អានតួអត្ថបទ
ប៉ាគីស្ថាន-គ្រោះធម្មជាតិ

ប៉ាគីស្ថាន​ឆ្លងកាត់ខែមេសា ជាមួយ​នឹងទឹកភ្លៀងច្រើនបំផុត​មិនធ្លាប់មាន​ គិត​ពីឆ្នាំ​១៩៦១

ប៉ាគីស្ថាន – ស្របពេលដែលប្រទេសសឹងតែទាំងអស់​ នៅតំបន់អាស៊ីបាន​ឆ្លងកាត់រលកកម្តៅ ក្តៅហួតហែងក្នុងខែមេសាកន្លងទៅ នៅប៉ាគីស្ថានឯនោះ គឺទឹកភ្លៀងបាន​ធ្លាក់យ៉ាងច្រើនសន្ធឹក​មិនធ្លាប់មាន បើគិតចាប់ពីឆ្នាំ​១៩៦១មក។ ជំនន់ទឹកភ្លៀង ព្រមទាំងការបាក់ដី​ផង បាន​ផ្តាច់ជីវិតមនុស្ស​ យ៉ាងហោច​១៤៤នាក់ ក្នុងខែមេសាកន្លងទៅនៅប៉ាគីស្ថាន​។ ប៉ាគីស្ថានគឺជាប្រទេសក្រីក្រមួយ ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយ​កត្តាបម្រែបម្រួលអាកាសធាតុ។

ប្រជាជនប៉ាគីស្ថានឈរមើលទឹកជំនន់គួចត្របាញ់ ដែលកំពុងហូរបំបាក់ស្ពាននៅតំបន់ Chaman ថ្ងៃទី​១៨មេសា​២០២៤។
ប្រជាជនប៉ាគីស្ថានឈរមើលទឹកជំនន់គួចត្របាញ់ ដែលកំពុងហូរបំបាក់ស្ពាននៅតំបន់ Chaman ថ្ងៃទី​១៨មេសា​២០២៤។ AFP - ABDUL BASIT
ផ្សាយពាណិជ្ជកម្ម

ខែមេសាកន្លងទៅ គឺជាខែដែលមានភ្លៀងធ្លាក់ច្រើនបំផុតមិនធ្លាប់​មានទេ ក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថាន បើគិតចាប់ពីឆ្នាំ​១៩៦១មក។ យោងតាម​​​អាជ្ញាធរឧតុនិយម​ប៉ាគីស្ថាន ក្នុង​ខែ​មេសា ទឹកភ្លៀងបានធ្លាក់​ក្នុងកម្រិត ៥៩,៣មីលីម៉ែត្រ ខណៈដែលជាមធ្យមតាមធម្មតា​ គឺមានត្រឹមតែ​ ២២,៥មីលីម៉ែត្រ​។ ខេត្ត​បាលីជីស្ថាន ជាប់ព្រំដែន​អ៊ីរ៉ង់ ជាទី​ដែល​ទឹកភ្លៀងបានធ្លាក់ច្រើនជាងគេ លើសកម្រិតធម្មតាដល់ទៅ​ ៤,៥ដង។

ជំនន់ទឹកភ្លៀង​ក្នុង​ខែមេសា បាន​សម្លាប់ជីវិតប្រជាជន​ប៉ាគីស្ថានចំនួន​១៤៤នាក់។ ខេត្តដែលមានមនុស្សស្លាប់ច្រើនបំផុត គឺខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យ ដែលមានមនុស្សស្លាប់ ៨៤នាក់ ក្នុងនោះ​៣៨នាក់​ជាកុមារ​។ អាជ្ញាធរប៉ាគីស្ថានកំពុង​ព្រួយបារម្ភជាខ្លាំង ខណៈរដូវ​ភ្លៀងមូសុងមែនទែននៅមិន​ទាន់​ដល់​នៅឡើយនោះទេ តែភ្លៀង​ធ្លាក់ជន់ជោរម្លឹងទៅហើយ​។ តាមធម្មតា រដូវភ្លៀងមូសុង គឺត្រូវបន្តរហូតដល់ខែកញ្ញាទើបផុត។

លោក Zaheer Ahmad Babar អ្នកនាំពាក្យ​អាជ្ញាធរឧតុនិយមប៉ាគីស្ថាន បាន​អះអាងថា កត្តាបម្រែបម្រួលអាកាសធាតុ គឺជា​មូលហេតុនៅពីក្រោយ​បញ្ហានេះ​។ ស្របពេល​ដែល​ប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ី មិនថាឥណ្ឌា ភូមា ថៃ វៀតណាម ហ្វីលីពីន ដែល​ឆ្លងកាត់ខែមេសាដ៏ក្តៅហួតហែង សីតុណ្ហភាព​នៅប៉ាគីស្ថានបែរជាធ្លាក់ចុះត្រជាក់ ត្រឹម​២៣,៦៧°c ជាមធ្យម ខណៈតាមធម្មតាគឺមាន​ ២៤,៥៤°c។

គួរកត់សំគាល់ថា ថ្នាក់ដឹកនាំប៉ាគីស្ថាន​ តែងតែបរិហារថា ប្រជាជនប៉ាគីស្ថាន​ទាំង​២៤០លាននាក់ បានចូលរួម​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ មិនដល់១%ផងទេទូទាំង។​ តែផ្ទុយទៅវិញ ប៉ាគីស្ថាន គឺជាអ្នករងគ្រោះ ដោយសារតែកត្តាឧតុនិយម ដែលកាន់តែកាចសាហាវ ធ្ងន់ធ្ងរខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិន​ថាទឹកជំនន់ និងសីតុណ្ហភាពក្តៅហួតហែង​។

គួរបញ្ជាក់ថា ប៉ាគីស្ថានគឺជាប្រទេសក្រីក្រ ដែលរងគ្រោះធ្ងន់ធ្ងរដោយសារតែកត្តាបម្រែបម្រួល​អាកាសធាតុ និងដោយសារតែកត្តាភូមិសាស្ត្រ​​។ អ្នកជំនាញបានលើកឡើងថា ប៉ាគីស្ថានរងគ្រោះខ្លាំង គឺមួយផ្នែកដោយសារតែ គ្មានហេដ្ឋរចនាសម្ព័ន្ធ​រឹងមាំ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំង​បញ្ហា​គ្មាន​អភិបាលកិច្ចត្រឹមត្រូវពីអាជ្ញាធររដ្ឋ។ គ្រោះមហន្តរាយធម្មជាតិ មិនត្រឹមតែបានផ្តាច់ជីវិតមនុស្ស បំផ្លាញស្ពានថ្នល់ និង​ផ្ទះសម្បែងប្រជាជនប៉ុណ្ណោះទេ តែវាបាន​ធ្វើ​ឲ្យខូចខាតយ៉ាងដំណំ ដល់ភោគផលដំណាំរបស់កសិករប៉ាគីស្ថាន ដែលក្រីក្រខ្លាំងណាស់ទៅហើយ។ ទន្ទឹមពេល​ដែល​ខែមេសាឆ្នាំនេះ មានភ្លៀងធ្លាក់ខ្លាំងបំផុត តែបច្ចុប្បន្ន​ប៉ាគីស្ថានខ្វះទឹកប្រើប្រាស់ ប្រមាណជា​៣០% បើប្រៀបធៀបទៅនឹងតម្រូវការ ខណៈរដូវ​សាបព្រោះ​​ដំណាំស្រូវនិងកប្បាស់ ត្រូវចាប់ផ្តើម​។

សូមរំលឹកថា កាលពីឆ្នាំ​២០២២ ប៉ាគីស្ថានបានជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរបំផុត​ក្នុងប្រវត្តិសាស្ត្រ ដោយ​ត្រូវទឹកជន់លិច១ភាគ​៣ប្រទេស មនុស្សស្លាប់ប្រមាណ១៧០០នាក់ និងប៉ះពាល់ដោយផ្ទាល់ដល់​ប្រជាជន​​៣៣លាននាក់​។ ជិត​២​ឆ្នាំ​កន្លងមកនេះ អង្គការសហប្រជាជាតិ​លើកឡើងថា យ៉ាងហោចណាស់កុមារប៉ាគីស្ថាន​១០លាននាក់ ដែលស្ថិតនៅតំបន់រងគ្រោះ នៅតែបន្តរស់រំពឹងលើជំនួយស្បៀងអាហារមនុស្សធម៌។ អង្គការUnicef បានទាញសញ្ញាអាសន្ន​ថា គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត គឺជាកត្តាប្រឈម​យ៉ាងខ្លាំង ប៉ះពាល់ទៅលើ​ការលូតលាស់ធំធាត់ ទាំងរូបរាងកាយ​និង​សតិស្មារតី របស់​​កុមារប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ