​ធាតុ។ ដើម្បី​សម្រេច​កម្មវត្ថុ​នេះ​ អង្គ​ការ​​សហ​ប្រជាជាតិសង្ឃឹម​នឹង​ប្រមូល​ថវិកាមូលនិធិ ១០០លាន​ដុល្លារ​ ចាប់ពីពេលនេះដល់​ចុង​ឆ្នាំ​២០២៥​។ ការ​ប្រកាស​ជំនួយ​ជនរងគ្រោះ​​ព្រោះ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ស្របពេល​ដែល​ប្រទេស​ជាច្រើនកំពុងតែ​ត្អូញត្អែរ​ពីរលក​​កម្តៅក្តៅខ្លាំង​ ពិសេស​នៅក្នុង​តំបន់​អាស៊ី។​ ​

ឆ្នាំ២០២២ យ៉ាងហោច ជាង ៧០% នៃជនភៀសខ្លួននិងអ្នកសុំសិទ្ធិជ្រកកោន គឺមកពីប្រទេសដែលរងគ្រោះខ្លាំងព្រោះតែការប្រែប្រួលអាកាសធាតុ។ (រូបភាព​តំណាង)
ឆ្នាំ២០២២ យ៉ាងហោច ជាង ៧០% នៃជនភៀសខ្លួននិងអ្នកសុំសិទ្ធិជ្រកកោន គឺមកពីប្រទេសដែលរងគ្រោះខ្លាំងព្រោះតែការប្រែប្រួលអាកាសធាតុ។ (រូបភាព​តំណាង) © Wikimedias Commons
ផ្សាយពាណិជ្ជកម្ម

គម្រោង​មូលនិធិសម្របខ្លួន​​​បន្សាំ​នឹង​អាកាសធាតុ​ របស់​ អង្គ​ការ​​សហ​ប្រជាជាតិ ប្រមូលផ្តុំច្របាច់​បញ្ចូល​​កិច្ចការ​មួយ​ផ្នែក​របស់ឧត្តម​ស្នងការ​ជន​ភៀសខ្លួន ហើយ​និង​ មូលធិនិ​ការពារ​បរិស្ថានអាកាសធាតុ​ដើម្បីគាំពារ​ជន​រង​គ្រោះ​ព្រោះ​អាកាសធាតុប្រែប្រួល​ ដាក់​ចេញ​កាលពីឆ្នាំ២០២១។ គម្រោង​មូលនិធិថ្មីនេះ នឹង​ជួយ​ដល់​សហគមន៍​ងាយរងគ្រោះ​គំរាមកំហែង​ព្រោះតែ​​កំណើន​កម្តៅ​ផែន​ដី​ ដោយ​ផ្តល់​លទ្ធភាព​ មធ្យោបាយ​ ដើម្បី​ត្រៀម​ទប់​ទល់​ហានិភ័​យ​ ហើយ​ប្រឈម​មុខ​នឹង​បម្រែបម្រួល​អាកាសធាតុ។​

ការប្រែប្រួល​អាកាធាតុ កាន់តែ​ជះឥទ្ធិពល​ផលប៉ះពាល់​កាន់តែ​ខ្លាំងៗឡើង​ ហើយ​ជា​កត្តាចម្បង​មួយ​ ដែល​ជំរុញ​ឲ្យ​មាន​ជន​ភៀសខ្លួន ធ្វើ​ចំណាកស្រុក​។ ​នេះបើតាម​សេចក្តីថ្លែងការណ៍ របស់ ​ឧត្តម​ស្នងការ​ជន​ភៀសខ្លួន​ នៃ អង្គ​ការ​​សហ​ប្រជាជាតិ ដោយ​ផ្តល់ទិន្នន័យ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២២កន្លងទៅ យ៉ាងហោច ជាង ៧០% នៃ​ជនភៀសខ្លួននិង​អ្នក​សុំ​សិទ្ធិជ្រកកោន គឺ​​មកពី​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ព្រោះតែ​ការ​ប្រែប្រួល​អាកាសធាតុ។

នៅតំបន់​អាហ្វ្រិក ក្រៅតែ​វិបត្តិ​ជម្លោះដែល​បង្ខំ​ឲ្យ​គេ​ភៀសខ្លួន​, ការប្រែប្រួល​អាកាសធាតុ ជាហេតុ​ចម្បងមួយ​​ជាប់ទាក់ទង​ដោយ​ផ្ទាល់​ ទៅនឹង​ការ​សម្រេច​ចិត្ត​ផ្លាស់ទី​របស់ក្រុម​​ជន​ភៀសខ្លួន។​ ​

ក្នុង​តំបន់​អាស៊ី​វិញ​ ការប្រែប្រួល​អាកាសធាតុ​ប៉ះពាល់​ប្រទេស​ជាច្រើន។ នៅប្រទេស​ថៃ ជួបបាតុភូតអែល​នីញូ (El Niño) ​ធ្វើ​ឲ្យ​មាន​រលកកម្តៅក្តៅខ្លាំង​ ដែល​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ប្រជាជន។ នៅ​រាជធានី​​បាំងកក ​​សប្តាហ៍នេះ​ កម្តៅ​បាន​ហក់ឡើង​ដល់ ៥២ អង្សាសេ។ នៅថ្ងៃ​ពុធ ទី២៤មេសា​ អាជ្ញាធរ​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​​សម្រាក​នៅក្នុងផ្ទះ បើមិនចាំបាច់ខ្លាំង កុំ​ចេញខាងក្រៅ។​

ស្រដៀងគ្នា​នេះដែរ នៅ​ហ្វីលីពីន, ព្រោះតែ​កម្តៅក្តៅខ្លាំងពេក រដ្ឋាភិបាលទីក្រុង​ម៉ានីល ​អំពាវនាវ​កុំឲ្យ​ប្រជាជន​ចេញក្រៅផ្ទះ ហើយ​គ្រិះស្ថាន​សិក្សា​ បានផ្អាក​បង្រៀនដោយ​ផ្ទាល់ ​មួយ​រយៈ​សិន។ ​នៅ​ហ្វីលីពីន អាកាសធាតុក្តៅ​៤៤-៤៥អង្សាសេ ជាប់ៗគ្នា​ពីរបីថ្ងៃ។ សាលា​រៀន​ ៦ ៧០០ កន្លែង ផ្អាករៀនសូត្រ​ដោយផ្ទាល់ ហើយ​គ្រាន់តែ​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល សាលារៀន ជាង​ ៤០០ កន្លែង ត្រូវ​រៀបចំ​បង្រៀន​ពីចម្ងាយ តាម​ប្រព័ន្ធ​អ៊ិនធ័រនែត​ កាលពីថ្ងៃពុធ។ នេះបើតាមក្រសួង​អប់រំ​ហ្វីលីពីន។​

នៅ​បង់ក្លាដែស ជួប​រលកកម្តៅ​ក្តៅខ្លាំង ៤២ អង្សាសេ។ សប្តាហ៍មុន អាកាសធាតុ​នៅរដ្ឋធានី​ដាកកា ​ជាមធ្យមជាង​ ៣០អង្សាសេ តែ​សប្តាហ៍​នេះ កម្តៅហក់​ឡើង​ជាង ៤០អង្សាសេ ដែល​ក្តៅ​ខ្លាំងបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បង់ក្លាដែស ​ នារយៈពេល​ជាង ៧០ឆ្នាំចុងក្រោយ។ បង់ក្លាដែស ដែល​មាន​ប្រជាជនភាគច្រើន​កាន់​សាសនា​អ៊ីស្លាម បាន​នាំគ្នា​ថ្វាយបង្គំ​បន់​ស្រន់​ព្រះ នៅតាម​វិហារមូស្កេ​ សុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ