អានតួអត្ថបទ
គ្រោះធម្មជាតិ

របាយការណ៍អ-ស-ប៖ រយៈពេល ៥០ឆ្នាំ គ្រោះ​មហន្តរាយ​ធម្មជាតិ​ក្នុងពិភពលោក​កើនឡើង ៥ដង

ចំនួន​គ្រោះមហន្តរាយ​ធម្មជាតិ​ នៅក្នុង​ពិភពលោក​បាន​កើនឡើង ៥ដង និង​បង្ក​ការខូចខាតកាន់តែ​ធ្ងន់ធ្ងរ ក្នុងរយៈពេល​៥០ឆ្នាំ​ចុងក្រោយនេះ។ តាម​របាយការណ៍​របស់​អង្គការ​ឧតុនិយម​របស់​អង្គការ​សហប្រជាជាតិ ដែល​ចេញផ្សាយ​នៅថ្ងៃ​ពុធទី ១​កញ្ញានេះ ចាប់ពី​ឆ្នាំ ១៩៧០​ដល់​ឆ្នាំ ២០១៩ គ្រោះមហន្តរាយ​ធម្មជាតិ​កើតមាន​កាន់តែញឹកញាប់ និងធ្ងន់ធ្ងរ ដោយ​បាន​បង្ក​ឲ្យ​មាន​ការខាតបង់​ទ្រព្យសម្បត្តិ​ក្រាស់ក្រែល។ សព្វថ្ងៃនេះ គ្រោះមហន្តរាយធម្មជាតិ មានកាន់តែច្រើនមែន ប៉ុន្តែ សម្លាប់​មនុស្ស​ក្នុងចំនួនតិច ជាងកាលពី ៥០ឆ្នាំមុន។

ព្យុះកំបុតត្បូង Ida បានទៅដល់​រដ្ឋ​New Orleans​របស់​អាមេរិកកាលពីថ្ងៃ​អាទិត្យ​ទី ២៩​សីហា ២០២១
ព្យុះកំបុតត្បូង Ida បានទៅដល់​រដ្ឋ​New Orleans​របស់​អាមេរិកកាលពីថ្ងៃ​អាទិត្យ​ទី ២៩​សីហា ២០២១ AP - Gerald Herbert
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ដែល​ផ្តោត​ទៅលើ​គ្រោះមហន្តរាយធម្មជាតិ ពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ២០១៩ ទីភ្នាក់ងារ​ឧតុនិយម​របស់​អង្គការ​សហប្រជាជាតិ បាន​រកឃើញថា ក្នុងរយៈពេល​៥០ឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយ​ធម្មជាតិ បាន​កើន​ឡើង​ចំនួន ៥ដង ចំណែក ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​វិញ បាន​កើនឡើង ៧ ដង ប្រៀបធៀប​នឹង​ទសវត្សរ៍ ឆ្នាំ ១៩៧០។

របាយការណ៍​របស់​អង្គការ​ឧតុនិយម​របស់​អង្គការ​សហប្រជាជាតិ ចេញផ្សាយ នៅ​ចំពេល​ដែល​កំពុង​កើតមាន ភ្លើង​ឆេះព្រៃ​នៅ​អឺរ៉ុប នៅ​រដ្ឋភាគខាងលិច​អាមេរិក ទឹកជំនន់​នៅអាល្លឺម៉ង់ ​ចិន ជប៉ុន ឥណ្ឌូណេស៊ី ហើយ​និង​ខ្យល់ព្យុះសង្ឃរា Ida ដែលកំពុង​វាយបោក បង្ក​ឲ្យ​មានទឹកជំជន់ នៅភាគខាងត្បូង​អាមេរិក។

ដោយសារ​កត្តា​ប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ដែល​បណ្តាល​មកពី​អាកាសធាតុ (បាតុភូត​ឧតុនិយម អាកាសធាតុ និង​ជលសាស្រ្ត) នឹង​មាន​កាន់តែ​ញឹកញាប់ ហើយ​និងធ្ងន់ធ្ងរ នៅ​តាម​កន្លែង​ជា​ច្រើន​នៅលើ​ផែនដី។ នេះ​បើតាម​អគ្គលេខាធិការ​របស់ទីភ្នាក់ងារ​ឧតុនិយម លោក Petteri Taalas។

តាមរបាយការណ៍​ដែលពឹងផ្អែក​លើ​ទិន្នន័យ​របស់​មជ្ឈមណ្ឌលស្រាវជ្រាវ​គ្រោះមហន្តរាយធម្មជាតិ​នៅប្រទេស​បែលហ្ស៊ិក នៅក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ គ្រោះមហន្តរាយធម្មជាតិ ក្នុង​ពិភពលោក មានចំនួនជាង​៧០០ (៧១១) ក្នុង​មួយឆ្នាំៗ ប៉ុន្តែ ចាប់ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០០៩ ចំនួន​គ្រោះធម្មជាតិ បាន​កើនឡើង ដល់ ជាង ៣០០០ (៣៥៣៦) ក្នុង​មួយឆ្នាំ ឬគេអាចថា ក្នុង​១ថ្ងៃ មាន​គ្រោះធម្មជាតិ ចំនួន១០ បាន​កើតឡើង នៅក្នុង​ពិភពលោក។

គ្រោះធម្មជាតិ​បានកើនឡើង​ចំនួន ៥ដង ប៉ុន្តែ វា​បាន​សម្លាប់មនុស្ស​តិចជាងមុន ពី ៥ម៉ឺននាក់ ក្នុង​មួយឆ្នាំ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ មកនៅត្រឹម ២ម៉ឺននាក់ ចាប់ពី​ឆ្នាំ ២០០០។ នេះក៏ដោយមក​ពី​មាន​វិធានការប្រុងប្រយ័ត្ន និង​ការដាក់​ឲ្យប្រើប្រាស់ ប្រព័ន្ធ​ប្រកាសអាសន្ន ទុកជាមុន។ ផ្ទុយទៅវិញ ការខាតបង់​សេដ្ឋកិច្ច​បាន​កើនឡើង​ពី ១៧៥លាន​ក្នុង​មួយឆ្នាំ នៅ​ទសវត្សរ៍​ឆ្នាំ ១៩៧០ ទៅដល់ ១៣៨០​លាន នៅ​ឆ្នាំ ២០១០។

ជាក់ស្តែង នៅក្នុង​រយៈពេល​តែ ៥ឆ្នាំ​ចុងក្រោយនេះ គេរាប់ឃើញ​មាន​គ្រោះធម្មជាតិ ដល់ទៅ​ជាង ១១០០០ ដែល​បាន​សម្លាប់មនុស្ស​ជាង ២លាននាក់ និង​បង្ក​ការខូចខាតសេដ្ឋកិច្ច ក្នុង​តម្លៃ ជាង ៣ទ្រីលាន​ដុល្លារ។ នៅពេល ប្រទេស​កំពុង​អភិវឌ្ឍ មាន​ចំនួនមនុស្ស​ស្លាប់​ច្រើន​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ (៩០%នៃ ២លាននាក់) ក្រុមប្រទេស​អ្នកមាន​រង​ការខូចខាត​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ គឺ​ស្មើ​នឹង ៦០%​នៃ​ការខាតបង់​សរុប​ក្នុង​ពិភពលោក។

ជាមធ្យម សម្រាប់​រយៈពេល សរុប ៥០ឆ្នាំ​ចុងក្រោយនេះ គ្រោះ​មហន្តរាយ​ធម្មជាតិ​កើត​មាន​រៀងរាល់ថ្ងៃ នៅក្នុង​ពិភពលោក ដោយ​បាន​សម្លាប់មនុស្ស ១១៥នាក់ និង បង្ហិនបំផ្លាញ​សេដ្ឋកិច្ច ប្រមាណ ២០២​លាន​ដុល្លារ ក្នុងមួយថ្ងៃ។ គេ​វាយតម្លៃថា គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ និងអាកាសធាតុក្តៅខ្លាំង ជាមូលហេតុ​ធ្វើ​ឲ្យ​មនុស្សស្លាប់​ច្រើន និង​បង្ក​ការខាតបង់​ធ្ងន់ធ្ងរ​ផ្នែកសេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ