អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ភ្លើងឆេះព្រៃ

ផ្សែង​ពុល​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ភូមិភាគ​អាស៊ី​​អាគ្នេយ៍​​បាន​​សម្លាប់​​ជីវិត​​មនុស្ស​​១០​​ម៉ឺន​​នាក់​​

យោងតាមការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​១៩​កញ្ញា​នេះ ​បាន​បង្ហាញ​ថា “ ផ្សែង​ពុល​​ចេញ​​ពី​​ភ្លើង​​ឆេះ​ព្រៃ​​​ដ៏​សម្បើម​អស្ចារ្យ​​នៅឥណ្ឌូណេស៊ី​កាល​ពី​​ឆ្នាំ​មុន បាន​បង្កបញ្ហា​សុខភាព​និង​បាន​បណ្តាល​​​ឲ្យ​​​មនុស្ស​ស្លាប់​ប្រមាណ​​១០​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

អគ្គីភ័យ​ដែលបំផ្លិចបំផ្លាញ​​តំបន់​ព្រៃភ្នំ​​
អគ្គីភ័យ​ដែលបំផ្លិចបំផ្លាញ​​តំបន់​ព្រៃភ្នំ​​ REUTERS/Borja Suarez
ផ្សាយពាណិជ្ជកម្ម

យោងតាមរបាយការមួយរបស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Columbia និង​Harward ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា ផ្សែង​ពុល​ដែល​កើត​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​ បាន​សម្លាប់​​ជីវិត​មនុស្ស​ប្រមាណ​ជា ៩​ម៉ឺន ១៦០០​នាក់​នៅ​​​ឥណ្ឌូណេស៊ី  ហើយ​ភាគ​ច្រើន​​នៅ​តាម​​តំបន់​នានា​ដែល​វាយ​លុក​​​ដោយ​ផ្សែង​អគ្គីភ័យ​។ ការបាត់បង់ជីវិតមនុស្ស​​ដោយហេតុ​ផ្សែង​ពុល​នេះ មិន​គ្រាន់​តែ​​នៅ​ឥណ្ឌូណេស៊ី​​ប៉ុណ្ណោះ​ទេ  ក៏​ប៉ុន្តែ ​ប្រទេស​ជិត​ខាង​នឹង​ឥណ្ឌូណេស៊ី​​​ក៏ត្រូវ​​​​រងផលប៉ះពាល់​ដូចគ្នា​ ដូច​ជា​​​ម៉ាឡេស៊ី ​មនុស្ស​ស្លាប់​​មាន​ ៦​៥០០ ​នាក់​និង ​សិង្ហបូរី មាន​ចំនួន​២​២០០​នាក់។

ការព្យាករ​ថ្មី​នេះ មិន​​ស្រប​គ្នា​​ជាមួយ​នឹង​​ស្ថិតិ​នានា​ចុង​ក្រោយ​បង្អស់​របស់​អាជ្ញាធរ​ឥណ្ឌូណូស៊ីទេ ដោយ​​ករណីយ​មនុស្ស​ស្លាប់​ដោយ​ផ្សែង​ពុល មាន​ ​​តែ​​១៩​នាក់​កាលពី​ឆ្នាំ​មុន។ សូមបញ្ជាក់ថា​ការ​សិក្សា​ថ្មីនេះ ​ដែល​​ចុះ​ផ្សាយ​ដោយ​​ទស្សវនាត្តី​Environmental Research Letters  ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​ទិន្ន័យដែលគេ​​បាន​មក​ពី​ផ្កាយ​រណប។​

រីឯ​អង្គការ​ការពារ​បរិស្ថាន Greenpeace ឥណ្ឌូណេស៊ីវិញ ក៏​​បានធ្វើការ​ព្រមាន​ដល់​​អាជ្ញាធរ​ឥណ្ឌូណេស៊ី ដែរ​ថា បើ​ឥណ្ឌូណេស៊ី ​គ្មាន​​ចាត់​វិធានការ​​បន្ទាន់​នោះ​ទេ នោះ​ផ្សែង​ពុលដែលចេញ​ពីភ្លើងឆេះព្រៃ​​នឹងកាន់តែ​សម្លាប់​ជីវិត​មនុស្ស​​យ៉ាង​​ធ្ងន់ធ្ងរ​ថែម​ទៀត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​អង្គការ​ Greenpeace ឥណ្ឌូណេស៊ី ថែម​​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់​ៗ​ទៀត​ថា “ ការ​មិន​ព្រម​អើពើ​ចាត់​វិធានការ​ដើម្បី​លុប​បំបាត់​ចំនួន​បាត់បង់​នៃ​ជីវិត​មនុស្ស​នេះ​ គឺ​ជា​ការ​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​មួយ។​

សូមបញ្ជាក់ថា ព្រៃឈើ​នៅ​ឥណ្ឌូណេស៊ី​ចំនួន​២​លាន​៦​សែន​ហិកតា ត្រូវ​បាន​ឆាប​ឆេះ​ហិនហោច​កាល​ពី​ឆ្នាំ​មុន​ដោយ ការ​ដុត​បំផ្លាញ​ព្រៃ​ឈើ​​ខុស​ច្បាប់​ដើម្បី​យក​ដីធ្លី​ធ្វើ​ជី​សម្រាប់​​ដំណាំដាំដុះ​ ជា​ពិសេស​ ការបង្កើន​ដំណាំ​ដូងប្រេង ដែល​ឥណ្ឌូណេស៊ី​ ជា​ប្រទេស​ផលិត​ទីមួយនៅ​​លើលោក។

ម្យ៉ាងទៀត ផ្សែង​ក្រាស់នៃភ្លើងឆេះព្រៃ ដែល​បាន​វាយលុកយ៉ាង​ខ្លាំងក្លា​​នៅ​​ក្នុង​ប្រទេស​ជាច្រើន​​នៃតំបន់​ភូមិ​ភាគ​អាស៊ី​អគ្នេយ៍​ ​​​បាន​បណ្តាល​ឲ្យ​ប្រជាជន​របស់​ខ្លួន​ រាប់​សិន​ពាន់​នាក់ ឆ្លង​​មេរោគ​តាម​ផ្លូវដង្ហើម​ រីឯ សាលារៀន ក៏ត្រូវគេ បិទទ្វារ ហើយជើងហោះហើរ ជាច្រើនក៏ត្រូវបានលុបចោល។​ សូមបញ្ជាក់ថា ភ្លើង​ឆេះ​ព្រៃ​​នៅ​ឥណ្ឌូណេស៊ី នា​ឆ្នាំ​នេះ  បាន​កើតមាន​​ឡើង ​ជាអាទិ៍​នៅ​​កោះ Sumatra និង ​Kalimantan ក៏ប៉ុន្តែ ​ផលប៉ះពាល់របស់វានៅពេល​នេះ មានកំរិតទាប​​ជាង​​​កាលពីឆ្នាំទៅមិញ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ