យុវជនក្នុងពិភពលោក ចូលរួមបង្កើតសន្និសីទអន្តរជាតិ “ ប្រឌិត”ស្តីពីអាកាសធាតុ "Mock Cop26"
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២១
យុវជនជាង៣៥០នាក់ (អាយុពី ១៤ ទៅ ២៥ឆ្នាំ )នៅក្នុងពិភពលោក បាននាំគ្នាបើកធ្វើសន្និសីទអន្តរជាតិស្តីពី អាកាសធាតុ “ ប្រឌិត” មួយ ដែលហៅកាត់ជាភាសាអង់គ្លេសថា Mock Cop26 នៅបន្ទាប់ពី សន្និសីទអន្តរជាតិ ស្តីពីអាកាសធាតុ COP26 មែនទែន ត្រូវបានគេប្រកាសលើកពេល ដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ ១៩។ សន្និសីទអន្តរជាតិ ក្លែងក្លាយ របស់យុវជន សកម្មជនបរិស្ថាន ធ្វើឡើងប្រព្រឹត្តឡើងតាមវីដេអូ ពីថ្ងៃព្រហស្បតិ៍ ទី ១៩វិច្ឆិកា ដល់ថ្ងៃទី ១ធ្នូ។
សន្និសីទអន្តរជាតិ ប្រឌិត ស្តីពីអាកាសធាតុ ក្លែងក្លាយ ឬMock Cop26 ជាសន្និសីទ តាមវីដេអូ ដែល ក្រុមយុវជន (សកម្មជនបរិស្ថាន) ចំនួន១៨នាក់ បានបង្កើតឡើង ដើម្បី ជំនួស កន្លែង សន្និសីទអន្តរជាតិស្តីពីអាកាសធាតុមែនទែន ដែលត្រូវបានគេលើកពេលទៅធ្វើនៅ ឆ្នាំក្រោយ ដោយសារតែវិបត្តិជំងឺកូវីដ ១៩។
តាមគម្រោង សន្និសីទអន្តរជាតិ ស្តីពីអាកាសធាតុ លើកទី ២៦ ត្រូវរៀបចំពីថ្ងៃទី ៩ដល់ថ្ងៃទី ២០វិច្ឆិកានេះ នៅទីក្រុងGlasgow ប្រទេសអង់គ្លេស។ ប៉ុន្តែ ដោយសារតែជំងឺរាតត្បាតកូវីដ គេក៏បានសម្រេចលើកកិច្ចប្រជុំ ទៅធ្វើនៅខែវិច្ឆិកា ឆ្នាំក្រោយវិញ។
សន្និសីទអន្តរជាតិ ប្រឌិត ស្តីពីអាកាសធាតុ កើតចេញពីគំនិតផ្តួចផ្តើមរបស់យុវជនអង់គ្លេសម្នាក់ គឺ Josh Tegrale ដែល បានចូលរួម ជួយបង្កើត ដោយយុវជន ១៧នាក់ផ្សេងទៀត ដែលភាគច្រើន មានប្រភពចេញមកពីចលនាថ្ងៃសុក្រដើម្បី អនាគត ដែលតែងធ្វើបាតុកម្មតាមផ្លូវ នៅរាល់ថ្ងៃសុក្រ ដើម្បី ទាមទារឲ្យរដ្ឋាភិបាលគិតគូរដល់បញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ។
ក្រុមយុវជនបាននិយាយថា ពួកគេសម្រេចបង្កើត សន្និសីទ អន្តរជាតិ ប្រឌិត ស្តីពីអាកាសធាតុ នេះឡើង ក៏ព្រោះតែ ពួកគេខកចិត្ត ដែលឃើញ រដ្ឋាភិបាល ដែលជាអ្នកសម្រេចចិត្តនយោបាយ ក្នុងពិភពលោក លើកពេលធ្វើសន្និសីទទៅឆ្នាំក្រោយ។ សម្រាប់ក្រុមយុវជន មេដឹកនាំក្នុងពិភពលោកនៅតែ ព្រងើយកន្តើយ មិនឲ្យតម្លៃ ទៅលើបញ្ហាប្រែប្រួលអាកាសធាតុ ដែលតាមពិត ជា បញ្ហាបន្ទាន់ ជារឿងសំខាន់សម្រាប់អាយុជីវិតមនុស្សនៅលើផែនដី គឺសំខាន់ ជាង វិបត្តិកូវីដទៅទៀត។
តាមយោបល់របស់ក្រុមយុវជន បើសិនគេលុបចោល សន្និសីទ ឆ្នាំនេះ ក៏ព្រោះតែគេមិនចង់ធ្វើដំណើរ ដោយសារខ្លាចឆ្លងជំងឺកូវីដ នោះ គេគួរតែរៀបចំសន្និសីទតាមវីដេអូ ពោលគឺ គេមិនគួរ លើកពេលទៅធ្វើនៅឆ្នាំក្រោយ នោះទេ។ គ្មានធ្វើអ្វីសោះ ក្នុងរយៈពេល១ឆ្នាំយ៉ាងដូច្នេះ គឺជាការខាតបង់ពេលវេលាបន្ថែមទៀត នៅពេលដែលមនុស្សលោកគ្មានពេលច្រើនទៀតនោះទេ នៅចំពោះមុខការឡើងកំដៅ ភពផែនដី។
ម្យ៉ាងទៀត សន្និសីទ អន្តរជាតិស្តីពីអាកាសធាតុ លើកទី ២៦ នៅឆ្នាំនេះ នៅប្រទេសអង់គ្លេស ត្រូវគេចាត់ទុកជាសន្និសីទសំខាន់ ព្រោះឆ្នាំ ២០២០ ជាឆ្នាំចុងក្រោយ ដែលរដ្ឋាភិបាលត្រូវដាក់ឯកសារ ការសន្យារបស់ខ្លួនសម្រាប់ចូលរួមកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនិក ថ្នាក់ជាតិ ក្នុងចំនួនមួយ ច្រើនជាងមុន ដើម្បីធ្វើយ៉ាងណា កុំឲ្យកំដៅ លើផែនដី កើនឡើងខ្ពស់ជាង ១,៥អង្សារ។
ដើម្បីកុំឲ្យខាតពេលវេលា ក្រុមយុវជន ចង់បង្ហាញថា បើសិនមេដឹកនាំ អ្នកនយោបាយ មិនព្រមប្រជុំចរចា ដើម្បីនិយាយពីបញ្ហាអាកាសធាតុ ដែលជារឿងបន្ទាន់ សម្រាប់ផែនដី ពួកគេ ជាយុវជនក៏អាចមានសមត្ថភាព បង្កើតសន្និសីទ អន្តរជាតិ ដើម្បីនិយាយពីការប្រែប្រួលអាកាសធាតុ ជំនួសអ្នកនយោបាយដែរ។ ជារួម សន្និសីទ ដែលបង្កើតឡើងដោយក្រុមយុវជន មានរូបរាង ដូចជាសន្និសីទអន្តរជាតិមែនទែន ព្រោះវា មានការចូលរួមពីរដ្ឋមន្រ្តីថាមពលអង់គ្លេស ដែលជាប្រធានសន្និសីទស្តីពីអាកាសធាតុ មែនទែន។ នៅក្នុងសន្និសីទ រយៈពេល ២សប្តាហ៍ រហូតដល់ថ្ងៃទី ១ធ្នូ យុវជន ជាង៣៥០នាក់ (អាយុ ពី ១៤ ទៅ២៥ឆ្នាំ) មកពី ប្រទេសចំនួន ១៤៥ នៅក្នុងពិភពលោក នឹងចូលរួមប្រជុំ ជជែក ដោះដូរយោបល់ និងស្តាប់យោបល់របស់អ្នកជំនាញ ខាងអាកាសធាតុ សេដ្ឋកិច្ចវិទូ អ្នកជំនាញខាងសុខភាព និងអ្នកច្បាប់ជាច្រើនរូប ដូចជានៅក្នុងសន្និសីទមែនទែន។
តើសន្និសីទរបស់យុវជននឹងអាចមានតម្លៃផ្លូវច្បាប់ដែរឬទេ?
យុវជនបង្កើតសន្និសីទ ប្រឌិតនេះ ឡើង ដើម្បី បង្ហាញថា យុវជនដើរតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងថា តើអ្វីទៅជាសន្និសីទស្តីពីអាកាសធាតុ ដែលគ្មានក្រុមចាំទាមទារផលប្រយោជន៍ ដូចជាក្រុមហ៊ុនលក់ធ្យូងថ្ម ឬប្រទេសផលិតប្រេង នៅពីក្រោយគណៈប្រតិភូរបស់រដ្ឋាភិបាល។
នៅក្នុងរយៈពេល ២សប្តាហ៍ ក្រុមយុវជន ត្រូវជជែក ពិភាក្សាទៅលើប្រធានបទសំខាន់ៗ ដូចជា យុត្តិធម៌ ការអប់រំផ្នែកអាកាសធាតុ សុខភាព ការងារបរិស្ថាន ហើយនិងចំណុចសំខាន់ ជាងគេ គឺការកាត់បន្ថយ ការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់។ ដោយស្តាប់បានយោបល់ពី អ្នកជំនាញខាងផ្នែក បរិស្ថាន ហើយនិងសាក្ខីកម្មរបស់អ្នកតំណាងមកពីប្រទេសកំពុងអភិវឌ្ឍ ប្រទេសក្រីក្រ ដែលរងគ្រោះ ខ្លាំងដោយសារគ្រោះធម្មជាតិ ដែលជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ ក្រុមយុវជនសង្ឃឹមថា នឹងអាចចេញសេចក្តីថ្លែងការណ៍ មួយ នៅថ្ងៃបិទបញ្ចប់ សន្និសីទ ប្រឌិត នៅថ្ងៃទី ១ធ្នូ។ វាជាសេចក្តីថ្លែងការណ៍ដែលរៀបរាប់ពីបញ្ហាដោយសារការប្រែប្រួលអាកាសធាតុ គោលនយោបាយដែលរដ្ឋាភិបាលត្រូវធ្វើ ហើយនិងសកម្មភាពរបស់ក្រុមយុវជន ក្នុងករណីរដ្ឋាភិបាលអាក់ខាន មិនធ្វើអ្វីសោះដើម្បី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
បន្ទាប់ពីនោះ អង្គការជំនាញខាងផ្នែកច្បាប់បរិស្ថាន ឈ្មោះ ClientEarth នឹងជួយ សម្រួលសេចក្តីថ្លែងការណ៍របស់ក្រុមយុវជន ឲ្យទៅជាកិច្ចព្រមព្រៀង ស្របច្បាប់មួយ ដែលរដ្ឋាភិបាលប្រទេសនីមួយៗអាចយកទៅ ប្រើបង្កើតជាច្បាប់ សម្រាប់ ដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ។
មួយវិញទៀត ក្រុមយុវជន ដែលជាអ្នកផ្តួចផ្តើមគំនិត ចង់ឲ្យ សន្និសីទអន្តរជាតិ ស្តីពីអាកាសធាតុ ប្រឌិតលើកនេះ ជាគំរូ សម្រាប់ការរៀបចំសន្និសីទអន្តរជាតិជាផ្លូវការ ដែលត្រូវធ្វើនៅឆ្នាំក្រោយ នៅប្រទេសអង់គ្លេសដដែល។ ជាក់ស្តែង សន្និសីទ ស្តីពីអាកាធាតុរបស់ពួកគេ ធ្វើឡើង តាមវីដេអូ ដោយមិនបំផ្លាញ បរិស្ថាន ព្រោះអ្នកចូលរួមមិនបានធ្វើដំណើរតាមយន្តហោះ ដូចសន្និសីទ មែនទែន។ តាមក្រុមយុវជន សន្និសីទ ប្រឌិតរបស់ពួកគេ បានបញ្ចេញឧស្ម័នកាបូនិក តែ៣៩តោន ចំណែក សន្និសីទមែនទែន ដែលសំបូរដោយការធ្វើដំណើរតាមយន្តហោះ របស់មេដឹកនាំ និង អ្នកសម្រេចចិត្តនយោបាយ ដែលនិយាយថា ខ្វាយខ្វល់ពីការបញ្ចេញឧស្ម័នកាបូនិក វិញ គឺ បានបញ្ចេញឧស្ម័នកាបូនិក ដល់ទៅ ៥ម៉ឺនតោន គឺ ច្រើនជាង សន្និសីទវីដេអូរបស់ក្រុមយុវជន ដល់ទៅ ១៥០០ដង។
គំនិតរបស់យុវជនល្អ ប៉ុន្តែ មិនអាចកើតឡើងបាន នៅក្នុងអនុវត្ត ជាក់ស្តែង
ដោយសារតែ វិបត្តិកូវីដ កិច្ចប្រជុំអន្តរជាតិធំជាច្រើនត្រូវរៀបចំតាមវីដេអូ ដូចជាករណី របស់APEC កិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោក ឬរបស់ក្រុមប្រឹក្សាអឺរ៉ុបជាដើម។ ប៉ុន្តែ សម្រាប់ អ្នកជំនាញ សម្រាប់កិច្ចប្រជុំខ្លះ ដូចជា សន្និសីទស្តីពីអាកាសធាតុ គេមិនអាចប្រើវីដេអូទាំងស្រុងនោះទេ។ ការប្រជុំខ្លះ ត្រូវការជួបផ្ទាល់ ព្រោះជាការចរចា ដែលអាចតឹងសសៃក ដែលគេត្រូវការជួបមុខមនុស្សផ្ទាល់ ដើម្បីអាចបញ្ចុះបញ្ចូល ឬអាចធ្វើការសម្រេចចិត្តណាមួយ។
សន្និសីទដែលយុវជន បង្កើតឡើង អាចល្អមើល ផ្តល់គំនិតល្អច្រើន ដូចជាថា គេអាចកាត់បន្ថយ ការប្រើប្រាស់ធ្យូងថ្ម ដោយជំនួសថាមពលអ្វីផ្សេងដែលមិនបញ្ចេញឧស្ម័នកាបូនិក ដែលជាឧស្ម័នផ្ទះកញ្ចក់ធ្វើឲ្យផែនដីឡើងកំដៅ។ ប៉ុន្តែ នៅការពិតជាក់ស្តែង ការចរចារបស់មេដឹកនាំនយោបាយ មិនរលូន ដូចការជជែករបស់ក្រុមយុវជន ដែលគ្មានផលប្រយោជន៍សេដ្ឋកិច្ចនោះទេ ការជជែកថ្នាក់រដ្ឋាភិបាល វារមែងជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍សេដ្ឋកិច្ច ផលប្រយោជន៍នយោបាយ ចំណែក ការជជែករបស់ក្រុមយុវជន ផ្តោតច្រើនទៅលើជំនួយសង្គម ច្រើនជាង ផលប្រយោជន៍សេដ្ឋកិច្ចរបស់ក្រុមភាគីខ្លះ។ ដូចករណីអូស្ត្រាលី ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញធ្យូងថ្ម អ្នកនយោបាយពិបាកនឹងផ្តោតទៅលើបញ្ហាអាកាសធាតុ ដោយបំផ្លាញឆ្នាំងបាយរបស់ខ្លួនណាស់។
ក្រុមយុវជនផ្នែកបរិស្ថាន ដឹងពី អន្ទាក់ បញ្ហាផលប្រយោជន៍នៅពីក្រោយ ការចរចា ស្តីពីរឿងអាកាសធាតុនេះ។ ប៉ុន្តែ ពួកគេ នៅតែចង់ទាមទារឲ្យរដ្ឋាភិបាល គិតគូរឲ្យបានច្រើនពីបញ្ហាអាកាសធាតុ ឲ្យបានច្រើនជាងបញ្ហាសេដ្ឋកិច្ច ព្រោះចង់ ឬមិនចង់ បើសិនគេខ្ជីខ្ជារ មិនគិតបញ្ហាអាកាសធាតុ នោះ ទោះមានលុយ ក៏ផែនដី លែង មានសុខភាពល្អ សម្រាប់ឲ្យមនុស្សរស់នៅចាយលុយនោះទៀតដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ